បេក្ខជនអនាគតនាយករដ្ឋមន្ត្រីដ៏មានចម្រូងចម្រាសរបស់គណបក្សកាន់អំណាច ដែលត្រូវជាកូនប្រុសរបស់លោក ហ៊ុន សែន លើកឡើងថា ចាប់តាំងពីថ្ងៃដែលគណបក្សប្រជាជនកម្ពុជាបានបង្កើតឡើងរហូតដល់សព្វថ្ងៃនេះ បានផ្តល់ជូនប្រជាជនកម្ពុជានូវសិទ្ធិសេរីភាព ការអភិវឌ្ឍ សេចក្តីថ្លៃថ្នូរ សុភមង្គល និងមោទនភាពជាតិយ៉ាងធំធេង។
កូនប្រុសមេដឹកនាំខ្មែរដែលត្រៀមស្នងអំណាចពីឪពុក លោក ហ៊ុន ម៉ាណែត លើកឡើងក្នុងពិធីជួបជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ នេះថា ប្រទេសកម្ពុជាសព្វថ្ងៃនេះត្រូវបានប្រជាជនចាត់ទុកជាផ្ទះដ៏សុខសាន្ត ដែលអាចរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ សុភមង្គល និងមោទនភាព។
លោកបន្ថែមថា ទាំងអស់នេះ គឺជាសមិទ្ធផលនៃចក្ខុវិស័យ និងជាគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជារហូតមក។
បេក្ខជនអនាគតនាយករដ្ឋមន្ត្រីដែលកើតចេញពីការប្លន់អំណាច លោក ហ៊ុន ម៉ាណែត អះអាងថា ដោយសារមានគណបក្សប្រជាជនកម្ពុជា សិទ្ធិសេរីភាពត្រូវបានផ្តល់ជូនប្រជាជនកម្ពុជាឡើងវិញក្រោយពេលរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយបក្សកាន់អំណាចតែងប្រកាន់គោលជំហររឹងមាំ និងរក្សាជានិច្ចនូវបុព្វហេតុបម្រើជាតិ និងប្រជាជនដោយឥតងាករេ។
លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាបានជួយសង្គ្រោះអាយុជីវិតប្រជាជនខ្មែរក្នុងគ្រោះថ្នាក់ធំៗជាច្រើនលើក គឺការសង្គ្រោះជីវិតប្រជាជនពីការកាប់សម្លាប់ក្នុងរបប ប៉ុល ពត ការសង្គ្រោះអាយុជីវិតប្រជាជនពីការស្លាប់ដោយសារសង្គ្រាមស៊ីវិល និងការសង្គ្រោះជីវិតប្រជាជនពីមាត់ជ្រោះមរណៈនៃជំងឺកូវីដ-១៩ ជាដើម។
គណបក្សប្រជាជនកម្ពុជាដែលមានឈ្មោះដើមថា បក្សប្រជាជនបដិវត្តន៍កម្ពុជា ត្រូវបានបង្កើតឡើងដោយលោក សឺន ង៉ុក មិញ ហៅអាចារ្យ មៀន កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១។ លោក សឺន ង៉ុក មិញ ដែលមានឈ្មោះជាភាសាវៀតណាមថា ផាម យ៉ាំងហួ (Phạm Văn Hua) គឺជាអតីតសមាជិកបក្សកុម្មុយនីស្តឥណ្ឌូចិន ដែលត្រូវបានបង្កើតឡើងដោយលោក ហូ ជី មិញ (Ho Chi Minh) តាំងពីឆ្នាំ១៩៣០ មក។ ចំណែកនាយករដ្ឋមន្ត្រីខ្មែរបច្ចុប្បន្ន លោក ហ៊ុន សែន ក៏ជាមេដឹកនាំដែលកងទ័ពវៀតណាមលើកបន្តុបកាលពីឆ្នាំ១៩៨៥ ដែរ។
ជុំវិញប្រវត្តិនៃការកកើតគណបក្សប្រជាជនកម្ពុជានេះ ត្រូវគេដឹងថា ដោយសារតែគណបក្សនេះមានដើមកំណើតពីបក្សកុម្មុយនីស្តវៀតណាម ហើយលោក ហ៊ុន សែន ក៏ជាមេដឹកនាំដែលកងទ័ពវៀតណាមលើកបន្តុប ដូច្នេះហើយបានជាមេដឹកនាំខ្មែររូបនេះតែងតែចុះកិច្ចព្រមព្រៀងខុសច្បាប់កាត់ទឹកដីកម្ពុជាឱ្យរដ្ឋាភិបាលវៀតណាមជាបន្តបន្ទាប់រហូតមក។
ជាក់ស្តែង នៅឆ្នាំ១៩៨២ លោក ហ៊ុន សែន បានចុះហត្ថលេខាលើសន្ធិសញ្ញាខុសច្បាប់កំណត់ព្រំដែនទឹកជាមួយវៀតណាម និងនៅឆ្នាំ១៩៨៥ លោក ហ៊ុន សែន ក៏បានចុះហត្ថលេខាលើសន្ធិសញ្ញាខុសច្បាប់កំណត់ព្រំដែនរដ្ឋជាមួយវៀតណាមដែរ។ ជាងនេះទៀត នៅឆ្នាំ១៩៨៦ លោក ហ៊ុន សែន បានចុះហត្ថលេខាលើសារាចរខុសច្បាប់អនុញ្ញាតឱ្យជនជាតិវៀតណាមចូលមករស់នៅលើទឹកដីកម្ពុជា ព្រមទាំងសន្ធិសញ្ញាខុសច្បាប់ជាច្រើនទៀតដែលមានសុពលភាពរហូតដល់សព្វថ្ងៃនេះ។
ទាក់ទិននឹងបញ្ហានេះ អ្នកតាមដានស្ថានការណ៍កម្ពុជា លោក សុខ សុគន្ធ បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីពេលកន្លងទៅថា បក្សប្រជាជនកម្ពុជាដែលជាអតីតបក្សកុម្មុយនីស្តវៀតណាម បានធ្វើឱ្យកម្ពុជាធ្លាក់ចូលទៅក្នុងការគ្រប់គ្រងរបស់បរទេសឈ្លានពានបន្តិចម្តងៗ តាមរយៈនៃការផ្តល់ឯកសារខុសច្បាប់នានាដែលមានការចុះកិច្ចព្រមព្រៀងរវាងមេដឹកនាំខ្មែរលោក ហ៊ុន សែន ដែលវៀតណាមបានលើកបន្តុប និងរដ្ឋាភិបាលវៀតណាមតាំងពីទសវត្សឆ្នាំ១៩៨០ រហូតដល់សព្វថ្ងៃនេះ។
ជាក់ស្តែង កាលពីខែកក្កដា ឆ្នាំ២០២០ អគ្គលេខាធិការមជ្ឈិមបក្សវៀតណាម និងជាប្រធានរដ្ឋវៀតណាម លោក ង្វៀន ភូទ្រង់ ធ្លាប់បានជំរុញឲ្យលោក ហ៊ុន សែន បន្តអនុវត្តកិច្ចសន្យារវាងកម្ពុជា-វៀតណាម ឲ្យបានល្អបន្តទៀត ខណៈមេដឹកនាំខ្មែរលោក ហ៊ុន សែន មិនបានបដិសេធនឹងសំណើរបស់មេដឹកនាំវៀតណាមនោះឡើយ។
ទាក់ទិននឹងបញ្ហានេះ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ អ្នកជំនាញភូមិសាស្ត្រនយោបាយ បណ្ឌិត ឌី ការ៉េត លើកឡើងថា ផែនការរបស់វៀតណាមក្នុងការគ្រប់គ្រងខ្មែរ គឺជាផែនការសម្ងាត់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយនឹងវៀតណាម ហើយផែនការនេះកំពុងអនុវត្តម្តងមួយជំហានៗតាមរយៈនៃការបង្កើតឱ្យមានតំបន់ត្រីកោណអភិវឌ្ឍន៍ជាមួយឡាវ និងវៀតណាម សព្វថ្ងៃនេះ ហើយនេះក៏ជាការរៀបចំរបស់វៀតណាមដែរ ដើម្បីគ្រប់គ្រងទឹកដីខ្មែរជាជំហានៗដោយផ្តើមចេញពីតំបន់នោះទៅថ្ងៃអនាគត៕