36 C
Phnom Penh

ក្រុមប្រឹក្សាធម្មនុញ្ញ៖ ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​ស្រប​តាម​រដ្ឋធម្មនុញ្ញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមប្រឹក្សាធម្មនុញ្ញ​ប្រកាស​គាំទ្រ​ចំពោះ​ការ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត ក្រោម​ហេតុផល​ថា វិសោធនកម្ម​នេះ​ស្រប​ទៅ​នឹង​រដ្ឋធម្មនុញ្ញ ខណៈ​បក្ស​ក្រៅ​រដ្ឋាភិបាល និង​សង្គម​ស៊ីវិល លើកឡើង​ថា ជា​ការ​រឹតត្បិត​លើ​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញមតិ និង​ការ​រំលោភ​សិទ្ធិ​របស់​ពលរដ្ឋ។

ការ​ប្រកាស​គាំទ្រ​នេះ បន្ទាប់ពី​រដ្ឋសភា និង​ព្រឹទ្ធសភា​បាន​សម្រេច​អនុម័ត​ឲ្យ​ធ្វើ​វិសោធនកម្ម​បោះឆ្នោត​កាលពី​ខែ​មិថុនា ឆ្នាំ​២០២៣ តាម​បញ្ជា​របស់​បុរស​ខ្លាំង​កាន់​អំណាច​ត​ពូជ​នៅ​កម្ពុជា លោក ហ៊ុន សែន ដើម្បី​បិទ​ផ្លូវ​ថ្នាក់​ដឹកនាំ និង​សកម្មជន​បក្ស​ប្រឆាំង។

សេចក្ដី​ប្រកាស​ព័ត៌មាន​ស្ដីពី​លទ្ធផល​ប្រជុំ​នា​ថ្ងៃទី​៣ កក្កដា នេះ ក្រុមប្រឹក្សាធម្មនុញ្ញ ឲ្យ​ដឹង​ថា ការ​សម្រេច​គាំទ្រ​ចំពោះ​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​ដោយ​យោង​ទៅ​តាម​រដ្ឋសភា បាន​អនុម័ត​នៅ​ថ្ងៃទី​២៣ ខែ​មិថុនា ឆ្នាំ​២០២៣ និង​ព្រឹទ្ធសភា បាន​ពិនិត្យ​ឲ្យ​យោបល់​ឯកភាព​ទាំងស្រុង​កាលពី​ថ្ងៃទី​២៩ ខែ​មិថុនា ឆ្នាំ​២០២៣ ហើយ​បាន​ចាត់ទុក​ជា​ការ​ប្រញាប់ ព្រមទាំង​បាន​ប្រកាស​ថា​ស្រប​នឹង​រដ្ឋធម្មនុញ្ញ​ផង​ដែរ។

រដ្ឋសភា និង​ព្រឹទ្ធសភា​ឯក​បក្ស​បាន​អនុម័ត​លើ​សេចក្ដី​ព្រាងច្បាប់​ស្ដីពី​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​ភ្លាមៗ​នេះ បន្ទាប់ពី​ទទួល​បាន​បញ្ជា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ បុរស​ខ្លាំង​កាន់​អំណាច​ជិត ៤០​ឆ្នាំ​នៅ​កម្ពុជា លោក ហ៊ុន សែន បញ្ជា​ទៅ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ ព្រមទាំង​រដ្ឋសភា និង​ព្រឹទ្ធសភា​ឲ្យ​ពន្លឿន​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​នេះ ដើម្បី​បិទ​ផ្លូវ​ថ្នាក់​ដឹកនាំ និង​សកម្មជន​បក្ស​ប្រឆាំង​ក្នុង​ការ​ឈរឈ្មោះ​បោះឆ្នោត​នៅ​ថ្ងៃ​ខាងមុខ។

ការ​លើកឡើង​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ ព្រឹទ្ធសភា និង​រដ្ឋសភា ក្រោម​បង្គាប់​បញ្ជា​លោក ហ៊ុន សែន នេះ ធ្វើឡើង​មិន​បាន​ស្រប​ទៅ​តាម​រដ្ឋធម្មនុញ្ញ​កម្ពុជា​ឡើយ។ មាត្រា​៣៤​ថ្មី​នៃ​រដ្ឋធម្មនុញ្ញ បាន​បញ្ញត្តិ​ថា ប្រជាពលរដ្ឋ​ទាំង​ពីរ​ភេទ​មាន​សិទ្ធិ​បោះឆ្នោត និង​អាច​ឈរឈ្មោះ​ឲ្យ​គេ​បោះឆ្នោត ខណៈ​ខ្លឹមសារ​នៃ​សេចក្តី​ព្រាងច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​ដែល​ធ្វើឡើង​នៅ​ពេលនេះ​មាន​ខ្លឹមសារ​បង្ខំ​ឱ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត ដែល​ផ្ទុយ​ពី​មាត្រា​នៃ​រដ្ឋធម្មនុញ្ញ​ដែល​ចែង​អំពី​សិទ្ធិ​បោះឆ្នោត​របស់​ពលរដ្ឋ​ទាំងស្រុង។

ជុំវិញ​រឿង​នេះ គណបក្ស​ភ្លើង​ទៀន​ដែល​ត្រូវ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​មិន​អនុញ្ញាត​ឲ្យ​ចូលរួម​ការ​បោះឆ្នោត​នៅ​ខែ​កក្កដា ខាងមុខ ក៏​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​កាលពី​ថ្ងៃទី​២៧ ខែ​មិថុនា ដោយ​ស្នើសុំ​ទៅ​ព្រឹទ្ធសភា​ពិចារណា​លើ​ការ​រិះគន់​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​នេះ។

ចំណែក​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាង ២០​ស្ថាប័ន ក៏​បាន​ស្នើ​ទៅ​ព្រឹទ្ធសភា និង​ក្រុមប្រឹក្សាធម្មនុញ្ញ​ឲ្យ​ពន្យារ​ពេល​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​ដែល​រដ្ឋសភា​ឯក​បក្ស​បាន​អនុម័ត​កាលពី​ពេល​ថ្មីៗ​នេះ រហូត​ដល់​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ ចប់​រួចរាល់ ដើម្បី​ធានា​ថា​សេចក្តី​ព្រាងច្បាប់​នេះ​នឹង​មិន​ប៉ះពាល់​ដល់​ប្រជាធិបតេយ្យ សេរីភាព​នៃ​ការ​បញ្ចេញមតិ សិទ្ធិ​បោះឆ្នោត និង​សិទ្ធិ​ឈរឈ្មោះ​ឲ្យ​គេ​បោះឆ្នោត​ផង​ដែរ។

បើ​តាម​ខ្លឹមសារ​សំខាន់​បំផុត​នៃ​ច្បាប់​ដែល​ត្រូវ​ធ្វើ​វិសោធនកម្ម​នេះ​បាន​កំណត់​ថា ប្រជាពលរដ្ឋ​ខ្មែរ​ដែល​មាន​សិទ្ធិ​បោះឆ្នោត និង​មាន​បំណង​ឈរឈ្មោះ​បោះឆ្នោត​ជា​បេក្ខជន​តំណាងរាស្ត្រ ត្រូវតែ​អនុវត្ត​សិទ្ធិ​បោះឆ្នោត​ដោយ​បាន​បោះឆ្នោត​សម្រាប់​ការ​បោះឆ្នោត​ជា​សកល​ចំនួន​ពីរ​លើក​ចុងក្រោយ​ជាប់​គ្នា​ជាដាច់ខាត បើ​មិន​ដូច្នោះ​ទេ ពួកគេ​នឹង​បាត់បង់​សិទ្ធិ​ឈរឈ្មោះ​ឱ្យ​គេ​បោះឆ្នោត​ដោយ​ស្វ័យប្រវត្តិ។

ទាក់ទិន​នឹង​បញ្ហា​នេះ ឧត្តម​ស្នងការ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ លោក Volker Turk បាន​លើកឡើង​កាលពី​ថ្ងៃទី​១៦ ខែ​មិថុនា ឆ្នាំ​២០២៣ ថា លោក​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​កាត់បន្ថយ​លំហ​សិទ្ធិ​ពលរដ្ឋ​មុន​ពេល​ការ​បោះឆ្នោត​ជាតិ​នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០២៣ នេះ។ ជាង​នេះ​ទៀត ការ​ព្រមាន​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​នៅ​ពេលនេះ នឹង​ក្លាយ​ជា​ការ​រឹតត្បិត​លើ​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញមតិ និង​ការ​រំលោភ​សិទ្ធិ​របស់​ពលរដ្ឋ​ទាំងអស់​ក្នុង​ការ​ឈរឈ្មោះ​បោះឆ្នោត ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា និង​ឧបករណ៍​សិទ្ធិមនុស្ស​អន្តរជាតិ​ដទៃ​ទៀត​យ៉ាង​ធ្ងន់ធ្ងរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស