សហរដ្ឋអាមេរិកកំពុងរៀបចំកញ្ចប់ជំនួយយោធាថ្មីក្នុងទំហំទឹកប្រាក់ ៨០០លានដុល្លារបន្ថែមទៀតដល់អ៊ុយក្រែន ដែលក្នុងនោះមានគ្រាប់បែកចង្កោមដែលប្រទេសជាង ១២០ បានចុះកិច្ចព្រមព្រៀងរួមគ្នាបង្កើតជាច្បាប់អន្តរជាតិហាមប្រើប្រាស់អាវុធប្រភេទនេះ។
តាមសារព័ត៌មានអាមេរិក New York Times បានឲ្យដឹងថា ជំនួយយោធាថ្មីដែលអាមេរិកត្រៀមបញ្ជូនទៅឱ្យអ៊ុយក្រែននេះ គឺដើម្បីជួយបង្កើនប្រសិទ្ធភាពវាយបករបស់កងទ័ពអ៊ុយក្រែន ដែលចូលដល់ ២៦ថ្ងៃហើយនៃយុទ្ធនាការវាយបក។
គ្រាប់បែកចង្កោម គឺជាអាវុធដែលប្រទេសជាង ១២០ បានហាមឃាត់ការប្រើប្រាស់ ប៉ុន្តែសហរដ្ឋអាមេរិក និងអ៊ុយក្រែន ទាំងរុស្ស៊ី ពុំបានចុះហត្ថលេខាលើច្បាប់អន្តរជាតិនេះទេ។ គ្រាប់បែកចង្កោមដែលសហរដ្ឋអាមេរិកត្រៀមផ្តល់ដល់អ៊ុយក្រែន ត្រូវគេរំពឹងថានឹងប្រកាសនៅថ្ងៃសុក្រ ទី៧ ខែកក្កដា។
ជំនួយយោធាទាំងនេះនឹងត្រូវបញ្ចេញពីឃ្លាំងស្តុករបស់ក្រសួងការពារជាតិអាមេរិក។ ក្នុងទំហំសាច់ប្រាក់នេះ ក៏រួមមានទាំងរថពាសដែកប្រភេទ Stryker និង Bradley និងគ្រាប់រំសេវជាច្រើនថែមទៀតដូចជាគ្រាប់សម្រាប់កាំភ្លើងផ្លោង Howitzers និងគ្រាប់សម្រាប់អាវុធ HIMARS។
ប៉ុន្តែគ្រាប់មីស៊ីល ATACMS រយៈចម្ងាយឆ្ងាយ សេតវិមាននៅតែមិនទាន់សម្រេចថានឹងបញ្ជូនទៅឱ្យអ៊ុយក្រែនតាមសំណើរបស់លោកប្រធានាធិបតី ហ្សេឡេនស្គី នៅឡើយទេ។ គ្រាប់មីស៊ីលដែលមានឈ្មោះថា Army Tacticle Missile System (ATACMS) វាអាចបាញ់រត់បាន ៣២០គីឡូម៉ែត្រ។
សហរដ្ឋអាមេរិកនៅតែបារម្ភថា អ៊ុយក្រែនអាចបាញ់មីស៊ីលធ្លាក់ខាងក្នុងទឹកដីប្រទេសរុស្ស៊ី តែយ៉ាងណា អ៊ុយក្រែនកំពុងប្រើប្រាស់ទៅហើយមីស៊ីល Storm Shadow របស់អង់គ្លេស ដែលវារត់បាន ៣០០គីឡូម៉ែត្រ។ ចំពោះការសម្រេចថានឹងបញ្ជូនគ្រាប់បែកចង្កោមទៅឱ្យអ៊ុយក្រែន ខណៈគ្រាប់បែកប្រភេទនេះនៅក្នុងឃ្លាំងស្តុកគ្រាប់អាមេរិកមានដល់ ៤លាន ៧សែនគ្រាប់។
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីមុនធ្លាប់បានបញ្ជាក់ថា នឹងមិនផ្តល់អាវុធដ៏សាហាវនេះទៅឱ្យអ៊ុយក្រែនទេ ប៉ុន្តែនៅពេលនេះលោកបានដូរជំហរវិញ។
លេខាធិការសារព័ត៌មានសម្រាប់សេតវិមាន អ្នកស្រី Jen Psaki បាននិយាយក្នុងសន្និសីទសារព័ត៌មានថា ការពិត រុស្ស៊ីបានប្រើអាវុធនេះរួចទៅហើយនៅទឹកដីអ៊ុយក្រែន តែអ្នកស្រីថាបើទោះជាអាមេរិកដូរជំហរ ក៏អាមេរិកផ្លាស់ប្ដូរជំហរនេះវិញដែរ។
សង្គ្រាមវាយបករបស់អ៊ុយក្រែនបានចាប់ផ្តើមតាំងពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ តែប្រធានាធិបតី ហ្សេឡេនស្គី ប្រកាសយកថ្ងៃទី១០ មិថុនា ជាការប្រកាសជាផ្លូវការ។
ក្រុមអ្នកវិភាគនៃវិទ្យាស្ថានសិក្សាសង្គ្រាមដែលមានមូលដ្ឋាននៅក្រុងវ៉ាស៊ីនតោន មើលឃើញថា ការវាយលុកដើម្បីដណ្តើមយកទឹកដីភាគខាងកើត និងភាគខាងត្បូងពីរុស្ស៊ី មកវិញ ពិតជាមិនដូចការរំពឹងទុករបស់អ៊ុយក្រែនពិតមែន តែមានការរីកចម្រើនដោយទប់បានទីតាំងខ្លះ ហើយវាយយកបានទីតាំងខ្លះពីរុស្ស៊ី។
គ្រាប់បែកចង្កោមដែលសហរដ្ឋអាមេរិកត្រៀមផ្តល់ដល់អ៊ុយក្រែន ក្នុងពេលនេះ គឺជាអាវុធដែលអ៊ុយក្រែន ចង់បានជាយូរមកហើយ។
នាយសេនាធិការចម្រុះកងទ័ពជើងគោកអាមេរិក លោកឧត្តមសេនីយ៍ Mark Milley បានថ្លែងកាលពីសប្តាហ៍មុនថា សហរដ្ឋអាមេរិកបានគិតជាយូរមកហើយអំពីការផ្តល់គ្រាប់បែកចង្កោមដល់អ៊ុយក្រែន។
ចំណែកប្រធានទីប្រឹក្សាសន្តិសុខជាតិអ៊ុយក្រែន លោក Oleksiy Danilov បានសរសេរបង្ហោះតាមបណ្ដាញសង្គមរបស់លោកនេះថា៖ ក្នុងដំណាក់កាលប្រយុទ្ធប្រឆាំងនឹងសត្រូវនាពេលនេះ កងកម្លាំងការពាររបស់អ៊ុយក្រែនកំពុងបំពេញភារកិច្ចរបស់ខ្លួន គឺការបំផ្លាញឃ្លាំងផ្ទុកប្រេងឥន្ធនៈយានយន្តយោធា ប៉ុស្តិ៍បញ្ជាការ កាំភ្លើងធំ និងកងកម្លាំងការពារដែនអាកាសរបស់កងទ័ពរុស្ស៊ី ដែលលោកថាអ៊ុយក្រែនត្រូវការអាវុធនេះគឺជារឿងចាំបាច់។
គ្រាប់បែកចង្កោមគឺជាប្រភេទអាវុធដែលគេអាចបាញ់ចេញពីកាំភ្លើងធំក៏បាន ទម្លាក់ពីលើយន្តហោះក៏បាន ឬបាញ់ចេញពីនាវាក៏បាន ដែលវានឹងបំបែកចេញជាគ្រាប់តូចៗពីលើផ្ទៃអាកាសធ្លាក់មកលើដីរាយប៉ាយ ប៉ុន្តែវាងាយប៉ះខ្លាំងណាស់ដល់ជីវិតមនុស្ស។
រដ្ឋាភិបាលអ៊ុយក្រែនដែលដណ្តើមបានទឹកដីតិចតួចពីរុស្ស៊ី ក្នុងសង្គ្រាមវាយបកនេះ បានប្រកាសស្វែងរកជំនួយយោធាពីក្រុមបស្ចិមប្រទេសជាបន្ថែមទៀត ដើម្បីវាយលុកក្នុងយុទ្ធសាស្ត្រយកប្រៀបលើសមរភូមិ ដើម្បីបង្ខំឱ្យរុស្ស៊ីដកថយពីតំបន់ភាគខាងកើត និងខាងត្បូង។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គបញ្ជាការដ្ឋានកងទ័ពអ៊ុយក្រែន ការវាយបករយៈពេល ២៦ថ្ងៃមកនេះដោយគិតត្រឹមថ្ងៃទី៦ កក្កដា អ៊ុយក្រែន វាយរំដោះទឹកដីពីរុស្ស៊ីមកវិញបានជាង ១៦០គីឡូម៉ែត្រក្រឡាទាំងនៅភាគខាងកើត និងខាងត្បូង។
យ៉ាងណាចាប់តាំងពីខែតុលា ឆ្នាំ២០២២ ដែលអ៊ុយក្រែន មានប្រៀបក្នុងការប្រយុទ្ធវាយបកយកទឹកដីមកវិញពីរុស្ស៊ី អ៊ុយក្រែនប្រកាសថាបានរំដោះផ្ទៃដីបានជាង ១៥០០០គីឡូម៉ែត្រក្រឡា ហើយចំណែករុស្ស៊ីកំពុងកាន់កាប់ជាង ១៧០០០គីឡូម៉ែត្រក្រឡា។
តែនេះមិនបានរាប់បញ្ចូលផ្ទៃដីនៃឧបទ្វីបគ្រីមៀរ ដែលមានទំហំជាង ២៧០០០គីឡូម៉ែត្រក្រឡាដែលរុស្ស៊ីក្រោមការដឹកនាំរបស់លោក ពូទីន យកបានពីអ៊ុយក្រែន នៅខែមីនា ឆ្នាំ២០១៤ នោះទេ៕