28 C
Phnom Penh

លោក ហ៊ុន សែន បញ្ជា​ឱ្យ​បញ្ចេញ​រថយន្តក្រុង​ជាង​៣០០​គ្រឿង​ដឹក​ពលរដ្ឋ​ទៅ​បោះឆ្នោត​តាម​ខេត្ត​នីមួយៗ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ខ្លាំង​ក្រាញ​អំណាច​លោក ហ៊ុន សែន បញ្ជា​ឱ្យ​អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង បញ្ចេញ​រថយន្តក្រុង​ជាង ៣០០​គ្រឿង​សម្រាប់​ដឹកជញ្ជូន​ពលរដ្ឋ​ទៅ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ នៅ​ថ្ងៃទី​២៣ កក្កដា ទាំង​ទៅ​និង​មក​ដោយ​ឥត​គិត​ថ្លៃ និង​មិន​រើសអើង​គណបក្ស​នយោបាយ​ណា​មួយ​នោះ​ទេ។

តាមរយៈ​សារ​សំឡេង​ពិសេស​រយៈពេល ៧​នាទី​នា​ល្ងាច​ថ្ងៃទី​១១ កក្កដា នេះ លោក ហ៊ុន សែន បាន​បញ្ជា​ឱ្យ​សាលា​រាជធានី​ភ្នំពេញ​បញ្ចេញ​រថយន្ត​ចន្លោះ​ពី ៣០០ ទៅ ៣៥០​គ្រឿង​សម្រាប់​ដឹក​ពលរដ្ឋ​ទៅ​តាម​ខេត្ត​នីមួយៗ​ដោយ​ឥត​គិត​ថ្លៃ ទាំង​ទៅ​និង​មក ដើម្បី​សម្រួល​ការ​ចំណាយ​របស់​ពួកគេ​នា​អំឡុង​ពេល​បោះឆ្នោត​នេះ។

ចំពោះ​ការ​ដឹកជញ្ជូន​នេះ លោក ហ៊ុន សែន ក៏​ហាម​មិន​ឱ្យ​មាន​ការ​រើសអើង​ពលរដ្ឋ​ពាក់ព័ន្ធ​នឹង​និន្នាការ​នយោបាយ​ឡើយ ពោល​គឺ​ត្រូវ​ដឹកជញ្ជូន​ប្រកប​ដោយ​ការ​ទទួល​ខុសត្រូវ និង​ធានា​សុវត្ថិភាព​ជូន​ពលរដ្ឋ​គ្រប់​រូប។

បុរស​ខ្លាំង​រូប​នេះ​អះអាង​ថា ការ​ដឹកជញ្ជូន​នេះ​ធ្វើឡើង​ដោយ​គ្មាន​ការ​រើសអើង​គណបក្ស​នយោបាយ​ណា​មួយ​នោះ​ទេ ដូច្នេះ​វា​មិនមែន​ជា​ការ​ទិញ​ដូរ​សន្លឹកឆ្នោត​នោះ​ឡើយ ហើយ​ត្រូវ​ដឹក​គ្រប់​និន្នាការ​នយោបាយ ព្រោះ​មិន​ដឹង​ថា​អ្នក​ណា​បោះឆ្នោត​ឱ្យ​អ្នក​ណា​នោះ​ឡើយ។

លោក​បញ្ជាក់​ថា អាជ្ញាធរ និង​អ្នក​បើកបរ​រថយន្ត​ហាម​សួរ​ពលរដ្ឋ​បោះឆ្នោត​ឱ្យ​អ្នក​ណា​នៅ​អំឡុង​ពេល​ដឹកជញ្ជូន​ពលរដ្ឋ​ទៅ​ស្រុកកំណើត​នេះ។

រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​មន្ត្រី​រាជការ និង​កម្មករ​និយោជិត​ឈប់​សម្រាក ៣​ថ្ងៃ​ជាប់ៗ​គ្នា ដើម្បី​មាន​ពេល​ទៅ​ចូលរួម​បោះឆ្នោត​ជាតិ​នៅ​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣។ ការ​ឈប់​សម្រាក​នេះ​ចាប់ផ្តើម​ពី​ថ្ងៃទី​២២ ដល់​ថ្ងៃទី​២៤ ខែ​កក្កដា ពោល​គឺ​មុន​បោះឆ្នោត ១​ថ្ងៃ ចំ​ថ្ងៃ​បោះឆ្នោត និង​ក្រោយ​ថ្ងៃ​បោះឆ្នោត។

ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា​នៅ​ខែ​កក្កដា ឆ្នាំ​២០២៣ នេះ ត្រូវ​គេ​រិះគន់​ថា​ជា​ការ​បោះឆ្នោត​ដែល​អាក្រក់​ជា​ទីបំផុត ដែល​សូម្បីតែ​សហគមន៍​អន្តជាតិ​ក៏​មិន​បាន​ដាក់​អ្នក​សង្កេតការណ៍​មក​ចូលរួម​ការ​បោះឆ្នោត​នេះ​ដែរ ខណៈ​រដ្ឋាភិបាល​កម្ពុជា​បន្ត​ប្រកាស​ជំហរ​ក្ដែងៗ​ថា ការ​បោះឆ្នោត​ដែល​ស្រប​ច្បាប់​មិន​ចាំបាច់​មាន​អ្នក​សង្កេតការណ៍​អន្តរជាតិ​ចូលរួម​នោះ​ទេ គឺ​មាន​តែ​ពលរដ្ឋ​ទៅ​បោះឆ្នោត ការ​ប្រជុំ​សភា និង​ការ​ឡាយ​ព្រះហស្តលេខា​របស់​ព្រះមហាក្សត្រ​បង្កើត​រដ្ឋាភិបាល​ថ្មី នោះ​គឺ​គ្រប់គ្រាន់​ទៅ​ហើយ។

ទោះជា​បែប​នេះ​ក្តី ជុំវិញ​ដំណើរការ​នៃ​ការ​បោះឆ្នោត​នា​ខែ​កក្កដា ខាងមុខ​នេះ មន្ត្រី​បក្ស​ប្រឆាំង ក្រុម​អ្នកវិភាគ ក្រុម​អ្នក​សង្កេតការណ៍ អ្នក​តស៊ូ​ដើម្បី​សិទ្ធិ​សេរីភាព សកម្មជន​បរិស្ថាន សកម្មជន​សិទ្ធិមនុស្ស និង​អង្គការ​សង្គម​ស៊ីវិល ជាដើម នៅតែ​បន្ត​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត​ដោយ​នាំគ្នា​គូស​ខ្វែង​សន្លឹកឆ្នោត​ចោល​ដើម្បី​ប្រឆាំង​នឹង​ការ​បោះឆ្នោត​មិន​ត្រឹមត្រូវ​នេះ។

ប៉ុន្តែ​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ធ្លាប់​ព្រមាន​ជា​រឿយៗ​ថា អ្នក​ដែល​បំផ្លាញ​សន្លឹកឆ្នោត ដូចជា​ការ​គូស​ខ្វែង​សន្លឹកឆ្នោត​ជាដើម​នោះ នឹង​ត្រូវ​មាន​ទោស​ជា​កំហិត។

ទោះជា​បែប​នេះ​ក្តី ច្បាប់​ដែល​លោក ហ៊ុន សែន លើកឡើង​នេះ​គឺជា​ច្បាប់​ដែល​រដ្ឋសភា​ឯក​បក្ស​របស់​គាត់​ទើប​នឹង​កែប្រែ​នៅ​មុន​ការ​បោះឆ្នោត​នេះ​ប៉ុណ្ណោះ ដែល​រង​នូវ​ការ​រិះគន់​ថា​ជា​ច្បាប់​ដែល​រំលោភ​សិទ្ធិ​ពលរដ្ឋ និង​សម្លាប់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

ដំណើរការ​បោះឆ្នោត​នៅ​អាណត្តិ​ទី​៧ នា​ចុង​ខែ​កក្កដា នេះ មិន​មាន​គណបក្ស​សង្គ្រោះ​ជាតិ ឬ​គណបក្ស​ភ្លើង​ទៀន​ដែល​មាន​សក្ដានុពល​អាច​ប្រកួតប្រជែង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ចូលរួម​នោះ​ទេ ដោយសារតែ​មាន​ការ​រារាំង​ពី​លោក ហ៊ុន សែន ខណៈ​អ្នក​ដែល​តវ៉ា​រក​យុត្តិធម៌​ជុំវិញ​រឿង​នេះ ក៏​ត្រូវ​លោក ហ៊ុន សែន គំរាម​ចាប់​ខ្លួន​ថែម​ទៀត។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ពាក់កណ្តាល​ខែ​ឧសភា មន្ត្រី​ជាន់ខ្ពស់​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស (Human Rights Watch) លោក ហ្វីល រ៉ូបឺសុន បាន​ចាត់ទុក​ការ​បោះឆ្នោត​ជាតិ​នៅ​កម្ពុជា​ដែល​គ្មាន​គណបក្ស​ប្រឆាំង​ចូលរួម​នៅ​ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ​នេះ ថា​គ្រាន់តែ​ជា​ការ​បោះឆ្នោត​បែប​កំប្លុកកំប្លែង​ដែល​លោក ហ៊ុន សែន កំពុង​ទាញ​ឱ្យ​ធ្លាក់​ទៅ​ក្នុង​ការ​ដឹកនាំ​ដូច​ប្រទេស​កូរ៉េខាងជើង​ប៉ុណ្ណោះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស