34 C
Phnom Penh

លោក ហ៊ុន សែន កំណត់​យក​ថ្ងៃទី​២៩ ខែ​កក្កដា ជា​ថ្ងៃ​បង្កើត​រដ្ឋាភិបាល​ថ្មី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំ​ក្រាញ​អំណាច​ត​ត្រកូល​លោក ហ៊ុន សែន បាន​កំណត់​យក​ថ្ងៃទី​២៩ ខែ​កក្កដា ជា​ថ្ងៃ​បង្កើត​រដ្ឋាភិបាល​ថ្មី​របស់​បក្ស​ប្រជាជន​កម្ពុជា ហើយ​ក៏​ជា​ថ្ងៃ​ដែល​មន្ត្រី​រដ្ឋាភិបាល​ទាំងអស់​ត្រូវ​ស្បថ​ចូល​កាន់​តំណែង​តែម្តង ប្រសិនបើ​គ្មាន​ការ​បោះឆ្នោត​ឡើងវិញ​ទេ​នោះ។

បុរស​ខ្លាំង​រូប​នេះ​បាន​លើកឡើង​ក្នុង​ពិធី​សម្ពោធ​អគារ​សាលា​យុត្តិធម៌​របស់​ក្រសួង​យុត្តិធម៌ ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៦ ខែ​មិថុនា ឆ្នាំ​២០២៣ នេះ​ថា លោក​បាន​កំណត់​យក​ថ្ងៃទី​២៨ ខែ​មិថុនា ឆ្នាំ​២០២៣ ជា​ថ្ងៃ​ដែល​ព្រះមហាក្សត្រ​សម្តេច​ព្រះ​នរោត្តម សីហមុនី យាង​ទៅ​បើក​កិច្ចប្រជុំ​សភា​លើកដំបូង បន្ទាប់ពី​ការ​បោះឆ្នោត​ជាតិ​នៅ​ថ្ងៃទី​២៣ ខែ​កក្កដា រួចរាល់ និង​ប្រសិនបើ​គ្មាន​ការ​បោះឆ្នោត​ឡើងវិញ​ទេ​នោះ។

លោក ហ៊ុន សែន បញ្ជាក់​ថា ព្រឹក​ថ្ងៃទី​២៨ ព្រះមហាក្សត្រ​ខ្មែរ​នឹង​បើក​កិច្ចប្រជុំ​សភា​លើកដំបូង ហើយ​នៅ​ល្ងាច​ថ្ងៃ​ដដែល​នោះ សមាជិក​សភា​នឹង​ស្បថ​ចូល​កាន់​តំណែង​របស់​ខ្លួន។ លោក ហ៊ុន សែន បន្ថែម​ថា ក្រោយពី​សភា​ស្បថ​ចូល​កាន់​តំណែង​រួចរាល់ នៅ​ព្រឹក​ថ្ងៃទី​២៩ កក្កដា រដ្ឋាភិបាល​ថ្មី​នឹង​ត្រូវ​បង្កើត​ឡើង ព្រមទាំង​ត្រូវ​ស្បថ​ចូល​កាន់​តំណែង​នៅ​ល្ងាច​ថ្ងៃទី​២៩ ខែ​កក្កដា នោះ​តែម្តង ខណៈ​សមាជិក​រាជរដ្ឋាភិបាល​ថ្មី​អាច​នឹង​ត្រូវ​បើក​កិច្ចប្រជុំ​លើកដំបូង​នៅ​ថ្ងៃទី​៣០ ឬ​ទី​៣១ ខែ​កក្កដា ផង​ដែរ។

ការ​ប្រកាស​ពី​ការ​កំណត់​យក​ថ្ងៃ​បង្កើត​រដ្ឋាភិបាល​ថ្មី​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច​នេះ ត្រូវ​គេ​មើល​ឃើញ​ថា លោក ហ៊ុន សែន បាន​រៀបចំ​កិច្ចការ​នេះ​តាំងពី ១​ឆ្នាំ​មុន​មក​ម្ល៉េះ ដើម្បី​ការ​បង្កើត​រដ្ឋាភិបាល​អាណត្តិ​ទី​៧ នេះ ហើយ​ក៏​ជា​មូលហេតុ​មួយ​ក្នុង​ការ​បើក​ទ្វារ​បន្ត​អំណាច​ឱ្យ​កូនប្រុស​គាត់​ដឹកនាំ​បន្ត​ទៅ​ថ្ងៃ​មុខ​ផង​ដែរ។

រដ្ឋាភិបាល​ថ្មី​អាណត្តិ​ទី​៧ របស់​គណបក្ស​ប្រជាជន​កម្ពុជា នឹង​ត្រូវ​បង្កើត​ឡើង​ក្រោម​មាត្រា​ថ្មីៗ​មួយ​ចំនួន​នៃ​រដ្ឋធម្មនុញ្ញ ដែល​បាន​ធ្វើ​វិសោធនកម្ម​ដោយ​រដ្ឋសភា​ឯក​បក្ស​របស់​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ដែល​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន បាន​គ្រោង​ទុក​តាំងពី​អំឡុង​ខែ​មិថុនា ឆ្នាំ​២០២២ មក​ម្ល៉េះ។

កាលពី​ថ្ងៃទី​៨ ខែ​កក្កដា ឆ្នាំ​២០២២ លោក ហ៊ុន សែន បាន​ស្នើសុំ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ធម្មនុញ្ញ​ចំនួន ៨​មាត្រា ដែល​អង្គការ​ក្រៅ​រដ្ឋាភិបាល ក្រុម​អ្នកវិភាគ និង​បក្ស​ក្រៅ​រដ្ឋាភិបាល មើល​ឃើញ​ថា ការ​កែ​រដ្ឋធម្មនុញ្ញ​នោះ គឺ​ដើម្បី​បម្រើ​ផល​ប្រយោជន៍​នយោបាយ​របស់​បក្ស​កាន់​អំណាច ជាពិសេស​ដើម្បី​ធានា​នូវ​ការ​ផ្ទេរ​អំណាច​ទៅ​លោក ហ៊ុន ម៉ាណែត ធ្វើ​ជា​នាយករដ្ឋមន្ត្រី​បន្ត​វេន​ពី​រូបលោក​តែប៉ុណ្ណោះ។

មាត្រា​ចំនួន​៨ ដែល​គេ​មើល​ឃើញ​ថា មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន បាន​កែប្រែ​ដើម្បី​ធានា​នូវ​ការ​បង្កើត​រដ្ឋាភិបាល​សម្រាប់​អាណត្តិ​ទី​៧ ឆ្នាំ​២០២៣ នេះ ដូចជា​មាត្រា ១៩​ថ្មី (មួយ) មាត្រា​៨៩ មាត្រា​៩៨​ថ្មី មាត្រា​១០២​ថ្មី និង​មាត្រា​១១៩​ថ្មី (មួយ) ជាដើម។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា បើ​ប្រៀបធៀប​លើ​ខ្លឹមសារ​នៃ​មាត្រា ១១៩​ចាស់ ដែល​បាន​ចែង​ថា តាម​សេចក្តី​ស្នើសុំ​ពី​ប្រធាន​ដោយ​មាន​មតិ​ឯកភាព​ពី​អនុប្រធាន​ទាំង​ពីរ​នៃ​រដ្ឋសភា ព្រះមហាក្សត្រ​ទ្រង់​ចាត់តាំង​វរជន​មួយ​រូប​ក្នុង​ចំណោម​តំណាងរាស្ត្រ​នៃ​គណបក្ស​ដែល​ឈ្នះ​ឆ្នោត​ឲ្យ​បង្កើត​រាជរដ្ឋាភិបាល។

ប៉ុន្តែ ខ្លឹមសារ​ដែល​បាន​កែប្រែ​ថ្មី​បាន​ចែង​ផ្ទុយ​ពី​ខ្លឹមសារ​ចាស់ ដោយ​កំណត់​ថា តាម​សេចក្តី​ស្នើសុំ​ពី​គណបក្ស​ដែល​មាន​អាសនៈ​ច្រើន​ជាងគេ​ក្នុង​រដ្ឋសភា ព្រះមហាក្សត្រ​ទ្រង់​ចាត់តាំង​វរជន​មួយ​រូប​ជា​នាយករដ្ឋមន្ត្រី​ឲ្យ​បង្កើត​រាជរដ្ឋាភិបាល​តែម្តង ដែល​ខ្លឹមសារ​នេះ​បាន​បង្ហាញ​ពី​ការ​ប្រគល់​សិទ្ធិ​អំណាច​ទាំងស្រុង​ទៅ​លើ​មេដឹកនាំ​គណបក្ស​កាន់​អំណាច ដែល​មាន​ចេតនា​បំបិទ​ចោល​នូវ​ការ​ជំទាស់​របស់​អនុប្រធាន​រដ្ឋសភា​ណា​មួយ​ដែល​អាច​កើតមាន​ឡើង​នៅ​ថ្ងៃ​បង្កើត​រដ្ឋាភិបាល​នោះ។

ប្រភព​ដដែល​បញ្ជាក់​ថា ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​កាលពី​ឆ្នាំ​២០២២ កន្លង​ទៅ​នោះ គេ​អាច​មើល​ឃើញ​យ៉ាង​ច្បាស់​ពី​បំណង​របស់​លោក ហ៊ុន សែន ដែល​មាន​ផែនការ​កាត់បន្ថយ​អំណាច តួនាទី និង​តម្លៃ​សភា​ជាតិ​ដែល​ជា​ស្ថាប័ន​តំណាង​ឱ្យ​ឆន្ទៈ​របស់​ពលរដ្ឋ មិន​ឱ្យ​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​របស់​កូនប្រុស​របស់​គាត់ គឺ​លោក ហ៊ុន ម៉ាណែត ត្រូវ​ដឹកនាំ​ទៅ​ថ្ងៃ​មុខ​នោះ​ទេ។

ទាក់ទិន​នឹង​បញ្ហា​នេះ អ្នកវិភាគ​នយោបាយ​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​លើកឡើង​កាលពី​ពេល​កន្លងទៅ​ថា នៅ​ពេល​ដែល​ស្ថាប័ន​បង្កើត​ច្បាប់ គឺ​រដ្ឋសភា បាន​រណប​ខ្លួន​ជាមួយ​ស្ថាប័ន​នីតិប្រតិបត្តិ​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន ដូច​សព្វថ្ងៃ​នេះ​ទៅ​ហើយ នោះ​ច្បាស់​ជា​នឹង​ធ្វើ​ឲ្យ​របប​នយោបាយ​កម្ពុជា​ឃ្លាត​ឆ្ងាយ​ពី​របប​នយោបាយ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស​ជាមិនខាន ហើយ​ក៏​នឹង​កាន់តែ​ធ្វើ​ឲ្យ​ឃ្លាត​ឆ្ងាយ​ពី​ឆន្ទៈ​របស់​ពលរដ្ឋ និង​ផល​ប្រយោជន៍​ជាតិ ដូច​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ថែម​ទៀត៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស