28 C
Phnom Penh

អតីត​សមាជិក​បក្ស​ប្រឆាំង​៩​នាក់​ទៀត​ត្រូវ​បាន​លើកលែង​ទោស​តាម​សំណើ​លោក ហ៊ុន សែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រះមហាក្សត្រ ព្រះបាទ​សម្តេច​ព្រះ បរមនាថ នរោត្តម សីហមុនី នៅ​ថ្ងៃទី​១២ ខែ​ឧសភា ឆ្នាំ​២០២៣ បាន​ត្រាស់​បង្គាប់​លើកលែង​ទោស​ឲ្យ​អតីត​សមាជិក​គណបក្ស​ប្រឆាំង ៩​នាក់​ទៀត បន្ទាប់ពី​ពួកគេ​បាន​ចេញពី​ពន្ធនាគារ និង​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​បក្ស​ប្រជាជន​កម្ពុជា ដែល​ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

នៅ​ក្នុង​ព្រះរាជក្រឹត្យ​ចេញ​ដោយ​ព្រះករុណា ព្រះបាទ សម្តេច​ព្រះ បរមនាថ នរោត្តម សីហមុនី នៅ​ថ្ងៃទី​១២ ខែ​ឧសភា ឆ្នាំ​២០២៣ បាន​ត្រាស់​បង្គាប់​លើកលែង​ទោស​ឲ្យ​អតីត​សមាជិក​គណបក្ស​ប្រឆាំង ៩​នាក់​ទៀត។ អតីត​សមាជិក​គណបក្ស​ប្រឆាំង​ទាំង ៩​នាក់​នោះ​មាន៖

  1. លោក វ៉ន សាវណ្ណ
  2. លោក ធុយ វី
  3. លោក ឆុន ប៊ុនឆាត
  4. លោក ឧ រឹម
  5. លោក ចាន់ សារ៉ាត់
  6. លោក ណុប វ៉ុន
  7. លោក ប៉េង សុខា
  8. លោក វ៉ន ឡេង
  9. និង​លោក សាន សៅរី។

ការ​ចេញ​ព្រះរាជក្រឹត្យ​លើកលែង​ទោស​របស់​ព្រះមហាក្សត្រ​នេះ ក្រោយពី​លោក ហ៊ុន សែន បាន​ទូល​ថ្វាយ​សំណើ​ទៅ​ព្រះអង្គ។

ការ​ដែល​បុរស​ខ្លាំង​ក្រាញ​អំណាច​ទូល​ថ្វាយ​សំណើ​សុំ​ឲ្យ​លើកលែង​ទោស​ដល់​មនុស្ស ៩​នាក់​ដែល​ជា​អតីត​សមាជិក​បក្ស​ប្រឆាំង ធ្វើឡើង​បន្ទាប់ពី​អ្នក​ទាំងនោះ និង​លោក គង់ ម៉ាស់ ចេញពី​ពន្ធនាគារ ហើយ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។

លោក គង់ ម៉ាស់ ត្រូវ​បាន​សមត្ថកិច្ច​ក្រោម​បញ្ជា​លោក ហ៊ុន សែន ចាប់​និង​ឃុំ​ខ្លួន​កាលពី​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២០ ក្រោម​បទ​ចោទប្រកាន់ «រួម​គំនិត​ក្បត់»។ ក្រោយពី​ត្រូវ​បាន​ឃុំ​ខ្លួន​អស់​រយៈពេល​ប្រមាណ​ជា ២​ឆ្នាំ គឺ​នៅ​ចុង​ខែ​ធ្នូ ឆ្នាំ​២០២២ លោក គង់ ម៉ាស់ ត្រូវ​តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល ៥​ឆ្នាំ​ពី​បទ​រួម​គំនិត​ក្បត់ ជុំវិញ​ការ​ចូលរួម​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី កាលពី​ពេល​កន្លងទៅ។

ប៉ុន្តែ​នៅ​ថ្ងៃទី​០៦ ខែ​ឧសភា ឆ្នាំ​២០២៣ អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ១០​នាក់ មាន​ទាំង​លោក គង់ ម៉ាស់ បាន​ចេញ​វីដេអូ​សារភាព​កំហុស និង​ធ្វើ​លិខិត​សុំទោស​លោក ហ៊ុន សែន អំឡុង​ពេល​ដែល​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ។

ក្រោយពី​ការ​សុំទោស​ហើយ លោក គង់ ម៉ាស់ ត្រូវ​បាន​ដោះលែង​ឲ្យ​រស់នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។ បន្ថែម​ពី​នេះ នៅ​ថ្ងៃទី​០៦ ខែ​ឧសភា ឆ្នាំ​២០២៣ ដដែល​នោះ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះ នរោត្តម សីហមុនី ក៏​បាន​ចេញ​ព្រះរាជក្រឹត្យ​លើកលែង​ទោស​ឲ្យ​លោក គង់ ម៉ាស់ រួច​ផុត​ពី​ការ​ចោទប្រកាន់​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស