26 C
Phnom Penh

ចិន​នៅតែ​សង្ឃឹម​ថា​បក្ស​ប្រឆាំង​នៅ​តៃវ៉ាន់​អាច​ឡើង​កាន់​អំណាច​នៅ​ឆ្នាំ​២០២៤ តែ​ទំនង​នឹង​ខកចិត្ត​ម្ដង​ទៀត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កោះ​តៃវ៉ាន់ ដែល​ហៅ​ខ្លួនឯង​ជា​សាធារណរដ្ឋ​ចិន នឹង​ធ្វើ​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​មួយ​អាណត្តិ​នៅ​ឆ្នាំ​២០២៤។

រាល់​ការ​បោះឆ្នោត​ម្ដងៗ ក្រុង​ប៉េកាំង​តែងតែ​ចង់​ឃើញ​បក្ស​ប្រឆាំង គឺ​បក្ស​គូមីនតាំង ឈ្នះ​ឆ្នោត ដើម្បី​ឈាន​ទៅ​ដល់​ការ​សម្របសម្រួល​ធ្វើ​ឲ្យ​មាន​ភាព​ធូរស្រាល ឬ​កាត់​បន្ថយ​ភាព​តានតឹង​រវាង​ដែនដី​បងប្អូន​ទាំង​ពីរ​នេះ។ ប៉ុន្តែ​ពីរ​អាណត្តិ​ហើយ​ដែល​គណបក្ស​គូមីនតាំង ពុំ​មាន​លទ្ធភាព​ដើម្បី​ឡើង​កាន់​អំណាច​តាមរយៈ​ការ​បោះឆ្នោត​នោះ​ទេ។

គណបក្ស​កំពុង​កាន់​អំណាច​បច្ចុប្បន្ន គឺ​គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន។ ប្រធានាធិបតី​ដែល​កើត​ចេញពី​គណបក្ស​នេះ គឺ​អ្នកស្រី សាយ អ៊ឹងវិន។ អ្នកស្រី​គឺ​ជា​ស្ត្រី​ប្រធានាធិបតី​បេះដូង​ដែក​នៃ​ដែនដី​កោះ​តៃវ៉ាន់ ដែល​មិន​ដែល​ពោល​ពាក្យ​ចង់​ធ្វើ​សមាហរណកម្ម​ដែនដី​ទៅ​ជា​ចំណុះ​ក្រុង​ប៉េកាំង នោះ​ទេ។

ស្ត្រី​ដែល​មាន​ទំនោរ​ខ្លាំង​ទៅ​រក​សហរដ្ឋ​អាមេរិក និង​បស្ចិម​ប្រទេស​នេះ មិន​ត្រឹមតែ​បង្ហាញ​ជំហរ​មិន​ស្ថិត​ក្រោម​ឥទ្ធិពល​ចិន​ទេ អ្នកស្រី​តែងតែ​គំរាម​តប​ចិន​វិញ​ដោយ​ការ​បង្ហាញ​កម្លាំង​ទ័ព​របស់​ដែន​កោះ​តៃវ៉ាន់​ទៀត​ផង។

ថ្មីៗ​នេះ អ្នកស្រី​បាន​ទៅ​ពិនិត្យ​មើល​ការ​ធ្វើ​សមយុទ្ធ​របស់​កងទ័ព​តៃវ៉ាន់ ដែល​ធ្វើឡើង​ចំ​ពេល​ដែល​ដែន​កោះ​នេះ​នៅតែ​ប្រឈមមុខ​ខ្លាំង និង​ស្ថិត​នៅ​ក្នុង​ភាព​ផុយ​ស្រួយ​នៃ​ការ​វាយលុក​ប៉ុនប៉ង​ផ្ដួល​រំលំ​ពី​សំណាក់​ចិន​ប៉េកាំង។

តែ​យ៉ាងណា អ្នកស្រី សាយ អ៊ឹងវិន នឹង​ត្រូវ​ចូល​និវត្តន៍​ពី​ប្រធានាធិបតី​កោះ​តៃវ៉ាន់ នៅ​ពេល​ដែល​ដែន​កោះ​នេះ​ត្រូវ​រៀបចំ​បោះឆ្នោត​ប្រធានាធិបតី​អាណត្តិ​ថ្មី​ទៀត​នៅ​ឆ្នាំ​២០២៤។

ទីក្រុង​ប៉េកាំង ឥឡូវ​នេះ​កំពុងតែ​សង្ឃឹម​ថា​នៅ​ក្នុង​ចំណោម​អ្នក​នយោបាយ​ស្នង​តំណែង​ក្នុង​គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន ដែល​ពួកគេ​អាច​ជំនួស​អ្នកស្រី សាយ អ៊ឹងវិន បាន គឺ​មើល​ទៅ​អ្នក​នយោបាយ​ជំនាន់​ក្រោយ​នេះ​ពុំ​មាន​ប្រជាប្រិយភាព​ដូច​អ្នកស្រី សាយ អ៊ឹងវិន នោះ​ទេ។ ដូច្នេះ​ហើយ ទីក្រុង​ប៉េកាំង សង្ឃឹម​ថា​ការ​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០២៤ អាច​នឹង​របូត​អំណាច​ទៅ​គណបក្ស​ប្រឆាំង​វិញ​ម្ដង ហើយ​ពេល​នោះ ទីក្រុង​ប៉េកាំង ពិត​ជា​បន្ថយ​កំហឹង​នឹង​តៃវ៉ាន់។

ទីក្រុង​ប៉េកាំង នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក ស៊ី ជីនពីង ត្រូវ​បាន​គេ​មើល​ឃើញ​ថា ព្យាយាម​អត់ធ្មត់​ខ្លាំង​ណាស់ បើ​ទោះជា​ធ្វើ​សមយុទ្ធ​ជា​ញឹកញាប់​ឡោមព័ទ្ធ​កោះ​តៃវ៉ាន់​ក៏ដោយ​នោះ។ ភាព​អត់ធ្មត់​នេះ ព្រោះតែ​ក្រុង​ប៉េកាំង គិត​ថា នយោបាយ​នៅ​កោះ​តៃវ៉ាន់​នឹង​ប្រែប្រួល​តាមរយៈ​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ឆ្នាំ​២០២៤ ខាង​មុខ​នេះ។

តាម​ទម្លាប់ កោះ​តៃវ៉ាន់ ត្រូវ​រៀបចំ​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ក្នុង​អំឡុង​ខែ​មករា រៀងរាល់ ៤​ឆ្នាំ​ម្ដង។

តែ​យ៉ាងណា ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០២០ បាន​ធ្វើ​ឱ្យ​បក្ស​កុម្មុយនីស្ត​ចិន ខកចិត្ត​ម្ដង​រួច​ទៅ​ហើយ​ដែល​ថា​បេក្ខជន​ប្រធានាធិបតី​មកពី​បក្ស​គូមីនតាំង នឹង​ឈ្នះ​ឆ្នោត តែ​ទីបំផុត ទីក្រុង​ប៉េកាំង​ខកចិត្ត​ជា​ថ្មី​ម្ដង​ទៀត ព្រោះ​ជ័យជម្នះ​បាន​ធ្លាក់​ទៅ​លើ​អ្នកស្រី សាយ អ៊ឹងវិន ដែល​ទោរទន់​ខ្លាំង​ទៅ​រក​ពួក​បស្ចិម​ប្រទេស និង​ចេញ​មុខ​ខ្លាំង​ប្រឆាំង​នឹង​ចិន ដែល​មាន​ផែនការ​ទាញ​តៃវ៉ាន់​ទៅ​ស្ថិត​នៅ​ក្រោម​ចំណុះ​ដែនដី​របស់​ខ្លួន ហើយ​មិន​តែប៉ុណ្ណោះ ក្រុង​ប៉េកាំង ព្យាយាម​បង្ហាញ​កម្លាំង​យោធា​គំរាម​វាយ​លុកលុយ​ដើម្បី​កាន់កាប់​កោះ​តៃវ៉ាន់។ តែ​ការ​គំរាមកំហែង​នេះ មិន​បាន​ធ្វើ​ឲ្យ​បក្ស​កាន់​អំណាច​បច្ចុប្បន្ន​ខ្លបខ្លាច​នោះ​ទេ រហូត​ធ្វើ​សមយុទ្ធ​គំរាម​ចិន​វិញ​ផង បើ​ទោះជា​ទ័ព​របស់​តៃវ៉ាន់ មិន​អាច​ប្រៀប​ស្មើ​នឹង​ទ័ព​របស់​ចិន​ក៏ដោយ​នោះ។

បើ​ចិន​ខកចិត្ត​ជា​ថ្មី​ម្ដង​ទៀត​នៅ​ឆ្នាំ​២០២៤ នឹង​មាន​អ្វី​កើតឡើង​ចំពោះ​ដែន​កោះ​តៃវ៉ាន់?

អ្នក​សង្កេតការណ៍ និង​អ្នកវិភាគ​ក្នុង​តំបន់​អំពី​ភាព​តានតឹង​រវាង​ដែនដី​បងប្អូន​ពីរ​នេះ មើល​ឃើញ​ថា ចិន​ដែល​ចង់​យក​តៃវ៉ាន់​មក​នៅ​ក្រោម​ឥទ្ធិពល​របស់​ខ្លួន មើល​ទៅ​ដើរ​ដល់​ក្រឡា​ទាល់ច្រក​ទៅ​ហើយ ក្នុង​ការ​យក​កោះ​តៃវ៉ាន់​តាមរយៈ​បក្ស​ប្រឆាំង​គូមីនតាំង ព្រោះ​សូម្បីតែ​បក្ស​ប្រឆាំង​នេះ​ក៏​មិន​ដែល​ពោល​ពាក្យ​ថា ត្រូវ​នាំ​កោះ​តៃវ៉ាន់​ទៅ​ក្រោម​ចំណុះ​ក្រុង​ប៉េកាំង​ម្ដង​ណា​នោះ​ទេ។

បើ​ដូច្នេះ ចិន​ចង់​បាន​កោះ​តៃវ៉ាន់ គឺ​មាន​សេណារីយ៉ូ​ពីរ​ទៀត។ សេណារីយ៉ូ​ទី​២ ចិន​ចង់​ឃើញ​មាន​រដ្ឋប្រហារ​កើតឡើង​នៅ​កោះ​តៃវ៉ាន់ ដើម្បី​ផ្ដួល​រំលំ​បក្ស​ប្រជាធិបតេយ្យ​ចម្រើន​ជឿនលឿន។ តែ​កន្លងមក ការ​ប៉ុនប៉ង​ប្រើប្រាស់​មធ្យោបាយ​បែប​នេះ​បរាជ័យ​ជា​ច្រើន​ដង​រួច​ទៅ​ហើយ។ ឥឡូវ​នេះ អ្នក​ជំនាញ​ផ្នែក​យោធា​មើល​ឃើញ​ថា ចិន​មាន​ផែនការ​មួយ​ទៀត​ដែល​ចង់​បាន​កោះ​តៃវ៉ាន់​មក​នៅ​ក្រោម​ឥទ្ធិពល​របស់​ខ្លួន ឬ​ក៏​ជា​ចំណុះ​ផ្ទាល់​នឹង​ទីក្រុង​ប៉េកាំង​តែម្ដង មាន​តែ​ការ​លើក​ទ័ព​ចូល​ទៅ​វាយ​កាន់កាប់​កោះ​តៃវ៉ាន់។

យ៉ាងណា សេណារីយ៉ូ​ទី​៣ នេះ វា​មិន​ត្រឹមតែ​អាច​គ្រោះថ្នាក់​ដល់​រដ្ឋាភិបាល​កោះ​តៃវ៉ាន់​នោះ​ទេ គឺ​វា​អាច​គ្រោះថ្នាក់​ដល់​ប្រព័ន្ធ​កុម្មុយនីស្ត​ចិន​ទៀត​ផង បើ​ក្រុង​ប៉េកាំង​ប្រថុយ​លើក​ទ័ព​លុកលុយ​កោះ​តៃវ៉ាន់​ដោយ​ភ្លេច​គិត​ថា កោះ​តៃវ៉ាន់​ជា​ដែនដី​ដែល​មាន​សព្វាវុធ​ទំនើបៗ​បំផុត​របស់​សហរដ្ឋ​អាមេរិក ហើយ​សហរដ្ឋ​អាមេរិក​នៅ​ពីក្រោយ​ដែន​កោះ​នេះ​ទៀត​ផង។

ដូច​ដឹង​ហើយ​ថា ក្រុង​វ៉ាស៊ីនតោន គឺ​គ្រប់​រដ្ឋការ​ទាំងអស់​របស់​ប្រធានាធិបតី តែងតែ​ប្រឆាំង​ចិន ដែល​មាន​ផែនការ​ធ្វើ​សង្គ្រាម​លុកលុយ​កោះ​តៃវ៉ាន់។ រដ្ឋការ​របស់​លោក ចូ បៃដិន បាន​ព្រមាន​ញឹកញាប់​ហើយ​ថា សហរដ្ឋ​អាមេរិក​នឹង​ហក់​ជួយ​អន្តរាគមន៍​តៃវ៉ាន់​ភ្លាម បើ​តៃវ៉ាន់​ធ្លាក់​ក្នុង​សង្គ្រាម​ឈ្លានពាន​ពី​សំណាក់​ក្រុង​ប៉េកាំង។

សរុប​ទៅ ចិន​ប្រើប្រាស់​សេណារីយ៉ូ ៣​នេះ ដែល​ក្នុង​នោះ​ក្រុង​ប៉េកាំង​សង្ឃឹម​ទៅ​លើ​បក្ស​ប្រឆាំង​ឈ្នះ​ឆ្នោត​ឡើង​កាន់​អំណាច ការ​សង្ឃឹម​ថា​មាន​រដ្ឋប្រហារ​នៅ​តៃវ៉ាន់ និង​សង្គ្រាម​ទ្រង់ទ្រាយ​ធំ មើល​ទៅ​ចិន​ពិបាក​បំផុត​ហើយ​អាច​វាយបក​មក​លើ​ខ្លួនឯង​ទៀត។ ចង់​មិន​ចង់ មាន​តែ​ជួប​រឿង​ខកចិត្ត​ប៉ុណ្ណោះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស