31 C
Phnom Penh

អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាង​២០​ស្ថាប័ន​ស្នើ​ពន្យារ​ពេល​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​រហូត​បោះឆ្នោត​ជាតិ​រួច​រាល់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាង ២០​ស្ថាប័ន ស្នើ​ឱ្យ​ព្រឹទ្ធសភា និង​ក្រុមប្រឹក្សាធម្មនុញ្ញ​ពន្យារ​ពេល​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត ដែល​រដ្ឋសភា​ឯក​បក្ស​បាន​អនុម័ត​កាលពី​ពេល​ថ្មីៗ​នេះ រហូត​ដល់​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ ចប់​រួចរាល់ ដើម្បី​ធានា​ថា​សេចក្តី​ព្រាងច្បាប់​នេះ​នឹង​មិន​ប៉ះពាល់​ដល់​ប្រជាធិបតេយ្យ សេរីភាព​នៃ​ការ​បញ្ចេញមតិ សិទ្ធិ​បោះឆ្នោត និង​សិទ្ធិ​ឈរឈ្មោះ​ឱ្យ​គេ​បោះឆ្នោត។

អង្គការ​សង្គម​ស៊ីវិល​ចំនួន ២៤​ស្ថាប័ន បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​កាលពី​ថ្ងៃទី​២៦ មិថុនា ថា ផ្អែក​តាម​ខ្លឹមសារ​នៃ​រដ្ឋធម្មនុញ្ញ​ដែល​បាន​ចែង​អំពី​សិទ្ធិ​ពលរដ្ឋ រាល់​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​មិន​ត្រូវ​រារាំង​ការ​ចូលរួម​របស់​ពលរដ្ឋ​នោះ​ទេ គឺ​ត្រូវតែ​បើក​លំហ​សេរីភាព​គ្រប់​ដំណាក់កាល​ដល់​ពលរដ្ឋ​គ្រប់​រូប​ទាំងអស់ ទាំង​ពេល​បច្ចុប្បន្ន និង​ទៅ​ថ្ងៃ​អនាគត។

អង្គការ​សង្គម​ស៊ីវិល​ខាងលើ រួមមាន សមាគម​ការពារ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា (ADHOC) គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា (COMFREL) និង​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិមនុស្ស (លីកាដូ) ជាដើម សំដែង​នូវ​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ ព្រោះ​ថា​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​បាន​ធ្វើ​ឡើង​យ៉ាង​តក់ក្រហល់​ដោយ​គ្មាន​ការ​ពិគ្រោះ​យោបល់​ជាមួយ​អ្នក​ពាក់ព័ន្ធ រួម​ទាំង​អង្គការ​សង្គម​ស៊ីវិល​នោះ​ឡើយ ដែល​ជា​នីតិវិធី​មួយ​ប្រាសចាក​ពី​ការ​អនុវត្ត​តាម​បែប​លទ្ធិប្រជាធិបតេយ្យ​ទាំងស្រុង។

អង្គការ​ក្រៅ​រដ្ឋាភិបាល​ទាំង​ជាង ២០​ស្ថាប័ន​ខាងលើ​ព្រមាន​ថា ខ្លឹមសារ​នៃ​ច្បាប់​នេះ​គឺ​ផ្ទុយ​ពី​មាត្រា​៣៤​ថ្មី នៃ​រដ្ឋធម្មនុញ្ញ​ទាំងស្រុង ដែល​ចែង​អំពី​សិទ្ធិ​បោះឆ្នោត និង​សិទ្ធិ​ឈរឈ្មោះ​ឱ្យ​គេ​បោះឆ្នោត ព្រោះ​ថា​ខ្លឹមសារ​នៃ​ច្បាប់​ដែល​ត្រូវ​ធ្វើ​វិសោធនកម្ម​នេះ បាន​ដាក់​កំហិត​ដល់​ពលរដ្ឋ​ធ្ងន់ធ្ងរ ដែល​មិន​មាន​លទ្ធភាព​ទៅ​បោះឆ្នោត​រហូត​ធ្វើ​ឱ្យ​ពួកគេ​បាត់បង់​សិទ្ធិ​ឈរឈ្មោះ​ឱ្យ​គេ​បោះឆ្នោត​តែម្តង។

អង្គការ​សមាគម​ខាងលើ​សំណូមពរ​ឱ្យ​រាជរដ្ឋាភិបាល ស្ថាប័ន​រដ្ឋសភា ព្រឹទ្ធសភា បើក​ឱកាស​ឱ្យ​មាន​ការ​ជជែក​ពិភាក្សា​ពី​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​ការ​ចូលរួម​ឱ្យ​បាន​ទូលំទូលាយ​ទៅ​លើ​សេរីភាព​បញ្ចេញមតិ សិទ្ធិ​ចូលរួម​ប្រកួតប្រជែង​ការ​បោះឆ្នោត និង​សិទ្ធិ​បោះឆ្នោត​សម្រាប់​ពលរដ្ឋ​រស់នៅ ឬ​ធ្វើការ​នៅ​ក្រៅ​ប្រទេស ដើម្បី​អាច​ឱ្យ​ពួកគេ​ប្រើប្រាស់​សិទ្ធិ​ពេញលេញ​ស្រប​តាម​រដ្ឋធម្មនុញ្ញ និង​សេចក្តី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិមនុស្ស ក៏ដូចជា​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​ដែល​កម្ពុជា​បាន​ផ្ដល់​សច្ចាប័ន​កាលពី​ឆ្នាំ​១៩៩២ កន្លង​ទៅ​នោះ។

សេចក្តី​ព្រាងច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​បោះឆ្នោត ត្រូវ​បាន​រដ្ឋសភា​ឯក​បក្ស​របស់​គណបក្ស​ប្រជាជន​កម្ពុជា​អនុម័ត​យល់ព្រម​ទាំងស្រុង​ហើយ​កាលពី​ថ្ងៃទី​២៣ ខែ​មិថុនា ឆ្នាំ​២០២៣ បន្ទាប់ពី​មាន​សំណើ​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន កាលពី​ថ្ងៃទី​១២ ខែ​មិថុនា ឆ្នាំ​២០២៣ កន្លងទៅ ដែល​បាន​ស្នើ​ទៅ​កាន់​ប្រធាន​រដ្ឋសភា​លោក ហេង សំរិន សុំ​ឱ្យ​អនុម័ត​សេចក្តី​ព្រាងច្បាប់​ស្ដីពី​ច្បាប់​បោះឆ្នោត​នេះ​ជា​ការ​ប្រញាប់ ក្រោម​ហេតុផល​ថា ដើម្បី​លើក​កម្ពស់​ការ​ទទួល​ខុសត្រូវ​របស់​អ្នក​នយោបាយ​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​ឱ្យ​បាន​មុន​ការ​បោះឆ្នោត​ជាតិ​នា​ខែ​កក្កដា ខាងមុខ​នេះ។

ខ្លឹមសារ​សំខាន់​បំផុត​នៃ​ច្បាប់​ដែល​ត្រូវ​ធ្វើ​វិសោធនកម្ម​នេះ បាន​កំណត់​ថា ប្រជាពលរដ្ឋ​ខ្មែរ​ដែល​មាន​សិទ្ធិ​បោះឆ្នោត និង​មាន​បំណង​ឈរឈ្មោះ​បោះឆ្នោត​ជា​បេក្ខជន​តំណាងរាស្ត្រ ត្រូវតែ​អនុវត្ត​សិទ្ធិ​បោះឆ្នោត​ដោយ​បាន​បោះឆ្នោត​សម្រាប់​ការ​បោះឆ្នោត​ជា​សកល​ចំនួន​ពីរ​លើក​ចុងក្រោយ​ជាប់​គ្នា​ជា​ដាច់ខាត បើ​មិន​ដូច្នោះ​ទេ ពួកគេ​នឹង​បាត់បង់​សិទ្ធិ​ឈរឈ្មោះ​ឱ្យ​គេ​បោះឆ្នោត​ដោយ​ស្វ័យប្រវត្តិ។

ទាក់ទិន​នឹង​បញ្ហា​នេះ ឧត្តម​ស្នងការ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ លោក Volker Turk បាន​លើកឡើង​កាលពី​ថ្ងៃទី​១៦ ខែ​មិថុនា ឆ្នាំ​២០២៣ ថា លោក​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​កាត់បន្ថយ​លំហ​សិទ្ធិ​ពលរដ្ឋ​មុន​ពេល​ការ​បោះឆ្នោត​ជាតិ​នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០២៣ នេះ។ ជាង​នេះ​ទៀត ការ​ព្រមាន​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​នៅ​ពេលនេះ នឹង​ក្លាយ​ជា​ការ​រឹតត្បិត​លើ​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញមតិ និង​ការ​រំលោភ​សិទ្ធិ​របស់​ពលរដ្ឋ​ទាំងអស់​ក្នុង​ការ​ឈរឈ្មោះ​បោះឆ្នោត ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា និង​ឧបករណ៍​សិទ្ធិមនុស្ស​អន្តរជាតិ​ដទៃ​ទៀត​យ៉ាង​ធ្ងន់ធ្ងរ។

មាត្រា​៣៤​ថ្មី​នៃ​រដ្ឋធម្មនុញ្ញ បាន​បញ្ញត្តិ​ថា ប្រជាពលរដ្ឋ​ទាំង​ពីរ​ភេទ​មាន​សិទ្ធិ​បោះឆ្នោត និង​អាច​ឈរឈ្មោះ​ឱ្យ​គេ​បោះឆ្នោត ខណៈ​ខ្លឹមសារ​នៃ​សេចក្តី​ព្រាងច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​ដែល​ធ្វើឡើង​នៅ​ពេលនេះ​មាន​ខ្លឹមសារ​បង្ខំ​ឱ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត ដែល​ផ្ទុយ​ពី​មាត្រា​នៃ​រដ្ឋធម្មនុញ្ញ​ដែល​ចែង​អំពី​សិទ្ធិ​បោះឆ្នោត​របស់​ពលរដ្ឋ​ទាំងស្រុង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស