27 C
Phnom Penh

ក្រសួង​ការបរទេស​ថា​ដំណើរការ​បោះឆ្នោត​ជាតិ​មិន​ត្រូវ​បាន​រៀបចំ​ជាពិសេស​សម្រាប់​បក្ស​ណា​មួយ​ឡើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​ការបរទេស​កម្ពុជា លើកឡើង​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ពុំ​មាន​ការ​ប្រព្រឹត្ត​ដោយឡែក​ពិសេស​ចំពោះ​គណបក្ស​ណា​មួយ​លើស​ពី​គណបក្ស​ផ្សេង​នោះ​ទេ ហើយ​ការ​អវត្តមាន​គណបក្ស​ភ្លើង​ទៀន គឺ​ដោយសារ​គណបក្ស​នយោបាយ​ជា​សាមី​ខ្លួន​ពុំ​មាន​ឯកសារ​គ្រប់គ្រាន់ ហើយ​ក៏​មិន​ប៉ះពាល់​ដល់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ដែរ ព្រោះ​មាន​គណបក្ស​ជិត ២០ ផ្សេង​បាន​ចូលរួម​ការ​បោះឆ្នោត។

ក្រសួង​ការបរទេស​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​១៦ ឧសភា នេះ ដោយ​ច្រានចោល​ការ​ធ្វើ​អត្ថាធិប្បាយ​ដែល​បង្ក​ឲ្យ​មាន​ការ​យល់​ច្រឡំ និង​ធ្វើឡើង​ក្រោម​ហេតុផល​នយោបាយ​របស់​ក្រុម​អ្នក​រិះគន់​មួយ​ចំនួន​តូច ជុំវិញ​ដំណើរការ​នៃ​ការ​ចុះបញ្ជី​គណបក្ស​នយោបាយ​នៅ​កម្ពុជា​នៅ​ពេលនេះ។

ប្រភព​ដដែល​លើកឡើង​ថា ការ​អវត្តមាន​គណបក្ស​នយោបាយ​មួយ​មិន​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេរីភាព ពហុបក្ស ប្រជាធិបតេយ្យ​របស់​កម្ពុជា​ឡើយ ព្រោះ​ថា​អ្នក​បោះឆ្នោត​នៅតែ​អាច​ជ្រើសរើស​ដោយ​សេរី​នូវ​គណបក្ស​នយោបាយ​មួយ​ណា​ក៏​បាន​ក្នុង​ចំណោម​គណបក្ស​ដែល​កំពុង​ដាក់​ពាក្យ​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​ដែល​មាន​ចំនួន ១៨​គណបក្ស​នៅ​ពេលនេះ។

ក្រសួង​ការបរទេស​កម្ពុជា បញ្ជាក់​ថា ការពិត​ការ​បរាជ័យ​ក្នុង​ការ​ចុះបញ្ជី​គណបក្ស​នយោបាយ​របស់​គណបក្ស​ភ្លើង​ទៀន ក្នុង​ការ​ចូលរួម​ការ​បោះឆ្នោត​នា​ពេល​ខាងមុខ​នេះ គឺ​ដោយសារ​គណបក្ស​នោះ​មិន​មាន​ឯកសារ​ផ្លូវច្បាប់​គ្រប់គ្រាន់​ប៉ុណ្ណោះ មិនមែន​ដោយសារ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​រៀបចំ​សម្រាប់​គណបក្ស​នយោបាយ​ណា​មួយ​ជាពិសេស​ដូច​ការ​ចោទប្រកាន់​នោះ​ទេ។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​១៥ ខែ​ឧសភា ឆ្នាំ​២០២៣ ថា សម្រាប់​ការ​ចូលរួម​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​៧ នេះ គ.ជ.ប បាន​ទទួល​ស្គាល់​ជា​ផ្លូវការ​លើ​ការ​ចុះបញ្ជី​គណបក្ស​នយោបាយ​ចំនួន ១៨​គណបក្ស​ហើយ ខណៈ​បក្ស​ភ្លើង​ទៀន​ត្រូវ​បាន​បដិសេធ​មិន​ឱ្យ​ចូលរួម​ការ​បោះឆ្នោត​នេះ​ទេ។

កាលពី​ថ្ងៃទី​១៥ ខែ​ឧសភា ឆ្នាំ​២០២៣ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត បាន​បដិសេធ​ការ​ចុះបញ្ជី​គណបក្ស​នយោបាយ​ឈរ​ឈ្មោះ​បោះឆ្នោត​របស់​គណបក្ស​ភ្លើង​ទៀន ក្រោម​ហេតុផល​ថា គណបក្ស​នេះ​មិន​បាន​ភ្ជាប់​មក​ជាមួយ​នូវ​ប្រកាស​ស្ដីពី​ការ​ចុះបញ្ជី​គណបក្ស​នយោបាយ​នៅ​ក្រសួង​មហាផ្ទៃ ដែល​មាន​បញ្ជាក់​នីត្យានុកូលកម្ម។ យ៉ាងណា​ក៏ដោយ គណបក្ស​ភ្លើង​ទៀន​បាន​អះអាង​កាលពី​ថ្ងៃទី​១៦ ឧសភា ថា ខ្លួន​នឹង​ដាក់​ពាក្យ​បណ្តឹង​ទៅ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ឱ្យ​ជួយ​រក​យុត្តិធម៌​ក្នុង​រឿង​នេះ។

អ្នកវិភាគ​ឯករាជ្យ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៧ ឧសភា នេះ​ថា ការ​លើកឡើង​របស់​ក្រសួង​ការបរទេស​កម្ពុជា គ្រាន់តែ​បង្ហាញ​ពី​ទង្វើ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ថា​ជា​ការ​រំលោភ​បំពាន​ច្បាប់​ដែល​ខ្លួន​កំពុង​ជួយ​លុបលាង និង​បិទបាំង​នៅ​ពេលនេះ​ប៉ុណ្ណោះ។

លោក គឹម សុខ អះអាង​ថា នៅ​ពេល​ដែល​ការ​បោះឆ្នោត​មួយ​ធ្វើឡើង​ដើម្បី​តែ​ការ​ផ្ទេរ​អំណាច​របស់​លោក ហ៊ុន សែន ទៅ​កូនប្រុស​របស់​គាត់ ដោយ​ទប់ស្កាត់​គណបក្ស​ភ្លើង​ទៀន​មិន​ឲ្យ​ចូលរួម​បោះឆ្នោត​នេះ គឺ​ពិត​ជា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាធិបតេយ្យ​យ៉ាង​ពិតប្រាកដ ព្រោះ​ការ​បោះឆ្នោត​ធ្វើឡើង​ដើម្បី​ធានា​នូវ​ដំណើរការ​អនុវត្ត​ប្រជាធិបតេយ្យ គឺ​មាន​ន័យ​ថា​ដើម្បី​ធានា​នូវ​សិទ្ធិ និង​អំណាច​របស់​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ មិនមែន​ដើម្បី​ក្រុម​ណា​មួយ​នោះ​ទេ។

អ្នកវិភាគ​ឯករាជ្យ​រូប​នេះ​បញ្ជាក់​ថា ការ​លើកឡើង​របស់​ក្រសួង​ការបរទេស​ដែល​គាំទ្រ​សេចក្តី​សម្រេច​របស់ គ.ជ.ប ទាំង​បំពាន​ច្បាប់​បោះឆ្នោត​បែប​នេះ បង្ហាញ​ថា ស្ថាប័ន​ទាំង​ពីរ​នេះ​កំពុង​សង្កត់​ទៅ​ក្រសួង​មហាផ្ទៃ​ឲ្យ​បដិសេធ​ភាព​ស្រប​ច្បាប់​របស់​គណបក្ស​ភ្លើង​ទៀន ជុំវិញ​ករណី​នេះ​ប៉ុណ្ណោះ។

លោក គឹម សុខ គូស​បញ្ជាក់​ថា ស្ថិត​ក្នុង​ស្ថានភាព​ដែល​បក្ស​កាន់​អំណាច​កំពុងតែ​បញ្ជា​ស្ថាប័ន គ.ជ.ប បែប​នេះ ទោះ​មាន​បក្ស​ច្រើន​ចូលរួម​ការ​បោះឆ្នោត​ក៏​គ្មាន​ន័យ​ដែរ ព្រោះ​បក្ស​ទាំងនោះ​គ្មាន​កម្លាំង​គាំទ្រ​ពី​ពលរដ្ឋ​ដើម្បី​ប្រកួតប្រជែង​ជាមួយ​បក្ស​កាន់​អំណាច​នោះ​ទេ គឺ​ប្រៀប​ដូចជា​សត្វ​ខ្យង​ប្រកួត​រត់​ប្រណាំង​ជាមួយ​នឹង​សត្វ​សេះ​អ៊ីចឹង​ដែរ ហើយ​ក្នុង​លក្ខខណ្ឌ​បែប​នេះ ការ​បោះឆ្នោត​នេះ​គឺ​គ្រាន់តែ​ជា​ល្ខោន​មួយ​រោង​ដែល​គេ​រៀបចំ​ឲ្យ​កូនក្មេង​មើល​ប៉ុណ្ណោះ ព្រោះ​វា​មិនមែន​ជា​ការ​ប្រកួត​ពិតប្រាកដ​នោះ​ឡើយ។

ទាក់ទិន​នឹង​បញ្ហា​នេះ សហភាព​អឺរ៉ុប​ដែល​មាន​ប្រទេស ២៧ ជា​សមាជិក បាន​បញ្ចេញ​ប្រតិកម្ម​រៀងៗ​ខ្លួន ដូចជា​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​បារាំង លើកឡើង​ថា បារាំង​សោកស្តាយ​ចំពោះ​ការ​ផាត់​គណបក្ស​ប្រឆាំង​ធំ​ជាងគេ​នៅ​កម្ពុជា​ចេញពី​ការ​បោះឆ្នោត​ជាតិ​នា​ពេល​ខាងមុខ។ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​បារាំង ថា​ការ​សម្រេច​នេះ គឺជា​សញ្ញា​គួរ​ឲ្យ​ព្រួយបារម្ភ​មួយ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាធិបតេយ្យ​នៃ​ការ​បោះឆ្នោត។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​សព្វថ្ងៃ ត្រូវ​គេ​មើល​ឃើញ​ថា មិន​ត្រូវ​បាន​ទទួល​ស្គាល់ និង​បង្កើត​ទំនុកចិត្ត​ដល់​ប្រជាពលរដ្ឋ​ខ្មែរ និង​សហគមន៍​អន្តរជាតិ​ឡើយ ព្រោះ​ថា​សមាសភាព​កំពូល​ទាំង ៩​រូប​របស់​ស្ថាប័ន​នេះ​សុទ្ធសឹងតែ​មកពី​គណបក្ស​កាន់​អំណាច​ទាំងអស់ ក្នុង​នោះ​រួមមាន​លោក ប្រាជ្ញ ចន្ទ ជា​ប្រធាន លោក នុត សុខុម ជា​អនុប្រធាន និង​លោក ហង្ស ពុទ្ធា ជា​សមាជិក ជាដើម៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស