28 C
Phnom Penh

លោក ហេង សិទ្ធី អះអាង​ថា​អ្នកឧកញ៉ា ហ៊ុន តូ គំរាម​សម្លាប់ បើ​លោក​មិន​ព្រម​ប្រគល់​ទ្រព្យសម្បត្តិ​ទេ​នោះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហេង សិទ្ធី ដែល​កំពុង​មាន​ជម្លោះ​ជាមួយ​ត្រកូល​ហ៊ុន អះអាង​ថា អ្នកឧកញ៉ា ហ៊ុន តូ បាន​គំរាម​សម្លាប់​រូបលោក បើ​លោក​មិន​ប្រគល់​ទ្រព្យសម្បត្តិ​ឱ្យ​គាត់​ទេ​នោះ ខណៈ​លោក ហ៊ុន តូ បាន​ប្រឌិត​រឿង​ចោទប្រកាន់​លោក​ថា​ជា​អ្នកជំនួញ​បោកប្រាស់​លើ​ជនជាតិ​ចិន ហើយ​លោក​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ប្តឹង​លោក ហ៊ុន តូ ទៅ​កាន់​តុលាការ​អន្តរជាតិ។

អតីត​អ្នកឧកញ៉ា ហេង សិទ្ធី បាន​សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​៩ មករា នេះ​ថា អស់​រយៈពេល ២​ឆ្នាំ​មក​ហើយ​ដែល​អ្នកឧកញ៉ា ហ៊ុន តូ ប្រើ​ឧបាយកល​ប្រឌិត​រឿង និង​លាប​ពណ៌​មក​លើ​រូបលោក​ថា​ជា​ជន​ឆបោក​អ្នក​វិនិយោគ​ជនជាតិ​ចិន។ លោក​ថា លោក​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ប្តឹង​លោក ហ៊ុន តូ ទៅ​កាន់​តុលាការ​អន្តរជាតិ ដូចជា តុលាការ​ប្រទេស​អង់គ្លេស អូស្ត្រាលី អាមេរិក និង​តុលាការ​ប្រទេស​ចិន ផង​ដែរ ដើម្បី​ស្វែងរក​យុត្តិធម៌​សម្រាប់​ខ្លួន​លោក​ដែល​បាន​រង​នូវ​ការ​ចោទប្រកាន់​ទាំង​បំពាន​ពី​អ្នកឧកញ៉ា​ត្រកូល​ហ៊ុន​រូប​នេះ។

លោក ហេង សិទ្ធី បញ្ជាក់​ថា លោក​លែង​មាន​ជំនឿ​លើ​ប្រព័ន្ធ​ច្បាប់​របស់​ប្រទេស​កម្ពុជា​ទៀត​ហើយ ព្រោះ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ បាន​គប់គិត​ជាមួយ​អ្នកឧកញ៉ា ហ៊ុន តូ មិន​ព្រម​ទទួល​បណ្តឹង​របស់​លោក​ដែល​បាន​ប្តឹង​ឧកញ៉ា​ត្រកូល​ហ៊ុន​រូប​នេះ​ទេ។

កាលពី​ថ្ងៃទី​៨ ខែ​មករា ឆ្នាំ​២០២៥ អ្នកឧកញ៉ា ហ៊ុន តូ បាន​ចេញ​លិខិត​បំភ្លឺ​ថា អំពើ​ជា​បន្តបន្ទាប់​របស់​លោក ហេង សិទ្ធី ដែល​បាន​ចោទប្រកាន់​មក​លើ​រូបលោក គឺជា​ការ​ក្លែង​ប្រឌិត​អង្គហេតុ ចោទប្រកាន់​ដោយ​គ្មាន​ភស្តុតាង ហើយ​លោក​ក៏​ត្រៀម​ប្តឹង​បក​ត្រឡប់​ទៅ​វិញ​ដែរ​ដើម្បី​ការពារ​ភាព​ត្រឹមត្រូវ​របស់​លោក។

លោក ហ៊ុន តូ បញ្ជាក់​ថា ទង្វើ​របស់​អតីត​ឧកញ៉ា ហេង សិទ្ធី បាន​ធ្វើ​ឱ្យ​ប៉ះពាល់​សិទ្ធិ​ឯកជន​របស់​លោក និង​ប្រយោជន៍​សង្គម​ជាតិ​កម្ពុជា​ទាំងមូល​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​ការ​ផ្សព្វផ្សាយ​ផ្ទុយ​ពី​ការពិត ដើម្បី​ទម្លាក់​កំហុស​លើ​រូបលោក​កន្លង​មក​នោះ។

ជុំវិញ​បញ្ហា​នេះ កាលពី​ថ្ងៃទី​៨ មករា នេះ អតីត​ឧកញ៉ា ហេង សិទ្ធី បាន​ទម្លាយ​ថា ជនជាតិ​ថៃ​ម្នាក់​ឈ្មោះ Pentor ជា​មេ​ឧក្រិដ្ឋជន​អនឡាញ​ខុស​ច្បាប់​ដែល​អាជ្ញាធរ​ថៃ កំពុង​តាម​ចាប់​ខ្លួន ប៉ុន្តែ​ត្រូវ​បាន​លោក ហ៊ុន តូ ទទួល​ការពារ​ឲ្យ​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​មិន​ចាប់​បញ្ជូន​ទៅ​ប្រទេស​ថៃ វិញ ជា​ថ្នូរ​នឹង​ការ​សូក​លុយ​ពី​ឧក្រិដ្ឋជន​រូប​នោះ​ចំនួន ៦​លាន​ដុល្លារ​អាមេរិក។

ជាង​នេះ​ទៅ​ទៀត ឧក្រិដ្ឋជន​ជនជាតិ​ថៃ រូប​នេះ ក៏​បាន​ទិញ​នាឡិកា​ម៉ាក Richardmille តម្លៃ ២​លាន​ដុល្លារ​ឱ្យ​លោក ហ៊ុន តូ ថែម​ទៀត ជា​ថ្នូរ​នឹង​ការ​ទទួល​បាន​នូវ​លិខិតឆ្លងដែន​សញ្ជាតិ​ខ្មែរ​ពី​លោក ហ៊ុន តូ។

អតីត​អ្នកឧកញ៉ា ហេង សិទ្ធី លើក​ជា​សំណួរ​ថា កម្ពុជា​ក៏​មាន​កិច្ចព្រមព្រៀង​បញ្ជូន​ជនល្មើស​ពី​កម្ពុជា​ទៅ​ថៃ ដែរ (បត្យាប័ន) ចុះ​ហេតុ​អ្វី​ថៃ មិន​សហការ​ជាមួយ​កម្ពុជា​ចាប់​បញ្ជូន​ឧក្រិដ្ឋជន​រូប​នេះ​ទៅ​ប្រទេស​របស់​ខ្លួន​វិញ?

ជាង​នេះ​ទៅ​ទៀត ហេតុ​អ្វី​លោក ហ៊ុន តូ ជួយ​រត់ការ​ផ្តល់​អាជ្ញាបណ្ណ​កម្ចី​អនឡាញ​ខុស​ច្បាប់​ជ្រក​ក្រោម​ឈ្មោះ​អាជ្ញាបណ្ណ​ទូទាត់​សង​ប្រាក់ ទៅ​ឱ្យ​ឧក្រិដ្ឋជន​ជនជាតិ​ថៃ ដែល​ប្រទេស​ថៃ កំពុង​តាម​ចាប់​ខ្លួន​នេះ​ទៅវិញ ដូច្នេះ​ភស្តុតាង​នេះ​បង្ហាញ​ថា លោក ហ៊ុន តូ ពិត​ជា​បាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឧក្រិដ្ឋ​របស់​ឧក្រិដ្ឋជន​ជនជាតិ​ថៃ នោះ​មែន។

សារព័ត៌មាន The Cambodia Daily មិន​ទាន់​អាច​ទាក់ទង​លោក ហ៊ុន តូ ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ការ​ចោទប្រកាន់​របស់​លោក ហេង សិទ្ធី បាន​នៅឡើយ​ទេ។

ជុំវិញ​សង្គ្រាម​តាម​អនឡាញ​រវាង​អ្នកឧកញ៉ា ហ៊ុន តូ និង​អតីត​អ្នកឧកញ៉ា ហេង សិទ្ធី នៅ​ពេលនេះ គេ​នៅ​មិន​ទាន់​ឃើញ​មាន​ការ​ប្រតិកម្ម​ណា​មួយ​ពី​លោក ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី​ដែល​ត្រូវ​ជា​ពូ​បង្កើត​របស់​លោក ហ៊ុន តូ នៅឡើយ​ទេ។

នេះ​ក៏​ជា​លើក​ទី​មួយ​ដែរ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​រជ្ជកាល​ដឹកនាំ​របស់​លោក ហ៊ុន សែន និង​ត្រកូល​ហ៊ុន​ទាំងមូល ដែល​មាន​បុរស​ម្នាក់​តាំងខ្លួន​ជា​អ្នក​ក្លាហាន​ដូចជា​លោក ហេង សិទ្ធី ហ៊ាន​ចេញ​មុខ និង​បក​អាក្រាត​ក្មួយប្រុស​របស់​លោក ហ៊ុន សែន គឺ​អ្នកឧកញ៉ា ហ៊ុន តូ ដែល​ជា​បងធំ​លំដាប់​កំពូល​នៅ​កម្ពុជា ហើយ​ដែល​លោក ហេង សិទ្ធី ចាត់ទុក​ថា​ជា​ខ្លា​ក្នុង​សួន ឬ​ជា​ខ្លា​លម្អ​សួន​តែប៉ុណ្ណោះ។

លោក ហ៊ុន តូ ដែល​ត្រូវ​ជា​បងប្អូន​ជីដូនមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​ជា​ក្មួយប្រុស​បង្កើត​ប្រធាន​គណបក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​ជាប់​ឈ្មោះ​ក្នុង​អំពើ​ឧក្រិដ្ឋ​ជាច្រើន​ទាំង​នៅ​ប្រទេស​កម្ពុជា និង​នៅ​បរទេស ដូចជា​ប្រទេស​អូស្ត្រាលី ជាដើម។

ជាក់ស្តែង ក្រុម​អ្នក​ស្រាវជ្រាវ​រូបិយប័ណ្ណ​គ្រីបតូ Chainalysis កាលពី​ចុង​ខែ​សីហា ឆ្នាំ​២០២៤ បាន​ចង្អុល​មុខ​ក្រុមហ៊ុន Huione របស់​លោក ហ៊ុន តូ ថា​បាន​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ឆបោក​រូបិយប័ណ្ណ​គ្រីបតូ ព្រមទាំង​បាន​ពាក់ព័ន្ធ​នឹង​ទីផ្សារ​ឆបោក​រូបិយប័ណ្ណ​គ្រីបតូ​ដ៏​ខ្មៅ​ងងឹត​ក្នុង​តម្លៃ​ទឹកប្រាក់​រហូត​ដល់​ជាង ៤៩​ពាន់​លាន​ដុល្លារ​អាមេរិក​តាំងពី​ឆ្នាំ​២០២១ មក។

យ៉ាងណាក៏ដោយ គេ​មិន​ដែល​ឃើញ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​ត្រកូល​ហ៊ុន បើក​ការ​ស៊ើបអង្កេត​លើ​សាច់ញាតិ​របស់​ខ្លួន​ម្នាក់​នេះ​ឡើយ បើ​ទោះបីជា​លោក ហ៊ុន តូ ត្រូវ​សារព័ត៌មាន​អន្តរជាតិ​ផ្សាយ និង​បង្ហាញ​ភស្តុតាង​ជា​បន្តបន្ទាប់​ក៏ដោយ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស