មេដឹកនាំបក្សកាន់អំណាចដែលប្ដេជ្ញាតាមកម្ទេចក្រុមប្រឆាំងឲ្យដល់ទីបំផុត គឺលោក ហ៊ុន សែន បញ្ជាឱ្យក្រសួងការបរទេសកម្ពុជាបំភ្លឺទៅកាន់រដ្ឋាភិបាលបារាំង ដោយចោទថា អតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី កំពុងមួលបង្កាច់រាជរដ្ឋាភិបាលកម្ពុជាថាបានគាបសង្កត់សិទ្ធិសេរីភាពពលរដ្ឋ ហើយក៏កំពុងបោកប្រាស់រដ្ឋាភិបាលបារាំងជុំវិញការធានាអតីតសមាជិករបស់ខ្លួនម្នាក់ឱ្យទទួលបានសិទ្ធិជ្រកកោននយោបាយនៅប្រទេសបារាំង រហូតដល់សព្វថ្ងៃនេះផងដែរ។
លោក ហ៊ុន សែន បានសរសេរលើបណ្ដាញទំនាក់ទំនងតេឡេក្រាមរបស់ខ្លួនកាលពីថ្ងៃទី១១ មិថុនា នេះ ដោយបញ្ជាឱ្យអ្នកច្បាប់សិក្សាអំពីផ្លូវច្បាប់នូវលិខិតរបស់គណបក្សភ្លើងទៀន ដែលចុះហត្ថលេខាដោយលោក ទាវ វណ្ណុល ដែលជាប្រធានគណបក្សភ្លើងទៀន ជាមួយនឹងលិខិតរបស់អតីតគណបក្សសង្គ្រោះជាតិ ដែលចុះហត្ថលេខាដោយអតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី ជុំវិញការធានាឱ្យអតីតសមាជិកបក្សប្រឆាំងម្នាក់ទទួលបានសិទ្ធិរស់នៅប្រទេសបារាំង កាលពីកន្លងទៅ ថាតើលិខិតទាំងពីរនេះមានទំនាក់ទំនងនឹងគ្នាដូចម្តេចខ្លះ?
បុរសខ្លាំងរូបនេះបញ្ជាក់ថា រឿងបោកប្រាស់ដូចករណីបែបនេះបានកើតឡើងជាច្រើនលើកច្រើនសារួចមកហើយ ដែលពួកគេតែងចោទរដ្ឋាភិបាលកម្ពុជាបែបនេះ ខណៈរដ្ឋាភិបាលបរទេសក៏ចាញ់បោកក្រុមនេះជាច្រើនគ្រាមកហើយដែរ។
មេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន បានបញ្ចេញវីដេអូអតីតសមាជិកគណបក្សសង្គ្រោះជាតិម្នាក់ គឺអ្នកស្រី ញ៉ែម សាវ៉ាត ដែលក្នុងវីដេអូនោះ អ្នកស្រីរៀបរាប់ថា អ្នកស្រីបានចេញមករស់នៅប្រទេសបារាំងនេះដោយសារតែចាញ់ឃោសនារបស់ក្រុមប្រឆាំងប៉ុណ្ណោះ។
ដើម្បីឱ្យកាន់តែច្បាស់ អ្នកស្រីបានបង្ហាញលិខិតពីរច្បាប់ គឺទី១ លិខិតរបស់គណបក្សភ្លើងទៀនដែលចុះហត្ថលេខាដោយលោក ទាវ វណ្ណុល កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយបញ្ជាក់ថា អ្នកស្រី ញ៉ែម សាវ៉ាត បានទទួលរងនូវការគំរាមកំហែងផ្នែកនយោបាយបន្ទាប់ពីអ្នកស្រីបានចូលរួមបាតុកម្មជាមួយគណបក្សសង្គ្រោះជាតិកាលពីពេលកន្លងទៅ។ ចំណែកលិខិតទី២ អតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី បានចុះហត្ថលេខានៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយបញ្ជាក់ថា អ្នកស្រី ញ៉ែម សាវ៉ាត គឺជាសមាជិកគណបក្សសង្គ្រោះជាតិតាំងពីឆ្នាំ២០១៣ មក ដែលជាសកម្មជនក្នុងជួរគណបក្សសង្គ្រោះជាតិក្នុងរាជធានីភ្នំពេញ។
លិខិតដដែលបញ្ជាក់ថា ប្រសិនបើគាត់ត្រឡប់ទៅប្រទេសកម្ពុជាវិញ គាត់ប្រាកដជាត្រូវរងនូវវិធានការគាបសង្កត់ ដែលសូម្បីតែជីវិតរបស់គាត់ក៏ស្ថិតក្នុងគ្រោះថ្នាក់ដែរ។
អ្នកស្រី ញ៉ែម សាវ៉ាត បានរៀបរាប់ក្នុងវីដេអូនោះថា ពេលមកដល់ទឹកដីបារាំង និងរស់នៅទីនេះ ទើបអ្នកស្រីដឹងថាវេទនាប៉ុនណា ព្រោះអ្នកស្រីត្រូវរស់នៅក្រោមសម្ពាធគ្រប់បែបយ៉ាងពីមន្ត្រីបក្សប្រឆាំង សូម្បីតែឯកសារផ្សេងរបស់អ្នកស្រី ដូចជាលិខិតឆ្លងដែន ជាដើម ក៏ត្រូវថ្នាក់លើរបស់ខ្លួនដកហូតទុកដែរ។ ជាងនេះទៀត អ្នកស្រីត្រូវចំណាយលុយអស់រាប់ពាន់ដុល្លារអាមេរិកថែមទៀតនៅពេលដែលអ្នកទាំងនោះត្រូវរត់ការលិខិតស្នាមម្តងៗ ដើម្បីឱ្យអ្នកស្រីមានសិទ្ធិជ្រកកោននៅប្រទេសបារាំងនេះ។
អតីតសមាជិកគណបក្សសង្គ្រោះជាតិរូបនេះបញ្ជាក់ថា អ្នកស្រីបានសម្រេចចិត្តថា អ្នកស្រីនឹងមិនរស់នៅប្រទេសបារាំងបន្តទៀតទេ ហើយនឹងវិលត្រឡប់ទៅរស់នៅស្រុកខ្មែរវិញក្នុងពេលដ៏ឆាប់ខាងមុខនេះ ព្រោះថាកូនៗ និងបងប្អូនរបស់អ្នកស្រីដែលរស់នៅស្រុកខ្មែរសព្វថ្ងៃនេះ មិនមានអ្វីកើតឡើងដូចដែលក្រុមប្រឆាំងបានប្រាប់អ្នកស្រីមុនពេលដែលអ្នកស្រីចាកចេញមកនៅប្រទេសបារាំងនោះឡើយ។
ក្នុងរយៈពេលចុងក្រោយនេះ មន្ត្រីបក្សប្រឆាំងទាំងអ្នកដែលនៅក្រៅស្រុក និងអ្នកនៅក្នុងស្រុក រួមទាំងមន្ត្រីគណបក្សភ្លើងទៀន ដែលគេសង្ស័យថាមានក្រុមមន្ត្រីបក្សប្រឆាំងភាគីលោក សម រង្ស៊ី នៅពីក្រោយផងនោះ បាននាំគ្នាចុះចូលជាមួយបក្សកាន់អំណាចរបស់លោក ហ៊ុន សែន ជាបន្តបន្ទាប់ ដែលអ្នកខ្លះត្រូវអាជ្ញាធរចាប់ដាក់គុកជាច្រើនខែ និងអ្នកខ្លះនាំគ្នាចុះចូលព្រោះតែដើម្បីបុណ្យស័ក្តិ ខណៈអ្នកខ្លះទៀតព្រោះតែទទួលរងនូវការគំរាមកំហែង ជាដើម។
ទាក់ទិននឹងបញ្ហានេះ សារព័ត៌មាន The Cambodia Daily នៅមិនទាន់អាចទាក់ទងលោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន ដើម្បីសុំការបំភ្លឺជុំវិញការចេញលិខិតស្នាមលើករណីនេះបាននៅឡើយទេរហូតដល់ម៉ោងផ្សាយនេះ៕