អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី លើកឡើងថា មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន មិនហ៊ានឲ្យគណបក្សភ្លើងទៀនចូលប្រកួតក្នុងការបោះឆ្នោតឆ្នាំ២០២៣ នេះទេ ពីព្រោះតែគាត់ខ្លាចចាញ់គណបក្សភ្លើងទៀនក្នុងការបោះឆ្នោតនេះ។
អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី សរសេរលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី១៦ ឧសភា ថា ក្នុងការបោះឆ្នោតឆ្នាំ២០២៣ នេះ លោក ហ៊ុន សែន បានចាត់តាំងឲ្យកូនប្រុសរបស់គាត់ គឺលោក ហ៊ុន ម៉ាណែត ឈរជាបេក្ខជនលេខរៀងទី១ នៅមណ្ឌលរាជធានីភ្នំពេញ ដូច្នេះបើលោក ហ៊ុន ម៉ាណែត ចាញ់បេក្ខជនលេខរៀងទី១ របស់គណបក្សភ្លើងទៀន សម្រាប់រាជធានីភ្នំពេញ ក្នុងការបោះឆ្នោតឆ្នាំ២០២៣ នេះ លោក ហ៊ុន ម៉ាណែត នឹងមិនអាចធ្វើជានាយករដ្ឋមន្ត្រីស្នងមរតកអំណាចពីលោក ហ៊ុន សែន បានទេ។
អតីតមេដឹកនាំបក្សប្រឆាំងរូបនេះលើកឡើងថា នៅមណ្ឌលរាជធានីភ្នំពេញ គណបក្សប្រជាជនកម្ពុជាធ្លាប់ចាញ់គណបក្ស សម រង្ស៊ី ក្នុងការបោះឆ្នោតជាតិឆ្នាំ២០០៣ និងចាញ់គណបក្សសង្គ្រោះជាតិ ក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៣ ពីរលើករួចមកហើយ ដូច្នេះដើម្បីធានានូវផែនការផ្ទេរអំណាចជានាយករដ្ឋមន្ត្រីឱ្យកូនប្រុសរបស់គាត់បន្តទៅថ្ងៃមុខ គឺមានតែបិទវត្តមានគណបក្សភ្លើងទៀនទាំងបំពានច្បាប់ប៉ុណ្ណោះ។
ក្នុងការបោះឆ្នោតឆ្នាំ២០០៣ គណបក្ស សម រង្ស៊ី បានទទួល ៦អាសនៈក្នុងរដ្ឋសភា ក្នុងចំណោម ១២អាសនៈសម្រាប់មណ្ឌលរាជធានីភ្នំពេញ ចំណែកគណបក្សប្រជាជនកម្ពុជាបានទទួលតែ ៤អាសនៈប៉ុណ្ណោះ ក្នុងនោះគណបក្សហ៊្វុនស៊ិនប៉ិច បានទទួល ២អាសនៈផងដែរ។
ដោយឡែកការបោះឆ្នោតឆ្នាំ២០១៣ គណបក្សសង្គ្រោះជាតិបានទទួល ៧អាសនៈក្នុងរដ្ឋសភា ក្នុងចំណោម ១២អាសនៈសម្រាប់មណ្ឌលរាជធានីភ្នំពេញ ខណៈគណបក្សប្រជាជនកម្ពុជា បានទទួលតែ ៥អាសនៈប៉ុណ្ណោះ គឺចាញ់គណបក្សសង្គ្រោះជាតិចំនួន ២អាសនៈនៅពេលនោះ។
កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចេញសេចក្តីសម្រេចស្ដីពីការបដិសេធការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅខែកក្កដា ខាងមុខនេះ ក្រោមហេតុផលថា គណបក្សនេះមិនបានភ្ជាប់មកជាមួយនូវប្រកាសស្ដីពីការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្មដោយរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុកខណ្ឌ។
ជុំវិញបញ្ហានេះ អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១៧ ឧសភា នេះថា «បក្សប្រជាជនបដិវត្តន៍កម្ពុជា ដែលប្តូរឈ្មោះមកជាគណបក្សប្រជាជនកម្ពុជាសព្វថ្ងៃនេះ មានឯកសារដើមតម្កល់នៅទីក្រុងហាណូយ ព្រោះបក្សនេះបង្កើតឡើងដោយ ហូ ជី មិញ ក្នុងឆ្នាំ១៩៥១ ដូច្នេះលោក ហ៊ុន សែន ត្រូវតែទៅយកឯកសារដើមពីខ្មោច ហូ ជី មិញ ដើម្បីដាក់ទៅ គ.ជ.ប មុននឹងចូលរួមបោះឆ្នោតនេះ»។
លោក អ៊ុំ សំអាន លើកឡើងថា បើគណបក្សប្រជាជនកម្ពុជាមិនអាចយកឯកសារនោះបានទេ គ.ជ.ប ត្រូវដកគណបក្សប្រជាជនចេញពីបញ្ជីឈរឈ្មោះបោះឆ្នោតដែរ ប៉ុន្តែលោកជឿជាក់ថា បក្សប្រជាជនបដិវត្តន៍កម្ពុជាគ្មានឯកសារដើមនោះទេ ព្រោះឯកសារដើមតាំងពីឆ្នាំ១៩៥១ នោះ ប្រាកដជាបាត់បង់អស់ហើយ។
ទាក់ទិននឹងបញ្ហានេះ សកម្មជនសហគមន៍ខ្មែរក្នុងទីក្រុងឡងប៊ិច លោក មួង ណារ៉េត លើកឡើងថា រលកយក្សស៊ូណាមិនៃនយោបាយកខ្វក់កំពុងបោកបក់បញ្ឆេះភ្លើងគំនុំ និងការសងសឹក ព្រោះថាការផាត់ចោលគណបក្សភ្លើងទៀនដែលជាគណបក្សប្រឆាំងចុងក្រោយ ដែលប្រែក្លាយមកពីគណបក្សសង្គ្រោះជាតិ ទោះក្នុងហេតុផលណាក៏ដោយ ក៏ត្រូវគេមើលឃើញថា គឺប្រៀបដូចជាការបង្កាត់ភ្លើងគំនុំដែលកំពុងឆេះងុំក្នុងដួងចិត្តអ្នករងភាពអយុត្តិធម៌ខាងនយោបាយនេះដែរ។
លោក មួង ណារ៉េត លើកឡើងថា តាមសាវតារខ្មែរ និងមេរៀនពីទិដ្ឋភាពនយោបាយនៅប្រទេសថៃ នាពេលថ្មីៗនេះ បង្ហាញថា ការធ្វើទុក្ខបុកម្នេញលើគណបក្សប្រឆាំងមិនធ្វើឱ្យគណបក្សកាន់អំណាចខ្លាំង ឬជោគជ័យនោះទេ។ ផ្ទុយទៅវិញ វាគឺជាការបញ្ឆេះកំហឹង និងកម្លាំងតស៊ូដើម្បីប្រជាធិបតេយ្យឱ្យកាន់តែពុះពោរ និងរឹងមាំជាងមុនតែប៉ុណ្ណោះ ព្រោះមនុស្សស្អប់អំពើអយុត្តិធម៌ និងអំពើផ្ដាច់ការ មិនថានៅទីណានោះឡើយ ត្រូវតែមានការរើបម្រះនៅពេលដែលមានការគាបសង្កត់។
សកម្មជនសហគមន៍ខ្មែរក្នុងទីក្រុងឡងប៊ិចរូបនេះបញ្ជាក់ថា ដោយសាររដ្ឋធម្មនុញ្ញកម្ពុជាតម្រូវឱ្យប្រទេសកម្សត់មួយនេះប្រកាន់យករបបប្រជាធិបតេយ្យ សេរីពហុបក្ស ដើម្បីបញ្ចប់គំនុំ និងការសងសឹក គឺមានតែរៀបចំឱ្យមានការបោះឆ្នោតមួយដែលមានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដោយការសម្របសម្រួលឱ្យគ្រប់គណបក្សនយោបាយទាំងអស់អាចចូលរួមប្រកួតប្រជែងដោយស្មើមុខគ្នា និងដោយគ្មានភាពភ័យខ្លាច គ្មានការគំរាមកំហែង គ្មានការបំភិតបំភ័យ និងគ្មានការធ្វើទុក្ខបុកម្នេញប៉ុណ្ណោះ។
ក្រុមអ្នកសង្កេតការណ៍លើកឡើងថា បើផ្អែកតាមសំឡេងគាំទ្ររបស់ពលរដ្ឋកាលពីបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលបក្សភ្លើងទៀនទទួលបានការគាំទ្រ ២១៩៨អាសនៈនោះ បានបង្ហាញឱ្យឃើញថា គណបក្សក្រៅរដ្ឋាភិបាលមួយនេះអាចនឹងក្លាយជាកម្លាំងប្រកួតប្រជែងដ៏ធំជាមួយនឹងគណបក្សកាន់អំណាចនៅថ្ងៃបោះឆ្នោតជាតិខាងមុខនេះ ដូច្នេះហើយបានជាគណបក្សនេះតែងរងនូវការធ្វើទុក្ខបុកម្នេញគ្រប់រូបភាព រហូតដល់មន្ត្រីជាន់ខ្ពស់មួយចំនួនរងនូវការគំរាមកំហែង រងនូវបណ្តឹង រងនូវការរឹបអូសផ្ទះសម្បែង និងរងនូវការចាប់ឃុំខ្លួនទាំងអយុត្តិធម៌សព្វថ្ងៃនេះថែមទៀត៕