ក្រុមអ្នកតស៊ូមតិនៅក្រៅស្រុក លើកឡើងថា ការគំរាមកំហែងរបស់លោក ហ៊ុន សែន លើមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន លោក ស ឡុងដេត គឺដើម្បីទប់ស្កាត់ការងើបឡើងតវ៉ាពីគណបក្សភ្លើងទៀននៅមុនការបោះឆ្នោត។
អនុប្រធានវេទិកាពលរដ្ឋ លោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១២ មិថុនា នេះថា ការគំរាមរបស់លោក ហ៊ុន សែន ដែលបានប្រព្រឹត្តលើគណបក្សភ្លើងទៀនក្នុងរយៈពេលចុងក្រោយនេះ គឺជាទង្វើទុច្ចរិតហួសហេតុមិនអាចទទួលយកបាន ដែលសូម្បីតែពួកគេបើកកិច្ចប្រជុំសមាជិកផ្ទៃក្នុង ក៏លោក ហ៊ុន សែន ដាក់បណ្ដាញស៊ើបការណ៍តាមដាន និងយកខ្លឹមសារនៃកិច្ចប្រជុំផ្ទៃក្នុងនោះមកគំរាមកំហែងដែរ ដែលទង្វើបែបនេះបង្ហាញយ៉ាងច្បាស់អំពីការប្រើអំណាចរបស់គាត់ដើម្បីគាបសង្កត់គណបក្សក្រៅរដ្ឋាភិបាល។
លោក ម៉ែន ណាត លើកឡើងថា មេដឹកនាំបក្សកាន់អំណាចនឹងប្រើល្បិចនយោបាយទុច្ចរិតគាបសង្កត់គណបក្សភ្លើងទៀនមិនឱ្យធ្វើសកម្មភាពនយោបាយអ្វីទាំងអស់រហូតដល់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្តត្រូវបានបញ្ចប់ ព្រោះថាលោក ហ៊ុន សែន កំពុងរៀបចំឱ្យមានសុវត្ថិភាពនយោបាយជាទីបំផុតក្នុងផែនការផ្ទេរអំណាចទៅឱ្យកូនប្រុសរបស់គាត់នៅពេលខាងមុខនេះ។
បញ្ញវន្តខ្មែរក្រៅស្រុករូបនេះអំពាវនាវឱ្យក្រុមអ្នកប្រជាធិបតេយ្យងើបឡើងសហការគ្នាតស៊ូទប់ទល់នឹងអំណាចរបស់លោក ហ៊ុន សែន ដែលកំពុងតែបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជាសព្វថ្ងៃនេះ ព្រោះថាបើបណ្តែតបណ្តោយឱ្យលោក ហ៊ុន សែន កម្ទេចក្រុមប្រឆាំងម្តងមួយៗបែបនេះ អំណាចសន្តតិវង្សរបស់គាត់នឹងចាក់ឫសកាន់តែជ្រៅជាមិនខាន ហើយដល់ពេលនោះ សិទ្ធិមនុស្ស និងសេរីភាពនានាប្រាកដជាត្រូវបំផ្លាញទាំងស្រុងជាមិនខាន។
កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ មេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន បានព្រមានមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀនលោក ស ឡុងដេត ថាការជំរុញឲ្យឱ្យបង្កើតឃុំមួយជារបស់បក្សប្រជាជនកម្ពុជា និងឃុំមួយទៀតជារបស់ភ្លើងទៀនពីមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀនរូបនេះ គឺជាអំពើញុះញង់ដែលត្រូវតែទប់ស្កាត់ ក្នុងនោះ លោក ហ៊ុន សែន បានអំពាវនាវកុំឲ្យសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់របស់បក្សភ្លើងទៀនជឿលើការញុះញង់របស់លោក ស ឡុងដេត ឱ្យសោះ។
ការព្រមាននេះ ធ្វើឡើងបន្ទាប់ពីលោក ស ឡុងដេត កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំមួយជាមួយក្រុមប្រឹក្សាឃុំ-សង្កាត់ជាប់ឆ្នោតឆ្នាំ២០២២ របស់គណបក្សភ្លើងទៀន ឲ្យរក្សាជំហររបស់ខ្លួនឲ្យបានរឹងមាំ ព្រោះថាទោះបីគណបក្សភ្លើងទៀនត្រូវបានហាមប្រាមមិនឲ្យចូលរួមបោះឆ្នោតជាតិនៅខែកក្កដា ខាងមុខនេះក៏ដោយ ក៏គណបក្សភ្លើងទៀននៅមានឱកាសដណ្តើមយកក្រុមប្រឹក្សារាជធានី-ខេត្តក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្តក្រុង ដែលនឹងធ្វើឡើងនៅឆ្នាំ២០២៤ ក្រោយការបោះឆ្នោតជាតិឆ្នាំ២០២៣ ខាងមុខនេះដែរ។
ក្នុងកិច្ចប្រជុំនោះ លោក ស ឡុងដេត លើកឡើងថា មូលហេតុដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) រារាំងមិនឱ្យគណបក្សភ្លើងទៀនចូលរួមការបោះឆ្នោតនៅខែកក្កដា ខាងមុខនេះ គឺដោយសារគណបក្សប្រជាជនកម្ពុជាបានធ្វើការស្ទង់មតិដឹងថា គណបក្សភ្លើងទៀននឹងទទួលបានអាសនៈក្នុងរដ្ឋសភារហូតដល់ទៅជាង ៦០អាសនៈឯណោះ ដែលជាហេតុធ្វើឱ្យបក្សកាន់អំណាចរបស់លោក ហ៊ុន សែន ត្រូវតែបិទផ្លូវគណបក្សភ្លើងទៀនបែបនេះ។
យ៉ាងណាក៏ដោយ មេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន ធ្លាប់បានលើកឡើងកាលពីពេលថ្មីៗនេះថា ការដែលគណបក្សភ្លើងទៀនមិនអាចចូលរួមការបោះឆ្នោតបាន គឺជាចេតនារបស់ក្រុមប្រឆាំងលាក់ទុកឯកសារ ដើម្បីរុញឲ្យសហគមន៍អន្តរជាតិដាក់សម្ពាធលើរដ្ឋាភិបាលរបស់លោកប៉ុណ្ណោះ៕