31 C
Phnom Penh

អតីត​សមាជិក CNRP លោក គង់ ម៉ាស់ ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​សាខា​បក្ស​ប្រជាជន​ខេត្ត​ស្វាយរៀង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ខេត្ត​ស្វាយរៀង លោក គង់ ម៉ាស់ ត្រូវ​បាន​គណៈ​អចិន្ត្រៃយ៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​ខេត្ត​ស្វាយរៀង តែងតាំង​ជា​ប្រធាន​សាខា​បក្ស​ចំណុះ​ឲ្យ​គណៈកម្មាធិការ​គណបក្ស​ខេត្ត​ស្វាយរៀង បន្ទាប់ពី​លោក​បាន​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច។

គណៈ​អចិន្ត្រៃយ៍​គណៈកម្មាធិការ​គណបក្ស​ខេត្ត​របស់​បក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​ខេត្ត​ស្វាយរៀង បាន​ចេញ​សេចក្តី​សម្រេច​កាលពី​ថ្ងៃទី​៣០ ខែ​ឧសភា ឆ្នាំ​២០២៣ ដោយ​សម្រេច​តែងតាំង​អតីត​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ខេត្ត​ស្វាយរៀង លោក គង់ ម៉ាស់ ជា​ប្រធាន​សាខា​បក្ស​របស់​បក្ស​ប្រជាជន​កម្ពុជា​ដែល​ដឹកនាំ​សមាជិក​ចំនួន ៧​រូប ដូចជា​លោក ញ៉ែម វាន ជា​អនុប្រធាន និង​លោក សុន មករា ជា​សមាជិក ជាដើម។

ការ​សម្រេច​តែងតាំង​នេះ ធ្វើឡើង​បន្ទាប់ពី​អតីត​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ខេត្ត​ស្វាយរៀង​រូប​នេះ​បាន​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​រួច​ផុត​ពី​ការ​ផ្ដន្ទាទោស​ដែល​លោក​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​នា​ពេល​កន្លងមក។

លោក គង់ ម៉ាស់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃុំ​ខ្លួន​កាលពី​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២០ និង​បាន​បញ្ជូន​ទៅ​តុលាការ​ក្រុង​ភ្នំពេញ​ពី​បទ «រួម​គំនិត​ក្បត់»។

ក្រោយ​ឃុំ​ខ្លួន​អស់​រយៈពេល​ប្រមាណ​ជា ២​ឆ្នាំ នៅ​ចុង​ខែ​ធ្នូ ឆ្នាំ​២០២២ លោក គង់ ម៉ាស់ ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល ៥​ឆ្នាំ​ពី​បទ​រួម​គំនិត​ក្បត់ ជុំវិញ​ការ​ចូលរួម​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី កាលពី​អំឡុង​ឆ្នាំ​២០១៩។

យ៉ាងណា​ក៏ដោយ កាលពី​ថ្ងៃទី​០៦ ខែ​ឧសភា ឆ្នាំ​២០២៣ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ១០​នាក់ រួម​ទាំង​លោក គង់ ម៉ាស់ ផង​ដែល​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ បាន​ចេញ​វីដេអូ​ទទួល​កំហុស និង​ធ្វើ​លិខិត​សុំទោស​លោក ហ៊ុន សែន ដោយ​សំណូមពរ​ឱ្យ​ពួកគេ​បាន​រស់នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន។

ក្រោយ​ចេញ​វីដេអូ​សុំទោស​លោក ហ៊ុន សែន នៅ​ថ្ងៃទី​០៦ ខែ​ឧសភា ឆ្នាំ​២០២៣ ដដែល​នោះ ព្រះករុណា​ព្រះបាទ សម្តេច​ព្រះ​នរោត្តម សីហមុនី ក៏​បាន​ចេញ​ព្រះរាជក្រឹត្យ​លើកលែង​ទោស​ឱ្យ​លោក គង់ ម៉ាស់ រួច​ផុត​ពី​ការ​ចោទប្រកាន់​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ផង​ដែរ។

បន្ទាប់ពី​មាន​ការ​អន្តរាគមន៍​ពី​លោក ហ៊ុន សែន ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន នៅ​ថ្ងៃទី​១០ ខែ​ឧសភា ឆ្នាំ​២០២៣ លោក គង់ ម៉ាស់ បាន​ចេញ​លិខិត​សុំ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​បក្ស​ប្រជាជន​កម្ពុជា ដោយ​បញ្ជាក់​ថា រយៈពេល​ជាង ១០​ឆ្នាំ​ហើយ​ដែល​លោក​ដើរ​តាម​មនោគមន៍វិជ្ជា​នយោបាយ​របស់​មេដឹកនាំ​បក្ស​ប្រឆាំង ដែល​មិន​បាន​ចូលរួម​ធ្វើ​កិច្ចការ​ដើម្បី​បម្រើ​សង្គម​ជាតិ គឺ​មាន​តែ​នាំ​ឲ្យ​មាន​ភាព​វឹកវរ​ដល់​សង្គម​ជាតិ​ប៉ុណ្ណោះ។

រយៈពេល​ចុងក្រោយ​នេះ គេ​សង្កេត​ឃើញ​ថា សកម្មជន សមាជិក និង​មន្ត្រី​បក្ស​ប្រឆាំង​ទាំង​ភាគី​លោក កឹម សុខា និង​ភាគី​លោក សម រង្ស៊ី បាន​សម្រុក​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា និង​រដ្ឋាភិបាល​ឯក​បក្ស​របស់​លោក ហ៊ុន សែន ជា​បន្តបន្ទាប់ ក្នុង​នោះ​លោក ហ៊ុន សែន បាន​តែងតាំង​អ្នក​ចុះចូល​ទាំងនោះ​ឲ្យ​ទទួល​តំណែង​ក្នុង​គណបក្ស និង​ទទួល​តំណែង​ក្នុង​ជួរ​រដ្ឋាភិបាល​របស់​លោក​ផង​ដែរ។

អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត មាស នី បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ពេល​ថ្មីៗ​នេះ​ថា ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​នឹង​មាន​ការ​រឹត​បន្តឹង​ចាប់ពី​ពេលនេះ​តទៅ​រហូត​ដល់​ក្រោយ​ការ​បោះឆ្នោត ហើយ​ស្ថានភាព​បែប​នេះ​តែងតែ​កើត​ឡើង​ជា​រៀងរាល់​អាណត្តិ​នៅ​មុន​ពេល​បោះឆ្នោត​មក​ដល់​ម្តងៗ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស