29 C
Phnom Penh

អ្នក​ឃ្លាំមើល៖ ការ​ស្នើសុំ​របស់​បក្ស​ភ្លើង​ទៀន​ជួប​លោក ហ៊ុន សែន មុន​បោះឆ្នោត​ជា​រឿង​សម​ហេតុ​សម​ផល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា ការ​ស្នើសុំ​ជួប​ពិភាក្សា​ការងារ​របស់​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើង​ទៀន​ជាមួយ​លោក ហ៊ុន សែន នៅ​មុន​ការ​បោះឆ្នោត គឺជា​រឿង​សម​ហេតុ​សម​ផល​ដែល​ឆ្លើយតប​នឹង​ស្ថានការណ៍​ជាក់ស្តែង​ដែល​កំពុងតែ​តានតឹង​នៅ​ពេលនេះ។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៥ ឧសភា នេះ​ថា ជុំវិញ​សកម្មភាព​របស់​គណបក្ស​ភ្លើង​ទៀន​នៅ​ពេល​ចុងក្រោយ​គួរតែ​មាន​ការ​បកស្រាយ​ឱ្យ​បាន​ជាក់លាក់​នៅ​មុន​ការ​បោះឆ្នោត ដើម្បី​ចៀសវាង​ការ​យល់​ច្រឡំ​ដែល​នាំ​ឱ្យ​មាន​ភាព​តានតឹង​នៅ​មុន​ពេល​បោះឆ្នោត អំឡុង​ពេល​បោះឆ្នោត និង​ក្រោយ​ពេល​បោះឆ្នោត។

លោក សេក សុជាតិ លើកឡើង​ថា ការ​អំពាវនាវ​របស់​បក្ស​ភ្លើង​ទៀន​ឱ្យ​មាន​ការ​ជួបជុំ​ដើម្បី​តស៊ូ​មតិ​ជាមួយ​នឹង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​កាលពី​ពេល​ថ្មីៗ​នេះ មិនមែន​ជា​ដំណោះស្រាយ​ឡើយ​នៅ​ពេល​ដែល​ខ្លួន​មិនទាន់​បាន​តស៊ូ​មតិ​តាម​ផ្លូវច្បាប់ ដោយ​ការ​ផ្តល់​ឱ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​នូវ​ឯកសារ​ពេញលេញ​ដូច​គណបក្ស​នយោបាយ​ដទៃ​បាន​ធ្វើ​តាម​ការ​តម្រូវ​ដោយ គ.ជ.ប នោះ។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត​រូប​នេះ​បញ្ជាក់​ថា ដើម្បី​ដោះស្រាយ​បញ្ហា​ខាងលើ គណបក្ស​ភ្លើង​ទៀន​គួរតែ​ស្នើ​ឱ្យ​មាន​ជំនួប​រវាង​ក្រសួង​មហាផ្ទៃ ដែល​បាន​ទទួលស្គាល់​ខ្លួន​ថា​ជា​គណបក្ស​ស្រប​ច្បាប់ ជួប​ជាមួយ គ.ជ.ប ដែល​បាន​បដិសេធ​នូវ​សំណុំ​បែបបទ​របស់​ខ្លួន​ឱ្យ​មាន​ការ​បកស្រាយ និង​ការ​សម្របសម្រួល​ឱ្យ​ខ្លួន​អាច​បញ្ចប់​ការ​ប្រឈមមុខ​ដាក់​គ្នា​តទៅទៀត។

កាលពី​ថ្ងៃទី​១៣ ខែ​ឧសភា ឆ្នាំ​២០២៣ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​កំណត់​កាលបរិច្ឆេទ​ជួប​ជាមួយ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើង​ទៀន នៅ​ថ្ងៃទី​៣០ ខែ​កក្កដា ឆ្នាំ​២០២៣ ក្រោយ​ការ​បោះឆ្នោត​ជាតិ​ខាងមុខ​នេះ ក្រោម​ហេតុផល​ថា លោក​មាន​ភារកិច្ច​មមាញឹក​ខ្លាំង​ពេក​នៅ​ពេលនេះ។

លោក ហ៊ុន សែន ចោទ​ជា​សំណួរ​ថា តើ​គណបក្ស​ភ្លើង​ទៀន​ចង់​បាន​អ្វី​ឱ្យ​ពិតប្រាកដ បាន​ជា​បញ្ជូន​សារ​ដ៏​ច្របូកច្របល់​នៅ​ពេលនេះ? តើ​ពួកគេ​ចង់​បង្ក​ចលាចល​មុន​ការ​បោះឆ្នោត ឬ​ចង់​បំផ្លាញ​ការ​បោះឆ្នោត?

លោក ហ៊ុន សែន បញ្ជាក់​ថា ក្នុង​ជំនួប​នេះ លោក​ក៏​ចង់​បាន​ការ​ពន្យល់​ពី​លោក ជា ប៉ូច ដែល​ជា​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើង​ទៀន​ដែរ ថា​តើ​របៀប​ទម្លាក់ ហ៊ុន សែន គាត់​នឹង​ធ្វើ​ដោយ​វិធី​ណា។

កាលពី​ថ្ងៃទី​១៣ ខែ​ឧសភា ឆ្នាំ​២០២៣ គណបក្ស​ភ្លើង​ទៀន​បាន​ចេញ​លិខិត​មួយ​សុំ​ជួប​ដោយ​ផ្ទាល់​ជាមួយ​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បន្ទាប់ពី​លោក ហ៊ុន សែន ព្រមាន​ចាប់​ខ្លួន​មន្ត្រី​បក្ស​នេះ​ជុំវិញ​ការ​អំពាវនាវ​របស់​មន្ត្រី​បក្ស​ភ្លើង​ទៀន​ឱ្យ​មាន​ការ​ប្រមូលផ្ដុំ ដើម្បី​ធ្វើការ​តស៊ូ​មតិ​ជាមួយ​នឹង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត កាលពី​ថ្ងៃទី​១២ ឧសភា កន្លងទៅ​នេះ។

អ្នកវិភាគ​ឯករាជ្យ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៥ ឧសភា នេះ​ថា ការ​កំណត់​កាលបរិច្ឆេទ​ជួប​ជាមួយ​បក្ស​ភ្លើង​ទៀន​នៅ​ក្រោយ​ការ​បោះឆ្នោត​បែប​នេះ គឺជា​បង្ហាញ​ថា​លោក ហ៊ុន សែន មិនមែន​ជួប​ដើម្បី​ពិភាក្សា​អំពី​បោះឆ្នោត ឬ​ដំណើរការ​ប្រជាធិបតេយ្យ​ទេ ប៉ុន្តែ​ដើម្បី​គំរាម​បក្ស​ភ្លើង​ទៀន​ប៉ុណ្ណោះ ហើយ​ក៏​ជា​សម្ពាធ​មួយ​សម្រាប់​បក្ស​ភ្លើង​ទៀន​មិន​ឱ្យ​ចេញ​តវ៉ា​នៅ​ក្រោយ​ការ​បោះឆ្នោត​ផង​ដែរ។

លោក គឹម សុខ លើកឡើង​ថា នៅ​ពេលនេះ​អ្វី​ដែល​លោក ហ៊ុន សែន ខ្វល់ខ្វាយ​បំផុត​នោះ គឺ​ថា​តើ​គណបក្ស​ភ្លើង​ទៀន​ហ៊ាន​ចេញ​តវ៉ា​នឹង​លទ្ធផល​ដ៏​អយុត្តិធម៌​ក្រោយ​ការ​បោះឆ្នោត ឬ​ក៏​អត់​ប៉ុណ្ណោះ។ លោក​បន្ថែម​ថា បក្ស​ភ្លើង​ទៀន​មាន​ច្រក​តែ​មួយ​គត់​ដែល​ចូលរួម​ការ​បោះឆ្នោត​នៅ​ពេល​ខាងមុខ​នេះ នៅ​ពេល​ដែល​លោក ហ៊ុន សែន ប្រាកដ​ក្នុង​ចិត្ត​ថា បក្ស​នេះ​ព្រម​ទទួលយក​លទ្ធផល​បោះឆ្នោត​ដោយ​ស្ងៀមស្ងាត់​នៅ​ចុង​ខែ​កក្កដា នោះ។

អ្នកវិភាគ​ឯករាជ្យ​រូប​នេះ​បញ្ជាក់​ថា ទង្វើ​របស់​លោក ហ៊ុន សែន បែប​នេះ គឺ​បង្ហាញ​អំពី​អត្តចរិត​អំនួត​ថា​មាន​តែ​ឯង ហើយ​គ្មាន​អ្នក​ណា​ហ៊ាន​ធ្វើ​អ្វី បើ​ទោះបីជា​ខ្លួន​ធ្វើ​អ្វីៗ​ស្រេច​តែ​នឹង​ទំនើងចិត្ត​ដូច​សព្វថ្ងៃ​នេះ​ក៏ដោយ។ ជាង​នេះ​ទៀត អត្តចរិត​បែប​នេះ​ក៏​បង្ហាញ​ថា​លោក ហ៊ុន សែន មិន​ខ្វល់​ពី​ការ​រិះគន់​របស់​សហគមន៍​អន្តរជាតិ​អ្វី​ទាំងអស់ គឺ​គាត់​ខ្វល់ខ្វាយ​តែ​ពី​ផែនការ​ផ្ទេរ​អំណាច​តែប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស