35 C
Phnom Penh

លោក ព្រាប កុល ថា​ជំនាញ​របស់​លោក​អាច​អនុវត្ត​បាន​តែ​នៅ​ក្នុង​រដ្ឋាភិបាល​ប៉ុណ្ណោះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ព្រាប កុល អតីត​នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា អះអាង​ថា ជំនាញ​ដែល​ខ្លួន​បាន​ធ្វើ​នៅ​តាម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាង ២០​ឆ្នាំ​មក​នេះ អាច​អនុវត្ត​បាន​តែ​នៅ​ក្នុង​រដ្ឋាភិបាល​ប៉ុណ្ណោះ មិន​អាច​អនុវត្ត​នៅ​ក្នុង​បក្ស​ប្រឆាំង​បាន​ទេ។

លោក ព្រាប កុល បាន​លើកឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃទី​១៦ ខែ​ឧសភា ឆ្នាំ​២០២៣ នេះ​ថា តាមរយៈ​នៃ​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា លោក​នឹង​អាច​ធ្វើ​កំណែ​ទម្រង់​ឱ្យ​បាន​កាន់តែ​ច្រើន ជាពិសេស​ការ​បង្កើត​ទំនាក់ទំនង​ជាមួយ​វិនិយោគិន​បរទេស​ឱ្យ​មក​បណ្ដាក់​ទុន​នៅ​កម្ពុជា​ឱ្យ​បាន​កាន់តែ​ច្រើន​ជាង​ពេល​បច្ចុប្បន្ន​នេះ​ថែម​ទៀត។

ប្រភព​ដដែល​លើកឡើង​ថា ក្នុង​នាម​លោក​ជា​មន្ត្រី​ដែល​មាន​ជំនាញ​ខាង​បច្ចេកទេស កិច្ចការ​របស់​លោក​នឹង​ជួយ​រដ្ឋាភិបាល​ឱ្យ​អាច​រៀបចំ​ប្រព័ន្ធ​គ្រប់គ្រង​អភិបាលកិច្ច​ល្អ​ក្នុង​ប្រព័ន្ធ​ដឹកនាំ​របស់​រដ្ឋ​ឱ្យ​បាន​កាន់តែ​ល្អ​ប្រសើរ ហើយ​នៅ​ពេល​ដែល​រៀបចំ​ប្រព័ន្ធ​អភិបាលកិច្ច​បាន​ល្អ​ហើយ​នោះ នឹង​ធ្វើ​ឱ្យ​ប្រព័ន្ធ​នៃ​ការ​គ្រប់គ្រង​របស់​រដ្ឋ​កាន់តែ​មាន​លំនឹង​ទៅ​ថ្ងៃ​អនាគត​ជាមិនខាន។

អតីត​មន្ត្រី​ជាន់ខ្ពស់​អង្គការ​សង្គម​ស៊ីវិល​រូប​នេះ​អំពាវនាវ​ឱ្យ​មជ្ឈដ្ឋាន​នានា គោរព​នូវ​ការ​សម្រេច​ចិត្ត​របស់​លោក​នៅ​ពេល​ដែល​លោក​សម្រេច​ចិត្ត​ចូលរួម​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​នៅ​ពេលនេះ ព្រោះ​ថា​ការ​ស្រឡាញ់​រាប់អាន​លោក​មិន​ត្រូវ​ភ្ជាប់​មក​ជាមួយ​នូវ​លក្ខខណ្ឌ​គណបក្ស​ណា​មួយ​នោះ​ទេ ស្រប​ពេល​ដែល​លក្ខខណ្ឌ​របស់​លោក គឺ​បម្រើ​ជាតិ​មាតុភូមិ​ប៉ុណ្ណោះ ទោះ​ស្ថិត​ក្នុង​ទីតាំង​ណា​ក៏ដោយ។

ទោះជា​យ៉ាងណា​ក៏ដោយ ប្រធាន​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) លោក ប៉ា ងួនទៀង បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​ដែល​សំដៅ​ទៅ​កាន់​លោក ព្រាប កុល នៅ​ថ្ងៃទី​១៦ ឧសភា នេះ​ថា គាត់​ធ្លាប់​អះអាង​ពី​ការ​កសាង​វប្បធម៌​នយោបាយ​ថ្មី តែ​តាម​ការពិត គឺជា​វិធី​ថ្មី​ក្នុង​ការ​ចូលរួម​ជាមួយ​បក្ស​ប្រជាជន​កម្ពុជា​ដើម្បី​យក​តំណែង​សោះ បែប​នេះ​គេ​មិនមែន​ហៅ​ថា​វិធី​ថ្មី​នោះ​ទេ គឺជា​វិធី​ចាស់​ប៉ុណ្ណោះ។

លោក ប៉ា ងួនទៀង រិះគន់​ថា ពេល​គាត់​និយាយ​ដូចជា​គ្រាន់បើ តែ​ពេល​អនុវត្ត គឺ​រាក់​កំផែល។

កាលពី​អំឡុង​ឆ្នាំ​២០១៩ អតីត​នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល ធ្លាប់​បាន​ប្រកាស​បង្កើត​វប្បធម៌​នយោបាយ​ថ្មី​ដែល​មាន​ឈ្មោះ​ថា «ពិភព​ខ្មែរ​មួយ» ក្នុង​នោះ​លោក ព្រាប កុល ធ្លាប់​បាន​អះអាង​ថា ការ​បង្កើត​វប្បធម៌​នយោបាយ​ថ្មី​នេះ គឺ​ដោយសារតែ​លោក​មើល​ឃើញ​ថា វប្បធម៌​នយោបាយ​របស់​កម្ពុជា​មិន​ល្អ ដែល​នាំ​ឱ្យ​មាន​ការ​បែកបាក់​សាមគ្គី​រវាង​ខ្មែរ និង​ខ្មែរ។

លោក ព្រាប កុល អះអាង​ថា វប្បធម៌​នយោបាយ​ថ្មី​ដែល​លោក​បាន​បង្កើត​ឡើង​នោះ គឺ​ដើម្បី​លុប​បំបាត់​ជំងឺ​សង្គម​ជាច្រើន​ដែល​កំពុង​កើតមាន​នៅ​ក្នុង​សង្គម​ខ្មែរ ដូចជា​ជំងឺ​លាប​ពណ៌ ជំងឺ​មិន​ទុកចិត្ត​គ្នា និង​ជំងឺ​ក្តិច​ត្រួយ ជាដើម ដែល​វប្បធម៌​នយោបាយ​ថ្មី​នេះ គឺជា​ថ្នាំ​សម្រាប់​ព្យាបាល​ជំងឺ​រ៉ាំរ៉ៃ​ដែល​បាន​កើត​ក្នុង​សង្គម​ខ្មែរ​ជា​យូរ​មក​ហើយ​នោះ។

យ៉ាងណា​ក៏ដោយ ក្រោយ​ការ​បង្កើត​វប្បធម៌​នយោបាយ​ថ្មី​ដែល​មាន​ឈ្មោះ​ថា ពិភព​ខ្មែរ​មួយ​នេះ មិន​បាន​ដំណើរ​ទៅ​មុខ​ទេ ចាប់តាំងពី​បង្កើត​ឡើង​កាលពី​អំឡុង​ឆ្នាំ​២០១៩ មក ប៉ុន្តែ​ស្ថាបនិក​ដែល​ចូលរួម​បង្កើត​ចលនា​នេះ បែរជា​ងាក​ទៅ​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច​ទៅវិញ ស្រប​ពេល​ដែល​ជំងឺ​សង្គម​ដែល​លោក​ធ្លាប់​បាន​រៀបរាប់​ខាងលើ​នៅតែ​បន្ត​កើតមាន​នៅឡើយ​នោះ។

ទាក់ទិន​នឹង​បញ្ហា​នេះ អតីត​ប្រធាន​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក សារ៉ូ សូវិជ័យ បាន​លើកឡើង​ថា បងប្អូន និង​មិត្តភក្ដិ​របស់​លោក​ជាច្រើន​បាន​នាំគ្នា​ដើរ​បែក​ផ្លូវ​ពី​លោក​ទៅ​ប្រមូលផ្ដុំ​ជាមួយ​បក្ស​កាន់​អំណាច​បណ្តើរៗ​ហើយ ប៉ុន្តែ​លោក​នៅតែ​បន្ត​ដំណើរ​ជាមួយ​កម្លាំង​ប្រឆាំង​ដោយ​ឥត​ងាករេ។

លោក​លើក​ជា​សំណួរ​ថា បក្ស​កាន់​អំណាច​មាន​អំណាច​ខ្លាំង​ណាស់ និង​បាន​ប្រើ​អំណាច​ហួស​ដែន​កំណត់​ថែម​ទៀត ហេតុ​អ្វី​ចាំ​ត្រូវ​ទៅ​ជួយ​បក្ស​កាន់​អំណាច​ធ្វើ​អ្វី?

លោក សារ៉ូ សូវិជ័យ ត្អូញត្អែរ​ថា ទោះបីជា​ពិភពលោក​ដាក់​ទណ្ឌកម្ម​រូបលោក​ឱ្យ​បន្ត​ដំណើរ​ក្នុង​ភព​អន្ធការ​កណ្ដោចកណ្ដែង​ក៏ដោយ ប៉ុន្តែ​នោះ​គឺជា​ការ​ជួយ​លើក​កម្លាំង​ឱ្យ​លោក​ប្ដេជ្ញា​ខំប្រឹង​ជម្នះ​ឧបសគ្គ និង​តាំង​ចិត្ត​សាជាថ្មី​កាន់តែ​ខ្លាំង​បន្ថែម​ទៀត​ទៅវិញ​ប៉ុណ្ណោះ ព្រោះ​លោក​ជឿជាក់​ថា មេឃ​នឹង​ស្រឡះ​ល្អ​នៅ​ថ្ងៃ​ណា​មួយ​ជាមិនខាន។

លោក ព្រាប កុល បាន​បញ្ចប់​អាណត្តិ​ជា​នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា កាលពី​ថ្ងៃទី​១២ ខែ​មេសា ឆ្នាំ​២០២០ បន្ទាប់ពី​លោក​បាន​ដឹកនាំ​អង្គការ​មួយ​នេះ ដោយ​ធ្វើការ​ផ្ដោត​ទៅ​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើពុករលួយ និង​បញ្ហា​សង្គម​ផ្សេងៗ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមក។

យ៉ាងណា​ក៏ដោយ ក្រោយពី​ចប់​អាណត្តិ​ជា​ប្រធាន​អង្គការ​តម្លាភាព​រួច​មក លោក ព្រាប កុល ក៏​បាន​ចាប់ផ្ដើម​ធ្វើ​ជំនួញ​ខាង​ផ្នែក​អចលនទ្រព្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជាមួយ​ក្រុមហ៊ុន 21th Century Diamond ដែល​គេ​ដឹង​ថា​ជា​របស់​គ្រួសារ​ត្រកូល​ហ៊ុន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស