35 C
Phnom Penh

លោក ហ៊ុន សែន កាត់​ដី​ជិត​៣០​ហិកតារ​ពី​ឧទ្យាន​ជាតិ​កែប​ជួល​ឱ្យ​កូនស្រី​យាយ​ភូ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ខ្លាំង​ក្រាញ​អំណាច​ដែល​ចូលចិត្ត​កាត់​ដី​ទន្លេ កាត់​ដី​បឹង កាត់​ដី​ព្រៃ លោក ហ៊ុន សែន ឥឡូវ​នេះ​លោក​បាន​បញ្ជា​ឲ្យ​កាត់​ដី​ជិត ៣០​ហិកតារ​ចេញពី​ឧទ្យាន​ជាតិ​កែប ដើម្បី​ជួល​ឲ្យ​ក្រុមហ៊ុន វ័ន ម៉រ (One More Ltd.) របស់​ឧកញ៉ា ជឹង សុគន្ធាវី ជា​កូនស្រី​របស់​អ្នកស្រី ជឹង សុភាព ហៅ​យាយ​ភូ ក្រោម​ហេតុផល​អភិវឌ្ឍ​ទៅ​ជា​តំបន់​ទេសចរណ៍។

អនុក្រឹត្យ​ចុះ​ថ្ងៃទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ដែល​សារព័ត៌មាន ឌឹ ខេមបូឌា ដេលី ទើប​ទទួល​បាន​ឲ្យ​ដឹង​ថា បុរស​ខ្លាំង​ក្រាញ​អំណាច​ត​ពូជ​នៅ​កម្ពុជា លោក ហ៊ុន សែន បាន​សម្រេច​ធ្វើ​អនុបយោគ​ដី​សាធារណៈ​របស់​រដ្ឋ​លើ​ទំហំ ២៩​ហិកតារ ស្ថិត​ក្នុង​ភូមិសាស្ត្រ​សង្កាត់​ព្រៃធំ ក្រុង​កែប ខេត្ត​កែប មក​ជា​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ ដើម្បី​ជួល​ឲ្យ​ក្រុមហ៊ុន វ័ន ម៉រ (One More Ltd.) សម្រាប់​វិនិយោគ​លើ​គម្រោង​អភិវឌ្ឍន៍​ទេសចរណ៍​ផ្សារភ្ជាប់​នឹង​ធម្មជាតិ។

ឧកញ៉ា ជឹង សុគន្ធាវី មិនមែន​បាន​ដី​តែ​នៅ​ឧទ្យាន​ជាតិ​កែប​ជិត ៣០​ហិកតារ​ឡើយ កាលពី​ថ្ងៃទី​២៧ ខែ​មិថុនា ឆ្នាំ​២០២២ លោក ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​ផ្តល់​ដី​ឧទ្យាន​ជាតិ​គិរីរម្យ​ចំនួន ២២១​ហិកតារ​ស្ថិត​ក្នុង​ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ឲ្យ​ក្រុមហ៊ុន វ័ន ម៉រ (One More) របស់​អ្នកឧកញ៉ា ជឹង សុគន្ធាវី ធ្វើ​ជា​កម្មសិទ្ធិ​ជា​រៀង​រហូត​ផង​ដែរ។

លើស​ពី​នេះ កាលពី​ថ្ងៃទី​១៩ ខែ​កក្កដា ឆ្នាំ​២០២២ លោក ហ៊ុន សែន បាន​កាត់​ផ្ទៃដី​ចំនួន ៧០​ហិកតារ​ទៀត​ស្ថិត​នៅ​ដែន​ជម្រក​សត្វព្រៃ​កែវសីមា ក្នុង​សង្កាត់​រមនា ក្រុង​សែនមនោរម្យ ខេត្ត​មណ្ឌលគិរី ឲ្យ​ទៅ​ក្រុមហ៊ុន One Prosperity ដែល​ជា​ក្រុមហ៊ុន​ជាប់​ខ្សែស្រឡាយ​ជាមួយ​នឹង​អ្នកស្រី ជឹង សុភាព យក​ទៅ​វិនិយោគ​ជា​តំបន់​អេកូ​ទេសចរណ៍។

ក្រៅពី​កាត់​ដី​នៅ​ខេត្ត​កែប និង​ខេត្ត​មណ្ឌលគិរី នៅ​ថ្ងៃទី​២៦ ខែ​កក្កដា ឆ្នាំ​២០២២ ដដែល លោក ហ៊ុន សែន ក៏​បាន​ចេញ​អនុក្រឹត្យ​កាត់​ដី​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់ ទំហំ ៦៤៩​ហិកតារ ស្ថិត​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់ ឃុំ​ក្តុលសែនជ័យ និង​ឃុំ​ជៀប ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង ឲ្យ​ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (One Fraternity Co, LTD) របស់​អ្នកឧកញ៉ា ជឹង សុគន្ធាវី ធ្វើ​ជា​កម្មសិទ្ធិ​ផង​ដែរ។

អ្នកស្រី ជឹង សុគន្ធាវី ដែល​ទើប​ទទួល​ងារ​ជា​ឧកញ៉ា​កាលពី​ឆ្នាំ​២០២១ នោះ គឺជា​ម្ចាស់​ក្រុមហ៊ុន វ័ន ម៉រ (One More Ltd.) និង​ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (One Fraternity Co., LTD) ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​ពាណិជ្ជកម្ម​កាលពី​ឆ្នាំ​២០១៩។

លោកស្រី ជឹង សុគន្ធាវី ជា​កូនស្រី​របស់​លោកស្រី ជឹង សុភាព ហៅ​យាយ​ភូ អនុប្រធាន​កាកបាទក្រហម​ដែល​ជា​ភរិយា​របស់​លោក ឡៅ ម៉េងឃីន សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ស្និទ្ធ​នឹង​គ្រួសារ​របស់​លោក ហ៊ុន សែន។

ទំនិញ និង​សេវាកម្ម​ជាច្រើន​របស់​ក្រុមហ៊ុន វ័ន ម៉រ មាន​ដូចជា ទឹកបរិសុទ្ធ​ឱរ៉ាល់ មី​ជាតិ ភោជនីយដ្ឋាន វ័ន ម៉រ ដែល​ស្ថិត​ក្រោម​ក្រុមហ៊ុន NVC Corporation។

ប៉ុន្តែ​បន្ទាប់ពី​រដ្ឋាភិបាល​កាត់​ដី​ឧទ្យាន​ជាតិ​ឲ្យ​ក្រុមហ៊ុន​ឯកជន​នេះ ក្រុម​សកម្មជន​បរិស្ថាន​បាន​នាំគ្នា​ធ្វើ​យុទ្ធនាការ​មួយ ដោយ​ឈប់​ប្រើ​ផលិតផល​ក្រុមហ៊ុន​កូនស្រី​យាយ​ភូ ដោយ​ថា​ដើម្បី​សង្គ្រោះ​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់។

ក្រៅពី​ធ្វើ​យុទ្ធនាការ​ហើយ នៅ​ថ្ងៃទី​២២ ខែ​ឧសភា កន្លងទៅ យុវជន​ស្រឡាញ់​បរិស្ថាន​ជិត ២០​នាក់ បាន​នាំគ្នា​យក​ញត្តិ​ទៅ​ដាក់​នៅ​ក្រសួង​បរិស្ថាន ដើម្បី​ស្នើ​ទៅ​លោក សាយ សំអាល់ ឲ្យ​ដកហូត​ដី​នៅ​តំបន់​ឧទ្យាន​ជាតិ​ចំនួន​៣ ពី​វិស័យ​ឯកជន​ឲ្យ​មក​ទុក​ជា​សម្បត្តិ​រដ្ឋ​វិញ។ ក្រៅពី​ឲ្យ​ដក​ដី​នៅ​តំបន់​ឧទ្យាន​ជាតិ​ហើយ ពួកគេ​ក៏​បាន​ស្នើ​ទៅ​ក្រសួង​បរិស្ថាន បញ្ឈប់​សកម្មភាព​កាត់​ដី​ព្រៃ​ធម្មជាតិ​នៅ​តំបន់​ការពារ​ឲ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​ផង​ដែរ។

សំណើ​របស់​ក្រុម​យុវជន​ទាំងនោះ មិន​ត្រូវ​បាន​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ដោះស្រាយ​ឡើយ ផ្ទុយទៅវិញ ក្រសួង​បរិស្ថាន​បែរជា​ព្រមាន​ចាត់​វិធានការ​លើ​ក្រុម​យុវជន និង​អ្នក​ចូលរួម​ទាមទារ​ឲ្យ​ដកហូត​ដី​នៅ​តំបន់​ឧទ្យាន​ជាតិ​ចំនួន​៣ ពី​វិស័យ​ឯកជន​ឲ្យ​មក​ទុក​ជា​សម្បត្តិ​រដ្ឋ​ទៅវិញ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស