27 C
Phnom Penh

មន្ត្រី​រដ្ឋាភិបាល​ជា​សមាជិក​បក្ស​ប្រជាជន​នាំគ្នា​បង្រៀន​ពលរដ្ឋ​ឱ្យ​ចេះ​គូស​សញ្ញា​លើ​សន្លឹកឆ្នោត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋ​ស្ទើរតែ​មិន​ដែល​ស្គាល់​មុខ​មន្ត្រី​រដ្ឋាភិបាល​ដែល​ជា​សមាជិក​របស់​បក្ស​កាន់​អំណាច​ក្នុង​រយៈពេល ៥​ឆ្នាំ​កន្លងមក​នេះ ស្រប​ពេល​ដែល​ពួកគេ​បាន​នាំគ្នា​ចុះ​បង្រៀន​ពលរដ្ឋ​ឱ្យ​រៀន​គូស​សញ្ញា​នៅ​លើ​សន្លឹកឆ្នោត​អំឡុង​ពេល​ឃោសនា​បោះឆ្នោត។

អតីត​បក្ស​កុម្មុយនីស្ត​ដែល​កំពុង​ដឹកនាំ​ដោយ​លោក ហ៊ុន សែន សព្វថ្ងៃ​នេះ កំពុង​ផ្សព្វផ្សាយ​ពី​សកម្មភាព​ឃោសនា​បក្ស​នយោបាយ​របស់​ខ្លួន​នៅ​តាម​បណ្តា​ខេត្ត​នានា​រាល់​ថ្ងៃ​អំឡុង​ពេល​យុទ្ធនាការ​នៃ​ការ​ឃោសនា​បោះឆ្នោត​នៅ​ពេលនេះ ក្នុង​នោះ​សកម្មភាព​ដែល​សមាជិក​បក្ស​នេះ​យកចិត្ត​ទុកដាក់​បំផុត​នោះ គឺ​ការ​បង្រៀន​ឱ្យ​ពលរដ្ឋ​ចេះ​គូស​សញ្ញា​នៅ​លើ​សន្លឹកឆ្នោត​ឱ្យ​បាន​គ្រប់ៗ​គ្នា។

បុរស​ខ្លាំង​ក្រាញ​អំណាច​លោក ហ៊ុន សែន តែង​ផ្សព្វផ្សាយ​ពី​សកម្មភាព​ឃោសនា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​រាល់​ថ្ងៃ​នៅ​ក្នុង​បណ្ដាញ​ទំនាក់ទំនង​តេឡេក្រាម​ផ្លូវការ​របស់​លោក ជុំវិញ​សកម្មភាព​ដែល​សមាជិក​របស់​ខ្លួន​កំពុង​ធ្វើ​នៅ​តាម​បណ្តា​ខេត្ត ក្នុង​នោះ​មន្ត្រី​បក្ស​នេះ​ដែល​មិន​ធ្លាប់​ទៅ​ជួប​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន ក៏​បាន​ចេញ​មុខ​ទៅ​ណែនាំ​ឱ្យ​ពលរដ្ឋ​រៀន​គូស​សញ្ញា​នៅ​លើ​សន្លឹកឆ្នោត​ដែរ។

គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន កំពុង​ធ្វើ​យុទ្ធនាការ​ឃោសនា​រក​សំឡេង​យ៉ាង​សកម្ម​នៅ​ទូទាំង​ប្រទេស ស្រប​ពេល​ដែល​គណបក្ស​ដែល​មាន​សក្ដានុពល​អាច​ប្រកួតប្រជែង​ជាមួយ​ខ្លួន គឺ​បក្ស​សង្គ្រោះ​ជាតិ ឬ​គណបក្ស​ភ្លើង​ទៀន ត្រូវ​បាន​លោក ហ៊ុន សែន រារាំង​មិន​ឱ្យ​ចូលរួម​ការ​បោះឆ្នោត​នេះ​ឡើយ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ការ​បោះឆ្នោត​នៅ​កម្ពុជា​នា​ចុងខែ​កក្កដា នេះ ត្រូវ​គេ​រិះគន់​ថា​ជា​យុទ្ធនាការ​លួច​ប្លន់​លទ្ធផល​នៃ​ការ​បោះឆ្នោត​នេះ​ទៅវិញ។

យុទ្ធនាការ​នៃ​ការ​ឃោសនា​បោះឆ្នោត ធ្វើឡើង​រយៈពេល ២១​ថ្ងៃ​គិត​ចាប់ពី​ថ្ងៃទី​១ រហូត​ដល់​ថ្ងៃទី​២១ ខែ​កក្កដា ឆ្នាំ​២០២៣ ប៉ុន្តែ​ការ​រិះគន់​នានា​ក៏​បាន​លេច​ឡើង​ព្រោងព្រាត​ផង​ដែរ​ជុំវិញ​ការ​ឃោសនា​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​នាំគ្នា​បង្រៀន​ពលរដ្ឋ​ឱ្យ​ចេះ​គូស​សញ្ញា​លើ​សន្លឹកឆ្នោត​នៅ​ពេលនេះ។

ជាក់ស្តែង នាយក​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) លោក មឿន តុលា សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​១២ កក្កដា នេះ​ថា បើ​មន្ត្រី​រដ្ឋាភិបាល​ដែល​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​នាំគ្នា​ចុះ​បង្រៀន​កសិករ​ឱ្យ​ចេះ​ធ្វើ​កសិកម្ម​ដូច​ដែល​ពួកគេ​ចុះ​បង្រៀន​ពលរដ្ឋ​ឱ្យ​រៀន​គូស​សញ្ញា​នៅ​លើ​សន្លឹកឆ្នោត​ដូច​ពេលនេះ ម្ល៉េះ​កសិករ​មិន​ធ្វើ​ចំណាកស្រុក​ដូច​សព្វថ្ងៃ​នេះ​ទេ។

ចំណែក​សកម្មជន​បរិស្ថាន​លោក សាន់ ម៉ាឡា ក៏​បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​១២ កក្កដា នេះ​ដែរ​ថា បើ​លោក​ជា​អ្នក​នយោបាយ ក៏​លោក​ចុះ​បង្រៀន​ពលរដ្ឋ​ដល់​ផ្ទះ​ដែរ តែ​បង្រៀន​ពួកគាត់​ឲ្យ​ចេះ​ធ្វើ​កសិកម្ម​តាម​បែប​ទំនើប និង​បង្រៀន​ឲ្យ​ដឹង​អំពី​តម្លៃ​ទីផ្សារ​កសិកម្ម​ប៉ុណ្ណោះ ព្រោះ​នេះ​ទើប​ជា​តម្រូវការ​ពិតប្រាកដ​របស់​ពលរដ្ឋ​នៅ​មូលដ្ឋាន ដែល​ទំនង​ជា​លោក​ចង់​សំដៅ​ថា លោក​នឹង​មិន​ចុះ​ទៅ​បង្រៀន​ពលរដ្ឋ​ឱ្យ​គូស​សញ្ញា​នៅ​លើ​សន្លឹកឆ្នោត​នោះ​ទេ។

ដោយឡែក​មន្ត្រី​ជាន់ខ្ពស់​សង្គម​ស៊ីវិល​ទទួល​បន្ទុក​សិទ្ធិមនុស្ស លោក ស៊ឹង សែនករុណា លើកឡើង​នៅ​ថ្ងៃទី​១២ កក្កដា នេះ​ដែរ​ថា លោក​ពិត​ជា​មិន​នឹកស្មាន​ថា ការ​បោះឆ្នោត​នៅ​កម្ពុជា​នៅ​ពេលនេះ​ត្រូវ​គណបក្ស​នយោបាយ​ខ្វល់ខ្វាយ​ដល់​កម្រិត សូម្បីតែ​គូស​សញ្ញា​នៅ​លើ​សន្លឹកឆ្នោត​ក៏​ត្រូវ​ពួកគេ​នាំគ្នា​គិតគូរ​ដែរ។

លោក ស៊ឹង សែនករុណា លើកឡើង​បែប​ចំអក​ទៅ​កាន់​គណបក្ស​នយោបាយ​មួយ​ចំនួន​ថា លោក​អាណិត​តែ​ពលរដ្ឋ​ទេ​ដែល​ត្រូវ​គណបក្ស​នយោបាយ​ខ្វល់ខ្វាយ​យកចិត្ត​ទុកដាក់​ដល់​ថ្នាក់​នេះ ដែល​សូម្បីតែ​គូស​សញ្ញា​នៅ​លើ​សន្លឹកឆ្នោត​ក៏​ត្រូវ​គេ​ចុះ​ទៅ​បង្រៀន​ដែរ​នោះ។

នៅ​ថ្ងៃទី​១១ ខែ​កក្កដា ឆ្នាំ​២០២៣ ប្រធាន​ក្រុម​ការងារ​របស់​បក្ស​ប្រជាជន​កម្ពុជា បាន​នាំគ្នា​ចុះ​ជួយ​មូលដ្ឋាន​ឃុំ​សណ្តែក ស្រុក​បាធាយ ខេត្ត​កំពង់ចាម ចុះ​ផ្សព្វផ្សាយ​គោលនយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ពន្យល់​ពី​របៀប​គូស​សញ្ញា​នៅ​លើ​សន្លឹកឆ្នោត​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ ខណៈ​ក្រុម​ការងារ​ផ្សេង​ទៀត​របស់​គណបក្ស​នេះ ក៏​បាន​អនុវត្ត​សកម្មភាព​ដូចៗ​គ្នា​បែប​នេះ​ដែរ។

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា ទង្វើ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ធ្វើ​នៅ​មុន​ការ​បោះឆ្នោត​នេះ ដូចជា​ការ​ចែក​អំណោយ ការ​សួរ​សុខទុក្ខ​ពលរដ្ឋ និង​ការ​ចុះ​ជួយ​ពលរដ្ឋ​គ្រប់​រូបភាព​ទាំងអស់ គឺ​គ្រាន់តែ​ជា​ល្បិច​បោកប្រាស់​ដើម្បី​ឱ្យ​ពលរដ្ឋ​បោះឆ្នោត​ឱ្យ​ពួកគេ​ប៉ុណ្ណោះ មិនមែន​ពួកគេ​ស្រឡាញ់​ពលរដ្ឋ​នោះ​ទេ។ ជាក់ស្តែង ទាល់តែ​ដល់​ថ្ងៃ​បោះឆ្នោត ទើប​ពួកគេ​នាំគ្នា​មក​ជួប​ប្រជាពលរដ្ឋ ក្នុង​នោះ​តំណាងរាស្ត្រ​បក្ស​ប្រជាជន​កម្ពុជា​ស្ទើរតែ​ទាំងអស់​មិន​ដែល​មក​ជួប​ពលរដ្ឋ​នោះ​ទេ​ក្នុង​រយៈពេល ៥​ឆ្នាំ​កន្លងទៅ​នេះ។

លោក សម រង្ស៊ី អំពាវនាវ​ឱ្យ​ពលរដ្ឋ​គូស​ខ្វែង​សន្លឹកឆ្នោត​ចោល​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នៅ​ថ្ងៃទី​០៩ ខែ​កក្កដា ឆ្នាំ​២០២៣។ (Screenshot)

ចំណែក​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី អះអាង​ថា ប្រសិនបើ​ពលរដ្ឋ​ខ្មែរ​ចង់​ដក​មេដឹកនាំ​ខ្មែរ​ដែល​វៀតណាម​លើក​បន្តុប លោក ហ៊ុន សែន លែង​ឱ្យ​ត្រួតត្រា​ប្រទេស​កម្ពុជា​ដោយ​ស្ងាត់ៗ ហើយ​មាន​សុវត្ថិភាព​នោះ គឺ​គ្រាន់តែ​នាំគ្នា​គូស​ខ្វែង​សន្លឹកឆ្នោត​ដោយ​សម្ងាត់​នោះ លោក ហ៊ុន សែន នឹង​អស់​អំណាច​ត្រួតត្រា​ពលរដ្ឋ​ខ្មែរ​ដោយ​ស្វ័យប្រវត្តិ។

បុរស​ដែល​តែង​ប្រកាស​ចាប់​ខ្លួន​លោក ហ៊ុន សែន ពី​ចម្ងាយ​រូប​នេះ​បាន​ចេញ​វីដេអូ​អំពាវនាវ​ទៅ​កាន់​ពលរដ្ឋ​ខ្មែរ​គ្រប់​និន្នាការ​ទាំងអស់​នៅ​ថ្ងៃទី​១២ កក្កដា នេះ​ថា សូម​ពលរដ្ឋ​ខ្មែរ​គ្រប់​និន្នាការ ទាំង​អ្នក​ដែល​គាំទ្រ​បក្ស​ប្រជាជន​កម្ពុជា និង​អ្នក​ដែល​គាំទ្រ​គណបក្ស​ដទៃ សហការ​សាមគ្គី​គ្នា​ទៅ​គូស​ខ្វែង​សន្លឹកឆ្នោត ដើម្បី​ជួយ​ឱ្យ​ប្រជាជាតិ​ខ្មែរ​ទាំងមូល​រួបរួម​សាមគ្គី​គ្នា​ឡើងវិញ ព្រោះ​ថា​ជាតិ​ខ្មែរ​បែកបាក់​សាមគ្គី​សព្វថ្ងៃ​នេះ គឺ​មក​តែ​ពី​លោក ហ៊ុន សែន ម្នាក់​គត់។

លោក សម រង្ស៊ី លើកឡើង​ថា លោក ហ៊ុន សែន ជា​មនុស្ស​សង្គ្រាម ដូច្នេះ​គាត់​អាច​បន្ត​ក្តោប​ក្តាប់​អំណាច​បាន ទាល់តែ​ប្រទេស​កម្ពុជា​មាន​សង្គ្រាម ឬ​មាន​ការ​បែកបាក់​ផ្ទៃក្នុង​ជាតិ ជាដើម ម្ល៉ោះ​ហើយ​លោក ហ៊ុន សែន មិន​ចង់​ឱ្យ​ជាតិ​ខ្មែរ​រួបរួម​សាមគ្គី​គ្នា​ទេ ត្បិត​នៅ​ពេល​ដែល​ខ្មែរ​សាមគ្គី​គ្នា​នឹង​នាំ​ឱ្យ​លោក ហ៊ុន សែន អស់​អំណាច។ ដូច្នេះ​ហើយ​បាន​ជា​គាត់​រៀប​ផែនការ​ឱ្យ​ខ្មែរ​ឈ្លោះ​គ្នា​ឯង​ដើម្បី​ឱ្យ​គាត់​ងាយស្រួល​គ្រប់គ្រង​បន្ត​អំណាច​ទៅ​ឱ្យ​កូន​គាត់​នៅ​ថ្ងៃ​មុខ​ទៀត។

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា ទាំង​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ទាំង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ សុទ្ធតែ​ជា​ខ្មែរ​ដូច​គ្នា ដូច្នេះ​មាន​ប្រយោជន៍​អ្វី​ដែល​ត្រូវ​ឈ្លោះ​គ្នា​ដើម្បី​ជួយ​ការពារ​អំណាច​លោក ហ៊ុន សែន នោះ ព្រោះ​ថា​ឱ្យ​តែ​គ្រួសារ​លោក ហ៊ុន សែន នៅតែ​បន្ត​កាន់​អំណាច ជាតិ​ខ្មែរ​នឹង​មិន​បាន​សុខ​ទេ ហើយ​បើ​ចង់​ឱ្យ​ខ្មែរ​បាន​សុខ​សុភមង្គល មាន​ជម្រើស​តែ​មួយ​គត់ គឺ​លុប​បំបាត់​អំណាច​គ្រួសារ​និយម​របស់​លោក ហ៊ុន សែន ចេញពី​ទឹកដី​ខ្មែរ​ឱ្យ​វិនាស​សាបសូន្យ​តែម្តង។

នៅ​សល់​តែ ១១​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ដំណើរការ​នៃ​ការ​បោះឆ្នោត​នឹង​ចាប់ផ្តើម​ដំណើរការ​ហើយ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​អាទិត្យ ទី​២៣ ខែ​កក្កដា ខាងមុខ​នេះ ប៉ុន្តែ​ការ​បោះឆ្នោត​នេះ​កំពុង​ស្ថិត​ក្នុង​គោលជំហរ​តែ​ពីរ​ប៉ុណ្ណោះ គឺ​គូស​សញ្ញា​ធីក​លើ​សន្លឹកឆ្នោត​ដើម្បី​គាំទ្រ​ការ​បោះឆ្នោត និង​គូស​សញ្ញា​ខ្វែង​លើ​សន្លឹកឆ្នោត​ដើម្បី​បដិសេធ​ការ​បោះឆ្នោត​នេះ ដូច្នេះ​ទាំង​លោក សម រង្ស៊ី និង​លោក ហ៊ុន សែន កំពុង​ស្ថិតនៅ​ក្នុង​ការ​រង់ចាំ​អ៊ុត​មើល​លទ្ធផល​នៃ​ការ​បោះឆ្នោត​នេះ​ដូច​គ្នា៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស