42 C
Phnom Penh

ភរិយា​និង​កូនប្រុស​ច្បង​អ្នកឧកញ៉ា គិត ម៉េង ទទួល​បាន​គោរមងារ​ជា​អ្នកឧកញ៉ា​និង​ឧកញ៉ា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ភរិយា និង​កូនប្រុស​ច្បង​អ្នកឧកញ៉ា គិត ម៉េង ទទួល​បាន​គោរមងារ​ជា «អ្នកឧកញ៉ា» និង «ឧកញ៉ា» បន្ទាប់ពី​បុរស​ខ្លាំង​កាន់​អំណាច​ជិត ៤០​ឆ្នាំ​នៅ​កម្ពុជា លោក ហ៊ុន សែន ទូល​ថ្វាយ​ទៅ​ព្រះមហាក្សត្រ។

បើ​តាម​សារព័ត៌មាន​ក្នុង​ស្រុក​ចុះផ្សាយ​នៅ​ថ្ងៃ​ចន្ទ ទី​១០ កក្កដា នេះ​ថា កូនប្រុស​ច្បង​អ្នកឧកញ៉ា គិត ម៉េង ដែល​ទទួល​បាន​គោរមងារ​ជា «ឧកញ៉ា» នោះ​ឈ្មោះ​លោក គិត ស៊ូឡា ខណៈ​ភរិយា​របស់​លោក គឺ​អ្នកស្រី ម៉ៅ ចំណាន ទទួល​បាន​គោរមងារ​ជា «អ្នកឧកញ៉ា»។

ព្រះករុណា​ព្រះបាទ សម្ដេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា​បាន​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​ផ្ដល់​គោរមងារ​ដល់​ភរិយា និង​កូនប្រុស​ច្បង​របស់​អ្នកឧកញ៉ា គិត ម៉េង ជា «អ្នកឧកញ៉ា» និង «ឧកញ៉ា» បន្ទាប់ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ទូល​ថ្វាយ​ព្រះអង្គ​នា​ពេល​ថ្មីៗ​នេះ។

លោក ហ៊ុន សែន មិន​មែន​ទូល​ថ្វាយ​ទៅ​ព្រះមហាក្សត្រ​ដើម្បី​ស្នើសុំ​ផ្ដល់​គោរមងារ​តែ​ភរិយា និង​កូន​របស់​អ្នកឧកញ៉ា​នោះ​ទេ នៅ​ឆ្នាំ​២០២២ កន្លងទៅ បុរស​ខ្លាំង​ក្រាញ​អំណាច​ជិត ៤០​ឆ្នាំ​នៅ​កម្ពុជា​ក៏​បាន​ទូល​ថ្វាយ​ទៅ​ព្រះមហាក្សត្រ​ឲ្យ​ត្រាស់​បង្គាប់​ផ្ដល់​គោរមងារ​កូនប្រុស​របស់​អ្នកឧកញ៉ា ម៉ុង ឬទ្ធី ឈ្មោះ ម៉ុង ចាន់ថន ជា «ឧកញ៉ា» នៅ​ខែ​សីហា ឆ្នាំ​២០២២ ផង​ដែរ។

ក្រៅពី​កូន​ឧកញ៉ា ម៉ុង ឬទ្ធី ក៏​មាន​កូនប្រុស​របស់​អ្នកឧកញ៉ា លី យ៉ុងផាត់ គឺ​ឈ្មោះ លី ភូនរ៉ាត់ ក៏​ទទួល​បាន​គោរមងារ​ជា «ឧកញ៉ា» ដែរ។ លោក លី ភូនរ៉ាត់ បាន​បរិច្ចាគ​ថវិកា​ចំនួន ១០​ម៉ឺន​ដុល្លារ​សម្រាប់​ការ​សាងសង់​អគារ​សិក្សា​មួយ​កន្លែង​នៅ​រាជធានី​ភ្នំពេញ។

អ្នកឧកញ៉ា គិត ម៉េង បច្ចុប្បន្ន​ជា​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា និង​រាជធានី​ភ្នំពេញ។ ក្រៅពី​ជា​ប្រធាន​សភា​ពាណិជ្ជកម្ម​ហើយ ក៏​ជា​អ្នកជំនួញ​ដ៏​ល្បីល្បាញ​នៅ​កម្ពុជា ដែល​បច្ចុប្បន្ន​លោក​ជា​ប្រធាន​អគ្គនាយក​បណ្ដុំ​ក្រុមហ៊ុន រ៉ូយ៉ាល់ ហ្គ្រុប (Royal Group of Companies (RGC)) ដែល​មាន​ក្រុមហ៊ុន​ចំណុះ​ជាច្រើន ដូចជា​ក្រុមហ៊ុន​ទូរសព្ទ​ចល័ត ខាំ ជីអេសអឹម (Cam GSM Co.) ទូរទស្សន៍​ខ្សែកាប ស៊ីធីអិន (Cambodia Television Network=CTN) ក្រុមហ៊ុន ភ្នាល់​បាល់ទាត់ Cambo Six European Soccer Betting ក្រុមហ៊ុន​ចាក់​លេខ​ឆ្នោត (CamLot Lottery Co.) ក្រុមហ៊ុន​ចែកចាយ​ផ្ដាច់មុខ​ផលិតផល​ជប៉ុន កាណុង (Canon Products) សាលារៀន​អន្តរជាតិ North bridge និង​សណ្ឋាគារ Cambodiana។

អ្នកឧកញ៉ា គិត ម៉េង ចូល​ហ៊ុន​ជាមួយ​ធនាគារ​អូស្ត្រាលី ANZ មាន​ហ៊ុន ៤៥% ហើយ​ដាក់​ឈ្មោះ​ថា ANZ Royal Bank នៅ​ឆ្នាំ​២០០៥។ បន្ទាប់មក អ្នកឧកញ៉ា គិត ម៉េង បើក​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ឈ្មោះ Infinity General Insurance ចូល​ហ៊ុន​នឹង​ក្រុមហ៊ុន​ម៉ាឡេស៊ី នៅ​ក្រុង​កូឡាឡាំពួរ Infinity Financial Solutions។ ប៉ុន្មាន​ឆ្នាំ​មុន​នេះ អ្នកឧកញ៉ា គិត ម៉េង មាន​ឈ្មោះ​ផ្សាយ​ក្នុង​កាសែត​ថា មាន​ទាក់ទង​នឹង​រឿង​រកស៊ី​កាប់​ឈើ ទិញ​ឈើ ដឹក​ឈើ។

គោរមងារ​ជា «ឧកញ៉ា» ត្រូវ​បាន​ផ្ដល់​ជូន​ដល់​បណ្ដា​សប្បុរសជន​ដែល​បាន​ធ្វើ​អំណោយ​ជូន​រដ្ឋ​ជា​ថវិកា ឬ​សម្ភារៈ​លើស​ពី ៥០​ម៉ឺន​ដុល្លារ។ គោរមងារ​មួយ​នេះ​ទៀតសោត ក៏​ត្រូវ​បាន​ផ្ដល់​ជូន​ដល់​អ្នកជំនួញ​ដ៏​លេចធ្លោ និង​មាន​ឥទ្ធិពល​ជាច្រើន​នៅ​ក្នុង​ប្រទេស រួម​ទាំង​ក្រុម​គ្រួសារ​របស់​ពួកគេ​ដែល​វា​ក៏​មាន​ការ​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ជួយ​ឧបត្ថម្ភ​ដល់​រដ្ឋ និង​និទ្ទណ្ឌភាព​ស្រប​ច្បាប់​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស