29 C
Phnom Penh

បណ្ឌិត សូ ណារ៉ូ ត្រូវ​បាន​ទទួល​ស្គាល់​អតីត​ភាព​ការងារ​ឡើង​វិញ​និង​តែងតាំង​ជា​ឧត្តម​មន្ត្រី​ថ្នាក់​លេខ​៣

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រះមហាក្សត្រ​ខ្មែរ​សម្តេច​ព្រះបាទ នរោត្តម សីហមុនី ចេញ​ព្រះរាជ្យក្រឹត្យ​ទទួលស្គាល់​អតីតភាព​ការងារ​របស់​អតីត​អគ្គទីប្រឹក្សា​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ឥណ្ឌូនេស៊ី បណ្ឌិត សូ ណារ៉ូ ឡើងវិញ និង​តែងតាំង​ជា​ឧត្តមមន្ត្រី​ថ្នាក់​លេខ​៣ ផង​ដែរ។

ព្រះមហាក្សត្រ​ខ្មែរ​សម្តេច​ព្រះបាទ នរោត្តម សីហមុនី ចេញ​ព្រះរាជ្យក្រឹត្យ​នៅ​ថ្ងៃទី​៩ ខែ​ឧសភា ឆ្នាំ​២០២៣ នេះ ដោយ​ត្រាស់​បង្គាប់​ទទួលស្គាល់​អតីតភាព​ការងារ​បណ្ឌិត សូ ណារ៉ូ ដោយ​ធ្វើ​និយតកម្ម​បញ្ចូល​ទៅ​ក្នុង​ឋានន្តរស័ក្តិ​ឧត្តម​មន្ត្រី​ថ្នាក់​លេខ​៣ នៃ​ក្របខ័ណ្ឌ​មន្ត្រី​គ្រប់គ្រង​រដ្ឋបាល​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី បន្ទាប់ពី​លោក ហ៊ុន សែន បាន​ទូល​ថ្វាយ​ព្រះអង្គ​កាលពី​ពេល​ថ្មីៗ​នេះ។

អតីត​អគ្គទីប្រឹក្សា​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ឥណ្ឌូនេស៊ី បណ្ឌិត សូ ណារ៉ូ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​មុន​ការ​ផ្សាយ​នេះ​បន្តិច​ថា លោក​បាន​សម្រេច​ចិត្ត​ទទួលយក​ការ​ត្រាស់​បង្គាប់​របស់​ព្រះមហាក្សត្រ​រួច​ហើយ។ ជាង​នេះ​ទៀត លោក​ធ្វើ​ដំណើរ​ទៅ​ប្រទេស​កម្ពុជា​ដើម្បី​មើល​ស្ថានការណ៍​ផ្សេងៗ​ក្រោយពី​លោក ហ៊ុន សែន បាន​ធានា​ថា រូបលោក​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ផ្លូវច្បាប់​ណា​មួយ​ទេ​នោះ។

បណ្ឌិត សូ ណារ៉ូ លើកឡើង​ថា ការ​ត្រាស់​បង្គាប់​នេះ​គឺជា​ការ​តែងតាំង​ឋានន្តរស័ក្តិ​ជា​មន្ត្រី​រាជការ​ដែល​លោក​ធ្លាប់​បម្រើការ​ក្នុង​ស្ថាប័ន​រដ្ឋ​កាលពី​មុន​ប៉ុណ្ណោះ មិនមែន​ជា​តំណែង​នយោបាយ​នោះ​ទេ ដូច្នេះ​លោក​ត្រូវតែ​ទទួលយក និង​ចូល​ទៅ​បម្រើ​ការងារ​តាម​សមត្ថភាព​របស់​លោក​ដែល​ធ្លាប់​បម្រើការ​កន្លងមក។

អតីត​អគ្គទីប្រឹក្សា​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ឥណ្ឌូនេស៊ី​រូប​នេះ​បញ្ជាក់​ថា ការ​វិល​ចូល​ទៅ​បម្រើ​ការងារ​ក្នុង​ជួរ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ពេលនេះ ច្បាស់​ជា​មាន​ការ​រិះគន់​ជាមិនខាន ប៉ុន្តែ​លោក​អះអាង​ថា ប្រជាធិបតេយ្យ​មិនមែន​ជា​កម្មសិទ្ធិ​ផ្ដាច់មុខ​របស់​គណបក្ស​ប្រឆាំង​នោះ​ទេ។ ជាង​នេះ​ទៀត ក្រុម​ប្រឆាំង​សព្វថ្ងៃ​នេះ​មិនមែន​កំពុង​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​ទេ ប៉ុន្តែ​ជា​ការ​អនុវត្ត​ចលនា​ជេរប្រមាថ និង​លាប​ពណ៌​តែប៉ុណ្ណោះ។

បណ្ឌិត សូ ណារ៉ូ បញ្ជាក់​ថា ប្រសិនបើ​អ្នក​នយោបាយ​សម្លឹង​មើល​ឧត្តម​ប្រយោជន៍​ជាតិ​ឲ្យ​ធំ​ជាង​ប្រយោជន៍​ផ្ទាល់ខ្លួន និង​មិន​យក​ខ្មែរ​ណា​ជា​សត្រូវ នោះ​ពួកគេ​ប្រាកដ​ជា​មើល​ឃើញ​នូវ​ទង្វើ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​សង្គ្រោះ​ជីវិត​ពលរដ្ឋ​ចេញពី​របប​ប្រល័យ​ពូជសាសន៍ និង​កសាង​ប្រទេស​ជាតិ​ឲ្យ​មាន​ប្រជាធិបតេយ្យ​ដូច​សព្វថ្ងៃ​នេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ អំឡុង​ពេល​ប្រកាស​បើក​ព្រឹត្តិការណ៍​ស៊ីហ្គេម គេ​បាន​សង្កេត​ឃើញ​ថា បណ្ឌិត សូ ណារ៉ូ បាន​បញ្ចេញ​សារ​លើក​សរសើរ​ជុំវិញ​ការ​រៀបចំ​ព្រឹត្តិការណ៍​ស៊ីហ្គេម​របស់​រដ្ឋាភិបាល​កម្ពុជា​ផង​ដែរ ដែល​សារ​បែប​នេះ​គេ​មិន​ធ្លាប់​ឃើញ​បណ្ឌិត សូ ណារ៉ូ លើកឡើង​នោះ​ទេ​ចាប់តាំងពី​លោក​ភៀសខ្លួន​មក​ក្រៅ​ប្រទេស។

កាលពី​ថ្ងៃទី​៥ ខែ​ឧសភា ឆ្នាំ​២០២៣ បណ្ឌិត សូ ណារ៉ូ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​ថា លោក​ពិត​ជា​រំភើប​រីករាយ និង​មាន​មោទកភាព​ជាតិ​ខ្មែរ​យ៉ាង​ក្រៃលែង​ដែល​បាន​មើល​ផ្ទាំង​ទស្សនីយភាព​ជា​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​នៃ​ពិធី​បើក​ជា​ផ្លូវការ​នូវ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៅ​ពេលនេះ។

បណ្ឌិត សូ ណារ៉ូ លើកឡើង​ថា លោក​សូម​សម្ដែង​នូវ​ការ​គោរព​កោត​សរសើរ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា គណៈកម្មការ​រៀបចំ និង​តួអង្គ​ទាំងអស់​ដែល​បាន​ចំណាយ​កម្លាំង​កាយ ចិត្ត ពេលវេលា ស្មារតី និង​សម្ភារៈ ដើម្បី​សម្រេច​ឡើង​នូវ​ផ្ទាំង​ទស្សនីយភាព​ដ៏​អស្ចារ្យ​នេះ​ដែល​ជា​មរតក​ដល់​កូន​ខ្មែរ​គ្រប់​ជំនាន់។

គិត​មក​ដល់​ពេលនេះ គឺ​មាន​រយៈពេល​ប្រមាណ​ជា ១០​ឆ្នាំ​ហើយ​ចាប់តាំងពី​ឆ្នាំ​២០១២ ដែល​បណ្ឌិត សូ ណារ៉ូ សម្រេច​ចិត្ត​ចាកចេញ​ពី​កម្ពុជា ហើយ​ភៀសខ្លួន​មក​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ខណៈ​ការងារ​ដែល​លោក​ធ្លាប់​បាន​បម្រើការ​កាលពី​នៅ​ជា​មន្ត្រី​រាជការ​នោះ គឺ​មាន​រយៈពេល​ដល់​ទៅ ២៧​ឆ្នាំ​ឯណោះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស