27 C
Phnom Penh

លោក ហ៊ុន សែន អះអាង​ថា​នឹង​បន្ត​រស់នៅ​ឱ្យ​បាន ១០០​ឆ្នាំ ប៉ុន្តែ​មិន​ធ្វើ​នាយករដ្ឋមន្ត្រី​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ខ្លាំង​ក្រាញ​អំណាច​តំណ​ពូជ លោក ហ៊ុន សែន បង្ហើប​ថា លោក​នឹង​បន្ត​រស់នៅ​ឲ្យ​បាន​គ្រប់ ១០០​ឆ្នាំ ប៉ុន្តែ​លោក​នឹង​មិន​បន្ត​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ទេ គឺ​លោក ហ៊ុន ម៉ាណែត នឹង​បន្ត​តំណែង​នេះ​នៅ​ថ្ងៃ​ណា​មួយ ដោយសារតែ​មាន​ការ​គាំទ្រ​ពី​គណបក្ស​ប្រជាជន​កម្ពុជា​រួច​ហើយ។

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន លើកឡើង​ក្នុង​ពិធី​ជួប​ជាមួយ​កម្មករ​និយោជិត​នៅ​ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃទី​៩ ខែ​មិថុនា ឆ្នាំ​២០២៣ នេះ​ថា មក​ដល់​វ័យ​ប៉ុណ្ណោះ​ហើយ លោក​លែង​ខ្វល់​ការ​ថែទាំ​សុខភាព​របស់​លោក​ទៀត​ហើយ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏ដោយ លោក​នឹង​អាច​រស់​បាន ៣០​ឆ្នាំ​ទៀត បើ​ទោះបីជា​លោក​មិន​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ក៏ដោយ។

កាលពី​ដើម​ខែ​មេសា ឆ្នាំ​២០២៣ អ្នកវិភាគ​ឯករាជ្យ និង​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ អះអាង​ថា ការ​ផ្ទេរ​អំណាច​តំណ​ពូជ​របស់​លោក ហ៊ុន សែន ទៅ​កូនប្រុស​បង្កើត​របស់​គាត់ គឺ​លោក ហ៊ុន ម៉ាណែត អាច​នឹង​ត្រូវ​ធ្វើឡើង​យ៉ាង​យូរ​ត្រឹម​ឆ្នាំ​២០២៥ ខាងមុខ​នេះ។

លោក គឹម សុខ លើកឡើង​ថា ការ​សន្និដ្ឋាន​របស់​លោក​បែប​នេះ គឺ​ដោយសារ​លោក ហ៊ុន សែន កំពុង​រៀបចំ​ផែនការ​ផ្ទេរ​អំណាច​យ៉ាង​បន្ទាន់​នៅ​ពេលនេះ ដូចជា​ការ​សម្រេច​ផ្ទេរ​លោក ហ៊ុន ម៉ាណែត ពី​អនុប្រធាន​ក្រុម​ការងារ​គណបក្ស​ខេត្ត​កំពង់ចាម មក​ជា​អនុប្រធាន​ក្រុម​ការងារ​គណបក្ស​រាជធានី​ភ្នំពេញ និង​តែងតាំង​ឱ្យ​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​នៅ​មណ្ឌល​ភ្នំពេញ​សម្រាប់​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ នា​ពេល​ខាងមុខ​នេះ ជាដើម។ ជាង​នេះ​ទៀត ការ​ដំឡើង​ឋានន្តរស័ក្តិ​ឱ្យ​លោក ហ៊ុន ម៉ាណែត ក្នុង​ជួរ​កងកម្លាំង​ប្រដាប់​អាវុធ​កាលពី​ពេល​ថ្មីៗ​នេះ ក៏​ជា​ហេតុផល​បន្ថែម​ទៀត​ជុំវិញ​ការ​ផ្ទេរ​អំណាច​នេះ​ឲ្យ​បាន​ឆាប់​ដែរ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០២៣ មេដឹកនាំ​ខ្មែរ​កាង​អំណាច​ត​ត្រកូល លោក ហ៊ុន សែន បាន​អះអាង​ថា ការ​ដំឡើង​ឋានន្តរស័ក្តិ​ឱ្យ​លោក ហ៊ុន ម៉ាណែត គឺជា​ផែនការ​ឆ្ពោះ​ទៅ​រក​ការ​ក្តោប​ក្តាប់​អំណាច​ដើម្បី​គ្រប់គ្រង​អំណាច​ជា​នាយករដ្ឋមន្ត្រី​នា​ពេល​ខាងមុខ​នេះ។ លើស​ពី​នេះ លោក ហ៊ុន សែន គំរាម​ថា គ្មាន​នរណា​អាច​រារាំង​ផែនការ​នេះ​បាន​ឡើយ។

ជុំវិញ​ផែនការ​ផ្ទេរ​អំណាច​នេះ កាលពី​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០២៣ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​លោក ហ៊ុន សែន បាន​ចេញ​សេចក្តី​សម្រេច​តែងតាំង​កូនប្រុស​ច្បង​របស់​គាត់ គឺ​លោក ហ៊ុន ម៉ាណែត ដែល​ជា​បេក្ខជន​អនាគត​នាយករដ្ឋមន្ត្រី​បក្ស​កាន់​អំណាច​ដ៏​ចម្រូងចម្រាស ឱ្យ​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​លំដាប់​លេខ​រៀង​ទី​១ នៅ​មណ្ឌល​ភ្នំពេញ​សម្រាប់​ចូលរួម​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​៧ ក្នុង​ឆ្នាំ​២០២៣ នេះ។

កាលពី​ចុងខែ​មករា ឆ្នាំ​២០២៣ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី រិះគន់​ថា លោក ហ៊ុន សែន បាន​ចាប់​យក​ប្រទេស​កម្ពុជា​ទាំងមូល​ធ្វើជា​កម្មសិទ្ធិ​ផ្តាច់​មុខ​សម្រាប់​គ្រួសារ​របស់​គាត់​រួច​ទៅ​ហើយ ដែល​មាន​ន័យ​ថា អំណាច​ផ្ដាច់ការ​ដោយ​ការ​ប្លន់​អំណាច​ប្រជារាស្ត្រ និង​បំផ្លិចបំផ្លាញ​ជាតិ​នេះ នឹង​បន្ត​ជា​រៀង​រហូត​តាមរយៈ​ផែនការ​របស់​លោក ហ៊ុន សែន ដែល​ចង់​ឲ្យ​កូន និង​ចៅ​របស់​គាត់​គ្រប់គ្រង​ប្រទេស​កម្ពុជា​បន្ត​ពី​ខ្លួន​ទៅ​ថ្ងៃ​មុខ។

អតីត​មេដឹកនាំ​ប្រឆាំង​លោក សម រង្ស៊ី លើកឡើង​ថា ការ​ផ្ទេរ​អំណាច​ពី​លោក ហ៊ុន សែន ឲ្យ​ទៅ​កូនចៅ​របស់​គាត់ គឺជា​វិធី​មួយ​ដើម្បី​ធានា​ឲ្យ​មេ​បក្ស​កាន់​អំណាច​រូប​នេះ និង​វង្ស​ត្រកូល​របស់​គាត់​រួច​ផុត​ពី​ការ​កាត់ទោស​ចំពោះ​មុខ​តុលាការ​ឯករាជ្យ​ណា​មួយ​នៅ​ថ្ងៃ​អនាគត ហើយ​ក៏​ជា​វិធី​មួយ​ក្នុង​ការ​ចាប់​យក​ប្រទេស​កម្ពុជា​ធ្វើជា​កម្មសិទ្ធិ​ផ្ដាច់មុខ​របស់​គ្រួសារ​គាត់​ដែរ។

អង្គការ​ឃ្លាំមើល​ពិភពលោក គ្លប៊ល វីនេស (Global Witness) បាន​ចេញ​របាយការណ៍​កម្រាស់​ជិត ៦០​ទំព័រ​កាលពី​ពេល​កន្លងទៅ​ថា ក្រុម​គ្រួសារ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន សព្វថ្ងៃ​នេះ​បាន​បែងចែក​គ្នា​កាន់​តួនាទី​ធំៗ​ក្នុង​ជួរ​រដ្ឋាភិបាល​ឯក​បក្ស​របស់​លោក​ទាំងអស់ ដូចជា​លោក ហ៊ុន សែន កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី អ្នកស្រី ប៊ុន រ៉ានី កាន់​តំណែង​ជា​ប្រធាន​កាកបាទក្រហម លោក ហ៊ុន ម៉ាណែត កាន់​តំណែង​ជា​អគ្គមេបញ្ជាការ​កងទ័ព​ជើងគោក លោក ហ៊ុន ម៉ានី កាន់​តួនាទី​ជា​ប្រធាន​គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា និង​លោក ហ៊ុន ម៉ានិត កាន់​តួនាទី​ជា​ប្រធាន​នាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច​ក្រសួង​ការពារ​ជាតិ ជាដើម៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស