37 C
Phnom Penh

បណ្ឌិត សូ ណារ៉ូ៖ ព្រះករុណា សីហនុ ធ្លាប់​អំពាវនាវ​ឱ្យ​អន្តរជាតិ​ទទួល​ស្គាល់​ខ្សែ​ប្រេវីយេ​ជា​ព្រំដែន​ទឹក​រវាង​កម្ពុជា​និង​វៀតណាម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​អគ្គទីប្រឹក្សា​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ឥណ្ឌូនេស៊ី អះអាង​ថា ការ​បាត់បង់​ទឹកដី​មួយ​ផ្នែក​ទៅ​ប្រទេស​វៀតណាម ដូចជា​ព្រំដែន​គោក និង​ព្រំដែន​ទឹក​ដែល​មាន​កោះត្រល់ ជាដើម គឺ​បាន​បាត់បង់​នៅ​ជំនាន់​សម្តេច​ព្រះ​នរោត្តម សីហនុ បន្ទាប់ពី​ព្រះអង្គ​ប្រកាស​ទទួលស្គាល់​ខ្សែបន្ទាត់​ព្រំដែន​ប្រេវីយេ​ជា​ឯកតោ​ភាគី​កាលពី​សម័យ​សង្គម​រាស្ត្រ​និយម។

អតីត​អគ្គទីប្រឹក្សា​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ឥណ្ឌូនេស៊ី បណ្ឌិត សូ ណារ៉ូ បាន​លើកឡើង​ក្នុង​កិច្ចសម្ភាសន៍​ពិសេស​នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​៩ ឧសភា បន្ទាប់ពី​ព្រះមហាក្សត្រ​ប្រកាស​ទទួលស្គាល់​អតីតភាព​ការងារ​កាលពី​មុន និង​តែងតាំង​លោក​ជា​ឧត្តម​មន្ត្រី​ក្នុង​ជួរ​រាជរដ្ឋាភិបាល​កម្ពុជា​ដូច​ដើម​វិញ​ថា នៅ​ពេល​ដែល​អតីត​ព្រះមហាក្សត្រ​ខ្មែរ​ប្រកាស​ទទួលស្គាល់​ខ្សែបន្ទាត់​ព្រំដែន​ប្រេវីយេ​នោះ គឺ​កោះត្រល់​ក៏​ត្រូវ​បាត់បង់​ដោយ​ចៀស​ពុំ​រួច​ឡើយ។

បណ្ឌិត សូ ណារ៉ូ បញ្ជាក់​ថា រឿង​ព្រំដែន​ជា​រឿង​ដែល​ពាក់ព័ន្ធ​នឹង​ផ្លូវច្បាប់​វែងឆ្ងាយ​ណាស់ ដូច្នេះ​បើ​ភាគី​ដែល​មាន​ទំនាស់​ព្រំដែន​ទាំង​សងខាង​ចង់​ឱ្យ​បញ្ហា​របស់​ខ្លួន​ដាច់ស្រេច គឺ​មាន​តែ​ប្តឹង​ទៅ​តុលាការ​អន្តរជាតិ​ឱ្យ​រក​យុត្តិធម៌​ឱ្យ​ប៉ុណ្ណោះ ព្រោះ​ថា​តុលាការ​អន្តរជាតិ​អាច​ផ្តល់​យុត្តិធម៌​ឱ្យ​បាន​ដោយសារតែ​ពួកគេ​មាន​ឯកសារ​គ្រប់គ្រាន់​ជុំវិញ​រឿង​នេះ។

នៅ​ថ្ងៃទី​១០ ខែ​ឧសភា ឆ្នាំ​២០២៣ នេះ អ្នកវិភាគ​ឯករាជ្យ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​ថា សម្ដេច​ព្រះ​នរោត្តម សីហនុ ទ្រង់​មិន​ធ្លាប់​មាន​បន្ទូល​ទទួលស្គាល់​ខ្សែបន្ទាត់​ប្រេវីយេ​រវាង​កម្ពុជា និង​វៀតណាម ដូច​បណ្ឌិត សូ ណារ៉ូ បាន​អះអាង​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​សារព័ត៌មាន The Cambodia Daily កាលពី​ថ្ងៃទី​៩ ឧសភា នោះ​ទេ។

លោក គឹម សុខ លើកឡើង​ថា ព្រះអង្គ​ធ្លាប់​មាន​បន្ទូល​ច្បាស់​ថា បារាំង​កាត់​ទឹកដី​កូសាំងស៊ីន (ឬ​ទឹកដី​កម្ពុជា​ក្រោម) របស់​កម្ពុជរដ្ឋ​ឲ្យ​អាណ្ណាម (ឬ​វៀតណាម​សព្វថ្ងៃ) គ្រប់គ្រង​យ៉ាង​អយុត្តិធម៌ ដែល​ប្រជាជាតិ​ខ្មែរ​មិន​អាច​ទទួលស្គាល់​បាន​ទេ ហើយ​ព្រះអង្គ​សង្កត់​ធ្ងន់​ថា កូន​ខ្មែរ​គ្រប់​ជំនាន់​ត្រូវតែ​ទាមទារ​កូសាំងស៊ីន (ឬ​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម) និង​កោះត្រល់​មក​ជា​កម្មសិទ្ធិ​របស់​ខ្មែរ​វិញ​នៅ​ថ្ងៃ​អនាគត។

អ្នកវិភាគ​ឯករាជ្យ​រូប​នេះ​បញ្ជាក់​ថា អតីត​ព្រះមហាក្សត្រ ព្រះករុណា សម្ដេច​ព្រះ​នរោត្តម សីហនុ មាន​ព្រះបន្ទូល​បែប​នេះ​នៅ​ចំពោះ​មុខ​មេដឹកនាំ​វៀតណាម​ខាងត្បូង លោក ង៉ោ ឌិញយៀម។ ដូច្នេះ កូន​ខ្មែរ​ត្រូវតែ​តស៊ូ​ទាមទារ​ទឹកដី​ដូនតា​ខ្មែរ​ជា​កម្មសិទ្ធិ​របស់​ខ្មែរ​មក​វិញ។

បន្ទាប់ពី​ការ​លើកឡើង​របស់​លោក គឹម សុខ បណ្ឌិត សូ ណារ៉ូ បាន​ឆ្លើយតប​ក្នុង​ប្រអប់​បញ្ចេញមតិ​នៃ​គណនី​ហ្វេសប៊ុក​របស់​អ្នកវិភាគ​ឯករាជ្យ​រូប​នេះ​ថា លោក គឹម សុខ និយាយ​ចំណុច​នេះ​មិន​ខុស​ទេ គឺ​ពិត​ជា​ត្រឹមត្រូវ។ តែ​លោក ង៉ោ ឌិញយៀម ត្រូវ​រដ្ឋប្រហារ​សម្លាប់​ឆ្នាំ​១៩៦៣ បាត់​ទៅ​ហើយ។ លោក សូ ណារ៉ូ អះអាង​ថា ចំណុច​ដែល​លោក គឹម សុខ បាន​និយាយ គឺជា​រឿង​ក្រោយ​ដែល​លោក ង៉ោ ឌិញយៀម ស្លាប់​បាន​ប៉ុន្មាន​ឆ្នាំ​ដែល​មាន​ឯកសារ​ផ្លូវការ​បញ្ជាក់​នៅ​សម័យ​នោះ​តែប៉ុណ្ណោះ។

បណ្ឌិត សូ ណារ៉ូ បាន​បង្ហាញ​ថត​ឯកសារ​ដាក់​ចូល​ប្រអប់​បញ្ចេញមតិ​ពីរ​ផ្សេង​គ្នា គឺ​ទី​១ មាន​ខ្លឹមសារ​ថា ជំនួប​រវាង​សម្តេច​ព្រះ​នរោត្តម សីហនុ និង​លោក ផាំ វ៉ាន់ដុង នៅ​ទីក្រុង​ប៉េកាំង នា​ថ្ងៃទី​២៩ ខែ​កញ្ញា ឆ្នាំ​១៩៦៤ សម្តេច​ព្រះ​នរោត្តម សីហនុ បាន​បញ្ជាក់​ពី​គោលជំហរ​កម្ពុជា​ស្ដីពី​បញ្ហា​ព្រំដែន​ថា ចំពោះ​អ្វី​ដែល​ជា​បញ្ហា​វិវាទ​ទឹកដី យើង​មិន​ចង់​ធ្វើ​ឱ្យ​ក្លាយ​ជា​បញ្ហា​ស្មុគស្មាញ​ទេ ព្រះអង្គ​សូម​បញ្ជាក់​ថា ទ្រង់​មិន​ទាមទារ​យក​កោះ​ភូកុក (កោះត្រល់) និង​កោះ​ដទៃ​ទៀត ដូចជា​កោះ​ថូជូ ពូលូពិនហ្សាង ដែល​បាន​កាន់កាប់​ដោយ​វៀតណាម​នោះ​ឡើយ។

ចំណែក​ឯកសារ​ទី​២ មាន​ខ្លឹមសារ​ថា រាល់​កោះ​ទាំងឡាយ​ដែល​នៅ​ខាងត្បូង​ខ្សែ​ប្រេវីយេ រាប់​ទាំង​កោះត្រល់​ផង ត្រូវ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​រដ្ឋបាល​របស់​កូសាំងស៊ីន និង​រាល់​កោះ​ទាំងឡាយ​ណា​ដែល​នៅ​ខាងជើង​ខ្សែ​ប្រេវីយេ ត្រូវ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​កម្ពុជា។

ទោះជា​យ៉ាងណាក៏ដោយ ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​ទាមទារ​ឲ្យ​បណ្ឌិត សូ ណារ៉ូ បង្ហាញ​ឯកសារ​ទាំងស្រុង ព្រោះ​ថា​អត្ថបទ​កាត់​ខ្លីៗ​ខាងលើ​មិន​បង្ហាញ​ពី​ការ​អះអាង​របស់​សម្ដេច​ព្រះ​នរោត្តម សីហនុ ទេ ហើយ​ក៏​មិន​អាច​បញ្ជាក់​ថា​ជា​ឯកសារ​របស់​រដ្ឋាភិបាល​សង្គម​រាស្ត្រ​និយម​បាន​ដែរ។ លោក​បន្ថែម​ថា ឯកសារ​គ្មាន​ប្រភព​ខាងលើ​នោះ​គ្រាន់តែ​ជា​ការ​និយាយ​របស់​អនុប្រធាន​កិច្ចការ​ព្រំដែន គឺ​អ្នកស្រី កុយ ពិសី ដែល​ជា​មន្ត្រី​នៃ​រដ្ឋាភិបាល​លោក ហ៊ុន សែន ប៉ុណ្ណោះ។

ព្រះរាជសារ​អតីត​ព្រះមហាក្សត្រ នរោត្តម សីហនុ ចុះ​ថ្ងៃទី​១៦ ខែ​តុលា ឆ្នាំ​២០០៤ បាន​ធ្វើ​ឡើង​ពីរ​ថ្ងៃ​ក្រោយ​បន្ទាប់ពី​ព្រះរាជបុត្រ​របស់​ព្រះអង្គ គឺ​សម្តេច​ព្រះ​នរោត្តម សីហមុនី ឡើង​គ្រងរាជ្យ។ សម្តេច​ព្រះ​នរោត្តម សីហនុ បាន​រំលឹក​ឡើងវិញ​អំពី​ទឹកដី​កម្ពុជា​ក្រោម និង​កោះត្រល់​ថា​ជា​របស់​ខ្មែរ​ដែល​ព្រះអង្គ​បាន​បញ្ជាក់​ថា ព្រះអង្គ​មិន​ដែល​សុខចិត្ត​ផ្ទេរ​កម្ពុជា​ក្រោម កោះត្រល់ ឲ្យ​ទៅ​បារាំង និង​វៀតណាម​ម្តង​ណា​ឡើយ។

សម្តេច​ព្រះ​នរោត្តម សីហនុ បញ្ជាក់​ក្នុង​ព្រះរាជសារ​នោះ​ថា កើត​មក​ជា​ខ្មែរ គ្មាន​អ្នក​ណា​ម្នាក់​ដែល​មិន​ស្រឡាញ់​ជាតិ ស្រឡាញ់​កម្ពុជា​ក្រោម និង​កោះត្រល់​នោះ​ទេ។ ព្រះអង្គ​មិន​ដែល​បាន​ចោទប្រកាន់​អ្នក​ណា​ម្នាក់​ថា​មិន​ចេះ​ស្រឡាញ់​ជាតិ​នោះ​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស