36 C
Phnom Penh

តុលាការ​កាត់ទោស​កញ្ញា ឈឹម ស៊ីថរ ឱ្យ​ជាប់​ពន្ធនាគារ​២​ឆ្នាំ​ករណី​ទាមទារ​ដំណោះស្រាយ​វិវាទ​ការងារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​ផ្ដន្ទាទោស​ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ កញ្ញា ឈឹម ស៊ីថរ ឲ្យ​ជាប់​ពន្ធនាគារ ២​ឆ្នាំ​ពី​បទ «ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» ពាក់ព័ន្ធ​នឹង​ការ​ទាមទារ​រក​ដំណោះស្រាយ​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន។

ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៥ ឧសភា នេះ បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​ថ្នាក់​ដឹកនាំ​សហជីព​ណាហ្គា​វើលដ៍ កញ្ញា ឈឹម ស៊ីថរ ឲ្យ​ជាប់​ពន្ធនាគារ ២​ឆ្នាំ។ ក្រៅពី​កញ្ញា ឈឹម ស៊ីថរ ហើយ តុលាការ​ក៏​បាន​ផ្ដន្ទាទោស​កញ្ញា ឈឹម សុខន កញ្ញា សុន ស្រីពេជ្រ កញ្ញា ហៃ សុភាព កញ្ញា ឃ្លាំង សុបិន និង​កញ្ញា ទូច សេរីមាស ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់ៗ ១​ឆ្នាំ ៦​ខែ ប៉ុន្តែ​មិន​ឃុំ​ខ្លួន​ទេ តែ​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ។

ចំណែក​កញ្ញា រី សុវណ្ណឌី កញ្ញា សុខ ណារិទ្ធិ និង​កញ្ញា សុខ គង្គា តុលាការ​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ ១​ឆ្នាំ ប៉ុន្តែ​ទោស​នេះ​ត្រូវ​ព្យួរ​ទោស។

ថ្នាក់​ដឹកនាំ និង​សមាជិក​សហជីព​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ទាំង ៩​នាក់ ត្រូវ​បាន​តុលាការ​ក្រោម​ការ​បញ្ជា​របស់​លោក ហ៊ុន សែន ចោទប្រកាន់​ពី​បទ ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​វិវាទ​ការងារ​ជាមួយ​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គា​វើលដ៍​នៅ​រាជធានី​ភ្នំពេញ។

ក្រៅពី​កាត់ទោស​ហើយ តុលាការ​ក៏​បាន​បង្គាប់​ឲ្យ​ប្រគល់​វត្ថុ​ចាប់​យក​មួយ​ចំនួន​ដល់​ម្ចាស់​ដើម​វិញ និង​អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​ធម្មតា​ឡើងវិញ​នូវ​ផ្ទះ​ដែល​បាន​បិទ​ពាក់ព័ន្ធ​នឹង​ករណី​នេះ​ផង​ដែរ។

ស្រប​ពេល​ដែល​តុលាការ​កំពុង​ប្រកាស​សាលក្រម​នោះ ក្រុម​កូដករ​ប្រមាណ ១០០​នាក់​បាន​នាំគ្នា​ទៅ​ប្រមូលផ្ដុំ​ខាងមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​ដោះលែង​ថ្នាក់​ដឹកនាំ​សហជីព​កញ្ញា ឈឹម ស៊ីថរ និង​ទម្លាក់​បទ​ចោទប្រកាន់​ទាំង​លើ​ថ្នាក់​ដឹកនាំ ព្រមទាំង​សមាជិក​ឲ្យ​មាន​សេរីភាព​វិញ​ផង​ដែរ។ មិន​ត្រឹម​តែ​ទាមទារ​ទេ ពួកគេ​ក៏​បាន​ស្រែក​អរគុណ​សន្តិភាព​នៅ​ខាងមុខ​តុលាការ ដោយ​ថា​ពី​ជនរងគ្រោះ​ក្លាយ​ជា​អ្នកទោស ព្រោះតែ​តុលាការ​មិន​ឯករាជ្យ​ការពារ​ថៅកែ​ក្រុមហ៊ុន ដែល​ជា​អ្នក​រំលោភ​សិទ្ធិ​កម្មករ និង​ច្បាប់​នៅ​កម្ពុជា។ ពួកគេ​ចាត់ទុក​ការ​ចោទប្រកាន់ និង​ឃុំ​ខ្លួន​កញ្ញា ឈឹម ស៊ីថរ និង​សមាជិក​សហជីព​ផ្សេង​ទៀត​ថា​ជា​រឿង​អយុត្តិធម៌​សម្រាប់​ពួកគាត់​ដែល​កំពុង​រងគ្រោះ ដោយសារ​ថៅកែ​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គា​រំលោភ​បំពាន​សិទ្ធិ ដោយ​មិន​បាន​អនុវត្ត​ទៅ​តាម​ច្បាប់​កម្ពុជា។

វិវាទ​ការងារ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​បាន​កើតឡើង​ជាង ១​ឆ្នាំ​មក​ហើយ ក្រោយ​ពេល​ក្រុមហ៊ុន​បន​ល្បែង​ស៊ីសង​មួយ​នេះ​បញ្ឈប់​បុគ្គលិក​ចំនួន ១៣២៩​នាក់​ក្នុង​ចំណោម​បុគ្គលិក​សរុប​ជាង ៨​ពាន់​នាក់​ពី​ការងារ ក្រោម​ហេតុផល​ថា ជួប​វិបត្តិ​ហិរញ្ញវត្ថុ​ដោយសារតែ​បញ្ហា​ជំងឺ​កូវីដ-១៩។ យ៉ាងណា បុគ្គលិក​ដែល​ចេញ​ធ្វើ​កូដកម្ម​ជាង ១២​ខែ​មក​នេះ​អះអាង​ថា ការ​បញ្ឈប់​នោះ​ដោយសារ​ថៅកែ​មាន​ចេតនា​រំលាយ​សហជីព​ការពារ​សិទ្ធិ​កម្មករ​ឱ្យ​អស់​ពី​ក្រុមហ៊ុន​មួយ​នេះ។

មេដឹកនាំ​សហជីព​ណាហ្គា​វើលដ៍ កញ្ញា ស៊ីថរ ធ្លាប់​ត្រូវ​បាន​អាជ្ញាធរ​ដោះលែង​ម្ដង​រួច​មក​ហើយ​កាលពី​ខែ​មីនា ឆ្នាំ​២០២២ ប៉ុន្តែ​កញ្ញា​ត្រូវ​បាន​អាជ្ញាធរ​ចាប់ និង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃស រាជធានី​ភ្នំពេញ​ជា​ថ្មី​ទៀត កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០២២ រហូត​ដល់​បច្ចុប្បន្ន​នេះ។

ការ​ចាប់​ឃុំ​ខ្លួន​ជា​ថ្មី​ទៀត​នេះ ដោយ​តុលាការ​លើក​ហេតុផល​ថា «ល្មើស​នឹង​បម្រាម ឬ​គេចវេះ​ពី​ការ​ត្រួតពិនិត្យ​របស់​តុលាការ» ក្រោយ​ពេល​កញ្ញា​បាន​ធ្វើ​ដំណើរ​ត្រឡប់​មកពី​ប្រជុំ​នៅ​ប្រទេស​អូស្ត្រាលី វិញ កាលពី​ថ្ងៃទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០២២។

ទោះបីជា​តុលាការ​កម្ពុជា​ចោទប្រកាន់​បែប​នេះ​ក្ដី ប៉ុន្តែ​កញ្ញា ឈឹម ស៊ីថរ ត្រូវ​បាន​សហរដ្ឋ​អាមេរិក និង​អូស្ត្រាលី​ផ្ដល់​ពាន​អ្នក​ការពារ​សិទ្ធិមនុស្ស​ប្រចាំ​ឆ្នាំ​២០២២។ ពានរង្វាន់​នេះ​ទទួលស្គាល់​ភាព​ជា​មេដឹកនាំ​ក្លាហាន​ក្នុង​ការ​តស៊ូ​មតិ ដើម្បី​លើក​កម្ពស់ និង​ការពារ​សិទ្ធិមនុស្ស​ដែល​គេ​ទទួលស្គាល់​ជា​សកល៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស