ព្រឹទ្ធសភារបស់គណបក្សប្រជាជនកម្ពុជា បានអនុម័តទាំងស្រុងលើសេចក្ដីព្រាងច្បាប់ស្ដីពីការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត បន្ទាប់ពីបុរសខ្លាំងក្រាញអំណាចតពូជនៅកម្ពុជាលោក ហ៊ុន សែន បានបញ្ជាឲ្យពន្លឿនការអនុម័តវិសោធនកម្មច្បាប់បោះឆ្នោតដើម្បីបិទផ្លូវបក្សប្រឆាំង។
ការសម្រេចនេះ បន្ទាប់ពីព្រឹទ្ធសភាបានបើកកិច្ចប្រជុំបង្គ្រប់កិច្ចរយៈពេល ២ថ្ងៃ ដើម្បីពិនិត្យលើសេចក្ដីព្រាងច្បាប់ស្ដីពីការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត។ កិច្ចប្រជុំនៅព្រឹកថ្ងៃទី២៩ ខែមិថុនា នេះ ដឹកនាំដោយលោក សាយ ឈុំ ហើយមានសមាជិកចូលរួមចំនួន ៥៩រូប។
បើតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលកិច្ចប្រជុំលើកទី១០ ព្រឹទ្ធសភានីតិកាលទី៤ នាថ្ងៃទី២៩ ខែមិថុនា ឲ្យដឹងថា អង្គប្រជុំបានសម្រេចឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្ដីពីការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ហើយចាត់ទុកការអនុម័តនេះជាការប្រញាប់ដោយចំនួន ៥៩សំឡេងនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
ប្រភពដដែលថា ការអនុម័តនេះក្រោយពីសមាជិកព្រឹទ្ធសភា ០២រូបបានផ្ដល់យោបល់ ហើយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ឡើងបំភ្លឺក្នុងអង្គប្រជុំព្រឹទ្ធសភា។ ព្រឹទ្ធសភាឯកបក្សបញ្ជាក់ក្នុងសេចក្ដីប្រកាសព័ត៌មានថា សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមានគោលបំណងដើម្បីលើកស្ទួយគុណតម្លៃនៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សដូចបានចារឹកនៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា។
ព្រឹទ្ធសភាក៏បានការពារទៀតថា ការអនុម័តនេះក៏ដើម្បីពង្រឹង និងលើកកម្ពស់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ជាពិសេសដើម្បីឲ្យអនាគតអ្នកដឹកនាំនយោបាយដែលមានបំណងចង់ឈរឈ្មោះឲ្យគេបោះឆ្នោតតាមបែបប្រជាធិបតេយ្យសេរីពហុបក្ស ទាំងនៅថ្នាក់ជាតិ និងទាំងនៅថ្នាក់ក្រោមជាតិ មានការទទួលខុសត្រូវក្នុងនាមជាពលរដ្ឋល្អចំពោះជាតិ និងប្រជាជន ដោយចាប់ផ្តើមពីការអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវសិទ្ធិបោះឆ្នោតដែលជាករណីយកិច្ចរបស់ពលរដ្ឋគ្រប់រូបចំពោះប្រទេសជាតិនៅក្នុងសង្គមប្រជាធិបតេយ្យ។
មួយវិញទៀត សេចក្តីព្រាងច្បាប់នេះរៀបចំឡើងដើម្បីបើកផ្លូវឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរៀបចំ ចាត់ចែង និងគ្រប់គ្រងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ក្រោមហេតុផលថា ដើម្បីពង្រឹងដំណើរការនៃការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងពង្រឹងនីតិរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាព និងនិរន្តរភាព។
ការអនុម័តរបស់ព្រឹទ្ធសភាលើសេចក្ដីព្រាងច្បាប់ស្ដីពីការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតភ្លាមៗនេះ ធ្វើឡើងទៅតាមបញ្ជារបស់លោក ហ៊ុន សែន។ បុរសខ្លាំងកាន់អំណាចជិត ៤០ឆ្នាំនៅកម្ពុជា លោក ហ៊ុន សែន បញ្ជាឲ្យស្ថាប័នពាក់ព័ន្ធធ្វើវិសោធនកម្មច្បាប់បោះឆ្នោតនេះ ដើម្បីបិទផ្លូវថ្នាក់ដឹកនាំ និងសកម្មជនបក្សប្រឆាំង។
ជុំវិញរឿងនេះ បក្សភ្លើងទៀនដែលត្រូវគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមិនអនុញ្ញាតឲ្យចូលរួមការបោះឆ្នោតនៅខែកក្កដា ខាងមុខ ក៏បានចេញសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃទី២៧ ខែមិថុនា ដោយស្នើសុំទៅព្រឹទ្ធសភាពិចារណាលើការអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតនេះ។
ចំណែកអង្គការក្រៅរដ្ឋាភិបាលជាង ២០ស្ថាប័ន ក៏បានស្នើទៅព្រឹទ្ធសភា និងក្រុមប្រឹក្សាធម្មនុញ្ញឲ្យពន្យារពេលធ្វើវិសោធនកម្មច្បាប់បោះឆ្នោតដែលរដ្ឋសភាឯកបក្សបានអនុម័តកាលពីពេលថ្មីៗនេះ រហូតដល់បោះឆ្នោតជាតិឆ្នាំ២០២៣ ចប់រួចរាល់ ដើម្បីធានាថាសេចក្តីព្រាងច្បាប់នេះនឹងមិនប៉ះពាល់ដល់ប្រជាធិបតេយ្យ សេរីភាពនៃការបញ្ចេញមតិ សិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតផងដែរ។
បើតាមខ្លឹមសារសំខាន់បំផុតនៃច្បាប់ដែលត្រូវធ្វើវិសោធនកម្មនេះ បានកំណត់ថា ពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោត និងមានបំណងឈរឈ្មោះបោះឆ្នោតជាបេក្ខជនតំណាងរាស្ត្រ ត្រូវតែអនុវត្តសិទ្ធិបោះឆ្នោតដោយបានបោះឆ្នោតសម្រាប់ការបោះឆ្នោតជាសកលចំនួនពីរលើកចុងក្រោយជាប់គ្នាជាដាច់ខាត បើមិនដូច្នោះទេ ពួកគេនឹងបាត់បង់សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតដោយស្វ័យប្រវត្តិ។
ទាក់ទិននឹងបញ្ហានេះ ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោក Volker Turk បានលើកឡើងកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ថា លោកមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកាត់បន្ថយលំហសិទ្ធិពលរដ្ឋមុនពេលការបោះឆ្នោតជាតិនៅកម្ពុជាក្នុងឆ្នាំ២០២៣ នេះ។
ជាងនេះទៀត ការព្រមានធ្វើវិសោធនកម្មច្បាប់បោះឆ្នោតនៅពេលនេះ នឹងក្លាយជាការរឹតត្បិតលើសិទ្ធិសេរីភាពនៃការបញ្ចេញមតិ និងការរំលោភសិទ្ធិរបស់ពលរដ្ឋទាំងអស់ក្នុងការឈរឈ្មោះបោះឆ្នោត ដែលធានាដោយរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា និងឧបករណ៍សិទ្ធិមនុស្សអន្តរជាតិដទៃទៀតយ៉ាងធ្ងន់ធ្ងរ។
មាត្រា៣៤ថ្មីនៃរដ្ឋធម្មនុញ្ញ បានបញ្ញត្តិថា ពលរដ្ឋទាំងពីរភេទមានសិទ្ធិបោះឆ្នោត និងអាចឈរឈ្មោះឱ្យគេបោះឆ្នោត ខណៈខ្លឹមសារនៃសេចក្តីព្រាងច្បាប់ស្ដីពីវិសោធនកម្មច្បាប់បោះឆ្នោតដែលធ្វើឡើងនៅពេលនេះ មានខ្លឹមសារបង្ខំឱ្យពលរដ្ឋទៅបោះឆ្នោត ដែលផ្ទុយពីមាត្រានៃរដ្ឋធម្មនុញ្ញដែលចែងអំពីសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋទាំងស្រុង៕