ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន និងសហការី ២រូបទៀតបានចេញមុខសុំទោសលោក ហ៊ុន សែន និងប្រកាសដកខ្លួនចេញពីសមាជិកនៃផ្ទះសាមគ្គី ដែលជាកន្លែងប្រជុំរបស់ក្រុមសកម្មជនសង្គមស៊ីវិល។
ក្នុងលិខិត និងវីដេអូសុំទោសកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ លោក ថេង សាវឿន បានអះអាងថា កន្លងមក រូបលោកជឿតាមការចង្អុលរបស់បរទេសមួយចំនួន និងក្រុមអ្នកនយោបាយប្រឆាំងមួយចំនួនក្នុងរូបភាពញុះញង់បង្កចលាចលធ្វើឲ្យបាត់បង់ និងប៉ះពាល់សណ្ដាប់ធ្នាប់សង្គម និងសាធារណៈ ប្រមូលផ្ដុំសមាជិកក្នុងគោលបំណងផ្ដួលរំលំរដ្ឋាភិបាលដោយមិនដឹងខ្លួន។
ក្រៅពីសុំទោសហើយ លោក ថេង សាវឿន បានស្នើទៅប្រជាពលរដ្ឋដែលឡើងមកតវ៉ាទាមទារឲ្យក្រសួងមហាផ្ទៃអន្តរាគមន៍ដោះលែងលោក និងសហការី ឲ្យត្រឡប់ទៅផ្ទះវិញផងដែរ។
ការចេញសុំទោសនេះ បន្ទាប់ពីលោក ហ៊ុន សែន បានគំរាមថា លោកនឹងមិនលើកលែងដាច់ខាតចំពោះបុគ្គល ឬក្រុមណាដែលមានបំណងធ្វើបដិវត្តន៍ដើម្បីដណ្ដើមអំណាចពីគ្រួសាររបស់លោក។

ក្នុងពិធីសំណេះសំណាលជាមួយកម្មករនិយោជិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ នៅថ្ងៃទី២៧ ខែឧសភា បុរសខ្លាំងក្រាញអំណាចនៅកម្ពុជា ស្នើទៅបណ្ដាប្រទេសនានាឲ្យឈប់ផ្ដល់ថវិកាដល់អង្គការសង្គមស៊ីវិលនៅកម្ពុជាផងដែរ។ លើសពីនេះ លោកក៏បានបញ្ជាទៅសមត្ថកិច្ចធ្វើការស្រាវជ្រាវឲ្យដល់ឫសគល់នៃប្រភពថវិកាដែលក្រុមអង្គការសង្គមស៊ីវិលទទួលបានកន្លងមក ដើម្បីយកមកធ្វើបដិវត្តន៍កសិករដែលលោក ហ៊ុន សែន ចោទថា ក្នុងចេតនាចង់ផ្ដួលរំលំរដ្ឋាភិបាល។
លោក ថេង សាវឿន និងលោក ញ៉ិល ភាព ព្រមទាំងលោក ថាន់ ហាច ត្រូវតុលាការខេត្តរតនគិរី ចោទប្រកាន់ពីបទ «រួមគំនិតក្បត់ និងញុះញង់ឲ្យប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ក្រោមហេតុផលថា ការជួបជុំរបស់សមាគមន៍សម្ព័ន្ធសហគមន៍កសិករកម្ពុជានាពេលនោះ ធ្វើឡើងក្នុងគោលដៅនយោបាយ ដើម្បីធ្វើសកម្មភាពញុះញង់ដល់កសិករឲ្យងើបបះបោរបង្កឲ្យមានចលាចលសង្គម និងឈានទៅផ្ដួលរំលំរដ្ឋាភិបាលតាមគ្រប់រូបភាព។
ការឃុំខ្លួន និងចោទប្រកាន់នេះ បន្ទាប់ពីសមត្ថកិច្ចខេត្តក្រចេះ បានឃាត់ខ្លួនលោក ថេង សាវឿន ជាមួយនឹងបុគ្គលិកកាលពីថ្ងៃទី១៧ ឧសភា អំឡុងពេលដែលធ្វើដំណើរទៅភ្នំពេញ ក្រោយពីធ្វើដំណើរកម្សាន្តកាលពីថ្ងៃទី១៣-១៤ ខែឧសភា ឆ្នាំ២០២៣ នៅខេត្តរតនគិរី៕