32 C
Phnom Penh

មេដឹកនាំ​ចិន​ស្នើ​ឱ្យ​មាន​សហប្រតិបត្តិការ​ឈ្នះៗ​ជាមួយ​វៀតណាម ខណៈ​នាវា​ដឹក​យន្តហោះ​ចម្បាំង​អាមេរិក​ចូល​ចត​នៅ​ក្នុង​ដែន​ទឹក​វៀតណាម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ថ្ងៃ​អាទិត្យ ទី​២៥ មិថុនា នាវា​ដឹក​យន្តហោះ​ចម្បាំង​អាមេរិក USS Ronald Reagan ដែល​មាន​កងទ័ព​ជាង ៥​ពាន់​នាក់ និង​អម​ដំណើរ​ដោយ​នាវា​ពីរ​គ្រឿង​ទៀត​ឈ្មោះ USS Antietam និង USS Robert Smalls បាន​ទៅ​ដល់​កំពង់ផែ​ក្រុង​ដាណាង ប្រទេស​វៀតណាម។

វត្តមាន​របស់​កង​នាវា​សហរដ្ឋ​អាមេរិក ដើម្បី​ចូលរួម​អបអរ​សាទរ​ទំនាក់ទំនង​រវាង​វៀតណាម និង​អាមេរិក ដែល​អតីត​គូ​សត្រូវ​នឹង​គ្នា​ប្រារព្ធ​ខួប ១០​ឆ្នាំ​នៃ​ដៃគូ​យុទ្ធសាស្ត្រ​ទ្វេភាគី។

បន្ថែម​លើស​ពី​នេះ គឺជា​ការ​រឹត​ចំណង​ទាក់ទង​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​សំដៅ​ប្រឈម​នឹង​កំណើន​ឥទ្ធិពល​របស់​ចិន នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ដែល​វៀតណាម​ទើប​តែ​ថ្កោលទោស​ចិន​ថ្មីៗ​នេះ​ចំពោះ​ក្រុង​ប៉េកាំង ដែល​បញ្ជូន​នាវា​ខួង​ប្រេង និង​នាវា​ល្បាត​ចូល​ក្នុង​ដែនទឹក​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់​វៀតណាម កាលពី​ថ្ងៃទី​២៦ ខែ​ឧសភា ឆ្នាំ​២០២៣។

សេចក្ដី​ថ្កោលទោស​របស់​វៀតណាម ក៏​បាន​ទាមទារ​ឱ្យ​ចិន​គោរព​អធិបតេយ្យភាព​របស់​វៀតណាម ដោយ​អនុលោម​តាម​ច្បាប់​សមុទ្រ​អន្តរជាតិ​ឆ្នាំ​១៩៨២។

តែ​យ៉ាងណា មិនមែន​ជា​លើកដំបូង​ទេ​ដែល​វៀតណាម ថ្កោលទោស​ចិន​ករណី​បំពាន​ដែនទឹក​វៀតណាម គឺ​ច្រើន​សិប​ដង​ទៅ​ហើយ​រហូត​នាវា​ល្បាត​ប្រទេស​ទាំង​ពីរ​ប៉ះទង្គិច​គ្នា​ទៀត​ផង។

ទង្វើ​របស់​មហា​យក្ស​ចិន​ដូច​នេះ​ហើយ​មើល​ទៅ​ដែល​បាន​រុញ​ឱ្យ​វៀតណាម កាន់តែ​ខិត​ទៅ​រក​សហរដ្ឋ​អាមេរិក រហូត​ប្រទេស​ទាំង​ពីរ​បាន​ដោះដូរ​ទស្សនកិច្ច​មន្ត្រី​កំពូលៗ​ជាមួយ​គ្នា​ញឹកញាប់​ទៀត​ផង។

ទាំង​នៅ​ក្នុង​រដ្ឋការ​លោក ដូណាល់ ត្រាំ និង​លោក ចូ បៃដិន សុទ្ធតែ​បញ្ជូន​រដ្ឋមន្ត្រី​ការបរទេស និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​ទៅ​កាន់​ក្រុង​ហាណូយ។ ក្នុង​ជំនួប​របស់​ពួកគេ បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​ជាច្រើន ក្នុង​នោះ​មាន​ទាំង​វិស័យ​សន្តិសុខ​សមុទ្រ​របស់​វៀតណាម​ទៀត​ផង។

ចុងក្រោយ​នេះ វៀតណាម​បើក​ផ្លូវ​ឱ្យ​អាមេរិក​បញ្ជូន​ក្រុម​នាវា​ដឹក​យន្តហោះ​ចម្បាំង USS Ronald Reagan មក​បណ្ដែត​ខ្លួន​យ៉ាង​សង្ហា​លើ​ដែន​សមុទ្រ​វៀតណាម ស្ថិត​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ដែល​ចិន​អះអាង​ថា​ក្រុង​ប៉េកាំង​មាន​កម្មសិទ្ធិ​ប្រមាណ ៩០​ភាគរយ​នៃ​ផ្ទៃសមុទ្រ​ទាំងមូល ៣​លាន ៥​សែន​គីឡូម៉ែត្រ​ក្រឡា។

ការពិត ប្រទេស​ចំនួន ៥ យ៉ាងតិច​ក្នុង​សមាគម​អាស៊ាន មាន​ដូចជា​វៀតណាម ហ្វីលីពីន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និង​ប្រ៊ុយណេ សុទ្ធតែ​ចិន​ចោទ​ថា​បាន​ជ្រៀត​ចូល​ដែនទឹក​របស់​ខ្លួន។

តែ​ជា​ការ​កត់សម្គាល់​របស់​អ្នកវិភាគ​ចំពោះ​លោក ស៊ី ជីនពីង ដែល​លើកឡើង​នៅ​ចំពោះ​នាយករដ្ឋមន្ត្រី​វៀតណាម Pham Minh Chinh នៅ​ទីក្រុង​ប៉េកាំង ដែល​លោក​ប្រើ​ពាក្យ​ថា សហប្រតិបត្តិការ​ឈ្នះៗ គួរតែ​បន្ត​ពង្រឹង​ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត​រវាង​ប្រទេស​ទាំង​ពីរ។

វត្តមាន​របស់​នាយករដ្ឋមន្ត្រី​វៀតណាម​នៅ​ទីក្រុង​ប៉េកាំង រយៈពេល ៤​ថ្ងៃ ហើយ​បិទ​បញ្ចប់​នៅ​ថ្ងៃទី​២៨ មិថុនា នេះ តាម​ការ​អញ្ជើញ​របស់​សម​ភាគី​ចិន Li Qiang។ ក្នុង​ជំនួប​នោះ លោក ស៊ី មើល​ឃើញ​វៀតណាម​ជា​ប្រទេស​ជិតខាង​ដ៏​មាន​អាទិភាព​ជាមួយ​ចិន ទាំង​សក្ដានុពល​សេដ្ឋកិច្ច និង​សន្តិសុខ​តំបន់​សំដៅ​អភិវឌ្ឍ​រួម​គ្នា​ក្នុង​នាម​ប្រទេស​ជិតខាង។ លោក ស៊ី ក៏​បាន​ទទូច​ឱ្យ​មាន​ការ​យោគយល់ និង​អត់ធ្មត់​ជាមួយ​គ្នា​ឱ្យ​ខ្ពស់​បំផុត​ជាមួយ​នឹង​ការ​អនុវត្ត​នយោបាយ​សហប្រតិបត្តិការ​ឈ្នះៗ​រួម​គ្នា។

យ៉ាងណា ស្រប​ពេល​ដែល​លោក ស៊ី កំពុង​ជួប​លោក Pham Minh Chinh នៅ​ទីក្រុង​ប៉េកាំង លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ​ចិន លោក Li Shangfu ក៏​បាន​ជួប​នឹង​សម​ភាគី​វៀតណាម Phan Van Giang ផង​ដែរ។

លោក Li Shangfu បាន​និយាយ​ថា ចិន​មាន​ឆន្ទៈ​ធ្វើការ​ជាមួយ​វៀតណាម ដើម្បី​ពង្រឹង​ការ​ទំនាក់ទំនង​កម្រិត​ខ្ពស់ និង​កិច្ច​សហប្រតិបត្តិការ​រវាង​យោធា​ទាំង​ពីរ។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AFP នៅ​ថ្ងៃ​អង្គារ ទី​២៧ ខែ​មិថុនា នេះ។

ជំនួប​របស់​អ្នក​ទាំង​ពីរ ក៏​ធ្វើឡើង​នៅ​ឯ​ទីក្រុង​ប៉េកាំង ផង​ដែរ។ លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ​ចិន បាន​លើកឡើង​ថា ស្ថានការណ៍​អន្តរជាតិ​កំពុង​ស្ថិត​នៅ​ក្នុង​ភាព​ច្របូកច្របល់ ហើយ​សន្តិសុខ​នៃ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​កំពុងតែ​ជួប​បញ្ហា​ប្រឈម។

លោក Li បាន​ប្រាប់​លោក Phan Van Giang រដ្ឋមន្ត្រី​ការពារ​ជាតិ​វៀតណាម ថា៖ ចិន​និង​វៀតណាម​គួរតែ​បន្ត​ធ្វើ​ការងារ​ឱ្យ​កាន់តែ​ជិតស្និទ្ធ និង​រួម​សាមគ្គី​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​មុខ​ថ្មី​នៃ​របប​សង្គម​និយម​ដូច​គ្នា ហើយ​រក្សា​ការពារ​ផល​ប្រយោជន៍​យុទ្ធសាស្ត្រ​រួម​នៃ​ប្រទេស​ទាំង​ពីរ ព្រមទាំង​ផ្តល់​ការ​ចូលរួម​ចំណែក​វិជ្ជមាន​ទៅ​ក្នុង​សុខ​សន្តិភាព និង​ស្ថិរភាព​តំបន់។

បើ​តាម​រដ្ឋមន្ត្រី​ការពារ​ជាតិ​ចិន ទំនាក់ទំនង​រវាង​យោធា​ទាំង​ពីរ​បាន​អភិវឌ្ឍ​ទៅ​មុខ​យ៉ាង​ល្អ​ប្រសើរ ហើយ​ខាង​យោធា​ចិន មាន​ឆន្ទៈ​ជំរុញ​ទំនាក់ទំនង​ឱ្យ​ដល់​កម្រិត​ថ្មី​មួយ​ផ្សេង​ទៀត។

តែ​យ៉ាងណា វត្តមាន​របស់​នាវា​ដឹក​យន្តហោះ​ចម្បាំង USS Ronald Reagan នៅ​លើ​លំហ​សមុទ្រ​វៀតណាម ក៏​ចំ​ពេល​ភាព​តានតឹង​កាន់តែ​កើនឡើង​រវាង​ចិន និង​សហរដ្ឋ​អាមេរិក នៅ​តំបន់​សមុទ្រ​ចិន​ខាងត្បូង ហើយ​ក៏​ចំ​ពេល​វៀតណាម​កំពុង​ស្រែក​ហៅ​រក​មិត្ត​ដែល​មាន​ឥទ្ធិពល​លើ​ចិន ឱ្យ​មក​ជួយ​ការពារ​ដែនទឹក​របស់​ខ្លួន​ផង​ដែរ។

លោក Nguyen The Phuong អ្នក​ឯកទេស​ខាង​សន្តិសុខ​ដែនសមុទ្រ​នៃ​សាកលវិទ្យាល័យ​អូស្ត្រាលី បាន​ហៅ​វត្តមាន​នៃ​កង​នាវា​ដឹក​យន្តហោះ​ចម្បាំង​របស់​សហរដ្ឋ​អាមេរិក USS Ronald Reagan ជា​សក្ខីកម្ម​មួយ​បង្ហាញ​ថា វៀតណាម​បន្ត​ទប់ទល់​នឹង​ឥទ្ធិពល​របស់​ចិន​ដោយ​ធ្វើ​ឱ្យ​ចំណងទាក់ទង​ទ្វេភាគី​លើ​វិស័យ​សន្តិសុខ​តំបន់​កាន់តែ​ប្រសើរ​ឡើង​ជាមួយ​សហរដ្ឋ​អាមេរិក ដែល​ជា​មហាអំណាច​ក្រៅ​តំបន់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស