28 C
Phnom Penh

យុវជន​នៅ​កូរ៉េ៖ លោក ព្រាប កុល មាន​កំហុស​ត្រង់​ចូលរួម​ជាមួយ​ជន​បង្កើត​ភាព​អយុត្តិធម៌​ឱ្យ​ពលរដ្ឋ​ខ្មែរ​ជាង​កន្លះ​នគរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង ត្អូញត្អែរ​ថា ការ​សម្រេច​ចិត្ត​ទៅ​ចូលរួម​ធ្វើ​កិច្ចការ​ជាមួយ​បុគ្គល​ណា​ម្នាក់ មិនមែន​ជា​កំហុស​នោះ​ទេ​ដើម្បី​ជួយ​ប្រទេស​ជាតិ ព្រោះ​ជា​សិទ្ធិ​របស់​បុគ្គល​ម្នាក់ៗ ប៉ុន្តែ​កំហុស​របស់​លោក ព្រាប កុល គឺ​នៅ​ត្រង់​ថា គាត់​បាន​ទៅ​ចូលរួម​ជាមួយ​ជន​ដែល​បង្កើត​ភាព​អយុត្តិធម៌​ឲ្យ​ពលរដ្ឋ​ខ្មែរ​ជាង​កន្លះ​នគរ ដែល​ស្មើ​នឹង​គាត់​ទៅ​ចូលរួម​គាំទ្រ​អំពើ​អយុត្តិធម៌​នេះ​ដែរ។

ប្រធាន​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង លោក យ៉ង់ ស៊ីណេត សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​១៧ ឧសភា នេះ​ថា ទង្វើ​អយុត្តិធម៌​របស់​មនុស្ស​ដែល​លោក ព្រាប កុល បាន​ទៅ​ចុះចូល​ជាមួយ គឺ​ពិត​មិន​អាច​ឲ្យ​ជនរងគ្រោះ​ជាង​កន្លះ​នគរ​ទទួល​យក​បាន​ទេ ជាពិសេស​ពួកគេ​បាន​កាត់ក្តី​ឲ្យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ជាប់​ឈ្មោះ​ជា​បទ​ក្បត់​ជាតិ​ទាំង​អយុត្តិធម៌ និង​ផ្ដន្ទាទោស​ឲ្យ​លោក​ជាប់​ពន្ធនាគារ​ជិត ៣០​ឆ្នាំ​នៅ​ពេលនេះ។

លោក យ៉ង់ ស៊ីណេត បញ្ជាក់​ថា ទោះ​យ៉ាងណា​ក៏ដោយ លោក​នៅ​អរគុណ​លោក ព្រាប កុល ដែល​កន្លងមក​ធ្លាប់​បាន​បង្ហាត់​បង្រៀន​ឲ្យ​រូបលោក​ចេះ​ដាំ​ស្ពៃ​គ្រាន់​កំដរ​ជីវិត ដោយ​មិន​បាច់​លក់​ឧត្ដមគតិ​មនសិការ និង​ក្បត់​សតិសម្បជញ្ញៈ​ខ្លួនឯង​ព្រោះតែ​បាយ​បី​ពេល។

ការ​អះអាង​របស់​សមាជិក​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង​នេះ ធ្វើ​ឡើង​បន្ទាប់ពី​លោក ព្រាប កុល កំពុង​រង​នូវ​ការ​រិះគន់​យ៉ាង​ចាស់ដៃ​ពី​ក្រុម​អ្នកវិភាគ អ្នក​ឃ្លាំមើល​សង្គម និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល បន្ទាប់ពី​គាត់​បាន​ទៅ​ចុះចូល​ជាមួយ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន នៅ​ពេលនេះ។

កាលពី​ថ្ងៃទី​១៣ ខែ​ឧសភា ឆ្នាំ​២០២៣ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី បាន​ចេញ​ព្រះរាជក្រឹត្យ​តែងតាំង​លោក ព្រាប កុល ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​តាម​សំណើ​ទូល​ថ្វាយ​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន។

អតីត​នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល បាន​លើកឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី​១៦ ខែ​ឧសភា ឆ្នាំ​២០២៣ នេះ​ថា ការ​សម្រេច​ចិត្ត​របស់​លោក​ដែល​សម្រេច​ចុះចូល​ជាមួយ​រដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ពេលនេះ គឺ​ដោយសារ​តាម​ការ​ពិនិត្យ​របស់​លោក​ជុំវិញ​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​តាំងពី​អាណត្តិ​ទី​១ ឆ្នាំ​១៩៩៣ រហូត​ដល់​អាណត្តិ​ទី​៦ ឆ្នាំ​២០១៨ គឺ​មាន​លក្ខណៈ​ល្អ​គ្រប់​ជ្រុងជ្រោយ។ ជាង​នេះ​ទៀត ក៏​មាន​ការ​លុបបំបាត់​អំពើពុករលួយ និង​ធ្វើ​ឲ្យ​មាន​តម្លាភាព​ផង​ដែរ ខណៈ​កំណែ​ទម្រង់​ខ្លះ​គឺ​ត្រូវការ​ពេលវេលា​ដើម្បី​ធ្វើ​បន្ត​ទៀត។

ទាក់ទិន​នឹង​បញ្ហា​នេះ នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា អ្នកស្រី ចក់ សុភាព បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​១៦ ឧសភា ថា អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់​ចំពោះ​ការ​ចុះចូល និង​ការ​តែងតាំង​តួនាទី​សម្រាប់​អ្នក​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច​នៅ​ពេលនេះ គឺ​អ្នកស្រី​ផ្ដោត​ទៅ​លើ​ផល​ជា​វិជ្ជមាន និង​អវិជ្ជមាន​ប៉ុណ្ណោះ។

អ្នកស្រី ចក់ សុភាព លើកឡើង​ថា ផល​ជា​វិជ្ជមាន​គឺ​នៅ​ត្រង់​ថា បើ​មន្ត្រី​ដែល​ទទួល​ការ​តែងតាំង​ទាំងនោះ​មាន​សមត្ថភាព​ជួយ​បម្រើ​ការងារ​ពិតប្រាកដ​នោះ គឺជា​ផល​បូក​ដល់​អភិបាលកិច្ច តែ​ផល​អវិជ្ជមាន​គឺ​នៅ​ត្រង់​ថា បើ​ការ​តែងតាំង​នោះ​គ្រាន់តែ​ឧបករណ៍​នយោបាយ​ដែល​ធ្វើ​ឱ្យ​ក្បាលម៉ាស៊ីន​រដ្ឋាភិបាល​កាន់តែ​ធំ​ទៅៗ ចំណាយ​លុយ​ជាតិ​កាន់តែ​ច្រើន​វិញ នោះ​គឺ​គ្រាន់តែ​ជា​ផល​ដក​ដល់​អភិបាលកិច្ច​ប៉ុណ្ណោះ។

នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​រូប​នេះ​បញ្ជាក់​ថា អ្នកស្រី​សង្ឃឹម​ថា​បុគ្គល​ទាំងឡាយ​ដែល​ធ្លាប់​រិះគន់​ពី​ការ​រីក​ធំ​នៃ​ក្បាលម៉ាស៊ីន ឬ​ការ​ដឹកនាំ​ប្រទេស​ដែល​មាន​រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឬ​ក្រសួង​ច្រើន​នៃ​រដ្ឋាភិបាល​សព្វថ្ងៃ​នេះ នឹង​អាច​នៅតែ​មើល​ឃើញ​នូវ​បញ្ហា​ទាំងនេះ ដើម្បី​ធ្វើ​កំណែ​ទម្រង់​នៅ​ពេល​ដែល​ពួកគេ​មាន​ឱកាស​ចូលរួម​ជាមួយ​រដ្ឋាភិបាល​ដែល​ខ្លួន​ធ្លាប់​រិះគន់​កន្លងមក​ប៉ុណ្ណោះ។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា ការ​សម្រេច​ចុះចូល​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​នៅ​ពេលនេះ ទំនង​មិនមែន​ដើម្បី​ធ្វើ​កំណែ​ទម្រង់​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​នោះ​ទេ ប៉ុន្តែ​ការ​ចុះចូល​គឺ​ដើម្បី​ជា​ខ្នងបង្អែក​សម្រាប់​មុខជំនួញ​អចលនទ្រព្យ​របស់​គាត់​ប៉ុណ្ណោះ ត្បិត​មាន​គំរូ​ច្រើន​មក​ហើយ អ្នក​ដែល​ចុះចូល​ជាមួយ​លោក ហ៊ុន សែន មិន​ដែល​ឃើញ​កែ​រដ្ឋាភិបាល​ឯក​បក្ស​នេះ​ទេ គឺ​មាន​តែ​ធ្វើ​តាម​របៀប​ដឹកនាំ​របស់​លោក ហ៊ុន សែន ដែល​កំពុង​បម្រើ​ផលប្រយោជន៍​ឱ្យ​គ្រួសារ​ហ៊ុន​ប៉ុណ្ណោះ។

ប្រភព​ដដែល​លើកឡើង​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន មិន​ដែល​ទៅ​សុំ​អង្វរ​ឲ្យ​លោក ព្រាប កុល ជួយ​រដ្ឋាភិបាល​របស់​គាត់​ទេ ព្រោះ​គាត់​មាន​ធនធាន​មនុស្ស​គ្រប់គ្រាន់​ហើយ ប៉ុន្តែ​ករណី​នេះ គឺ​ពួកគេ​មាន​ប្រយោជន៍​ទាំង​សងខាង ក្រោម​លេស​ដើម្បី​ប្រយោជន៍​ជាតិ ក្នុង​នោះ​លោក ហ៊ុន សែន កំពុង​កៀរគរ​ក្រុម​ប្រឆាំង​ឲ្យ​ចុះចូល​ជាមួយ​ខ្លួន​នៅ​មុន​ការ​បោះឆ្នោត ខណៈ​លោក ព្រាប កុល នឹង​ទទួល​បាន​បុណ្យ​ស័ក្តិ​សម្រាប់​ការពារ​មុខជំនួញ​របស់​ខ្លួន​ផង និង​កំពុង​ចាប់​យក​ឱកាស​ធ្វើ​ធំ​ក្នុង​រដ្ឋាភិបាល​ដែល​លោក ហ៊ុន សែន កំពុង​រៀបចំ​ឲ្យ​លោក ហ៊ុន ម៉ាណែត ដឹក​នាំទៅ​ថ្ងៃ​មុខ​ផង​ដែរ។

ចាប់តាំងពី​ឆ្នាំ​១៩៩១ ក្រោយ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​១៩៩៣ មក មន្ត្រី​បក្ស​នយោបាយ​ដែល​ជា​គូប្រជែង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា តែង​នាំគ្នា​ទៅ​ចុះចូល​ជាមួយ​លោក ហ៊ុន សែន ជា​បន្តបន្ទាប់ ក្រោម​លេស​ថា​ដើម្បី​ជួយ​កែទម្រង់​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​នោះ ប៉ុន្តែ​ក្រោយ​ទទួល​បាន​តំណែង មិនមែន​ពួកគេ​កែទម្រង់​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ទេ គឺ​ពួកគេ​បាន​ក្លាយ​ជា​កម្លាំង​បម្រើ​ឲ្យ​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ទៅវិញ ដូចជា​លោក គង់ វិបុល លោក ស៊ុន ចាន់ថុល និង​លោក ផៃ ស៊ីផាន ជាដើម ដែល​កំពុង​ក្លាយ​ជា​អ្នក​មាន​ស្តុកស្តម្ភ​ក្នុង​របប​ដឹកនាំ​របស់​លោក ហ៊ុន សែន សព្វថ្ងៃ​នេះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស