34 C
Phnom Penh

លោក ហ៊ុន សែន បដិសេធ​ថា​បក្ស​ប្រជាជន​មិន​នៅ​ពីក្រោយ គ.ជ.ប និង​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ឡើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំ​ក្រាញ​អំណាច​នៅ​កម្ពុជា លោក ហ៊ុន សែន បដិសេធ​ថា​គណបក្ស​ប្រជាជន​កម្ពុជា និង​រាជរដ្ឋាភិបាល​របស់​លោក គ្មាន​អ្វី​ជាប់​ពាក់ព័ន្ធ​នឹង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ឬ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​នោះ​ឡើយ។

លោក ហ៊ុន សែន លើកឡើង​ក្នុង​ពិធី​ដាក់​សម្ពោធ​ស្ពាន​អាកាស​ឫស្សីកែវ នៅ​ថ្ងៃទី​៣១ ខែ​ឧសភា ឆ្នាំ​២០២៣ នេះ​ថា កម្ពុជា​មាន​ច្បាប់​ទម្លាប់ ហើយ​គណបក្ស​ប្រជាជន​កម្ពុជា​គឺជា​គូ​ប្រកួត​មួយ​គ្មាន​ចំណង​ទាក់ទង​អ្វី​ជាមួយ​នឹង​ការ​សម្រេច​របស់ គ.ជ.ប ឬ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ជាដាច់ខាត។

បុរស​ខ្លាំង​រូប​នេះ​អះអាង​ថា រាជរដ្ឋាភិបាល​កម្ពុជា​ដែល​កំពុង​ដឹកនាំ និង​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា មិន​អាច​ទៅ​ត្រួតត្រា​លើ​ស្ថាប័ន​ធម្មនុញ្ញ​ដែល​មាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត និង​ក្រុមប្រឹក្សា​ធម្មនុញ្ញ​បាន​ឡើយ។

លោក ហ៊ុន សែន បញ្ជាក់​ថា នៅ​ពេលនេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បាន​ចាប់ផ្តើម​ដំណើរការ​បោះពុម្ព​សន្លឹកឆ្នោត​ហើយ បន្ទាប់ពី​គណៈកម្មាធិការ​នេះ​បាន​ចាប់​ឆ្នោត​លេខ​រៀង​គណបក្ស​នយោបាយ​រួច ព្រោះ​ថា​គេ​មិន​នៅ​ចាំ​គណបក្ស​ដែល​គ្មាន​ឯកសារ​ស្រប​ច្បាប់​នោះ​ទេ។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​មាន​ការ​រិះគន់ និង​ចោទប្រកាន់​ជុំ​ទិស​ថា​គណបក្ស​ប្រជាជន​កម្ពុជា​នៅតែ​បន្ត​បញ្ជា គ.ជ.ប ពីក្រោយ​ខ្នង ជុំវិញ​ដំណើរការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ នេះ។

អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន បាន​អះអាង​កាលពី​ថ្ងៃ​អង្គារ ទី​៣០ ឧសភា ថា កាលពី​ខែ​កក្កដា ឆ្នាំ​១៩៩៧ លោក ហ៊ុន សែន បាន​ធ្វើ​រដ្ឋប្រហារ​ដណ្តើម​អំណាច​ដោយ​ផ្ទាល់​ដៃ​សម្រាប់​ខ្លួន​លោក ប៉ុន្តែ​នៅ​ខែ​កក្កដា ឆ្នាំ​២០២៣ នេះ លោក ហ៊ុន សែន នឹង​ប្លន់​អំណាច​ឲ្យ​កូន​របស់​គាត់ គឺ​លោក ហ៊ុន ម៉ាណែត តាមរយៈ​នៃ​ការ​បោះឆ្នោត​បង្គ្រប់​កិច្ច​ដោយ​មាន គ.ជ.ប ជា​អ្នក​ចេញ​មុខ​ជំនួស។

លោក អ៊ុំ សំអាន លើកឡើង​ថា គណបក្ស​ទាំង​១៧ ដែល​នឹង​ចូលរួម​ការ​បោះឆ្នោត​នៅ​ខែ​កក្កដា ខាងមុខ​នេះ មិនមែន​ជា​ដៃគូ​ប្រកួតប្រជែង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ទេ ហើយ​គណបក្ស​ទាំងនោះ​មួយ​ចំនួន​គ្រាន់តែ​ជា​គណបក្ស​បម្រើ​សេណារីយ៉ូ​នយោបាយ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន តែប៉ុណ្ណោះ។

ប៉ុន្តែ​ក្រុម​អ្នក​សង្កេតការណ៍​និយាយ​ថា បើ​បក្ស​ភ្លើង​ទៀន​អាច​ចូលរួម​ប្រកួតប្រជែង​ការ​បោះឆ្នោត​នៅ​ពេល​ខាងមុខ​នេះ បក្ស​នេះ​ក៏​មាន​វាសនា​ដូច​បក្ស​ដទៃ​ទៀត​ដែរ ដោយសារ​បក្ស​ធ្លាប់​ផ្ដាច់​ខ្លួន​ពី​បក្ស​សង្គ្រោះ​ជាតិ​មក​ចូលរួម​ការ​បោះឆ្នោត​ឃុំ-សង្កាត់​កាលពី​ឆ្នាំ​២០២២។

អ្នកវិភាគ​មួយ​ចំនួន​និយាយ​ដូចៗ​គ្នា​ថា គណបក្ស​នយោបាយ​ក្រៅ​រដ្ឋាភិបាល​ទាំងអស់​ដែល​ចូលរួម​ការ​បោះឆ្នោត​ជាតិ​នៅ​ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ​នេះ គឺ​ស្មើ​នឹង​សហការ​ជាមួយ​បក្ស​កាន់​អំណាច​រំលោភ​លើ​រដ្ឋធម្មនុញ្ញ និង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​បាន​ចែង​អំពី​ដំណើរការ​នៃ​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​យ៉ាង​ធ្ងន់ធ្ងរ។

ប្រភព​ដដែល​បញ្ជាក់​ថា ដំណើរការ​នៃ​ការ​បោះឆ្នោត​នេះ​គ្រាន់តែ​ជា​ការ​រៀបចំ​របស់​បក្ស​កាន់​អំណាច​ក្រោម​រូបភាព​ក្បត់​ខ្លឹមសារ​ប៉ុណ្ណោះ ព្រោះ​ថា​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ដែល​ត្រូវ​ដឹកនាំ​ការ​បោះឆ្នោត​នា​ពេល​ខាងមុខ​នេះ គឺជា​សមាសភាព​ដែល​មកពី​គណបក្ស​កាន់​អំណាច​ទាំងអស់ ដែល​ផ្ទុយ​ស្រឡះ​ពី​ខ្លឹមសារ​របស់​រដ្ឋធម្មនុញ្ញ​ដែល​បាន​ចែង​ពី​គណៈកម្មាធិការ​នេះ។

ជាង​នេះ​ទៀត តាម​រូបមន្ត​ដែល​បាន​ដាក់​ចេញ​មក​នេះ បង្ហាញ​យ៉ាង​ច្បាស់​ថា គ.ជ.ប គឺ​ត្រូវតែ​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​បក្ស​កាន់​អំណាច​ដាច់ខាត ទោះបីជា​លោក ហ៊ុន សែន ប្រកែក​ថា​គណបក្ស​ប្រជាជន​កម្ពុជា​មិន​នៅ​ពីក្រោយ​គណៈកម្មាធិការ​នេះ​ក៏ដោយ។

មាត្រា​១៥១​ថ្មី​ពីរ នៃ​រដ្ឋធម្មនុញ្ញ ចែង​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​មាន​សមាសភាព ៩​រូប ក្នុង​នោះ ៤​រូប​ត្រូវ​ជ្រើស​ដោយ​គណបក្ស​ដឹកនាំ​រដ្ឋាភិបាល ៤​រូប​ផ្សេង​ទៀត​ត្រូវ​ជ្រើសរើស​ពី​គណបក្ស​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា​ដែល​មិន​ចូលរួម​ក្នុង​រដ្ឋាភិបាល និង ១​រូប​ទៀត​ត្រូវ​ជ្រើសរើស​ដោយ​ការ​ព្រមព្រៀង​គ្នា​រវាង​គណបក្ស​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា​ទាំងអស់។

បច្ចុប្បន្ន​នេះ សមាសភាព​ទាំង ៩​រូប​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​សុទ្ធសឹងតែ​មកពី​គណបក្ស​កាន់​អំណាច​ទាំងអស់ ក្នុង​នោះ​រួមមាន​លោក ប្រាជ្ញ ចន្ទ ជា​ប្រធាន លោក នុត សុខុម ជា​អនុប្រធាន និង​លោក ហង្ស ពុទ្ធា ជា​សមាជិក ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស