27 C
Phnom Penh

មេធាវី​រដ្ឋាភិបាល​ដក​ពាក្យ​បណ្ដឹង​ដែល​ប្តឹង​លោក ស ឡុងដេត បន្ទាប់ពី​ប្រកាស​សុំ​ចុះចូល​បក្ស​កាន់​អំណាច

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេធាវី​រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច​ដក​ពាក្យបណ្ដឹង​ដែល​ប្តឹង​លោក ស ឡុងដេត បន្ទាប់ពី​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើង​ទៀន​រូប​នេះ​ប្រកាស​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា និង​ប្រកាស​ផ្តាច់​ខ្លួន​ពី​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី។

មេធាវី​រដ្ឋាភិបាល​កម្ពុជា លោក វិច សុវាចា បាន​ដាក់​ពាក្យ​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៣ ខែ​មិថុនា ឆ្នាំ​២០២៣ ដើម្បី​សុំ​ដក​ពាក្យបណ្ដឹង​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម លោក វ៉ាត ចំរើន ដែល​បាន​ប្តឹង​លោក ស ឡុងដេត កាលពី​ថ្ងៃទី​១២ មិថុនា កន្លងទៅ ជុំវិញ​ការ​រិះគន់​របស់​សមាជិក​ជាន់ខ្ពស់​នៃ​គណបក្ស​ភ្លើង​ទៀន​រូប​នេះ​អំពី​ការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​កាលពី​ពេល​កន្លង​ទៅ​នោះ។

នៅ​ក្នុង​ពាក្យបណ្ដឹង​នោះ លោក វ៉ាត ចំរើន បាន​ចោទ​លោក ស ឡុងដេត ថា​បាន​និយាយ​បំផ្លើស​ខុសពី​ការពិត​ជុំវិញ​ដំណើរការ​ស៊ីហ្គេម​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​លើក​ទី​៣២ ក្នុង​ឆ្នាំ​២០២៣ នេះ ហើយ​សម្ដី និង​ទង្វើ​របស់​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើង​ទៀន​រូប​នេះ​បាន​ស្តែង​ចេញពី​ចេតនា​ទុច្ចរិត និង​មាន​ផែនការ​ច្បាស់លាស់ និង​ពិតប្រាកដ​ក្នុង​បំណង​ចោទប្រកាន់​ទម្លាក់​កំហុស បង្ខូច​កិត្តិយស សេចក្តី​ថ្លៃថ្នូរ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ។

ខ្លឹមសារ​ពាក្យបណ្ដឹង​ដដែល​បញ្ជាក់​ថា ការ​លើកឡើង​របស់​លោក ស ឡុងដេត គឺជា​ការ​ប្រឌិត បំភ្លៃ​ការពិត ទម្លាក់​កំហុស​ដោយ​អសុទ្ធចិត្ត និង​ស្ដែង​ចេញ​យ៉ាង​ច្បាស់​ពី​អំពើ​ទុច្ចរិត​បង្កប់​នូវ​ភាព​ញុះញង់ បង្ក​ចលាចល​ដែល​អាច​នាំ​ទៅ​ដល់​ការ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​ថែម​ទៀត។

ក្រោយពី​ការ​ដាក់​ពាក្យ​សុំ​ដក​ពាក្យបណ្ដឹង សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​ដីកា​តម្កល់​សំណុំរឿង​ព្រហ្មទណ្ឌ​របស់​លោក ស ឡុងដេត ទុក​ឥត​ចាត់ការ ក្រោម​ហេតុផល​ថា​មាន​ឯកសារ​ដក​ពាក្យបណ្ដឹង មាន​ការ​លើកលែង​ទោស​ជាទូទៅ និង​ការ​បោះបង់​ចោល​ពាក្យបណ្ដឹង​របស់​ដើមបណ្ដឹង ជាដើម។

ការ​ដាក់​បណ្តឹង និង​ការ​ដក​ពាក្យបណ្ដឹង​លើ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើង​ទៀន លោក ស ឡុងដេត នេះ​ត្រូវ​គេ​មើល​ឃើញ​ថា​ជា​ចេតនា​នយោបាយ​ដែល​កំពុង​បម្រើ​ផល​ប្រយោជន៍​ឱ្យ​បក្ស​កាន់​អំណាច​នៅ​ពេលនេះ​សុទ្ធសាធ។

កាលពី​ថ្ងៃទី​៩ ខែ​មិថុនា ឆ្នាំ​២០២៣ លោក ស ឡុងដេត បាន​ដឹកនាំ​កិច្ចប្រជុំ​មួយ​ជាមួយ​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ជាប់​ឆ្នោត​ឆ្នាំ​២០២២ របស់​បក្ស​ភ្លើង​ទៀន ដោយ​ប្រកាស​ឱ្យ​អ្នក​ទាំងនោះ​រក្សា​ជំហរ​របស់​ខ្លួន​ឲ្យ​បាន​រឹងមាំ ក្នុង​នោះ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើង​ទៀន​រូប​នេះ​ក៏​បាន​រិះគន់​ពី​ការ​រៀបចំ​ព្រឹត្តិការណ៍​ស៊ីហ្គេម​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កាលពី​អំឡុង​ខែ​ឧសភា កន្លងទៅ​ផង​ដែរ។

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា រឿង​ពិត​នៃ​ការ​ប្ដឹង​លោក ស ឡុងដេត នេះ មិនមែន​ដោយសារតែ​គាត់​រិះគន់​អំពី​ការ​រៀបចំ​ស៊ីហ្គេម​នោះ​ទេ ប៉ុន្តែ​បណ្តឹង​នេះ​បាន​បង្កប់​នូវ​ចេតនា​នយោបាយ​របស់​លោក ហ៊ុន សែន ដែល​មាន​បំណង​ទប់ស្កាត់​យុទ្ធនាការ​នានា​របស់​សមាជិក​បក្ស​ភ្លើង​ទៀន ដែល​គ្រោង​នឹង​រៀបចំ​ប្រឆាំង​នឹង​ការ​បោះឆ្នោត​ប៉ុណ្ណោះ។

ក្រោយ​កិច្ចប្រជុំ​របស់​សមាជិក​បក្ស​ភ្លើង​ទៀន បាន ១​ថ្ងៃ គឺ​នៅ​ថ្ងៃទី​១០ ខែ​មិថុនា ឆ្នាំ​២០២៣ មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន បាន​ព្រមាន​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើង​ទៀន លោក ស ឡុងដេត ថា​ការ​ជំរុញ​ឲ្យ​ឱ្យ​បង្កើត​ឃុំ​មួយ​ជា​របស់​បក្ស​ប្រជាជន​កម្ពុជា និង​ឃុំ​មួយ​ទៀត​ជា​របស់​បក្ស​ភ្លើង​ទៀន ពី​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើង​ទៀន​រូប​នេះ គឺជា​អំពើ​ញុះញង់​ដែល​ត្រូវតែ​ទប់ស្កាត់​ជាបន្ទាន់ និង​មាន​លក្ខណៈ​ដាច់ខាត​ថែម​ទៀត។

លោក ហ៊ុន សែន សង្កត់​ធ្ងន់​ថា លោក​ក៏​នឹង​មិន​លើកលែង​ឱ្យ​ជន​ណា​ដែល​មាន​ទំនាក់ទំនង​ជាមួយ​លោក សម រង្ស៊ី ដែរ ខណៈ​ទំនាក់ទំនង​របស់​លោក ស ឡុងដេត ជាមួយ​លោក សម រង្ស៊ី លោក​ក៏​បាន​ដឹង​អស់​ដែរ ដូច្នេះ​សូម​កុំ​សង្ឃឹម​ថា​លាក់បាំង​នឹង​លោក​បាន​ឱ្យ​សោះ។

ក្រោយ​ការ​គំរាម​របស់​លោក ហ៊ុន សែន មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើង​ទៀន​បាន​ព្យាយាម​ភៀស​ខ្លួន​ចូល​ទៅ​ទឹកដី​ថៃ ក្នុង​គោលបំណង​ទៅ​សុំ​សិទ្ធិ​ជ្រកកោន​នយោបាយ​ក្នុង​ប្រទេស​ទី​៣ ដែរ ប៉ុន្តែ​លោក ហ៊ុន សែន ព្រមាន​ថា លោក ស ឡុងដេត មិន​អាច​ចាកចេញ​ពី​កម្ពុជា​បាន​ទេ គឺ​មាន​តែ​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​តុលាការ​ប៉ុណ្ណោះ។

ដោយ​អស់​ជម្រើស នៅ​ថ្ងៃទី​១៣ ខែ​មិថុនា ឆ្នាំ​២០២៣ លោក ស ឡុងដេត បាន​ចេញ​វីដេអូ​សុំទោស​លោក ហ៊ុន សែន ព្រមទាំង​សុំ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ថែម​ទៀត។ លើស​ពី​នេះ លោក​ក៏​បាន​ប្រកាស​ផ្តាច់​ខ្លួន​ពី​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ផង​ដែរ ដូច្នេះ​ហើយ​បាន​ជា​មេធាវី​រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច​ដក​ពាក្យបណ្ដឹង​នៅ​ពេលនេះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស