29 C
Phnom Penh

លោក ហ៊ុន សែន ចោទ​ចៅសង្កាត់​ពី​បក្ស​ភ្លើង​ទៀន​នៅ​អូរស្មាច់​ថា​កំពុង​ព្យាយាម​បង្កើត​រដ្ឋ​ក្នុង​រដ្ឋ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំ​បក្ស​កាន់​អំណាច​ដែល​កំពុង​គាបសង្កត់​ក្រុម​ប្រឆាំង លោក ហ៊ុន សែន ចោទ​ចៅសង្កាត់​ជាប់​ឆ្នោត​ពី​គណបក្ស​ភ្លើង​ទៀន នៅ​សង្កាត់​អូរស្មាច់ ខេត្ត​ឧត្តរមានជ័យ លោក ញៀន សារុំ ថា​កំពុង​ព្យាយាម​បង្កើត​រដ្ឋ​ក្នុង​រដ្ឋ ហើយ​គុក​ក៏​កំពុង​រង់ចាំ​រូបលោក​ដែរ បើ​ចៅសង្កាត់​រូប​នោះ​នៅតែ​បន្ត​សកម្មភាព​របស់​ខ្លួន​បន្ថែម​ទៀត។

មេដឹកនាំ​នយោបាយ​រំលោភ​អំណាច​បំពាន​ច្បាប់​ផ្ដាច់មុខ​នៅ​ប្រទេស​កម្ពុជា លោក ហ៊ុន សែន បាន​សរសេរ​លើ​បណ្ដាញ​ទំនាក់ទំនង​តេឡេក្រាម​របស់​ខ្លួន​កាលពី​ថ្ងៃទី​១៣ កក្កដា ថា ការ​ណែនាំ​របស់​ចៅសង្កាត់​ជាប់​ឆ្នោត​ខេត្ត​ឧត្តរមានជ័យ មិន​ឱ្យ​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ពី​គណបក្ស​ភ្លើង​ទៀន​ដទៃ​ទៀត​ទៅ​ជួប​ប្រជុំ ដើម្បី​ចុះហត្ថលេខា​ទទួលស្គាល់​ច្បាប់​បោះឆ្នោត​ដែល​បក្ស​កាន់​អំណាច​ទើប​នឹង​កែប្រែ ព្រមទាំង​ត្រូវ​បាន​ដាក់​ឱ្យ​ប្រើប្រាស់​កាល​ពី​ពេល​ថ្មីៗ​នេះ គឺជា​ទង្វើ​ខុសឆ្គង​យ៉ាង​ធ្ងន់ធ្ងរ។

អតីត​មេ​កម្មាភិបាល​យោធា​ខ្មែរក្រហម​ដែល​កំពុង​បន្ត​ដឹកនាំ​ប្រទេស​កម្ពុជា លោក ហ៊ុន សែន ព្រមាន​ថា ច្បាប់​មិន​តម្រូវ​ឲ្យ​ពួកគេ​ផ្ដិត​មេដៃ​ទទួលស្គាល់​ច្បាប់​បោះឆ្នោត​ដែល​ទើប​នឹង​កែប្រែ​នេះ​ទេ ប៉ុន្តែ​បើ​អ្នក​ទាំងនោះ​ប្រឆាំង​ជាមួយ​នឹង​ច្បាប់ នោះ​គឺ​គុក​ជា​អ្នក​ទទួល​ស្វាគមន៍​ពួកគេ​ជាមិនខាន ហើយ​បើ​សមាជិក​បក្ស​ភ្លើង​ទៀន​ទាំងនោះ​មិន​ជឿ ពួកគេ​អាច​សាកល្បង​បាន។

លោក ហ៊ុន សែន បញ្ជាក់​ថា ប្រសិនបើ​គំនិត​ខាងលើ​នេះ​ជា​គំនិត​របស់​ថ្នាក់​ដឹកនាំ​គណបក្ស​ភ្លើង​ទៀន គឺ​មាន​ន័យ​ថា​មន្ត្រី​ជាន់ខ្ពស់​ក្នុង​បក្ស​នេះ​កំពុង​ព្យាយាម​បង្កើត​រដ្ឋ​ក្នុង​រដ្ឋ​យ៉ាង​ពិតប្រាកដ ដែល​រឿង​នេះ​នឹង​បង្ក​គ្រោះថ្នាក់​សម្រាប់​សមាជិក​ចៅសង្កាត់​ទាំងនោះ​ផង និង​ជា​គ្រោះថ្នាក់​សម្រាប់​គណបក្ស​ភ្លើង​ទៀន​ផង​ដែរ។

ការ​ព្រមាន​នេះ ធ្វើ​ឡើង​បន្ទាប់ពី​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ជាប់​ឆ្នោត​នៅ​សង្កាត់​អូរស្មាច់ ខេត្ត​ឧត្តរមានជ័យ ណែនាំ​ឱ្យ​សមាជិក​ចៅសង្កាត់​ជាប់​ឆ្នោត​គណបក្ស​ភ្លើង​ទៀន​ដទៃ​ទៀត​រក្សា​ជំហរ​កុំ​នាំគ្នា​ទៅ​ចុះចូល ឬ​ទៅ​ចូលរួម​ប្រជុំ​ជាមួយ​បក្ស​កាន់​អំណាច​កាលពី​ពេល​ថ្មីៗ​នេះ។

កាលពី​ថ្ងៃទី​១៣ ខែ​កក្កដា ឆ្នាំ​២០២៣ មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន បាន​ទម្លាយ​សំឡេង​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ជាប់​ឆ្នោត​សង្កាត់​អូរស្មាច់ ខេត្ត​ឧត្តរមានជ័យ ដែល​បាន​ណែនាំ​ឱ្យ​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ជាប់​ឆ្នោត​គណបក្ស​ភ្លើង​ទៀន​ដទៃ​ទៀត​កុំ​ទៅ​ចូលរួម​ប្រជុំ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ប្រសិនបើ​មាន​ការ​អូសទាញ​ណា​មួយ​នោះ។ ក្រៅពី​នេះ​ទៀត ក៏​មិន​ត្រូវ​ចាញ់​ឃោសនា​នាំគ្នា​ចុះហត្ថលេខា​ផ្ដិត​មេដៃ​ទទួលស្គាល់​ច្បាប់​បោះឆ្នោត​ដែល​បក្ស​កាន់​អំណាច​ទើប​នឹង​កែប្រែ ដើម្បី​គាបសង្កត់​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ដែរ។

ទាក់ទិន​នឹង​បញ្ហា​នេះ មន្ត្រី​ជាន់ខ្ពស់ សមាជិក សកម្មជន និង​គណបក្ស​ភ្លើង​ទៀន ត្រូវ​គេ​សង្កេត​ឃើញ​ថា​កំពុង​រង​នូវ​ការ​ឃ្លាំមើល តាមដាន គាបសង្កត់ គំរាមកំហែង​ពី​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន យ៉ាង​យកចិត្ត​ទុកដាក់​ជាទីបំផុត ចាប់តាំងពី​ដើម​ឆ្នាំ​២០២៣ មក ក្នុង​នោះ​មន្ត្រី​ជាន់ខ្ពស់​បក្ស​នេះ​បាន​រង​នូវ​បណ្តឹង​រហូត​ត្រូវ​រឹបអូស​ទ្រព្យសម្បត្តិ និង​រង​នូវ​ការ​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ ព្រមទាំង​បិទ​ខ្ទប់​គណបក្ស​នេះ​មិន​ឱ្យ​ចូលរួម​ការ​បោះឆ្នោត​នៅ​ខែ​កក្កដា ឆ្នាំ​២០២៣ នេះ​ថែម​ទៀត ខណៈ​សកម្មជន និង​សមាជិក​នៅ​មូលដ្ឋាន​ត្រូវ​រង​នូវ​ការ​គំរាមកំហែង និង​បង្ខិតបង្ខំ​ឱ្យ​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច​ជា​បន្តបន្ទាប់​នៅ​ពេលនេះ។

ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន សមាជិក​បក្ស​កាន់​អំណាច និង​សកម្មជន​បក្ស​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន បាន​ទម្លាយ​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ ពីព្រោះ​បារម្ភ​អំពី​សន្តិសុខ​ផ្ទាល់ខ្លួន​កាលពី​ពេល​ថ្មីៗ​នេះ​ថា បន្ទាប់ពី​ច្បាប់​បោះឆ្នោត​ដែល​ទើប​នឹង​កែប្រែ​ត្រូវ​បាន​ព្រះមហាក្សត្រ​ឡាយ​ព្រះហស្តលេខា​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​មូលដ្ឋាន​បាន​អូសទាញ​សមាជិក​គណបក្ស​ភ្លើង​ទៀន ជាពិសេស​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ដែល​ជាប់​ឆ្នោត ព្រមទាំង​គាបសង្កត់ គំរាមកំហែង​ធ្ងន់ធ្ងរ​ពី​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ក្នុង​នោះ​មន្ត្រី​បក្ស​ភ្លើង​ទៀន​ទាំងអស់​ត្រូវ​រង​នូវ​ការ​បង្ខំ​ឱ្យ​ទៅ​ចូលរួម​បោះឆ្នោត​ក្រោម​ការ​កំណត់​របស់​ច្បាប់​ថ្មី​ថែម​ទៀត ក្រោម​ហេតុផល​ថា បើ​ពួកគេ​មិន​ទៅ​បោះឆ្នោត ពួកគេ​នឹង​អស់​សិទ្ធិ​ឈរឈ្មោះ​ឱ្យ​គេ​បោះឆ្នោត​ទៅ​ថ្ងៃ​ក្រោយ​ជាមិនខាន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស