33 C
Phnom Penh

លោក សម រង្ស៊ី ថា​កម្លាំង​ប្រជាធិបតេយ្យ​នឹង​ទទួល​ជ័យជម្នះ​លើ​របប​លោក ហ៊ុន សែន ក្នុង​ពេល​ឆាប់ៗ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី លើកឡើង​ថា មិន​យូរ​ទេ​កម្លាំង​ប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា នឹង​ទទួល​បាន​ជ័យជម្នះ​លើ​របប​ក្បត់​ជាតិ ផ្ដាច់ការ ពុករលួយ ដែល​កំពុង​ដឹកនាំ​ដោយ​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ជាង ៤​ទសវត្សរ៍​មក​នេះ បន្ទាប់ពី​លទ្ធផល​នៃ​ការ​បោះឆ្នោត​នៅ​ប្រទេស​ថៃ បង្ហាញ​ជ័យជម្នះ​ដ៏​ត្រចះត្រចង់​របស់​កម្លាំង​ប្រជាធិបតេយ្យ។

លោក សម រង្ស៊ី បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​១៥ ឧសភា នេះ​ថា លោក​សូម​អបអរ​សាទរ​កម្លាំង​ប្រជាធិបតេយ្យ​នៅ​ប្រទេស​ថៃ ដែល​បាន​ទទួល​ជ័យជម្នះ​ដ៏​ត្រចះត្រចង់​លើ​របប​ផ្ដាច់ការ សក្ដិភូមិ​នៅ​ពេលនេះ ហើយ​នេះ​ក៏​ជា​គំរូ​មួយ​ដែល​បង្ហាញ​ថា មិន​យូរ​ទេ​កម្លាំង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​នឹង​ទទួល​បាន​ជ័យជម្នះ​លើ​របប​ក្បត់​ជាតិ ដែល​យក​ស្តេច​ខ្មែរ​ធ្វើ​ជា​អាយ៉ង ធ្វើ​ជា​ខែល ដើម្បី​បិទបាំង​សារជាតិ​ឃាតករ និង​សកម្មភាព​ឧក្រិដ្ឋ​របស់​លោក ហ៊ុន សែន នៅ​ពេល​ដ៏​ខ្លី​ខាងមុខ​នេះ​ជាមិនខាន។

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ​ដែល​ប្រកាន់​របប​ប្រជាធិបតេយ្យ ដក​ភាព​ស្រប​ច្បាប់​ពី​របប​ដែល​កំពុង​ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន សព្វថ្ងៃ​នេះ ប្រសិនបើ​ការ​បោះឆ្នោត​នៅ​ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ​នេះ​គ្មាន​វត្តមាន​គណបក្ស​ភ្លើង​ទៀន​ចូលរួម​ទេ​នោះ។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​លទ្ធផល​នៃ​ការ​បោះឆ្នោត​នៅ​ប្រទេស​ថៃ កំពុង​មាន​ការ​គាំទ្រ​យ៉ាង​ច្រើន​លើ​បក្ស​ប្រឆាំង ស្រប​ពេល​ដែល​នាយករដ្ឋមន្ត្រី​ថៃ លោក ប្រាយុទ្ធ ចាន់អូចា ដែល​កាន់​កម្លាំង​យោធា​ពេញ​ដៃ កំពុង​ធ្លាក់​ប្រជាប្រិយភាព​ក្នុង​ការ​បោះឆ្នោត​នេះ​យ៉ាង​ខ្លាំង​នៅ​ពេលនេះ។

ភ្នាក់ងារ​សារព័ត៌មាន Reuters កាលពី​ថ្ងៃទី​១៥ ខែ​ឧសភា ឆ្នាំ​២០២៣ បាន​ចុះផ្សាយ​ថា គណបក្ស​ប្រឆាំងៗ​នៅ​ក្នុង​ប្រទេស​ថៃ គឺ​គណបក្ស​ចលនា​ឆ្ពោះ​ទៅ​មុខ​បាន​ទទួល​ជ័យជម្នះ​យ៉ាង​ងាយស្រួល​លើ​គណបក្ស​ថៃ​រួបរួម​ជាតិ របស់​លោក​នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា នៅ​ក្នុង​ការ​បោះឆ្នោត​សកល​កាលពី​ថ្ងៃ​អាទិត្យ ចុង​សប្ដាហ៍​កន្លងទៅ​នេះ។

អតីត​អ្នកទោស​នយោបាយ និង​ជា​មន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៥ ឧសភា នេះ​ថា ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​នឹង​មាន​ការ​ប្រែប្រួល​ជា​វិជ្ជមាន​ដូច​នៅ​ប្រទេស​ថៃ ដែរ ប្រសិនបើ​មាន​ការ​រួបរួម​រវាង​ក្រុម​អ្នក​ប្រជាធិបតេយ្យ និង​គ្មាន​ចរន្ត​នៃ​ការ​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច​ដូច​ពេលនេះ​ទេ​នោះ។

លោក មាជ សុវណ្ណារ៉ា លើកឡើង​ថា ស្ថានភាព​នយោបាយ​នៅ​ប្រទេស​ថៃ ស្រដៀង​គ្នា​នឹង​ស្ថានភាព​នយោបាយ​នៅ​ប្រទេស​កម្ពុជា​ដែរ គឺ​នៅ​ត្រង់​ថា​មេដឹកនាំ​នយោបាយ​ថៃ ដូចជា​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា និង​អ្នកស្រី យ៉ីងឡាក់ ជាដើម ត្រូវ​រង​នូវ​ការ​បិទ​សិទ្ធិ​នយោបាយ​ពី​មេដឹកនាំ​យោធា​ថៃ​ទាំងស្រុង ដូច​ការ​បិទ​សិទ្ធិ​នយោបាយ​លោក កឹម សុខា និង​លោក សម រង្ស៊ី នៅ​ពេល​នេះ​ដែរ។

លោក​បន្ថែម​ថា ប៉ុន្តែ​អ្វី​ដែល​ខុស​គ្នា​នោះ គឺ​នៅ​ត្រង់​ថា ចរន្ត​នយោបាយ​របស់​ពួកគេ គឺ​នៅតែ​មាន​ផែនការ​នយោបាយ និង​រក្សា​នូវ​ការ​រួបរួម​កម្លាំង​នយោបាយ​បាន​រឹងមាំ​ដដែល ជាពិសេស​ការ​ផ្តល់​កម្លាំង​ឆន្ទៈ​នយោបាយ​ដល់​អ្នកគាំទ្រ​នៅ​ក្នុង​ស្រុក ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​កម្លាំង​នយោបាយ​របស់​ពួកគេ​រឹងមាំ​រហូត​ទទួល​បាន​ជ័យជម្នះ​បែប​នេះ។

មន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​បញ្ជាក់​ថា មាន​តែ​ការ​រួបរួម​កម្លាំង​អ្នក​ប្រជាធិបតេយ្យ​ធ្វើ​ជា​គោល​គ្រឹះ​ប៉ុណ្ណោះ ទើប​អាច​រក្សា​កម្លាំង​អ្នក​ប្រជាធិបតេយ្យ​ដើម្បី​ការ​ផ្លាស់ប្ដូរ​តាមរយៈ​នៃ​ការ​បោះឆ្នោត​ដ៏​យុត្តិធម៌​ពិតប្រាកដ​បាន ហើយ​ពន្លឺ​ប្រជាធិបតេយ្យ​ក៏​នឹង​មាន​រស្មី​ឡើងវិញ​ដែរ។

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ​កំពុង​ស្ថិត​ក្នុង​ការ​គំរាម​កំហែង​ធ្ងន់ធ្ងរ​ពី​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ប៉ុន្តែ​ការ​គំរាមកំហែង​នេះ​គឺជា​រឿង​ល្អ​សម្រាប់​អ្នក​ប្រជាធិបតេយ្យ ប្រសិនបើ​ពួកគេ​មាន​ជំហរ​នយោបាយ​រឹងមាំ​នោះ ព្រោះ​ថា​ពលរដ្ឋ​នឹង​ឃើញ​ពី​ការ​ដឹកនាំ​នយោបាយ​បែប​គាបសង្កត់ និង​ផ្ដាច់ការ​របស់​លោក ហ៊ុន សែន កាន់តែ​ច្បាស់ ហើយ​ទង្វើ​បែប​នេះ​នឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​បាត់បង់​នូវ​ការ​គាំទ្រ​លើ​គណបក្ស​ប្រជាជន​កម្ពុជា​ជាមិនខាន។

ប្រភព​ដដែល​បញ្ជាក់​ថា ផ្ទុយទៅវិញ បើ​ក្រុម​អ្នក​ប្រជាធិបតេយ្យ​ចុះចាញ់​នូវ​ការ​គំរាមកំហែង​នេះ ហើយ​នាំគ្នា​ទៅ​ចុះចូល​វិញ​នោះ គឺជា​ការ​ជួយ​លោក ហ៊ុន សែន ឱ្យ​បន្ត​ការ​គំរាមកំហែង​នេះ​កាន់តែ​ខ្លាំង​ប៉ុណ្ណោះ ស្រប​ពេល​ដែល​ពលរដ្ឋ​នឹង​មាន​ការ​យល់ឃើញ​ខុស​ទៅវិញ​ថា ការ​គំរាមកំហែង​របស់​លោក ហ៊ុន សែន គឺជា​រឿង​ត្រឹមត្រូវ ដោយសារតែ​ការ​ចុះចូល​របស់​ក្រុម​អ្នក​ប្រជាធិបតេយ្យ​ទាំងនោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស