30 C
Phnom Penh

លោក អ៊ូ ច័ន្ទឫទ្ធិ ត្រូវ​បាន​ព្រះមហាក្សត្រ​លើកលែង​ទោស​បន្ទាប់ពី​ដក​ខ្លួន​ចេញពី​លោក សម រង្ស៊ី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ខ្លាំង​កាន់​អំណាច​ជិត ៤០​ឆ្នាំ​នៅ​កម្ពុជា បាន​ទូល​ថ្វាយ​ព្រះមហាក្សត្រ​ឲ្យ​លើកលែង​ទោស​ដល់​អតីត​តំណាងរាស្ត្រ​លោក អ៊ូ ច័ន្ទឫទ្ធិ និង​សកម្មជន​ម្នាក់​ទៀត បន្ទាប់ពី​ផ្ដាច់​ខ្លួន​ចេញពី​លោក សម​រង្ស៊ី និង​បាន​សុំទោស​លោក ហ៊ុន សែន។

យោង​តាម​ព្រះរាជក្រឹត្យ​ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះ បរមនាថ នរោត្តម សីហមុនី នៅ​ថ្ងៃទី​០១ ខែ​មិថុនា ឆ្នាំ​២០២៣ នេះ បាន​ត្រាស់​បង្គាប់​លើកលែង​ទោស​លោក អ៊ូ ច័ន្ទឫទ្ធិ ដែល​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ២០​ឆ្នាំ​កាលពី​ថ្ងៃទី​១ ខែ​មីនា ឆ្នាំ​២០២១។

ក្រៅពី​លោក អ៊ូ ច័ន្ទឫទ្ធិ ព្រះមហាក្សត្រ​ក៏​បាន​លើកលែង​ទោស​លោក ទុំ ប៊ុនថន អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​តុលាការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ៦​ឆ្នាំ​កាលពី​ឆ្នាំ​២០២២។

ការ​លើកលែង​ទោស​នេះ បន្ទាប់ពី​លោក ហ៊ុន សែន បាន​ទូល​ថ្វាយ​ទៅ​ព្រះមហាក្សត្រ​កាលពី​ពេល​ថ្មីៗ​នេះ ក្រោយ​ពេល​លោក អ៊ូ ច័ន្ទឫទ្ធិ បាន​សរសេរ​លិខិត​សុំ​កិច្ច​អន្តរាគមន៍​ពី​លោក ហ៊ុន សែន។

បើ​តាមរយៈ​លិខិត​សុំ​អន្តរាគមន៍​ដែល​ផ្ញើ​ទៅ​កាន់​លោក ហ៊ុន សែន កាលពី​ថ្ងៃទី​៣១ ខែ​ឧសភា ឆ្នាំ​២០២៣ នោះ លោក អ៊ូ ច័ន្ទឫទ្ធិ អះអាង​ថា ការ​សម្រេច​ចិត្ត​ផ្ដាច់​ខ្លួន និង​ឈប់​ធ្វើ​សកម្មភាព​នយោបាយ​នៅ​ខាងក្រៅ​ប្រទេស​ជាមួយ​លោក សម រង្ស៊ី និង​ក្រុម​មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ផ្សេង​ទៀត ដោយសារតែ​លោក​អស់​ជំនឿ​ទៅ​លើ​គោលនយោបាយ​បរទេស​និយម ដែល​មិន​អាច​ឈាន​ទៅ​រក​ការ​បង្រួបបង្រួម និង​ផ្សះផ្សា​ជាតិ​បាន។

កាលពី​ពាក់កណ្តាល​ខែ​មករា ឆ្នាំ​២០២៣ ក្នុង​ពិធី​ពិនិត្យ​ដំណើរការ​សាងសង់​មន្ទីរពេទ្យ​ជាតិ លោក ហ៊ុន សែន អះអាង​ថា សេចក្តី​ត្រូវការ​របស់​លោក គឺ​កម្ចាត់​តែ​អ្នក​ដឹកនាំ​នយោបាយ​ជ្រុល​និយម​ដែល​មាន​លោក សម រង្ស៊ី តែ​ម្នាក់​គត់ ហើយ​ចំណែក​អ្នក​នយោបាយ​ក្រៅពី​នោះ លោក​នឹង​លើកលែង​ទោស​ឲ្យ ប្រសិនបើ​ពួកគេ​ព្រម​ផ្ដាច់​ខ្លួន​ចេញពី​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នោះ។

ចាប់តាំងពី​ការ​ប្រកាស​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន កាលពី​ដើម​ខែ​មករា ឆ្នាំ​២០២៣ មក លោក អ៊ូ ច័ន្ទឫទ្ធិ គឺជា​មនុស្ស​ទី​មួយ​ហើយ​ដែល​បាន​ប្រកាស​ផ្ដាច់​ខ្លួន​ពី​មេ​បក្ស​របស់​ខ្លួន គឺ​លោក សម រង្ស៊ី និង​ងាក​ទៅ​ចុះចូល​ជាមួយ​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន។

កាលពី​អំឡុង​ខែ​សីហា ឆ្នាំ​២០២០ សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​រង​នូវ​ការ​ចោទប្រកាន់​ពី​បទ «ញុះញង់» ត្រូវ​បាន​សមត្ថកិច្ច​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ទាំងអស់ លើកលែងតែ​អតីត​តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន ដូចជា​លោក ហូរ វ៉ាន់ លោក អ៊ូ ច័ន្ទឫទ្ធិ លោក គង់ សុភា និង​មនុស្ស​ជាច្រើន​ទៀត​នៅ​មិន​ទាន់​ចាប់​ខ្លួន ព្រោះ​ពួកគេ​កំពុង​និរទេស​ខ្លួន​ក្រៅ​ប្រទេស​រហូត​មក។

ទាក់ទិន​នឹង​បញ្ហា​នេះ នៅ​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០២២ សាលា​ឧទ្ធរណ៍​ក្រុង​ភ្នំពេញ​បាន​ប្រកាស​តម្កល់​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ជុំវិញ​ការ​កាត់ទោស​លោក អ៊ូ ច័ន្ទឫទ្ធិ រួម​ទាំង​លោក គង់ សុភា លោក ហូរ វ៉ាន់ និង​លោក សេង ម៉េងប៉ុនរ៉ុង ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ២​ឆ្នាំ និង​ពិន័យ​ជា​ទឹកប្រាក់​ម្នាក់ៗ ៤​លាន​រៀល​ថែម​ទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស