31 C
Phnom Penh

លោក ហ៊ុន សែន ស្វាគមន៍​សកម្មជន​បក្ស​ប្រឆាំង​ដែល​សុំ​ចុះចូល​ជាមួយ​បក្ស​ប្រជាជន​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ខ្លាំង​ក្រាញ​អំណាច​នៅ​កម្ពុជា ប្រកាស​ស្វាគមន៍​ចំពោះ​ក្រុម​សកម្មជន​បក្ស​ប្រឆាំង​ដែល​សុំ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា បន្ទាប់ពី​ពួកគេ​ប្ដេជ្ញា​ជួយ​ការពារ​សន្តិភាព ស្រប​ពេល​ដែល​លោក ហ៊ុន សែន ត្រៀម​រៀបចំ​ផ្ទេរ​អំណាច​ទៅ​លោក ហ៊ុន ម៉ាណែត។

តាមរយៈ​សារ​សំឡេង​ជាង ៤​នាទី​កាលពី​យប់​ថ្ងៃទី​០៤ ខែ​ឧសភា ឆ្នាំ​២០២៣ លោក ហ៊ុន សែន បាន​ចោទ​ទៅ​លើ​បណ្ដា​ប្រទេស​មួយ​ចំនួន​ថា​ខិតខំ​បំផ្លាញ​សន្តិភាព​របស់​កម្ពុជា​ដែល​កំពុង​មាន​បច្ចុប្បន្ន ក្រោម​ការ​ដឹកនាំ​របស់​លោក​រយៈពេល​ជាង ៣៨​ឆ្នាំ​មក​នេះ។

បុរស​ខ្លាំង​ក្រាញ​អំណាច​កម្ពុជា​ថា កន្លងមក រដ្ឋាភិបាល​ខំប្រឹង​ទប់ស្កាត់​បដិវត្តន៍​ពណ៌​ដែល​ផ្ដើម​ដោយ​ជនបរទេស​មួយ​ចំនួន​ក្នុង​ការ​ផ្ដួល​រំលំ​រូបលោក ដោយ​មិន​ប្រើប្រាស់​យន្តការ​ប្រជាធិបតេយ្យ​នោះ​ថា​ជា​រឿង​ត្រឹមត្រូវ។

លោក ហ៊ុន សែន ថា​ការ​ចេញ​មក​បំភ្លឺ​របស់​លោក គោរម្យ ដាឡា និង​ក្រុម​យុវជន​ដទៃ​ទៀត​នា​ពេលនេះ ថា​ជា​សាក្សី​រស់ មិនមែន​ជា​ការ​មួលបង្កាច់​ពី​សំណាក់​បក្ស​កាន់​អំណាច ឬ​ពី​រាជរដ្ឋាភិបាល​ឡើយ។

លោក​សម្ដែង​ការ​អរគុណ​ចំពោះ​លោក គោរម្យ ដាឡា និង​ក្រុម​យុវជន​អតីត​បក្ស​ប្រឆាំង ហើយ​បាន​ចាត់ទុក​ពួកគេ​ថា​ជា​ធនធាន​មនុស្ស​ដែល​ជួយ​រក្សា​សន្តិភាព និង​ការ​អភិវឌ្ឍ​ជាតិ​នា​ពេល​ខាងមុខ។

ក្រៅពី​អរគុណ​ហើយ លោក ហ៊ុន សែន ក៏​ប្រកាស​ស្វាគមន៍​ទទួលយក​លោក គោរម្យ ដាឡា និង​ក្រុម​យុវជន​ផ្សេង​ទៀត​ដែល​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ ខណៈ​លោក​កំពុង​រៀបចំ​ផ្ទេរ​អំណាច​ឲ្យ​កូនប្រុស​ច្បង​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត បន្ត​វេន​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា។

ការ​ប្រកាស​ស្វាគមន៍​របស់​លោក ហ៊ុន សែន នេះ បន្ទាប់ពី​លោក គោរម្យ ដាឡា អតីត​ប្រធាន​គ្រប់គ្រង​និស្សិត​តាម​បណ្ដាញ​សាកលវិទ្យាល័យ​របស់​បក្ស​ប្រឆាំង និង​ក្រុម​យុវជន​ផ្សេង​ទៀត​បាន​ចេញ​ចោទ​គណបក្ស​ប្រឆាំង​ថា ធ្វើ​នយោបាយ​ពឹង​ផ្អែក​ទៅ​លើ​បរទេស ដែល​នាំ​ឲ្យ​បែកបាក់​ជាតិ។

បើ​តាម​វីដេអូ​ឃ្លីប​ជាង ៧​នាទី​នោះ លោក គោរម្យ ដាឡា លើកឡើង​ថា នយោបាយ​ដែល​ពឹង​បរទេស​របស់​បក្ស​ប្រឆាំង​មិន​អាច​នាំ​កម្ពុជា​ឲ្យ​មាន​សន្តិភាព​ដូច​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន នា​បច្ចុប្បន្ន​បាន​ឡើយ។ លោក​ថា កន្លងមក​ខ្លួន​ខំ​កៀងគរ​ធនធាន​នៅ​តាម​សាកលវិទ្យាល័យ​ឲ្យ​គណបក្ស​ប្រឆាំង ដោយ​គិត​ថា​បក្ស​ប្រឆាំង​អាច​ជួយ​ជាតិ​បាន។ ផ្ទុយទៅវិញ មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ​ដែល​មាន​គុណ និង​ដឹកនាំ​ប្រទេស​កម្ពុជា​បាន​ល្អ។ ដូច្នេះ​ហើយ ទើប​ពួកគេ​សម្រេច​ចិត្ត​ចេញពី​គណបក្ស​ប្រឆាំង​ដែល​ដឹកនាំ​ដោយ​លោក កឹម សុខា ហើយ​មក​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ ដើម្បី​ជួយ​ការពារ​សន្តិភាព​ជាមួយ​រដ្ឋាភិបាល​កម្ពុជា។

តែ​អ្នក​ឃ្លាំមើល​ចាត់ទុក​ការ​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច​របស់​សកម្មជន និង​មន្ត្រី​បក្ស​ក្រៅ​រដ្ឋាភិបាល​ថា​ជា​ទង្វើ​ជាន់​ពន្លិច​អ្នក​ប្រជាធិបតេយ្យ និង​គាំទ្រ​នយោបាយ​ទុច្ចរិត​របស់​បក្ស​កាន់​អំណាច​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស