26 C
Phnom Penh

រដ្ឋាភិបាល​បញ្ជា​ឱ្យ​បិទ/ប្លុក​វេបសាយ​ឌឹ​ខេមបូឌា​ដេលី អាស៊ីសេរី និង​កំណត់ត្រា​របស់ CCIM បន្ថែម​ទៀត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

និយ័តករ​ទូរគមនាគមន៍​កម្ពុជា​បាន​បញ្ជា​ទៅ​ក្រុមហ៊ុន​ចាត់​វិធានការ​បិទ​វេបសាយ​សារព័ត៌មាន The Cambodia Daily, RFA និង​វេបសាយ kamnotra ចេញ​ដោយ CCIM នា​ពេល​ថ្មីៗ​នេះ ក្រោម​លេស​ថា អង្គភាព​សារព័ត៌មាន​ទាំងនេះ​ផ្សាយ​ប៉ះពាល់​ដល់​កិត្តិយស និង​កិត្យានុភាព​របស់​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន។

ក្នុង​សេចក្ដី​ជូនដំណឹង​ចុះ​ថ្ងៃទី​១២ ខែ​កក្កដា ឆ្នាំ​២០២៣ ឲ្យ​ដឹង​ថា និយ័តករ​ទូរគមនាគមន៍​កម្ពុជា​បាន​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ចាត់​វិធានការ​បិទ​ខ្ទប់​ឈ្មោះ​ដែន​របស់​អង្គភាព​សារព័ត៌មាន ក្នុង​នោះ​មាន៖

  1. https://www.instagram.com/cambodiadailykhmer
  2. https://www.youtube.com/@TheCambodiaDailyTM
  3. https://kamnotra.io/
  4. https://www.rfa.org/khmer
  5. https://www.rfa.org/english
  6. https://t.me/withoutfearorfavorkh

ក្រៅពី​វេបសាយ​ខាងលើ បណ្ដាញ​សង្គម twitter ក៏​ត្រូវ​បាន​និយ័តករ​ទូរគមនាគមន៍​កម្ពុជា​បញ្ជា​ឲ្យ​បិទ​ខ្ចប់​ដែរ ក្នុង​នោះ​មាន៖

  1. https://twitter.com/RadioFreeAsiaKH
  2. https://twitter.com/kamnotra
  3. https://twitter.com/cambodiadaily

សេចក្ដី​ជូនដំណឹង​ដដែល​ថា ការ​ដែល​និយ័តករ​ទូរគមនាគមន៍​កម្ពុជា​បញ្ជា​ឲ្យ​ក្រុមហ៊ុន បិទ ឬ​ប្លុក​នេះ ក្រោម​លេស​ថា​អង្គភាព​សារព័ត៌មាន​ផ្សព្វផ្សាយ​ព័ត៌មាន​ធ្វើ​ឱ្យ​មាន​ការ​ភាន់ច្រឡំ ប៉ះពាល់​ដល់​កិត្តិយស និង​កិត្យានុភាព​របស់​រាជរដ្ឋាភិបាល និង​មិន​បាន​បំពេញ​លក្ខខណ្ឌ​ក្នុង​ការ​ធ្វើ​អាជីវកម្ម​នៅ​ក្រសួង​ព័ត៌មាន។

ការ​បញ្ជា​ឲ្យ​ក្រុមហ៊ុន​ប្លុក ឬ​បិទ​វេបសាយ​ព័ត៌មាន​នេះ ធ្វើឡើង​បន្ទាប់ពី​ស្ថាប័ន​ព័ត៌មាន ឌឹ ខេមបូដា ដេលី និង​អាស៊ីសេរី បាន​ផ្សាយ​ព័ត៌មាន​ពី​ចំណុច​ខ្វះ​ចន្លោះ​របស់​រដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹកនាំ​រយៈពេល​ជិត ៤០​ឆ្នាំ និង​ការ​ដឹកនាំ​បែប​ផ្ដាច់ការ​ត​ពូជ​របស់​លោក ហ៊ុន សែន និង​បក្ខពួក​នា​ពេល​បច្ចុប្បន្ន​ផង​ដែរ។

ចំណែក​ការ​ប្លុក​វេបសាយ​កំណត់ត្រា ដែល​ចេញ​ដោយ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) ធ្វើឡើង​បន្ទាប់ពី​វេបសាយ​នេះ​បាន​លាតត្រដាង​អំពី​ការ​កាត់​ដី​បឹង និង​ដែន​ជម្រក​សត្វព្រៃ ព្រមទាំង​ឧទ្យាន​ជាតិ​ផ្សេងៗ​ពី​សំណាក់​រដ្ឋាភិបាល​ប្រគល់​ទៅ​ឲ្យ​សាច់ញាតិ និង​គ្រួសារ​របស់​លោក ហ៊ុន សែន និង​ឧកញ៉ា​ដែល​ស្និទ្ធ​គ្រួសារ​ត្រកូល​ហ៊ុន។

លើស​ពី​នេះ ថ្មីៗ​នេះ វេបសាយ​កំណត់ត្រា ក៏​បាន​បង្ហាញ​អំពី​ទិន្នន័យ​ដែល​ខ្លួន​រក​ឃើញ​ថា ៨០​ភាគរយ​នៃ​អ្នក​សង្កេតការណ៍​បោះឆ្នោត​នៅ​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ​នេះ​មាន​ទំនាក់ទំនង​ជាមួយ​គណបក្ស​កាន់​អំណាច​ផង​ដែរ។

លើស​ពី​នេះ ការ​បិទ ឬ​ប្លុក​វេបសាយ​ព័ត៌មាន ឌឹ ខេមបូឌា ដេលី និង​អាស៊ីសេរី ដែល​ផ្សាយ​ពី​ក្រៅ​ប្រទេស​នេះ ខណៈ​បុរស​ខ្លាំង​កាន់​អំណាច​ជិត ៤០​ឆ្នាំ​នៅ​កម្ពុជា​លោក ហ៊ុន សែន បាន​បិទ​សារព័ត៌មាន​ឯករាជ្យ​វីអូឌី (VOD) កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០២៣។

កាលពី​ខែ​ឧសភា ឆ្នាំ​២០២៣ អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន (Reporters Without Border) រក​ឃើញ​ថា សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​បន្ត​ស្ថិត​ក្នុង​ស្ថានភាព​អាក្រក់ ដោយសារ​ការ​ធ្វើ​ទុក្ខបុកម្នេញ​របស់​រដ្ឋាភិបាល​កម្ពុជា​មក​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​កើនឡើង។

បើ​តាម​សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​ពិភពលោក​ឆ្នាំ​២០២៣ ដែល​បាន​វាយតម្លៃ​ស្ថានភាព​សារព័ត៌មាន​ក្នុង ១៨០​ប្រទេស ចេញ​ផ្សាយ​ក្នុង​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​ថ្ងៃទី​៣ ឧសភា នេះ កម្ពុជា​ស្ថិត​នៅ​លំដាប់​លេខ​រៀង​ទី​១៤៧ លើ ១៨០​ប្រទេស​នៅ​ឆ្នាំ​២០២៣ ដែល​ថយ​ពី​លេខ​រៀង​ទី​១៤២ លើ ១៨០​ប្រទេស​កាលពី​ឆ្នាំ​មុន។ កម្ពុជា​ថយ​ចុះ ១​ពិន្ទុ គឺ​បាន​តែ ៤២​ពិន្ទុ​នៅ​ឆ្នាំ​២០២៣ ធៀប​នឹង ៤៣​ពិន្ទុ​នៅ​ឆ្នាំ​២០២២៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស