36 C
Phnom Penh

លោក សម រង្ស៊ី ថា​អ្នក​សុំទោស​លោក ហ៊ុន សែន មិនមែន​ពួកគេ​ទទួល​យក​ការ​ចោទប្រកាន់​ទាំង​អយុត្តិធម៌​ទេ តែ​ដើម្បី​សេរីភាព

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី លើកឡើង​ថា អ្នក​ដែល​សរសេរ​លិខិត​សុំទោស​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន មិនមែន​មកពី​ពួកគេ​ទទួលយក​ការ​ចោទប្រកាន់​ទាំង​អយុត្តិធម៌​ថា​ជា​កំហុស​ខ្លួន​នោះ​ទេ ប៉ុន្តែ​ដោយសារតែ​ពួកគេ​ត្រូវការ​សេរីភាព​ដើម្បី​ត្រឡប់​ទៅ​ជួបជុំ​ក្រុម​គ្រួសារ​វិញ។

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៤ ឧសភា ថា ដោយសារតែ​អំណាច​គាបសង្កត់​របស់​លោក ហ៊ុន សែន ទើប​ធ្វើ​ឱ្យ​អ្នក​ដែល​ជាប់​ពន្ធនាគារ​បង្ខំ​ចិត្ត​ធ្វើ​លិខិត​សុំទោស​តាម​តែ​អ្វី​ដែល​មេដឹកនាំ​ផ្ដាច់ការ​នេះ​បង្ខំ​ឲ្យ​ធ្វើ ដែល​ជា​ថ្នូរ​អាច​ឱ្យ​ពួកគេ​មាន​ឱកាស​ទៅ​ជួបជុំ​គ្រួសារ​វិញ។

លោក​បន្ត​ថា សព្វថ្ងៃ​នេះ មេដឹកនាំ​បក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន កំពុង​ប្រើ​អំណាច​ចាប់​ខ្លួន​ពលរដ្ឋ​ខ្មែរ​គ្រប់​គ្នា​នៅ​ទូទាំង​ប្រទេស​ធ្វើ​ជា​ចំណាប់ខ្មាំង ដែល​គាត់​អាច​ធ្វើបាប​ពួកគេ​តាម​អំពើ​ចិត្ត និង​បង្ខិតបង្ខំ​ឱ្យ​ធ្វើ​អ្វី​ដែល​គាត់​ចង់​បាន​គ្រប់​បែប​យ៉ាង ជាពិសេស​ពលរដ្ឋ​ដែល​គាំទ្រ​គណបក្ស​ប្រឆាំង ស្រឡាញ់​សេរីភាព និង​យុត្តិធម៌ ត្រូវ​បាន​លោក ហ៊ុន សែន ចាប់​ដាក់​គុក​គ្មាន​ត្រាប្រណី​ឡើយ។

លោក​បន្ត​ថា នៅ​ក្នុង​ក្រអៅ​បេះដូង​របស់​អ្នក​ដែល​លោក ហ៊ុន សែន ចាប់​ដាក់​ពន្ធនាគារ​ទាំងនោះ មិន​បាន​បោះបង់​ឧត្តមគតិ​ដែល​នៅតែ​ស្មោះត្រង់​ចំពោះ​ប្រទេស​ជាតិ និង​ប្រជារាស្ត្រ​នោះ​ទេ បើ​ទោះបីជា​ពួកគេ​ធ្វើ​លិខិត​សុំទោស​លោក ហ៊ុន សែន ក៏ដោយ ប៉ុន្តែ​ពួកគេ​ត្រូវតែ​ធ្វើ​ដូច្នេះ ដើម្បី​ចៀសវាង​ការ​គំរាមកំហែង​របស់​លោក ហ៊ុន សែន បន្ត​ទៀត។

នៅ​មុន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ នេះ គេ​សង្កេត​ឃើញ​ថា មន្ត្រី​ជាន់ខ្ពស់ និង​សកម្មជន​បក្ស​ប្រឆាំង​ដែល​ត្រូវ​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន បញ្ជា​ឱ្យ​អាជ្ញាធរ​របស់​គាត់​ចាប់​ដាក់​គុក​កាលពី​ពេល​កន្លងទៅ បាន​នាំគ្នា​សរសេរ​លិខិត​សុំទោស​លោក ហ៊ុន សែន ជា​បន្តបន្ទាប់ ដោយ​សុខចិត្ត​ទទួលយក​កំហុស​ដែល​ខ្លួន​ត្រូវ​បាន​ចោទប្រកាន់​ទាំង​អយុត្តិធម៌​ពី​មុន​មក​ទាំងអស់ ជា​ថ្នូរ​ដែល​អាច​ឱ្យ​ពួកគេ​ទទួល​បាន​សេរីភាព និង​អាច​ត្រឡប់​ទៅ​ជួបជុំ​គ្រួសារ​របស់​ខ្លួន​វិញ។

មន្ត្រី និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​ធ្វើ​លិខិត​សុំទោស​លោក ហ៊ុន សែន មាន​អ្នក​ខ្លះ​ជាប់​ពន្ធនាគារ​បាន ១​អាទិត្យ អ្នក​ខ្លះ​ជាប់​បាន ១​ខែ ចំណែក​ខ្លះ​ទៀត​បាន​ជាប់​ពន្ធនាគារ​រហូត​ដល់​ទៅ​រាប់​ឆ្នាំ​ឯណោះ ហើយ​ការ​ធ្វើ​បែប​នេះ​ក៏​ទំនង​ជា​ពួកគេ​មិន​សង្ឃឹម​ថា​នឹង​ទទួល​យុត្តិធម៌ ឬ​ការ​អន្តរាគមន៍​ណា​មួយ​នោះ​ដែរ ដូច្នេះ​ហើយ​ការ​ចេញ​លិខិត​សុំទោស​លោក ហ៊ុន សែន នេះ​ក៏​ទំនង​ជា​ជម្រើស​ចុងក្រោយ​របស់​ពួកគេ​ដែរ។

ទាក់ទិន​នឹង​បញ្ហា​នេះ សមាជិក​ក្រុមប្រឹក្សា​ក្រុង​ឡូវែល លោក នួន វាសនា បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ពេល​ថ្មីៗ​នេះ​ថា អ្នក​ដែល​សុំទោស​លោក ហ៊ុន សែន ភាគច្រើន​មិនមែន​ដោយសារ​ពួកគេ​ព្រម​ទទួលយក​កំហុស​នោះ​ទេ ប៉ុន្តែ​ដោយសារ​ពួកគេ​គ្មាន​ជម្រើស​ប៉ុណ្ណោះ។

លោក នួន វាសនា បញ្ជាក់​ថា ជម្រើស​នៅ​ពេលនេះ​ដើម្បី​មាន​សេរីភាព​អាច​ជួបជុំ​គ្រួសារ​ឡើងវិញ ពួកគេ​មាន​តែ​ធ្វើ​បែប​នេះ ប៉ុន្តែ​ឆន្ទៈ​ដែល​ចង់​បាន​ការ​ផ្លាស់ប្ដូរ​គឺ​នៅតែ​មាន​ដដែល៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស