30.7 C
Phnom Penh

លោក ព្រាប កុល ប្រកាស​ធ្វើ​សន្និសីទ​កាសែត​ក្រោយ​មាន​ការ​រិះគន់​រឿង​ចុះចូល​បក្ស​កាន់​អំណាច

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា ប្រកាស​ធ្វើ​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​អង្គារ​នេះ បន្ទាប់ពី​មាន​ការ​រិះគន់​ដូច​ព្យុះសង្ឃរា ក្រោយ​ពេល​លោក​បាន​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច និង​ទទួល​បាន​ការ​តែងតាំង​ជា​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​រាជរដ្ឋាភិបាល​កម្ពុជា​ពី​ព្រះមហាក្សត្រ តាម​ការ​ស្នើសុំ​របស់​លោក ហ៊ុន សែន កាលពី​ពេល​ថ្មីៗ​នេះ។

លោក ព្រាប កុល បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​១៤ ឧសភា ថា លោក​នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃទី​១៦ ខែ​ឧសភា ឆ្នាំ​២០២៣ នេះ ដើម្បី​បំភ្លឺ​ជុំវិញ​ការ​សម្រេច​ចិត្ត​របស់​លោក​ក្នុង​ការ​ចូលរួម​បម្រើ​ជាតិ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​នៅ​ពេលនេះ។

ការ​ប្រកាស​ធ្វើ​សន្និសីទ​នេះ ធ្វើឡើង​បន្ទាប់ពី​សកម្មជន​សង្គម មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល អ្នកវិភាគ​ឯករាជ្យ អ្នក​ឃ្លាំមើល​សង្គម និង​អ្នក​សង្កេតការណ៍ ជាដើម រិះគន់​លោក​ជុំវិញ​ការ​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច​នៅ​ពេលនេះ​យ៉ាង​ចាស់ដៃ។

ប្រធាន​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) លោក ប៉ា ងួនទៀង បាន​សរសេរ​លើ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​១៤ ឧសភា ដែល​ទំនង​ក្នុង​ន័យ​រិះគន់​លោក ព្រាប កុល និង​មនុស្ស​មួយ​ចំនួន​ទៀត​ដែល​ចុះចូល​ជាមួយ​លោក ហ៊ុន សែន ថា​សត្វ និង​មនុស្ស​មាន​តម្រូវការ​ដូច​គ្នា ដូចជា​អាហារ និង​សេចក្តី​ស្នេហា ជាដើម ប៉ុន្តែ​សម្រាប់​សត្វ​វិញ គឺ​មិន​ចេះ​ខ្មាសអៀន​នោះ​ទេ​នៅ​ពេល​ដែល​ពួកគេ​ត្រូវ​ការ​អ្វី​មួយ ដូច្នេះ​នៅ​ពេល​ដែល​មនុស្ស​ប្រឹងប្រែង​ដើម្បី​តែ​តណ្ហា ឬ​ដើម្បី​តែ​លាភ​សក្ការៈ​ខ្លួនឯង​ដោយ​លែង​ចេះ​ខ្មាសអៀន នោះ​គឺ​មិន​ខុស​ពី​សត្វ​ឡើយ។

លោក ប៉ា ងួនទៀង បាន​លើក​ជា​ឧទាហរណ៍​ថា «ម្សិលមិញ​បុរស​ម្នាក់​បាន​អប់រំ និង​ណែនាំ​ឲ្យ​ពលរដ្ឋ​ខ្មែរ​យល់ដឹង​ពី​អំពើពុករលួយ​ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​ជំរុញ និង​ប្រាប់​ទៅ​ពលរដ្ឋ​ឲ្យ​ចៀសវាង​នូវ​ការ​ប្រព្រឹត្ត​អំពើ​នេះ ព្រោះ​វា​ជាប់​ឈ្មោះ​មិន​ល្អ​នៅ​ក្នុង​សង្គម ប៉ុន្តែ​នៅ​ថ្ងៃ​នេះ បុរស​ដដែល​នោះ​បែរជា​ចូល​បម្រើ​ការងារ​កន្លែង​ដែល​ខ្លួន​ធ្លាប់​រិះគន់​ពី​រឿង​ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​អំពើពុករលួយ​ទៅវិញ»

ចំណែក​ប្រធាន​ប្រតិបត្តិ​សហព័ន្ធ​សហជីព​កម្មករ​ចំណី​អាហារ និង​សេវាកម្ម​កម្ពុជា លោក ស ម៉ូរ៉ា បាន​សរសេរ​លើ​ហ្វេសប៊ុក​ខ្លួន​ដែល​ទំនង​សំដៅ​ទៅ​កាន់​លោក ព្រាប កុល និង​អ្នក​ផ្សេងៗ​ទៀត​ដែរ​ថា «មនុស្ស​មាន​សមត្ថភាព​ច្រើន​ណាស់​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល ប៉ុន្តែ​ទោះបីជា​ពួកគេ​មាន​សមត្ថភាព​ក៏ដោយ ក៏​ពួកគេ​មិន​អាច​ប្រើ​សមត្ថភាព​ខ្លួន​ជួយ​ជាតិ​បាន​ឡើយ ដូច្នេះ​បើ​ត្រឹមតែ​ជា​អ្នក​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា តើ​ពួកគេ​អាច​ជួយ និង​ធ្វើ​អ្វី​ខ្លះ​បាន​ខ្លះ​ទៅ?»។

ដោយឡែក​សមាជិក​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង លោក យ៉ង់ ស៊ីណេត បាន​សរសេរ​ចំៗ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​ដោយ​ភ្ជាប់​លោក ព្រាប កុល ជួប​ជាមួយ​ក្រុម​យុវជន​នៅ​ប្រទេស​កូរ៉េ កាលពី​ថ្ងៃ​អាទិត្យ ដោយ​ប្រៀបធៀប​ថា «នៅ​លើ​លោក​នេះ​គ្មាន​អ្វី​ទៀងទាត់​ទេ សូម្បីតែ​ព្រាប ក៏​អាច​ក្លាយ​ជា​សារិកា​បាន​ដែរ ហើយ​ឆ្មា​ក៏​ចេះ​បំប្លែង​ខ្លួន​ជា​រាជសីហ៍​ទៀត ខណៈ​ឥន្ទ្រី​ក៏​អាច​ក្លាយ​ទៅ​ជា​សត្វ​សេក​រស់នៅ​ក្នុង​ទ្រុង​មាស​ដែរ​នោះ»

លើស​ពី​នេះ​ទៅ​ទៀត អតីត​ប្រធាន​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក សារ៉ូ សូវិជ័យ បាន​ត្អូញត្អែរ​ជុំវិញ​ករណី​នេះ​ដែរ​ថា ការ​តស៊ូ​ដើម្បី​ប្រជាធិបតេយ្យ គឺជា​ដំណើរ​ដ៏​លំបាក និង​វែងឆ្ងាយ​ណាស់ ដូច្នេះ​វា​ច្បាស់​ជា​មាន​អ្នក​ដែល​រួម​ដំណើរ​ខ្លះ​បោះបង់​គោលដៅ​ជាមិនខាន​ឡើយ ប៉ុន្តែ​ក៏​នឹង​មាន​អ្នក​ថ្មី​បន្ត​ចូលរួម​ក្នុង​ដំណើរ​បន្ត​ទៀត​ដែរ ព្រោះ​ជា​រឿង​ធម្មតា​ទៅ​ហើយ​ចំពោះ​រឿង​នេះ។

លោក សារ៉ូ សូវិជ័យ បញ្ជាក់​ថា លោក​នៅតែ​បន្ត​ការ​តស៊ូ​ធ្វើ​កិច្ចការ​នេះ​បន្ត​ទៅ​មុខ​ទៀត​ដោយ​មិន​បោះបង់​ឡើយ ហើយ​កូន​របស់​លោក​ក៏​ត្រៀម​ខ្លួន​ចូលរួម​ក្នុង​ការ​តស៊ូ​ក្នុង​កិច្ចការ​នេះ​ដូច​លោក​ដែរ។

កាលពី​ថ្ងៃទី​១៣ ខែ​ឧសភា ឆ្នាំ​២០២៣ ព្រះករុណា ព្រះបាទ​សម្តេច​ព្រះ បរមនាថ នរោត្តម សីហមុនី បាន​ចេញ​ព្រះរាជក្រឹត្យ​តែងតាំង​លោក ព្រាប កុល ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​តាម​សំណើ​ទូល​ថ្វាយ​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន។

ក្រោយ​ទទួល​បាន​ការ​តែងតាំង​ពី​ព្រះមហាក្សត្រ នៅ​ថ្ងៃទី​១៣ ខែ​ឧសភា លោក ព្រាប កុល បាន​សរសេរ​លើ​ហ្វេសប៊ុក​របស់​លោក​ដោយ​ថ្លែង​អំណរគុណ​ដល់​ព្រះមហាក្សត្រ និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ផ្តល់​នូវ​សេចក្តី​ទុកចិត្ត និង​ផ្តល់​ឱកាស​ដល់​រូបលោក​ឲ្យ​ចូលរួម​បម្រើ​ជាតិ​តាមរយៈ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ស្ថិត​នៅ​ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​សព្វថ្ងៃ​នេះ។

លោក ព្រាប កុល បាន​ប្ដេជ្ញា​ថា លោក​នឹង​បន្ត​បេសកកម្ម​បម្រើ​ឧត្តម​ប្រយោជន៍​ជាតិ មាតុភូមិ និង​ប្រជាពលរដ្ឋ​ខ្មែរ ដោយ​ប្រើប្រាស់​ចំណេះដឹង ជំនាញ និង​បទពិសោធន៍​ដែល​ខ្លួន​មាន​កន្លងមក​តទៅ​ថ្ងៃ​មុខ។

លោក ព្រាប កុល បាន​បញ្ចប់​អាណត្តិ​ជា​នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា កាលពី​ថ្ងៃទី​១២ ខែ​មេសា ឆ្នាំ​២០២០ បន្ទាប់ពី​លោក​បាន​ដឹកនាំ​អង្គការ​មួយ​នេះ​ដោយ​ធ្វើការ​ផ្ដោត​ទៅ​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើពុករលួយ និង​បញ្ហា​សង្គម​ផ្សេងៗ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមក។

យ៉ាងណា​ក៏ដោយ ក្រោយពី​ចប់​អាណត្តិ​ជា​ប្រធាន​អង្គការ​តម្លាភាព​រួច​មក លោក ព្រាប កុល ក៏​បាន​ចាប់ផ្ដើម​ធ្វើ​ជំនួញ​ខាង​ផ្នែក​អចលនទ្រព្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស