អតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី អំពាវនាវឱ្យពលរដ្ឋខ្មែរទាំងអស់ដែលមានឈ្មោះទៅបោះឆ្នោតចូលរួមធ្វើយុទ្ធនាការ «គូសខ្វែងសន្លឹកឆ្នោតឱ្យបានគ្រប់ៗគ្នា» មុននឹងយកទៅដាក់ក្នុងហិបឆ្នោត ដើម្បីឆ្លើយតបទៅនឹងលោក ហ៊ុន សែន ដែលកំពុងគាបសង្កត់សិទ្ធិពលរដ្ឋខ្មែរនៅទូទាំងប្រទេស។
អតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១៤ មិថុនា នេះថា គណបក្សប្រឆាំងអាចប្រើវិធីសាស្ត្រដែលអាចធ្វើបានដើម្បីបង្ហាញពីកម្លាំងគាំទ្ររបស់ខ្លួន គឺស្នើឲ្យពលរដ្ឋដែលទៅបោះឆ្នោតគូសចោលសន្លឹកឆ្នោតចោលគ្រប់ៗគ្នា ព្រោះថាការធ្វើឲ្យសន្លឹកឆ្នោតលែងបានការបែបនេះ គឺជាប្រតិកម្មរបស់អ្នកបោះឆ្នោតម្នាក់ៗដែលមិនសប្បាយចិត្ត ដោយសារតែគណបក្សដែលខ្លួនស្រឡាញ់មិនមានឈ្មោះនៅលើសន្លឹកឆ្នោត។
លោក សម រង្ស៊ី លើកឡើងថា លោក ហ៊ុន សែន គ្មានមធ្យោបាយអ្វីទប់ទល់យុទ្ធវិធីរបស់គណបក្សប្រឆាំងដែលប្រើយុទ្ធនាការបែបនេះឡើយ ព្រោះថាការបោះឆ្នោតត្រូវមានលក្ខណៈសម្ងាត់ ហើយគ្មាននរណាអាចដឹងពីសេចក្តីសម្រេចរបស់អ្នកបោះឆ្នោតម្នាក់ៗបានទេ។
លោកបន្ថែមថា ផ្ទុយទៅវិញបើគាត់ហ៊ានគំរាម តាមដាន លួចមើលអ្នកបោះឆ្នោតម្នាក់ៗនៅពេលគូសសន្លឹកឆ្នោតក្នុងបន្ទប់សម្ងាត់ នោះនឹងធ្វើឱ្យពលរដ្ឋស្អប់ទង្វើរបស់គាត់កាន់តែខ្លាំងថែមទៀត។
អតីតមេដឹកនាំបក្សប្រឆាំងរូបនេះបញ្ជាក់ថា ចលនាពហិការដ៏ធំបែបនេះជាការបង្ហាញពីកម្លាំងរបស់គណបក្សប្រឆាំង ដែលនឹងធ្វើឲ្យខូចខាតដល់ភាពស្របច្បាប់នៃរដ្ឋាភិបាលថ្មីក្រោយការបោះឆ្នោត ដែលលោក ហ៊ុន សែន កំពុងរៀបចំឲ្យកូនរបស់គាត់ គឺលោក ហ៊ុន ម៉ាណែត យ៉ាងធ្ងន់ធ្ងរ។
លោក សម រង្ស៊ី អះអាងថា នៅពេលដែលយុទ្ធនាការនេះត្រូវបានអនុវត្តនៅទូទាំងប្រទេស រដ្ឋាភិបាលថ្មីដែលកំពុងរៀបចំបង្កើតដោយលោក ហ៊ុន សែន ដើម្បីជួយឱ្យលោក ហ៊ុន ម៉ាណែត មកដឹកនាំ នឹងត្រូវជាប់គាំង ហើយសហគមន៍អន្តរជាតិក៏នឹងមិនទទួលស្គាល់រដ្ឋាភិបាលដែលមានពលរដ្ឋរាប់លាននាក់បដិសេធផងដែរ។

ការអំពាវនាវឱ្យមានយុទ្ធនាការគូសសន្លឹកឆ្នោតចោលនេះ ធ្វើឡើងបន្ទាប់ពីមេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន ព្រមានធ្វើវិធានការច្បាប់ដែលរដ្ឋាភិបាលរបស់លោកកំពុងព្រាងបង្ខំឱ្យបេក្ខជនឈរឈ្មោះបក្សក្រៅរដ្ឋាភិបាល ត្រូវតែទៅបោះឆ្នោតនៅខែកក្កដា ខាងមុខនេះ។
កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ លោក ហ៊ុន សែន បានបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃ ធ្វើវិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដើម្បីបង្ខំឱ្យបេក្ខជនគណបក្សក្រៅរដ្ឋាភិបាលទាំងអស់ត្រូវតែទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ។
លោក ហ៊ុន សែន គំរាមថា បើពួកគេមិនទៅចូលរួមបោះឆ្នោតនាពេលខាងមុខនេះទេ នោះពួកគេនឹងអស់សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតឱ្យអស់មួយជីវិត។
ការប្រកាសកែច្បាប់នេះ ធ្វើឡើងបន្ទាប់ពីមន្ត្រីគណបក្សភ្លើងទៀន គ្រោងប្រើយុទ្ធនាការ WIFI លើបណ្ដាញសង្គមហ្វេសប៊ុក ដោយការអំពាវនាវកុំឱ្យពលរដ្ឋទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ដោយសារតែការបោះឆ្នោតនេះគ្មានវត្តមានគណបក្សភ្លើងទៀននៅលើសន្លឹកឆ្នោត។
អនុប្រធានវេទិកាពលរដ្ឋ លោក ម៉ែន ណាត លើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី១៣ មិថុនា នេះថា ដើម្បីបង្ហាញពីការមិនយល់ស្របនឹងការកែច្បាប់ដែលបង្ខិតបង្ខំឱ្យពលរដ្ឋត្រូវតែទៅបោះឆ្នោតនេះ ពលរដ្ឋអាចសរសេរពាក្យផ្សេងៗលើសន្លឹកឆ្នោត ដូចជា «ខ្ញុំត្រូវលោក ហ៊ុន សែន បង្ខំឱ្យមកបោះឆ្នោតជាដើម ដើម្បីបង្ហាញពីការមិនពេញចិត្តនឹងច្បាប់ដែលគាត់កំពុងធ្វើវិសោធនកម្មនៅពេលនេះ»។
មាត្រា ៣៤ នៃរដ្ឋធម្មនុញ្ញ ចែងថា ពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិបោះឆ្នោត និងអាចឈរឈ្មោះឱ្យគេបោះឆ្នោត។ ពលរដ្ឋខ្មែរទាំងពីរភេទដែលមានអាយុយ៉ាងតិច ១៨ឆ្នាំមានសិទ្ធិបោះឆ្នោត។ ពលរដ្ឋខ្មែរទាំងពីរភេទដែលមានអាយុយ៉ាងតិច ២៥ឆ្នាំ អាចឈរឈ្មោះឱ្យគេបោះឆ្នោតជ្រើសតាំងជាតំណាងរាស្ត្រ។ ពលរដ្ឋខ្មែរទាំងពីរភេទដែលមានអាយុយ៉ាងតិច ៤០ឆ្នាំ អាចឈរឈ្មោះឱ្យគេបោះឆ្នោតជ្រើសតាំងជាសមាជិកព្រឹទ្ធសភា៕