28 C
Phnom Penh

លោក ហ៊ុន សែន សម្រេច​ទទួល​លោក អៀ ចាន់ណា ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន សម្រេច​ទទួល​យក​លោក អៀ ចាន់ណា មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើង​ទៀន​ប្រចាំ​ខេត្ត​តាកែវ ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​បន្ទាប់ពី​លោក អៀ ចាន់ណា ប្រកាស​សុំ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​បក្ស​កាន់​អំណាច​នៅ​ថ្ងៃ​ពុធ​នេះ។

លោក ហ៊ុន សែន បាន​សរសេរ​លើ​ប្រព័ន្ធ​ទំនាក់ទំនង​តេឡេក្រាម​របស់​ខ្លួន​នៅ​ថ្ងៃទី​៣ ឧសភា នេះ​ថា គណបក្ស​ប្រជាជន​កម្ពុជា​តែងតែ​បើក​ចិត្ត​ទូលាយ​ទទួល​យក​មនុស្ស​ពី​គ្រប់​ទិសទី ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​ពី​អតីតកាល ក្នុង​គោលបំណង​ប្រមូលផ្ដុំ​ធនធាន​មនុស្ស ធនធាន​ប្រាជ្ញា និង​ទ្រព្យសម្បត្តិ​ដើម្បី​ការពារ​សន្តិភាព និង​បន្ត​ការ​កសាង​ប្រទេស​ក្រោម​ម្លប់​សន្តិភាព​តទៅទៀត។

លោក ហ៊ុន សែន បញ្ជាក់​ថា គណបក្ស​ប្រជាជន​កម្ពុជា​សូម​ស្វាគមន៍​ទទួល​យក​លោក អៀ ចាន់ណា ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ចាប់ពី​ពេលនេះ​តទៅ។

ការ​ទទួល​យក​លោក អៀ ចាន់ណា ចូល​ជា​សមាជិក​បក្ស​កាន់​អំណាច​នេះ ធ្វើឡើង​បន្ទាប់ពី​មន្ត្រី​បក្ស​ភ្លើង​ទៀន​រូប​នេះ​ប្រកាស​សុំ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ក្រោយ​ពេល​ចេញពី​ពន្ធនាគារ​បាន​ពីរ​ថ្ងៃ។

នៅ​ថ្ងៃទី​៣ ខែ​ឧសភា ឆ្នាំ​២០២៣ នេះ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើង​ទៀន​ប្រចាំ​ខេត្ត​តាកែវ លោក អៀ ចាន់ណា បាន​ចេញ​វីដេអូ និង​លិខិត​សុំ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​អះអាង​ថា លោក​បាន​មើល​ឃើញ​ពី​ការ​ដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​លោក ហ៊ុន សែន ប៉ុន្តែ​ក្រោយ​ការ​ប្រកាស​ចុះចូល​របស់​លោក អៀ ចាន់ណា លោក ហ៊ុន សែន មិន​ទាន់​ប្រកាស​ផ្តល់​តំណែង​ដល់​មន្ត្រី​បក្ស​ភ្លើង​ទៀន​រូប​នេះ​ក្នុង​ជួរ​រដ្ឋាភិបាល​ដូច​អ្នក​ចុះចូល​មុនៗ​នៅឡើយ​ទេ។

កាលពី​ថ្ងៃទី​១ ខែ​ឧសភា ឆ្នាំ​២០២៣ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើង​ទៀន​ប្រចាំ​ខេត្ត​តាកែវ លោក អៀ ចាន់ណា បាន​ចេញ​វីដេអូ​ឃ្លីប​ពី​ពន្ធនាគារ​ព្រៃស​សុំទោស​លោក ហ៊ុន សែន និង​សុំ​ឱ្យ​មេដឹកនាំ​បក្ស​កាន់​អំណាច​រូប​នេះ​អនុញ្ញាត​ឱ្យ​លោក​បាន​រស់នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន។

ក្រោយ​ការ​ចេញ​វីដេអូ និង​លិខិត​សុំទោស​របស់​លោក អៀ ចាន់ណា រួច​មក លោក ហ៊ុន សែន អះអាង​ថា​លោក​បាន​ស្នើ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ ពិនិត្យ​ករណី​លោក អៀ ចាន់ណា រួច​ហើយ ដើម្បី​ឱ្យ​មន្ត្រី​បក្ស​ភ្លើង​ទៀន​រូប​នេះ​បាន​រស់នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​តាម​ការ​ស្នើសុំ​ផង​ដែរ។

ទាក់ទិន​នឹង​បញ្ហា​នេះ អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត ធ្លាប់​បាន​រិះគន់​កាលពី​ពេល​ថ្មីៗ​នេះ​ថា ការ​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន គឺជា​ទង្វើ​ជាន់​ពន្លិច​អ្នក​ប្រជាធិបតេយ្យ​ផង និង​ជា​ទង្វើ​គាំទ្រ​នយោបាយ​ទុច្ចរិត​របស់​បក្ស​កាន់​អំណាច​ផង​ដែរ។

លោក ម៉ែន ណាត លើកឡើង​ថា គណបក្ស​ប្រជាជន​កម្ពុជា​តាំងពី​បង្កើត​មក និង​ផែនការ​រៀបចំ​ទៅ​ថ្ងៃ​អនាគត មិនមែន​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​សម្រាប់​ប្រទេស​កម្ពុជា​នោះ​ទេ ត្បិត​ទង្វើ​ជាក់ស្តែង​ដែល​បក្ស​នេះ​បាន​ធ្វើ​កន្លងមក គឺ​តាម​កម្ទេច​អ្នក​ប្រជាធិបតេយ្យ និង​បង្កើត​ការ​ដឹកនាំ​តាម​បែប​ក្រុម​គ្រួសារ​និយម​ប៉ុណ្ណោះ។

អនុប្រធាន​វេទិកា​ពលរដ្ឋ​រូប​នេះ​បញ្ជាក់​ថា ការ​ចុះចូល​របស់​សកម្មជន និង​មន្ត្រី​បក្ស​ក្រៅ​រដ្ឋាភិបាល គឺជា​ការ​ជួយ​បិទ​បាំង និង​លើក​ទឹកចិត្ត​ឱ្យ​បក្ស​កាន់​អំណាច​កាន់តែ​ប្រព្រឹត្ត​ទង្វើ​ជាន់ឈ្លី​លទ្ធិប្រជាធិបតេយ្យ​កាន់តែ​ធ្ងន់ធ្ងរ​ទៅ​ថ្ងៃ​មុខ​ប៉ុណ្ណោះ។

លោក អៀ ចាន់ណា គឺជា​តំណាង​យុវជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ភៀស​ខ្លួន​ទៅ​រស់នៅ​ប្រទេស​ន័រវែស (Norway) កាលពី​ឆ្នាំ​២០០៥ បន្ទាប់ពី​រដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើ​ទុក្ខបុកម្នេញ​ទាក់ទង​រឿង​ព្រំដែន។

នៅ​ឆ្នាំ​២០២០ លោក​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ចោទប្រកាន់​ពី​បទ​ក្បត់​ជាតិ​តាម​មាត្រា​៤៥៣ នៃ​ក្រមព្រហ្មទណ្ឌ បន្ទាប់ពី​លោក​បាន​ចូលរួម​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី និង​ចេញ​ដីកា​ឱ្យ​ចាប់​ខ្លួន​កាលពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០២០ កន្លងទៅ​ផង​ដែរ ប៉ុន្តែ​ចាប់​ពេលនេះ​តទៅ លោក អៀ ចាន់ណា មិនមែន​ជា​មន្ត្រី​បក្ស​ក្រៅ​រដ្ឋាភិបាល​ទៀត​ឡើយ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស