31 C
Phnom Penh

លោក ហ៊ុន សែន បញ្ជា​ឱ្យ​បាញ់​ទម្លាក់​យន្តហោះ​ដ្រូន​ដែល​ហោះ​ចូល​ទឹកដី​កម្ពុជា​ក្នុង​ខេត្ត​រតនគិរី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន បញ្ជា​ឱ្យ​មន្ត្រី​ជាន់ខ្ពស់​នៃ​កងកម្លាំង​ប្រដាប់​អាវុធ​សំខាន់ៗ​ត្រៀម​កាំភ្លើង​សម្រាប់​បាញ់​យន្តហោះ​យ៉ាងតិច​ឱ្យ​បាន ១០០​គ្រឿង ដើម្បី​ត្រៀម​បាញ់​ទម្លាក់​យន្តហោះ​បញ្ជា​ដ្រូន (Drone) គ្មាន​ប្រភព​ជាច្រើន​គ្រឿង ដែល​បាន​ហោះ​ចូល​ទឹកដី​កម្ពុជា​ជាប់​ព្រំដែន​វៀតណាម នៅ​ភូមិភាគ​ឦសាន​ក្នុង​ខេត្ត​រតនគិរី ក្នុង​រយៈពេល​ប៉ុន្មាន​យប់​ចុងក្រោយ​នេះ។

លោក ហ៊ុន សែន បាន​បញ្ចេញ​សារ​សំឡេង​តាម​ប្រព័ន្ធ​ទំនាក់ទំនង​តេឡេក្រាម​នៅ​ថ្ងៃទី​២៧ មិថុនា នេះ ដោយ​បញ្ជា​ឱ្យ​រដ្ឋមន្ត្រី​ការពារ​ជាតិ​លោក ទៀ បាញ់ អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ​លោក វង្ស ពិសេន និង​មេ​បញ្ជាការដ្ឋាន​កង​អង្គរក្ស​លោក ហ៊ីង ប៊ុនហៀង បញ្ចេញ​អាវុធ​បាញ់​យន្តហោះ​ជាបន្ទាន់ និង​ឱ្យ​បាន​ច្រើន​ជាទីបំផុត ដើម្បី​ផ្គុំ​បាញ់​ទម្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើក ឬ​ដ្រូន (Drone) ដែល​បាន​ហោះ​ចូល​ទឹកដី​កម្ពុជា​ដោយ​គ្មាន​ប្រភព​កាលពី​ពេល​ថ្មីៗ​នេះ។

មេដឹកនាំ​ខ្មែរ លោក ហ៊ុន សែន ចាត់ទុក​ដ្រូន (Drone) ដែល​បាន​ហោះ​ចូល​ទឹកដី​កម្ពុជា​ទាំងនោះ​ថា​ជា​ឧបករណ៍​ស៊ើប​ការណ៍​របស់​បច្ចាមិត្ត​ដែល​បំពាន​លើ​ដែន​អធិបតេយ្យ​របស់​កម្ពុជា បន្ទាប់ពី​រដ្ឋាភិបាល​វៀតណាម​បាន​បដិសេធ​ពី​វត្តមាន​របស់​ដ្រូន (Drone) ទាំងនោះ ក្រោយ​ការ​សាកសួរ​ពី​ភាគី​ខាង​កម្ពុជា​រួច​មក។

មេដឹកនាំ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ លោក ហ៊ុន សែន សង្កត់​ធ្ងន់​ថា ត្រូវតែ​បាញ់​ទម្លាក់​ដ្រូន (Drone)​នេះ​ឱ្យខាងតែ​បាន ដើម្បី​ឱ្យ​ដឹង​ថា​យន្តហោះ​គ្មាន​មនុស្ស​បើក​ទាំងនោះ​ជា​របស់​អ្នក​ណា។

លោក ហ៊ុន សែន គូស​បញ្ជាក់​ថា អាវុធ​ដែល​ត្រូវ​បញ្ចេញ​នៅ​ពេលនេះ គឺជា​អាវុធ​ទំនើប​របស់​កម្ពុជា​ដែល​មាន​សមត្ថភាព​អាច​បាញ់​ទម្លាក់​យន្តហោះ​បាន ដូច្នេះ​កងកម្លាំង​ប្រដាប់​អាវុធ​ទាំងនោះ​ត្រូវ​បាញ់​ទម្លាក់​ដ្រូន​ទាំងនោះ​ឱ្យ​បាន ប្រសិនបើ​យន្តហោះ​គ្មាន​មនុស្ស​បើក​ទាំងនោះ​ហោះ​មក​ចូល​ទឹកដី​កម្ពុជា​ម្តង​ទៀត។

ក្រោយ​បញ្ជា​របស់​លោក ហ៊ុន សែន នៅ​រសៀល​ថ្ងៃទី​២៧ ខែ​មិថុនា ឆ្នាំ​២០២៣ នេះ លោក ហ៊ីង ប៊ុនហៀង អគ្គ​មេបញ្ជាការ​រង និង​ជា​មេបញ្ជាការ​បញ្ជាការដ្ឋាន​អង្គរក្ស បាន​បញ្ចេញ​កម្លាំង​ទ័ព​ចំនួន ៥០០​នាក់ រួម​ជាមួយ​អាវុធ ២០០​ដើម​ទៅ​កាន់​តំបន់​ព្រំដែន​ក្នុង​ខេត្ត​រតនគិរី ជាប់​ព្រំដែន​វៀតណាម ភ្លាមៗ ដើម្បី​បាញ់​កម្ទេច​យន្តហោះ​គ្មាន​មនុស្ស​បើក​ដែល​ហោះ​ចូល​មក​ទឹកដី​នៃ​ប្រទេស​កម្ពុជា​នោះ។

កាលពី ២​សប្តាហ៍​កន្លងទៅ​មាន​ក្រុម​បះបោរ​ដែល​លោក​សំដៅ​ទៅ​លើ​ជនជាតិ​ភាគតិច​ម៉ុងតាញ៉ា​វៀតណាម បាន​បើក​ការ​វាយលុក​ទៅ​លើ​សាលាឃុំ​ចំនួន​ពីរ​របស់​វៀតណាម ស្ថិត​នៅ​ជាប់​គ្នា​នឹង​ខេត្ត​រតនគិរី ក្នុង​ពេល​តែ​មួយ ដែល​បណ្តាល​ឲ្យ​មេឃុំ លេខា​បក្ស​ឃុំ ប៉ូលិស និង​ពលរដ្ឋ​មួយ​ចំនួន​ត្រូវ​បាន​សម្លាប់។

ទាក់ទិន​ទៅ​នឹង​បញ្ហា​នេះ បុរស​ខ្លាំង​ក្រាញ​អំណាច លោក ហ៊ុន សែន ក៏​បាន​ចេញ​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ផង​ដែរ​ទៅ​កាន់​កម្លាំង​ប្រដាប់​អាវុធ​កម្ពុជា ជាពិសេស​នៅ​តាម​ព្រំដែន​កម្ពុជា-វៀតណាម ក្នុង​ទឹកដី​ខេត្ត​រតនគិរី និង​ខេត្ត​មណ្ឌលគិរី ដែល​ត្រូវ​បង្កើន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ត្រៀម​ទប់ស្កាត់​ក្រុម​បះបោរ​ជនជាតិ​ភាគតិច​នៃ​ប្រទេស​វៀតណាម ដែល​មាន​បំណង​រត់​ចូល​ក្នុង​ទឹកដី​កម្ពុជា។

សារព័ត៌មាន The Cambodia Daily នៅ​មិនទាន់​អាច​ទាក់ទង​រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា លោក ទៀ បាញ់ ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ករណី​នេះ​បាន​នៅឡើយ​ទេ រហូត​ដល់​ម៉ោង​ផ្សាយ​នេះ ហើយ​ក៏​មិនទាន់​មាន​ហេតុការណ៍​ណា​មួយ​ផ្ទុះឡើង​ជុំវិញ​ករណី​នេះ​នៅឡើយ​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស