32 C
Phnom Penh

ក្រុម​តស៊ូ​មតិ៖ ការ​កែ​ច្បាប់​បោះឆ្នោត​តាម​បញ្ជា​លោក ហ៊ុន សែន ជា​ឧក្រិដ្ឋកម្ម​លើ​រដ្ឋធម្មនុញ្ញ​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​តស៊ូ​មតិ ចោទ​ថា ការ​កែ​ច្បាប់​បោះឆ្នោត​ដែល​កំពុង​ព្រាង​តាម​បញ្ជា​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ដើម្បី​គាប​សង្កត់​មន្ត្រី​បក្ស​ក្រៅ​រដ្ឋាភិបាល​ឱ្យ​ទៅ​បោះឆ្នោត​ទាំង​ដែល​មិន​ឱ្យ​គណបក្ស​របស់​ពួកគេ​ឈរឈ្មោះ​បោះឆ្នោត​នោះ គឺជា​អំពើ​ឧក្រិដ្ឋកម្ម​លើ​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ។

អ្នកវិភាគ​ឯករាជ្យ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​១៤ មិថុនា ថា របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ដែល​បាន​ចែង​ក្នុង​មាត្រា​១ នៃ​រដ្ឋធម្មនុញ្ញ គឺ​ដើម្បី​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប និង​គ្រប់​និន្នាការ​ទាំងអស់ ប៉ុន្តែ​ផែនការ​កែ​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​របស់​លោក ហ៊ុន សែន គឺ​បញ្ច្រាស​ពី​រដ្ឋធម្មនុញ្ញ​ទាំងស្រុង ព្រោះ​ច្បាប់​នេះ​បាន​បង្កប់​នូវ​ចេតនា​ទុច្ចរិត​ដើម្បី​កម្ទេច​ក្រុម​មួយ ក្នុង​បំណង​ការពារ​ផល​ប្រយោជន៍​របស់​បក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន។

លោក គឹម សុខ អះអាង​ថា ដើម្បី​ទប់ស្កាត់​នូវ​ទង្វើ​ទុច្ចរិត​របស់​លោក ហ៊ុន សែន នេះ មាន​តែ​ប្រជាពលរដ្ឋ​គ្រប់​ផ្នែក ដូចជា​អ្នក​ប្រជាធិបតេយ្យ ក្រុម​បក្ស​ប្រឆាំង ក្រុម​អង្គការ​សង្គម​ស៊ីវិល ក្រុម​សហជីព និង​ក្រុម​បណ្ឌិត​បញ្ញវន្ត​ខ្មែរ​ដែល​មាន​និន្នាការ​ប្រជាធិបតេយ្យ សហការ​គ្នា​ចេញ​តវ៉ា​បង្កើត​ជា​បណ្តឹង​សង្គម​ប្រឆាំង​តវ៉ា​នឹង​ការ​ដឹកនាំ​នៃ​រដ្ឋាភិបាល​ឯក​បក្ស​របស់​លោក ហ៊ុន សែន ជាពិសេស​ប្រឆាំង​នឹង​ការ​បោះឆ្នោត​នា​ពេល​ខាងមុខ​នេះ​ប៉ុណ្ណោះ ទើប​សង្ឃឹម​ថា​នឹង​ទទួល​បាន​យុត្តិធម៌​មក​វិញ។

អ្នកវិភាគ​ឯករាជ្យ​រូប​នេះ​បញ្ជាក់​ថា ការ​ចេញ​តវ៉ា​នេះ​មិនមែន​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា​នោះ​ទេ ហើយ​ក៏​មិនមែន​ប្រឆាំង​នឹង​ការ​បោះឆ្នោត​នោះ​ដែរ ប៉ុន្តែ​ជា​ការ​តវ៉ា​ដើម្បី​ទាមទារ​យុត្តិធម៌​សង្គម​ប៉ុណ្ណោះ ហើយ​ការ​ធ្វើ​បែប​នេះ​ក៏​ស្រប​ទៅ​នឹង​ស្មារតី​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ដែរ។

លោក គឹម សុខ គូស​បញ្ជាក់​ថា បើ​ពលរដ្ឋ​ខ្មែរ​គ្រប់​ផ្នែក​ដែល​មាន​និន្នាការ​ប្រជាធិបតេយ្យ​នៅ​ទូទាំង​ប្រទេស​អាច​សហការ​គ្នា​ធ្វើ​បែប​នេះ​បាន នោះ​នឹង​ធ្វើ​ឱ្យ​ផែនការ​ផ្ទេរ​អំណាច​តាម​បែប​កុម្មុយនីស្ត​ផ្ដាច់ការ​ដែល​លោក ហ៊ុន សែន កំពុង​រៀបចំ​ឱ្យ​ក្រុម​គ្រួសារ​គ្រប់គ្រង​ប្រទេស​កម្ពុជា​ទៅ​ថ្ងៃ​មុខ នឹង​ត្រូវ​បរាជ័យ​ជាមិនខាន។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ប្រកាស​ពី​ការ​កែ​ច្បាប់​បោះឆ្នោត​ដើម្បី​គាប​សង្កត់​ឱ្យ​មន្ត្រី​បក្ស​ក្រៅ​រដ្ឋាភិបាល​ទាំងអស់ ត្រូវតែ​ចេញ​ទៅ​បោះឆ្នោត ខណៈ​គណបក្ស​របស់​ពួកគេ​ត្រូវ​រារាំង​មិន​ឱ្យ​ឈរឈ្មោះ​បោះឆ្នោត​ទៅ​ហើយ​នោះ។

សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លោក ស្រ៊ុន ស្រ៊ន បាន​លើកឡើង​ក្នុង​កិច្ចពិភាក្សា​នេះ​ដែរ​ថា ដើម្បី​តវ៉ា​ទាមទារ​រក​យុត្តិធម៌​សង្គម​មក​វិញ សមាជិក សកម្មជន និង​មន្ត្រី​បក្ស​ក្រៅ​រដ្ឋាភិបាល ត្រូវតែ​ធ្វើ​សកម្មភាព​របស់​ខ្លួន​ឱ្យ​ស្រប​តាម​ខ្លឹមសារ​នៃ​រដ្ឋធម្មនុញ្ញ និង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ព្រោះ​ថា​ពួកគេ​ត្រូវ​ដឹង​ថា ខ្លួន​កំពុង​ធ្វើ​នយោបាយ​ក្នុង​ប្រទេស​មួយ​ដែល​ប្រកាន់​យក​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស។

លោក ស្រ៊ុន ស្រ៊ន បញ្ជាក់​ថា មន្ត្រី​បក្ស​ក្រៅ​រដ្ឋាភិបាល​ទាំងអស់​មិន​ត្រូវ​ធ្វើ​ឱ្យ​បាត់បង់​សិទ្ធិ​របស់​ខ្លួន​ក្នុង​ការ​ឈរឈ្មោះ​ដើម្បី​ឱ្យ​គេ​បោះឆ្នោត​ឱ្យ​ឡើយ ទោះ​ស្ថិត​ក្នុង​ស្ថានភាព​ដែល​ខ្លួន​មិន​អាច​ទទួល​យក​បាន​យ៉ាងណា​ក៏ដោយ ត្បិត​ការ​តស៊ូ​ដើម្បី​ភាព​ជោគជ័យ​សម្រាប់​ប្រជាធិបតេយ្យ សម្រាប់​សិទ្ធិ​សេរីភាព និង​សម្រាប់​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ មិនមែន​ដោយសារ​ការ​យក​ឈ្នះ​ចាញ់​គ្នា​មួយ​ពេល​នោះ​ទេ គឺ​ត្រូវ​ប្រើ​រយៈពេល​វែងឆ្ងាយ​តទៅ​ថ្ងៃ​មុខ​ទៀត។

កាលពី​ថ្ងៃទី​១៣ ខែ​មិថុនា ឆ្នាំ​២០២៣ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ និង​ក្រសួង​មហាផ្ទៃ ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា និង​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ដើម្បី​បង្ខំ​ឱ្យ​បេក្ខជន​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ទាំងអស់ ត្រូវតែ​ទៅ​បោះឆ្នោត​នៅ​ថ្ងៃទី​២៣ ខែ​កក្កដា ខាងមុខ​នេះ។

លោក ហ៊ុន សែន ព្រមាន​ថា ជន​ណា​ក៏ដោយ នៅ​ក្នុង​គណបក្ស​ណា​ក៏ដោយ ដែល​មាន​បំណង​ឈរឈ្មោះ​ឱ្យ​គេ​បោះឆ្នោត​ឱ្យ ប៉ុន្តែ​ខ្លួនឯង​មិន​ទៅ​ចូលរួម​បោះឆ្នោត​នៅ​ថ្ងៃទី​២៣ ខែ​កក្កដា ខាងមុខ​នេះ​ទេ នោះ​ពួកគេ​នឹង​ត្រូវ​បាត់បង់​សិទ្ធិ​ឈរឈ្មោះ​ឱ្យ​គេ​បោះឆ្នោត​ឱ្យ​អស់​មួយ​ជីវិត។

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា ការ​កែ​ច្បាប់​នេះ​បាន​បង្ហាញ​ពី​ចេតនា​របស់​លោក ហ៊ុន សែន ពី​ការ​ចង់​ឈ្នះ​លើ​យុទ្ធនាការ WIFI របស់​គណបក្ស​ភ្លើង​ទៀន ដែល​អំពាវនាវ​មិន​ឱ្យ​អ្នកគាំទ្រ​ខ្លួន​ចេញ​ទៅ​បោះឆ្នោត​នៅ​ពេល​គណបក្ស​របស់​ពួកគេ​ត្រូវ​បាន​រារាំង​មិន​ឱ្យ​ឈរឈ្មោះ​បោះឆ្នោត​យ៉ាង​ច្បាស់​ក្រឡែត ហើយ​ក៏​ជា​រឿង​ហួសចិត្ត​ដែរ​ដែល​លោក ហ៊ុន សែន រារាំង​បក្ស​របស់​គេ​មិន​ឱ្យ​ចូលរួម​បោះឆ្នោត ប៉ុន្តែ​បែរជា​បង្ខំ​មន្ត្រី​បក្ស​នោះ​ឱ្យ​ទៅ​ចូលរួម​បោះឆ្នោត​ទៅវិញ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស