28.8 C
Phnom Penh

បុគ្គលិក​ក្រុមហ៊ុន​ត​បណ្ដាញ​អគ្គិសនី SN បី​នាក់​រង​របួស​ធ្ងន់​និង​ស្រាល ដោយសារ​ដើរ​ជាន់​គ្រាប់បែក​ចង្កោម​របស់​ថៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធរ​ដោះ​មីន​កម្ពុជា អះអាង​ថា ក្នុង​ករណី​ផ្ទុះ​គ្រាប់បែក​ចង្កោម​ចំណុច​ភូមិ​បុស្សធំ ឃុំ​គោកខ្ពស់ ស្រុក​បន្ទាយអំពិល បាន​បណ្តាល​ឱ្យ​ពលរដ្ឋ​ខ្មែរ ៣​នាក់​រង​របួស​ធ្ងន់​ស្រាល បន្ទាប់ពី​ពួកគេ​បាន​ដើរ​ជាន់​សំណល់​យុទ្ធភណ្ឌ​ទាំងនោះ។

អគ្គនាយក​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា (CMAC) លោក ហេង រតនា សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៩ មករា នេះ​ថា នៅ​ព្រឹក​ថ្ងៃទី​២៩ ខែ​មករា ឆ្នាំ​២០២៦ នេះ ត្រង់​ចំណុច​ភូមិ​បុស្សធំ ឃុំ​គោកខ្ពស់ ស្រុក​បន្ទាយអំពិល ខេត្ត​ឧត្ដរមានជ័យ តាម​ដងផ្លូវ​លេខ​៥៨ មាន​ករណី​ផ្ទុះ​គ្រាប់បែក​ចង្កោម​មួយ​ករណី។

លោក ហេង រតនា អះអាង​ថា ការ​ផ្ទុះ​នេះ​កើតឡើង​ដោយសារ​បុគ្គលិក​ក្រុមហ៊ុន SN ត​បណ្ដាញ​អគ្គិសនី បាន​ដើរ​ជាន់​គ្រាប់បែក​ចង្កោម​ដែល​ជា​សំណល់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ពី​សង្គ្រាម​ជាមួយ​ថៃ កាលពី​ពេល​ថ្មីៗ​នេះ ហើយ​ករណី​ផ្ទុះ​នេះ​បាន​បណ្តាល​ឱ្យ​បុគ្គលិក​ក្រុមហ៊ុន SN ចំនួន ០៣​នាក់​រង​របួស​ធ្ងន់ និង​ស្រាល។

អាជ្ញាធរ​មីន​កម្ពុជា រូប​នេះ អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ ក៏ដូចជា​វិស័យ​ឯកជន និង​អង្គភាព​រដ្ឋ​ទាំងអស់​ដែល​ធ្វើ​សកម្មភាព​នៅ​តំបន់​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​សង្គ្រាម​ច្បាំង​គ្នា​ជាមួយ​ថៃ ធ្វើការ​សម្របសម្រួល​ឱ្យ​បាន​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ឬ​អង្គភាព​ស៊ីម៉ាក់ ដែល​កំពុង​បំពេញ​ភារកិច្ច​នៅ​តំបន់​នោះ​ផ្ទាល់ ដើម្បី​បង្ការ​គ្រោះថ្នាក់​ដោយសារ​សំណល់​យុទ្ធភណ្ឌ​សង្គ្រាម​ទាំងនោះ។

នៅ​ថ្ងៃទី​២៩ ខែ​មករា ឆ្នាំ​២០២៦ នេះ មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា (CMAC) បាន​អះអាង​ថា កាលពី​ថ្ងៃទី​២៨ ខែ​មករា គ្រាប់បែក​ចង្កោម​ប្រភេទ M46 បាន​ផ្ទុះ​អំឡុង​ពេល​កម្លាំង​ជំនាញ CMAC ប្រតិបត្តិការ​បោស​សម្អាត​នៅ​ភូមិ​ចក់ពួក ឃុំ​ស្លក្រាម ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ ប៉ុន្តែ​មិន​បង្ក​ឱ្យ​គ្រោះថ្នាក់​ដល់​កម្លាំង​ប្រតិបត្តិការ ឬ​បង្ក​ខូចខាត​ដល់​គ្រឿងចក្រ​ឡើយ។

ប្រភព​ដដែល​បញ្ជាក់​ថា អង្គភាព​ជំនាញ​បាន​ប្រើប្រាស់​បច្ចេកទេស​គ្រឿងចក្រ​ស្រូប​ឆក់​គ្រាប់បែក​ចង្កោម​ជា​សំណល់​គ្រាប់​មិន​ទាន់​ផ្ទុះ​ប្រភេទ M46 បាន​ចំនួន ១០​គ្រាប់ និង​បន្សាប​បាន​ចំនួន ៩​គ្រាប់ ប៉ុន្តែ​មាន​គ្រាប់បែក​ចង្កោម​ចំនួន ១​គ្រាប់​បាន​ផ្ទុះ​នៅ​ពេល​ប្រតិបត្តិការ​ស្រូប​ឆក់​នោះ​តែម្តង។

ជាង​នេះ​ទៀត អង្គភាព​ស៊ីម៉ាក់ ក៏បាន​ប្រតិបត្តិការ​បោស​សម្អាត​គ្រាប់បែក​ចង្កោម​ប្រភេទ M85 របស់​គ្រាប់​កាំភ្លើងធំ ១៥៥​មិល្លីម៉ែត្រ ដែល​បាញ់​ដោយ​ភាគី​ថៃ ធ្លាក់​ចូល​ក្នុង​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​ស្ថិត​នៅ​ក្នុង​ភូមិ​ចំបក់សែនជ័យ ឃុំ​ស្រអែម ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ ផង​ដែរ កាលពី​ថ្ងៃទី​១៥ ខែ​មករា ឆ្នាំ​២០២៦ ខណៈ​ផ្ទះ​ដែល​រង​ការ​បាញ់​ប្រហារ​នោះ​ត្រូវ​បាន​បំផ្លាញ​ស្ទើរតែ​ទាំងស្រុង។

គ្រាប់បែក​ចង្កោម គឺជា​ប្រភេទ​គ្រាប់បែក​ដែល​អាច​ទម្លាក់​ចេញពី​យន្តហោះ ឬ​បាញ់​ចេញពី​កាំភ្លើងធំ ដែល​អាច​បញ្ចេញ​គ្រាប់បែក​តូចៗ​ដើម្បី​កម្ទេច​រថក្រោះ និង​បរិក្ខារ​យោធា​មួយ​ចំនួន រួម​ទាំង​កងទ័ព និង​អាច​វាយប្រហារ​លើ​គោលដៅ​ជាច្រើន​ក្នុង​ពេល​តែ​មួយ។

ច្បាប់​អន្តរជាតិ​ហាម​ប្រើប្រាស់​គ្រាប់បែក​ចង្កោម​បាន​ចូល​ជាធរមាន​នៅ​ឆ្នាំ​២០១០ និង​មាន​ប្រទេស​ចំនួន ១២៣ ចូលរួម​ក្នុង​អនុសញ្ញា​អន្តរជាតិ​មួយ​នេះ ដោយ​ហាមឃាត់​នូវ​ការ​ប្រើប្រាស់ ការ​អភិវឌ្ឍ ការ​ផលិត ការ​ទិញ​យក ឬ​ស្តុក​ទុក និង​ការ​ផ្ទេរ​គ្រាប់បែក​ចង្កោម ក៏ដូចជា​ជំនួយ ឬ​ការ​ចូលរួម​សកម្មភាព​ហាមឃាត់​ណា​មួយ ជាដើម។

ជុំវិញ​បញ្ហា​នេះ អ្នកនាំពាក្យ​កងទ័ព​ភូមិន្ទ​ថៃ លោក Winthai Suwaree កាលពី​ថ្ងៃទី​២៦ ខែ​កក្កដា ឆ្នាំ​២០២៥ បាន​ទទួលស្គាល់​ថា យោធា​ថៃ ពិត​ជា​បាន​ប្រើប្រាស់​គ្រាប់បែក​ចង្កោម​ដើម្បី​វាយប្រហារ​មក​លើ​កម្ពុជា មែន ព្រោះ​ថៃ មិនមែន​ជា​ប្រទេស​ហត្ថលេខី​នៃ​អនុសញ្ញា​ស្ដីពី​គ្រាប់បែក​ចង្កោម (CCM) ឡើយ។

លោក Winthai Suwaree បញ្ជាក់​ថា អនុសញ្ញា​ស្ដីពី​គ្រាប់បែក​ចង្កោម​ដែល​ហាមប្រាម​ការ​ប្រើប្រាស់ ការ​ផលិត និង​ការ​ស្តុក​ទុក​អាវុធ​ចង្កោម មិន​អាច​ចង​ប្រទេស​ថៃ បាន​ទេ ដោយសារ​ប្រទេស​ថៃ មិនមែន​ជា​ប្រទេស​ហត្ថលេខី​ដូច​ប្រទេស​ដទៃ។

ប្រទេស​ថៃឡង់ដ៍ មិនមែន​ជា​ប្រទេស​ហត្ថលេខី​នៃ​អនុសញ្ញា​ឆ្នាំ​២០០៨ ហាមប្រាម​ការ​ប្រើ ផលិត និង​ស្តុក​ទុក​គ្រាប់បែក​ចង្កោម នៅ​ក្រុង​អូស្លូ ប្រទេស​ន័រវែស នោះ​ទេ។ ប្រទេស​ថៃឡង់ដ៍ ជា​ប្រទេស​ហត្ថលេខី​នៃ​អនុសញ្ញា​ឆ្នាំ​១៩៩៧ ហាមប្រាម​ការ​រាយ​បង្កប់​គ្រាប់មីន​កម្ទេច​មនុស្ស​នៅ​ក្រុង​អូតាវ៉ា ប្រទេស​កាណាដា។

យ៉ាងណាក៏ដោយ កាលពី​ថ្ងៃទី​២៥ ខែ​កក្កដា ឆ្នាំ​២០២៥ អ្នកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ បាន​អះអាង​ថា ថៃ​បាន​ប្រើប្រាស់​គ្រាប់បែក​ចង្កោម​ដោយ​ខុស​ច្បាប់​លើ​ទឹកដី​ខ្មែរ ដែល​ជា​ការ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​ច្បាប់​អន្តរជាតិ រួម​ទាំង​អនុសញ្ញា​ស្ដីពី​គ្រាប់បែក​ចង្កោម​ផង​ដែរ។

អ្នកនាំពាក្យ​រូប​នេះ​បញ្ជាក់​ថា ការ​ពង្រាយ​គ្រាប់បែក​ចង្កោម គឺជា​ការ​គំរាមកំហែង​យូរអង្វែង​ដល់​ជនស៊ីវិល បរិស្ថាន ហើយ​ក៏​ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម​ក្រោម​ច្បាប់​អន្តរជាតិ និង​បំផ្លិចបំផ្លាញ​សន្តិភាព រួម​ទាំង​សន្តិសុខ​ក្នុង​តំបន់​ថែមទៀត។

ជុំវិញ​បញ្ហា​នេះ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា លោក ឆាំង យុ លើកឡើង​ថា ការ​ដាក់​ឲ្យ​យោធា​ថៃ ទទួល​ខុសត្រូវ​លើ​ទង្វើ​បំពាន​របស់​ខ្លួន​មក​លើ​ប្រទេស​កម្ពុជា គឺជា​មូលដ្ឋានគ្រឹះ​សន្តិភាព​សម្រាប់​កម្ពុជា​ផង តំបន់​ផង និង​ពិភពលោក​ផង​ដែរ។


យោធា​ថៃ ក៏បាន​ចោទ​យោធា​ខ្មែរ​ថា​រាយ​មីន​កម្ទេច​មនុស្ស​តាម​ជាយដែន​ដែរ ដែល​ធ្វើ​ឲ្យ​ទាហាន​ថៃ ស្លាប់ និង​របួស​ជាច្រើន​នាក់ ហើយ​ដែល​ផ្ទុយ​ពី​អនុសញ្ញា​ក្រុង​អូតាវ៉ា៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស