បុរសខ្លាំងកាន់អំណាចជិត ៤០ឆ្នាំនៅកម្ពុជា លោក ហ៊ុន សែន បានអំពាវនាវទៅគណបក្សនយោបាយដែលចូលរួមការបោះឆ្នោត ឲ្យជួយពន្យល់ទៅប្រជាពលរដ្ឋពីរបៀបគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ ដើម្បីឲ្យការបោះឆ្នោតខាងមុខនេះប្រព្រឹត្តទៅរលូន និងទទួលជោគជ័យ។
ការអំពាវនាវរបស់លោក ហ៊ុន សែន នេះធ្វើឡើងស្របពេលដែលមេដឹកនាំ និងសកម្មជនបក្សប្រឆាំង ព្រមទាំងសកម្មជនសង្គមដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស បានបន្តអំពាវនាវទៅប្រជាពលរដ្ឋខ្មែរឲ្យគូសខ្វែងសន្លឹកឆ្នោតចោល នៅពេលពួកគាត់ទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។
តាមរយៈសារសំឡេងជាង ៥នាទីកាលពីយប់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ លោក ហ៊ុន សែន បានបញ្ជាទៅក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ ឲ្យធ្វើការស្រាវជ្រាវអ្នកដែលបង្រៀនគូសសន្លឹកឆ្នោតតាមអនឡាញ និងចាប់ខ្លួនអ្នកដែលលោកចោទថាតាំងខ្លួនជាអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ហើយទៅបង្រៀនប្រជាជនឲ្យគូសសន្លឹកឆ្នោតខុស។
លោក ហ៊ុន សែន ដែលជាមេដឹកនាំហិង្សា បានចាត់ទុកការចាប់ខ្លួនអ្នកទាំងនោះថាជាការជួយទៅដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហើយជួយទៅដល់សមត្ថកិច្ចដែលទាក់ទងទៅដល់ការបោះឆ្នោត ឲ្យអនុវត្តបានត្រឹមត្រូវនូវកិច្ចការដែលពួកគេត្រូវធ្វើ។
ក្រៅពីបញ្ជាទៅក្រសួងប្រៃសនីយ៍ បុរសខ្លាំងកាន់អំណាចតពូជនៅកម្ពុជា ក៏បានអំពាវនាវទៅគណបក្សនយោបាយដែលចូលរួមការបោះឆ្នោត ឲ្យជួយពន្យល់ទៅប្រជាពលរដ្ឋពីរបៀបគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ ដើម្បីឲ្យការបោះឆ្នោតខាងមុខនេះប្រព្រឹត្តទៅរលូន និងទទួលជោគជ័យ។
លោក ហ៊ុន សែន លើកឡើងថា លោកសូមអំពាវនាវដល់មន្ត្រីគណបក្សប្រជាជនកម្ពុជាគ្រប់ថ្នាក់ ក៏ដូចជាគណបក្សដទៃទៀតដែលចូលរួមធ្វើការបោះឆ្នោតដោយសុចរិត គឺមេត្តាណែនាំប្រជាជនឱ្យគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ចៀសវាងការគូសដែលធ្វើឱ្យខូចសន្លឹកឆ្នោត ហើយជាសន្លឹកឆ្នោតមិនបានការ តាមរយៈការពន្យល់ថា គេស្រឡាញ់គណបក្សនេះ ស្រឡាញ់គណបក្សនោះ ត្រូវគូសពីរ ឬបីដង ហើយមានកន្លែងខ្លះបង្រៀនឱ្យសរសេរលេខពីខាងលើក្រដាសនោះនៅលើសន្លឹកឆ្នោតគំរូនេះតែម្ដង។
ការបញ្ជារបស់លោក ហ៊ុន សែន នាពេលនេះ បន្ទាប់ពីលោក សម រង្ស៊ី និងមន្ត្រីសកម្មជនគណបក្សប្រឆាំង រួមទាំងសកម្មជនសង្គម បានបន្តអំពាវនាវទៅប្រជាពលរដ្ឋ និងសកម្មជនបក្សភ្លើងទៀនឲ្យទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា នេះ ដោយការគូសខ្វែងសន្លឹកឆ្នោតចោល។
អ្នកឃ្លាំមើលបញ្ហាសង្គម និងមេដឹកនាំបក្សប្រឆាំង អះអាងថា ការគូសខ្វែងសន្លឹកឆ្នោតចោលដើម្បីប្រឆាំងនឹងអំពើអយុត្តិធម៌នៅក្នុងសង្គមកម្ពុជា និងជាការបង្ហាញឲ្យសហគមន៍អន្តរជាតិបានឃើញចំពោះការមិនពេញចិត្តរបបដឹកនាំបច្ចុប្បន្ន ខណៈការបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា នេះ លោក ហ៊ុន សែន បានបិទខ្ទប់មិនឲ្យគណបក្សភ្លើងទៀនចូលរួមប្រកួតប្រជែងផងដែរ។
កម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នេះ ដោយមានគណបក្សនយោបាយចូលរួមចំនួន ១៨គណបក្ស ប៉ុន្តែគណបក្សទាំង ១៨ នេះ មិនមានវត្តមានគណបក្សភ្លើងទៀនចូលរួមឡើយ ខណៈបណ្ដាប្រទេសលោកសេរី ក្នុងនោះមានប្រទេសអូស្ត្រាលី អាមេរិក បារាំង និងជប៉ុន ជាដើម មិនបានដាក់អ្នកសង្កេតការណ៍បោះឆ្នោតឡើយ៕