30 C
Phnom Penh

វរសេនីយ៍ទោ​មួយ​រូប​ស្នើសុំ​អង្គការ​សហប្រជាជាតិ​ជួយ​ការពារ​សន្តិសុខ​ក្រោយ​រង​ការ​គំរាម​កំហែង​ដល់​អាយុជីវិត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

វរសេនីយ៍ទោ​ភូមិភាគ​៥ ខេត្ត​បាត់ដំបង លោក មី ដារ៉ា ស្នើសុំ​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​ប្រទេស​កម្ពុជា ឲ្យ​ជួយ​ការពារ​សុវត្ថិភាព និង​សន្តិសុខ​ផ្ទាល់ខ្លួន បន្ទាប់ពី​អាជ្ញាធរ​ខេត្ត​បាត់ដំបង គំរាមកំហែង​ដល់​អាយុជីវិត​របស់​លោក និង​ក្រុម​គ្រួសារ។

នាយករង​ការិយាល័យ​អភិវឌ្ឍន៍​ភូមិភាគ​៥ ខេត្ត​បាត់ដំបង លោក​វរសេនីយ៍ទោ មី ដារ៉ា ទម្លាយ​ប្រាប់​សារព័ត៌មាន The Cambodia daily នៅ​ថ្ងៃទី​២២ វិច្ឆិកា នេះ​ថា សព្វថ្ងៃ​នេះ រូបលោក​កំពុង​រង​នូវ​ការ​គំរាមកំហែង​យ៉ាង​ខ្លាំង​ពី​អាជ្ញាធរ​ខេត្ត​បាត់ដំបង ដោយ​ពួកគេ​បាន​ចោទ​រូបលោក​ថា​ជា​ចារកម្ម​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ។

លោក​បន្ថែម​ថា ការ​ចោទប្រកាន់​បែប​នេះ គឺ​ដោយសារតែ​លោក​បាន​ចេញ​មុខ​ធ្វើ​ជា​តំណាង​ពលរដ្ឋ​ក្នុង​ការ​តវ៉ា​ទាមទារ​សិទ្ធិ​លំនៅ​ឱ្យ​ពលរដ្ឋ​ជាង ១០០​គ្រួសារ (១៦១​គ្រួសារ) ក្នុង​ភូមិ​១៣មករា សង្កាត់​ព្រែកព្រះស្ដេច ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង កន្លង​មក ដែល​អាជ្ញាធរ​ខេត្ត​បាត់ដំបង តែងតែ​ធ្វើ​សកម្មភាព​បណ្តេញ​ពួកគាត់​ចេញពី​លំនៅឋាន ក្រោម​លេស​ថា ដី​ដែល​ពួកគាត់​រស់នៅ​បច្ចុប្បន្ន​នេះ​គឺជា​ដី​សាធារណៈ​របស់​រដ្ឋ និង​ស្ថិត​ក្នុង​គម្រោង​សួនច្បារ​ក្រុង​បាត់ដំបង ខណៈ​ពលរដ្ឋ​បាន​រស់នៅ​កាន់កាប់​អាស្រ័យ​ផល​លើ​ដី​នោះ​តាំងពី​អំឡុង​ទសវត្សរ៍​១៩៨០ មក​ម្ល៉េះ។

លោក​វរសេនីយ៍ទោ មី ដារ៉ា អះអាង​ថា ក្រៅពី​ចោទ​រូបលោក​ថា​ជា​ចារកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ អាជ្ញាធរ​មាន​សមត្ថកិច្ច​ក៏​បាន​ចោទ​លោក​ថា​បាន​ធ្វើ​សកម្មភាព​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​ផង​ដែរ បន្ទាប់ពី​លោក​ធ្វើការ​តវ៉ា​ទាមទារ​ប្រាក់បៀវត្ស​របស់​ខ្លួន ដែល​ការិយាល័យ​អភិវឌ្ឍន៍​នៃ​យោធភូមិភាគ​ទី​៥ បាន​បង្កក​តាំង​ឆ្នាំ​២០២០ មក។

លោក មី ដារ៉ា បញ្ជាក់​ថា ការិយាល័យ​អភិវឌ្ឍន៍​នៃ​យោធភូមិភាគ​ទី​៥ បាន​សម្រេច​ចេញ​លិខិត​បង្កក​ប្រាក់បៀវត្ស​របស់​លោក​ចាប់តាំងពី​ថ្ងៃទី​១០ ខែ​មេសា ឆ្នាំ​២០២០ រហូត​ដល់​ពេលនេះ ខណៈ​ខ្លឹមសារ​ក្នុង​លិខិត​បង្កក​ប្រាក់បៀវត្ស​នោះ មេបញ្ជាការ​រង​នៃ​យោធភូមិភាគ​ទី​៥ លោក សេង ធារិន បាន​ចោទ​ថា រូបលោក​មិន​បាន​បំពេញ​ការងារ​ទៅ​តាម​ភារកិច្ច​ដែល​ថ្នាក់​លើ​បាន​ដាក់​ឱ្យ បើ​ទោះបីជា​រូបលោក​ដាក់​លិខិត​ទៅ​ថ្នាក់​លើ​ស្នើសុំ​បើក​ប្រាក់បៀវត្ស​ជាច្រើន​លើក​ហើយ​ក៏ដោយ។

ការ​អះអាង​នេះ ធ្វើឡើង​ក្នុង​របាយការណ៍​មួយ​ដែល​លោក មី ដារ៉ា ដាក់​ជូន​អង្គការ​សហប្រជាជាតិ​ដើម្បី​ស្នើសុំ​ការ​ជួយ​អន្តរាគមន៍​ការពារ​សុវត្ថិភាព​ផ្ទាល់ខ្លួន បន្ទាប់ពី​រង​នូវ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច​ក្នុង​ខេត្ត​បាត់ដំបង អស់​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លង​មក​នេះ។

កាលពី​ថ្ងៃទី​៣១ ខែ​តុលា ឆ្នាំ​២០២៣ នាយករង​ការិយាល័យ​អភិវឌ្ឍន៍​ភូមិភាគ​៥ ខេត្ត​បាត់ដំបង លោក មី ដារ៉ា បាន​ធ្វើ​របាយការណ៍​មួយ​ដោយ​ស្នើ​ឱ្យ​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា ជួយ​ការពារ​សុវត្ថិភាព និង​សន្តិសុខ​ផ្ទាល់ខ្លួន បន្ទាប់ពី​អាជ្ញាធរ​ខេត្ត​បាត់ដំបង គំរាមកំហែង​ដល់​អាយុជីវិត​របស់​លោក និង​ក្រុម​គ្រួសារ និង​សុំ​ឱ្យ​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា ជួយ​អន្តរាគមន៍​រក​យុត្តិធម៌​ឱ្យ​ពលរដ្ឋ​ទាំង ១៦១​គ្រួសារ ទទួល​បាន​ដីធ្លី​ដែល​ពួកគេ​កំពុង​កាន់កាប់​ធ្វើ​ជា​កម្មសិទ្ធិ​ស្រប​ច្បាប់​ផង​ដែរ។

របាយការណ៍​ដដែល​ឲ្យ​ដឹង​ថា ពលរដ្ឋ​ទាំង ១៦១​គ្រួសារ រួម​ទាំង​ក្រុម​គ្រួសារ​របស់​លោក​ផ្ទាល់ មិន​ទាន់​ទទួល​បាន​ការ​បញ្ជាក់​ពី​អាជ្ញាធរ​ក្រុង​បាត់ដំបង ឱ្យ​ពួកគាត់​មាន​សិទ្ធិ​កាន់កាប់​ដី​ដែល​ពួកគាត់​កំពុង​រស់នៅ​ជាក់ស្តែង​នៅឡើយ​ទេ បើ​ទោះបីជា​ដី​នោះ​ពួកគាត់​បាន​កាន់កាប់ និង​អាស្រ័យ​ផល​តាំងពី​ឆ្នាំ​១៩៨៣ មក​ហើយ​ក៏ដោយ។ ផ្ទុយទៅវិញ អាជ្ញាធរ​មាន​តែ​ធ្វើ​ទុក្ខបុកម្នេញ​លើ​ពួកគាត់​ជា​រៀង​រាល់​ថ្ងៃ ដោយ​ការ​គំរាមកំហែង​តាម​រូបភាព​ផ្សេងៗ ដូចជា ការ​ព្រមាន​ដាក់​ខ្នោះ ជាដើម ប្រសិនបើ​ពលរដ្ឋ​រូប​ណា​ហ៊ាន​សាងសង់​លំនៅឋាន​ថ្មី​លើ​សំណង់​ចាស់​ដែល​ធ្លាប់​មាន​ស្រាប់ ឬ​លើ​ដី​ដែល​ទំនេរ ជាពិសេស​គឺ​រូបលោក​ដែល​ជា​តំណាង​ពលរដ្ឋ​រងគ្រោះ​តែម្តង។

ជម្លោះ​ដីធ្លី​ស្រដៀង​គ្នា​នេះ បាន​កើតឡើង​ពេញ​ផ្ទៃ​ប្រទេស ទោះបីជា​ពលរដ្ឋ​បាន​រស់នៅ និង​កាន់កាប់​អាស្រ័យ​ផល​លើ​ដី​របស់​ខ្លួន​អស់​រយៈពេល​រាប់​សិប​ឆ្នាំ​មក​ហើយ​ក៏ដោយ ក៏​អាជ្ញាធរ​ដែល​ចង់​បាន​ដី​នោះ នៅតែ​អះអាង​ថា ពលរដ្ឋ​បាន​រស់នៅ​លើ​ដី​សាធារណៈ​របស់​រដ្ឋ​ដោយ​ខុស​ច្បាប់​ដដែល។

ជុំវិញ​បញ្ហា​នេះ គេ​សង្កេត​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា​តាំងពី​ជំនាន់​លោក ហ៊ុន សែន រហូត​ដល់​ជំនាន់​លោក ហ៊ុន ម៉ាណែត នៅ​ពេលនេះ មិន​អាច​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី​នេះ​បាន​នៅឡើយ​ទេ បើ​ទោះបីជា​លោក ហ៊ុន សែន ធ្លាប់​បង្ហាញ​ពី​វិធានការ​ក្តៅ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ កាលពី​គាត់​នៅ​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ក៏ដោយ។

ជាក់ស្តែង កាលពី​ឆ្នាំ​អំឡុង​ឆ្នាំ​២០២១ លោក ហ៊ុន សែន បាន​លើកឡើង​ថា ប្រសិនបើ​ដី​របស់​រដ្ឋ​ដែល​មាន​ពលរដ្ឋ​កាន់កាប់​រស់នៅ​អាស្រ័យ​ផល ត្រូវតែ​ប្រគល់​ជូន​ពួកគាត់ ព្រោះ​ដី​ទាំងនោះ​មិន​មែន​ជា​ដី​ដូនតា​របស់​មន្ត្រី​រដ្ឋាភិបាល​ក្នុង​មូលដ្ឋាន​នោះ​ទេ ដូច្នេះ​គ្មាន​ហេតុផល​ណា​មួយ​ដែល​ពួកគេ​មិន​ចែក​ដី​ឱ្យ​ពលរដ្ឋ​ក្នុង​ពេល​ដែល​ពលរដ្ឋ​ទាំងនោះ​បាន​កាន់កាប់ និង​អាស្រ័យ​លើ​ដី​នោះ​រាប់​សិប​ឆ្នាំ​មក​ហើយ​នោះ។

បើ​ទោះបីជា​លោក ហ៊ុន សែន ធ្លាប់​ស្ដីបន្ទោស​មន្ត្រី​ក្រោម​ឱវាទ​ជុំវិញ​ការ​រំលោភ​យក​ដី​ពលរដ្ឋ​ពី​សំណាក់​មន្ត្រី​របស់​ខ្លួន​ក៏ដោយ ក៏​គេ​នៅតែ​ឃើញ​ថា មន្ត្រី​ទាំងនោះ​នៅតែ​មិន​អនុវត្ត​តាម​ការ​ណែនាំ​របស់​លោក ហ៊ុន សែន ដដែល ហើយ​ពួកគេ​បែរ​ជា​បន្ត​ការ​រំលោភ​ដីធ្លី​ពលរដ្ឋ ក្រោម​ល្បិចកល​ផ្សេងៗ ដូចជា ចោទ​ជនរងគ្រោះ​ថា​ជា​អ្នកគាំទ្រ​បក្ស​ប្រឆាំង​ដែល​មក​រស់នៅ​លើ​ដី​សាធារណៈ​របស់​រដ្ឋ ជាដើម ខណៈ​ស្ថាប័ន​ពាក់ព័ន្ធ​ក៏​មិន​សូវ​ឃើញ​ធ្វើការ​ស៊ើបអង្កេត​ដើម្បី​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ​លើ​ករណី​ទាំងនេះ​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស