បេក្ខជននាយករដ្ឋមន្ត្រីដែលត្រៀមឡើងកាន់អំណាចតាមជើងខោឪពុក លោក ហ៊ុន ម៉ាណែត លើកឡើងថា បើគណបក្សប្រជាជនកម្ពុជាអាចកាត់បន្ថយចរន្តប្រឆាំងនឹងខ្លួនបានដោយបង្វែរទៅជាចរន្តគាំទ្រវិញនោះ គឺជាជ័យជម្នះយូរអង្វែងទៅថ្ងៃមុខ។
កូនប្រុសច្បងរបស់លោក ហ៊ុន សែន ដែលកំពុងត្រៀមស្នងមរតកអំណាចបន្តត្រកូល គឺលោក ហ៊ុន ម៉ាណែត បង្ហោះវីដេអូលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី៥ កក្កដា នេះថា ប្រសិនបើចរន្តប្រឆាំង ឬចរន្តមិនសប្បាយចិត្តជាមួយគណបក្សប្រជាជនកម្ពុជាមានកម្រិតទាប បក្សប្រឆាំងទាំងអស់នៅកម្ពុជាមិនអាចរកសំឡេងគាំទ្រពីប្រជាពលរដ្ឋបានទេ ប៉ុន្តែបើចរន្តប្រឆាំងមានការកើនឡើង នោះប្រទេសជាតិប្រាកដជាដួលរលំដោយអំណាចប្រជាពលរដ្ឋនៅថ្ងៃណាមួយជាមិនខាន។
បេក្ខជនអនាគតនាយករដ្ឋមន្ត្រីដែលពួនក្រោយខ្នងឪពុក លោក ហ៊ុន ម៉ាណែត លើកឡើងថា ចរន្តប្រឆាំងមិនសំដៅដល់បក្សប្រឆាំងនោះទេ គឺសំដៅដល់ការមិនសប្បាយចិត្តរបស់ប្រជាពលរដ្ឋ ដូច្នេះសមាជិកគណបក្សប្រជាជនកម្ពុជាត្រូវតែនាំគ្នាពង្រីកចរន្តគាំទ្រគណបក្សឲ្យកាន់តែច្រើន តាមរយៈនៃការរំលេចនូវអ្វីដែលគណបក្សប្រជាជនកម្ពុជាមាន ដើម្បីឱ្យប្រជាពលរដ្ឋមានភាពកក់ក្តៅជាមួយគណបក្សបន្តទៀត។
កូនប្រុសមេដឹកនាំក្រាញអំណាចតត្រកូល លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា ដរាបណាគណបក្សប្រជាជនកម្ពុជានៅតែដឹកនាំប្រទេស គឺគណបក្សនៅតែអាចរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍដើម្បីប្រជាជនទាំងអស់គ្នាទៅថ្ងៃអនាគតជាមិនខាន។
សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លោក ស្រ៊ុន ស្រ៊ន បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីពេលថ្មីៗនេះថា ប្រសិនបើចង់ឱ្យមានការគាំទ្រពីប្រជាពលរដ្ឋចំពោះគណបក្សប្រជាជនកម្ពុជា កិច្ចការទី១ ដែលគណបក្សនេះត្រូវធ្វើ គឺការអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ ដូចជារដ្ឋធម្មនុញ្ញ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងច្បាប់របស់ប្រទេសកម្ពុជាដែលមានចែងដទៃទៀត។
លោក ស្រ៊ុន ស្រ៊ន លើកឡើងថា សម្រាប់ប្រទេសកម្ពុជាទាល់តែមេដឹកនាំធានាបាននូវការអនុវត្តច្បាប់ លើកស្ទួយសិទ្ធិមនុស្ស អនុវត្តតាមគន្លងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងបើកឲ្យមានសេរីភាពបញ្ចេញមតិ ជាដើម ទើបអាចបញ្ចប់នូវចរន្តប្រឆាំងបាន ព្រោះថាបើគ្មានការអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវទេ យុត្តិធម៌សង្គមក៏មិនអាចកើតមានដែរ ហើយពលរដ្ឋទូទាំងប្រទេសក៏មិនអាចគាំទ្រការដឹកនាំដោយការរំលោភច្បាប់បែបនេះឡើយ។
កម្ពុជាក្រោមការដឹកនាំរបស់មេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន ត្រូវគេមើលឃើញថា បានរំលោភច្បាប់ រំលោភសិទ្ធិមនុស្ស រំលាយសារព័ត៌មានឯករាជ្យ រំលោភព្រះមហាក្សត្រ រំលាយបក្សប្រឆាំង បង្កើតឲ្យមានអំពើពុករលួយ បង្កើតឲ្យមានការសម្លាប់ក្រៅប្រព័ន្ធច្បាប់ រំលោភដីធ្លី កាត់ដីឲ្យបរទេសឈ្លានពាន លួចលក់ធនធានធម្មជាតិកម្ពុជា និងបង្ក្រាបពលរដ្ឋដែលទាមទារសិទ្ធិសេរីភាពរហូតចាប់ខ្លួនដាក់គុក ជាដើម។
ជាក់ស្តែង សព្វថ្ងៃនេះ សកម្មជននយោបាយ សកម្មជនសង្គម មន្ត្រីបក្សក្រៅរដ្ឋាភិបាល និងអ្នកសារព័ត៌មាន កំពុងរងនូវការគំរាមកំហែងពីលោក ហ៊ុន សែន យ៉ាងខ្លាំង ដែលនឹងត្រូវចាប់ខ្លួនភ្លាមៗប្រសិនបើពួកគេហ៊ានចេញមុខតវ៉ា ឬរិះគន់ការដឹកនាំរបស់លោក ក្រោមលេសថាអ្នកទាំងនោះបង្កការញុះញង់ដែលនាំឱ្យចលាចលដល់សន្តិសុខសង្គម។
ជាឧទាហរណ៍ជាក់ស្តែង សកម្មជននយោបាយ សកម្មជនសង្គម និងមន្ត្រីបក្សក្រៅរដ្ឋាភិបាលមិនតិចទេដែលត្រូវបានចាប់ឃុំខ្លួនក្នុងពន្ធនាគារ នៅពេលដែលពួកគេចេញតវ៉ាដើម្បីសិទ្ធិសេរីភាព និងរិះគន់ការដឹកនាំរបស់លោក ហ៊ុន សែន នាពេលកន្លងមកនោះ។
អង្គការ Freedom House បានចេញរបាយការណ៍របស់ខ្លួនកាលពីចុងឆ្នាំ២០២២ ថា ប្រព័ន្ធនយោបាយរបស់ប្រទេសកម្ពុជា ត្រូវបានលោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជាគ្រប់គ្រងអស់រយៈពេលជាង ៣ទសវត្សរ៍មកហើយ ខណៈគណបក្សប្រឆាំង បណ្ដាញសារព័ត៌មានឯករាជ្យ និងអ្នកតវ៉ាទាមទារសិទ្ធិសេរីភាព តែងតែរងនូវការធ្វើទុក្ខបុកម្នេញជាប្រចាំ ដោយការបំភិតបំភ័យ ការកាត់ទោសក្រោមហេតុផលនយោបាយ និងអំពើហិង្សា ដែលធ្វើឱ្យពលរដ្ឋខ្មែររស់នៅក្នុងបរិយាកាសនៃការគាបសង្កត់ និងការភ័យខ្លាចយ៉ាងខ្លាំងក្នុងពេលបច្ចុប្បន្ននេះ៕