មេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន ប្រកាសទទួលយកអតីតជំទប់ឃុំជាប់ឆ្នោតខេត្តកំពង់ចាម និងជាបេក្ខជនតំណាងរាស្ត្រមណ្ឌលភ្នំពេញរបស់គណបក្សភ្លើងទៀន លោក គង់ រ៉ៃយ៉ា ជាសមាជិកគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីសមាជិកគណៈកម្មាធិការនាយកនៃគណបក្សភ្លើងទៀនរូបនេះប្រកាសចុះចូលជាមួយបក្សកាន់អំណាចនៅថ្ងៃនេះ។
លោក ហ៊ុន សែន បានសរសេរលើបណ្ដាញទំនាក់ទំនងតេឡេក្រាមរបស់ខ្លួននៅថ្ងៃទី១៦ មិថុនា នេះថា ក្នុងនាមគណបក្សប្រជាជនកម្ពុជា លោកសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះសមាជិកគណៈកម្មាធិការនាយកគណបក្សភ្លើងទៀន លោក គង់ រ៉ៃយ៉ា ដើម្បីចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ នេះ អតីតជំទប់ទី២ ឃុំស្ដៅ ស្រុកកងមាស ខេត្តកំពង់ចាម របស់គណបក្សភ្លើងទៀន លោក គង់ រ៉ៃយ៉ា បានធ្វើលិខិត និងចេញជាវីដេអូសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមហេតុផលថា លោកបានមើលឃើញពីកម្សោយនៃការដឹកនាំ និងភាពព្រងើយកន្តើយរបស់មន្ត្រីបក្សភ្លើងទៀន ទើបលោកត្រូវចាកចេញ។
លោកបន្ថែមថា ស្របពេលជាមួយគ្នានេះ លោកក៏បានមើលឃើញពីការដឹកនាំដ៏ត្រឹមត្រូវរបស់មេបក្សកាន់អំណាចលោក ហ៊ុន សែន ដែលធ្វើឱ្យកម្ពុជាទទួលបាននូវសុខសន្តិភាព និងពលរដ្ឋរស់នៅដោយសុខសាន្តដែរ ទើបលោកសម្រេចចិត្តចុះចូលជាមួយបក្សកាន់អំណាចនៅពេលនេះតែម្តង។
ក្នុងថ្ងៃដដែលនេះ លោក គង់ រ៉ៃយ៉ា ក៏បានដាក់ពាក្យលាឈប់ពីសមាជិកគណបក្សភ្លើងទៀន ផងដែរ ដោយសុំលាឈប់ពីតួនាទីទាំងអស់របស់ខ្លួនដែលមាននៅក្នុងគណបក្សនេះ ដោយលោកពុំបានបញ្ជាក់ពីមូលហេតុនៃការលាឈប់របស់ខ្លួនលើលិខិតនេះទេ។
លោក គង់ រ៉ៃយ៉ា គឺជាអ្នកចូលរួមយ៉ាងសកម្មជាមួយគណបក្សប្រឆាំងនាពេលកន្លងមក ហើយលោកក៏ធ្លាប់ត្រូវអាជ្ញាធររបស់លោក ហ៊ុន សែន ចាប់ខ្លួនដាក់ពន្ធនាគារផងដែរ។ ជាក់ស្តែង លោកត្រូវបានសមត្ថកិច្ចចាប់ខ្លួនលើកដំបូងក្នុងឆ្នាំ២០១៥ ជុំវិញការបង្ហោះសារតាមបណ្ដាញសង្គមហ្វេសប៊ុកអំពាវនាវឱ្យមាន «បដិវត្តន៍ពណ៌»។
ចំពោះករណីនោះ លោក គង់ រ៉ៃយ៉ា ត្រូវបានរកឃើញថាមានទោសនៅឆ្នាំ២០១៦ ហើយត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១៨ខែពីបទញុះញង់។ ជាងនេះទៀត លោកក៏ត្រូវបានតុលាការក្រុងភ្នំពេញផ្ដន្ទាទោសជាលើកទី២ នៅខែមិថុនា ឆ្នាំ២០២០ និងបានកាត់ទោសឱ្យលោកជាប់គុករយៈពេល ២ឆ្នាំផងដែរ ពីបទញុះញង់ចំពោះការលក់អាវយឺតដែលមានរូបភាពនៃការបាញ់សម្លាប់អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមបណ្ឌិត កែម ឡី។
ក្រោយពីចេញពីពន្ធនាគារ លោក គង់ រ៉ៃយ៉ា បានបន្តចូលរួមសកម្មភាពនយោបាយជាមួយគណបក្សភ្លើងទៀនបន្តទៀត រហូតបានជាប់ជាជំទប់ទី២ ឃុំស្ដៅ ស្រុកកងមាស ខេត្តកំពង់ចាម កាលពីខែមិថុនា ឆ្នាំ២០២២ កន្លងទៅ ប៉ុន្តែក្រោយបម្រើការងារបានជាង ៤ខែ គឺនៅអំឡុងខែតុលា ឆ្នាំ២០២២ ដដែល លោកបានសម្រេចចិត្ដលាលែងពីតំណែង ក្រោមហេតុផលថា ដោយសារតែកត្តាជីវភាព និងសុវត្ថិភាព ព្រមទាំងកត្តាការងារដែលមិនទទួលបានកិច្ចសហការពីមេឃុំ ក៏ដូចជាក្រុមប្រឹក្សាឃុំរបស់បក្សប្រជាជនកម្ពុជានៅក្នុងឃុំស្ដៅ នោះ។
ជុំវិញបញ្ហានេះ អនុប្រធានគណបក្សភ្លើងទៀន លោក ចេប គឹមអ៊ាង ធ្លាប់បានត្អូញត្អែរថា មានករណីជាច្រើនបានកើតលើមន្ត្រីបក្សភ្លើងទៀន ជាពិសេសការធ្វើទុក្ខបុកម្នេញនានាដែលសុទ្ធសឹងតែជាបញ្ហាធ្វើឱ្យមន្ត្រីគណបក្សភ្លើងទៀនពិបាកធ្វើការ។
យ៉ាងណាក៏ដោយ ក្នុងរយៈពេលចុងក្រោយនេះ បន្ទាប់ពីគណបក្សភ្លើងទៀនត្រូវបាន គ.ជ.ប រារាំងមិនឱ្យចូលរួមឈរឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតជាតិនៅខែកក្កដា ខាងមុខនេះ និងមានការគំរាមពីលោក ហ៊ុន សែន ជាបន្តបន្ទាប់ផងនេះ សកម្មជន និងសមាជិកគណបក្សភ្លើងទៀនបាននាំគ្នាចុះចូលគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន ជាបន្តបន្ទាប់នៅពេលនេះ ក្នុងនោះមន្ត្រីជាន់ខ្ពស់របស់បក្សនេះបានចុះចូលជាមួយបក្សកាន់អំណាចអស់ ៣នាក់ហើយ ដូចជាលោក កែត ឃី លោក ស ឡុងដេត និងលោក គង់ រ៉ៃយ៉ា នេះតែម្តង៕