26 C
Phnom Penh

ទំព័រ​ហ្វេសប៊ុក​លោក ហ៊ុន សែន ត្រូវ​ក្រុមហ៊ុន​មេត្តា​ផ្អាក​ដំណើរការ​រយៈពេល​កន្លះ​ឆ្នាំ ខណៈ​លោក​ថា​មិន​សូវ​មាន​សុវត្ថិភាព

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន ប្រកាស​ឈប់​ផ្តល់​ព័ត៌មាន​នានា​តាមរយៈ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​ចាប់ពី​ពេលនេះ​តទៅ ដោយ​លោក​ងាក​មក​ប្រើ​ប្រព័ន្ធ​ទំនាក់ទំនង​តេឡេក្រាម​ជំនួស​វិញ ក្រោម​ហេតុផល​ថា បណ្ដាញ​សង្គម​ហ្វេសប៊ុក​មិន​មាន​សុវត្ថិភាព ប៉ុន្តែ​មាន​ការ​ទម្លាយ​ថា បណ្ដាញ​សង្គម​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​ត្រូវ​បាន​ក្រុមហ៊ុន​មេត្តា (ហ្វេសប៊ុក) ផ្អាក​លែង​ឲ្យ​ដំណើរការ​រយៈពេល​កន្លះ​ឆ្នាំ​ចាប់ពី​ពេលនេះ​តទៅ។

លោក ហ៊ុន សែន បាន​បញ្ចេញ​សារ​សំឡេង​តាម​ប្រព័ន្ធ​ទំនាក់ទំនង​តេឡេក្រាម​ផង និង​ក្នុង​ពិធី​ជួប​ជាមួយ​កម្មករ​នៅ​ថ្ងៃទី​២៩ មិថុនា នេះ​ផង​ថា ការ​ប្រកាស​ផ្អាក​ផ្តល់​ព័ត៌មាន​នានា​តាមរយៈ​ទំព័រ​ហ្វេសប៊ុក​របស់​លោក ដោយសារតែ​លោក​មើល​ឃើញ​ថា ការ​ប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម​តេឡេក្រាម (telegram) មាន​ប្រសិទ្ធភាព​ខ្ពស់​ជាង ដូច្នេះ​ចាប់ពី​ពេលនេះ​តទៅ លោក​នឹង​ផ្សាយ​ចេញ​នូវ​ព័ត៌មាន​នានា​រាប់​ទាំង​ការ​ផ្សាយ​ផ្ទាល់​ផង នឹង​ធ្វើ​ឡើង​តែ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​តេឡេក្រាម (telegram) ប៉ុណ្ណោះ។

លោក ហ៊ុន សែន អះអាង​ថា នៅ​ពេលនេះ​បណ្ដាញ​ទំនាក់ទំនង​សង្គម​តេឡេក្រាម (telegram) របស់​លោក​មាន​អ្នក​តាមដាន​ជាង ៨​សែន​នាក់​ហើយ ដូច្នេះ​វា​នឹង​មាន​ភាព​ងាយស្រួល​សម្រាប់​រូបលោក​ក្នុង​ការ​ធ្វើ​ទំនាក់ទំនង​ជាមួយ​ប្រជាជន នៅ​ពេល​ដែល​លោក​ធ្វើ​ដំណើរ​ទៅ​ប្រទេស​មួយ​ចំនួន​ដែល​គេ​មិន​អនុញ្ញាត​ឱ្យ​ប្រើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក​នោះ។

លោក ហ៊ុន សែន បញ្ជាក់​ថា លោក​នៅតែ​បន្ត​រក្សា​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​ឱ្យ​នៅ​មាន​សុពលភាព​ដដែល ប៉ុន្តែ​លោក​គ្រាន់តែ​ផ្អាក​ប្រើ​ប៉ុណ្ណោះ ដើម្បី​ឱ្យ​អ្នក​ដែល​ធ្លាប់​ទទួល​ព័ត៌មាន​ពី​លោក​ងាក​មក​ទទួល​ព័ត៌មាន​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​តេឡេក្រាម (telegram) YouTube និង Instagram រួម​ទាំង Tik Tok វិញ​ផង​ដែរ។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​មជ្ឈដ្ឋាន​ទូទៅ​សំដែង​នូវ​ការ​ងឿងឆ្ងល់​ថា ហេតុផល​ដែល​លោក ហ៊ុន សែន បាន​លើកឡើង​ពី​ការ​ផ្អាក​ប្រើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នេះ​ជា​រឿង​មិន​សម​ទំនង។

នៅ​ថ្ងៃទី​២៩ ខែ​មិថុនា ឆ្នាំ​២០២៣ នេះ បន្ទាប់ពី​ការ​ប្រកាស​ផ្អាក​ប្រើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ពី​សំណាក់​នាយករដ្ឋមន្ត្រី​ខ្មែរ​លោក ហ៊ុន សែន ក្រោម​ហេតុផល​ថា​មិន​សូវ​មាន​សុវត្ថិភាព ស្រាប់​តែ​មាន​គណនី​ហ្វេសប៊ុក​មួយ​ឈ្មោះ​ថា CPC កូន​អ្នក​ក្រ​នៅ​កម្ពុជា ទម្លាយ​នៅ​មុន​នេះ​បន្តិច​ថា ក្រុមប្រឹក្សា​ត្រួតពិនិត្យ​របស់​ក្រុមហ៊ុន Meta Platforms នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​អំពាវនាវ​ឱ្យ​មាន​ការ​ផ្អាក​ហ្វេសប៊ុក​របស់​លោក ហ៊ុន សែន រយៈពេល ៦​ខែ ដោយ​ចាត់ទុក​ថា​វីដេអូ​ដែល​បង្ហោះ​នៅ​លើ​ទំព័រ Facebook របស់​លោក​បាន​បំពាន​ច្បាប់​របស់​ក្រុមហ៊ុន Meta ដែល​ប្រឆាំង​នឹង​ការ​គំរាមកំហែង​ដោយ​ហិង្សា។

អ្នកវិភាគ​ឯករាជ្យ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៩ មិថុនា នេះ​ថា នៅ​ពេល​ដែល​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​បាន​បិទ​បែប​នេះ បង្ហាញ​ថា ក្រុមហ៊ុន Meta Facebook ក្លាយ​ជា​សាក្សី​ដ៏​សំខាន់​មួយ​ក្នុង​រឿង​ឧក្រិដ្ឋកម្ម​របស់​លោក ហ៊ុន សែន ដែល​គាត់​តែង​គំរាមកំហែង​រហូត​ឈាន​ដល់​ការ​សម្លាប់​អ្នក​ដែល​ប្រឆាំង​នឹង​គាត់​កន្លងមក តាមរយៈ​ទំព័រ​ហ្វេសប៊ុក​របស់​គាត់​ដែល​បាន​ផ្សាយ​រហូត​មក​នោះ។

ក្នុង​រយៈពេល​ចុងក្រោយ​នៅ​មុន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ នេះ គេ​សង្កេត​ឃើញ​ថា មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន បាន​គំរាម​ទៅ​កាន់​ក្រុម​ប្រឆាំង ជាពិសេស​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី តែម្តង រហូត​ព្រមាន​ប្រើ​គ្រាប់ BM21 បាញ់​សម្លាប់​លោក សម រង្ស៊ី ថែម​ទៀត ប្រសិនបើ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នោះ​ហ៊ាន​ឈាន​ជើង​ចូល​ទឹកដី​កម្ពុជា។

ជាង​នេះ​ទៀត ក្នុង​ពិធី​ជួប​ជាមួយ​កម្មករ​ក្នុង​ខេត្ត​កំពង់ស្ពឺ កាលពី​ថ្ងៃទី​២៧ ខែ​មិថុនា ឆ្នាំ​២០២៣ លោក ហ៊ុន សែន ក៏​បាន​ព្រមាន​សម្លាប់​នយោបាយ​ជ្រុល​និយម​របស់​ក្រុម​ប្រឆាំង​ឲ្យ​រលំរលាយ​ដូច​អង្គការ​ចាត់តាំង​ខ្មែរក្រហម​ផង​ដែរ ដែល​ពាក្យពេចន៍​ទាំងនេះ​សុទ្ធតែ​ជា​ការ​ប្រមាថ​លើ​អាយុជីវិត​ជនរងគ្រោះ និង​ជា​ការ​រំលោភ​លើ​បម្រាម​របស់​ក្រុមហ៊ុន​មេត្តា​ហ្វេសប៊ុក​យ៉ាង​ធ្ងន់ធ្ងរ​ថែម​ទៀត។

ក្រោយ​ប្រកាស​ផ្អាក​ប្រើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក លោក ហ៊ុន សែន បាន​ប្រកាស​ផ្តល់​តំណែង​ជា​ជំនួយការ​ដល់​អ្នក​ដែល​បាន​យក​ឈ្មោះ​របស់​លោក​ទៅ​បង្កើត​បណ្ដាញ​ទំនាក់ទំនង​សង្គម Tik Tok ផង​ដែរ​នៅ​ថ្ងៃទី​២៩ មិថុនា នេះ ប៉ុន្តែ​មាន​មជ្ឈដ្ឋាន​ខ្លះ​លើកឡើង​ថា លោក ហ៊ុន សែន កំពុង​បង្កើត​ព្រឹត្តិការណ៍​ដើម្បី​លាក់បាំង​ការពិត​ដែល​ទំព័រ​ហ្វេសប៊ុក​របស់​គាត់​ត្រូវ​បាន​ក្រុមហ៊ុន​ហ្វេសប៊ុក​បិទ​លែង​ឲ្យ​ដំណើរការ​ប៉ុណ្ណោះ។

នាយករង​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស Human Rights Watch លោក ហ្វីល រ៉ូប៊ើតសុន (Phil Robertson) បាន​មាន​ប្រសាសន៍​តាមរយៈ​សេចក្តី​ថ្លែងការណ៍​របស់​លោក​ដែល​ចេញ​ផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃទី​២៩ មិថុនា នេះ​ថា លោក ហ៊ុន សែន ប្រហែល​ជា​ត្រូវ​បាន​ក្រុមហ៊ុន​ហ្វេសប៊ុក​ព្រមាន​អំពី​ប្រើ​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​មួយ​នេះ​ដើម្បី​ញុះញង់ និង​គំរាមកំហែង​ឲ្យ​មាន​អំពើ​ហិង្សា​ទៅ​លើ​ក្រុម​ប្រឆាំង និង​ក្រុម​អ្នក​រិះគន់ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​គាត់​មិន​ចូលចិត្ត​វា​សូម្បី​បន្តិច។

លោក​បន្ត​ថា នោះ​ហើយ​ជា​រឿង​ពិត​អំពី​មូលហេតុ​ដែល​គាត់​រត់​ចេញពី Facebook ពីព្រោះ​ហ្វេសប៊ុក​ជា​ក្រុមហ៊ុន​ដែល​មាន​ការ​ទទួល​ខុសត្រូវ​ខ្ពស់​ចំពោះ​ស្តង់ដារ​សហគមន៍​របស់​ពួកគេ។ ចំណែក Telegram វិញ ជា​ប្រព័ន្ធ​ផ្ញើ​សារ​សង្គម​ដែល​ពេញ​និយម​នៃ​អ្នក​ចែកចាយ​ចាប់ពី​ប្រទេស​រុស្ស៊ី រហូត​ដល់​ប្រទេស​មីយ៉ាន់ម៉ា។

លោក​បន្ត​ថា ការ​បង្ក​គ្រោះថ្នាក់​ក្នុង​ពិភពលោក​ច្រើន​កើតឡើង​នៅ​ពេល​ដែល​ជន​ផ្ដាច់ការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ដើម្បី​ញុះញង់​ឲ្យ​មាន​អំពើ​ហិង្សា​ដូច​ដែល​គេ​បាន​ឃើញ​ជាច្រើន​ករណី​រួច​មក​ហើយ​នៅ​ក្នុង​ប្រទេស​កម្ពុជា៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស