32 C
Phnom Penh

លោក ហ៊ុន សែន ឱ្យ​បក្ស​ភ្លើង​ទៀន​ទទួល​ខុសត្រូវ​ការ​អំពាវនាវ​របស់​លោក សម រង្ស៊ី ឱ្យ​ពលរដ្ឋ​គូស​ខ្វែង​សន្លឹកឆ្នោត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ទាមទារ​ឱ្យ​គណបក្ស​ភ្លើង​ទៀន​ទទួល​ខុសត្រូវ​លើ​ការ​អំពាវនាវ​របស់​ខ្លួន​ឱ្យ​ប្រជាពលរដ្ឋ​គូស​ខ្វែង​សន្លឹកឆ្នោត​ចោល​តាម​ការ​បង្គាប់​បញ្ជា​របស់​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ដែល​ជា​អ្នក​នៅ​ពីក្រោយ។

បុរស​ខ្លាំង​ខាង​រំលោភ​ច្បាប់​បិទ​សំឡេង​ក្រុម​ប្រឆាំង​លោក ហ៊ុន សែន បាន​សរសេរ​លើ​បណ្ដាញ​ទំនាក់ទំនង​តេឡេក្រាម​របស់​ខ្លួន​កាលពី​យប់​ថ្ងៃទី​១៦ កក្កដា ថា គណបក្ស​ភ្លើង​ទៀន​ទើប​នឹង​ចេញ​សេចក្តី​ថ្លែងការណ៍ ខណៈ​សមាជិក​ដែល​បាន​ប្រព្រឹត្ត​ខុស ក៏​ទើប​នឹង​សារភាព​កំហុស និង​បាន​បញ្ជាក់​ពី​ការ​ធ្វើ​ខុស​របស់​ពួកគេ​ដែរ។

មេដឹកនាំ​ខ្មែរ​ដែល​កំពុង​ដឹកនាំ​ប្រទេស​តាម​បែប​ផ្ដាច់ការ​លោក ហ៊ុន សែន អះអាង​ថា អ្នក​ដែល​សារភាព​កំហុស​ទាំងនោះ​បាន​បញ្ជាក់​ថា អ្វីៗ​ដែល​ពួកគេ​បាន​អនុវត្ត គឺ​ធ្វើ​តាម​តែ​បទបញ្ជា​របស់​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ដែល​ជា​ទណ្ឌិត​គ្រប់​បែប​យ៉ាង​ប៉ុណ្ណោះ ដូច្នេះ​បញ្ហា​គឺ​នៅ​ត្រង់​ថា តើ​គណបក្ស​ភ្លើង​ទៀន​ត្រូវ​ទទួល​ខុសត្រូវ​បែប​ណា​ចំពោះ​រឿង​នេះ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​សមាជិក​គណបក្ស​ភ្លើង​ទៀន​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ឃុំ​ខ្លួន​ដោយ​ចោទប្រកាន់​ពី​បទ ញុះញង់​ឱ្យ​ប្រជាពលរដ្ឋ​គូស​បំផ្លាញ​សន្លឹកឆ្នោត​ចោល កាលពី​ពេល​ថ្មីៗ​នេះ។

កាលពី​ថ្ងៃទី​១៤ ខែ​កក្កដា ឆ្នាំ​២០២៣ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចាប់​ខ្លួន​សមាជិក​គណបក្ស​ភ្លើង​ទៀន ២​នាក់ គឺ​លោក លី រី ដែល​ជា​សមាជិក​គណៈកម្មាធិការ​នាយក និង​លោក ប៊ុន ខេត ជា​ប្រធាន​ស្ដីទី​ប្រតិបត្តិ​រាជធានី​ភ្នំពេញ ក្រោម​បទ​ចោទប្រកាន់​ថា​ពួកគេ​បាន​ញុះញង់​ឱ្យ​ប្រជាពលរដ្ឋ​គូស​ខ្វែង​សន្លឹកឆ្នោត​ចោល​នៅ​ថ្ងៃ​បោះឆ្នោត។

ក្រោយពី​ចាប់​ខ្លួន សាលាដំបូង​ក្រុង​ភ្នំពេញ​បាន​សម្រេច​ចោទប្រកាន់​លើ​សមាជិក​គណបក្ស​ភ្លើង​ទៀន​ទាំង ២​នាក់​នេះ​ពី​បទ ញុះញង់​បង្ក​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម តាម​មាត្រា​៤៩៤ និង ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ ព្រមទាំង​ចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំ​ខ្លួន​ពួកគេ​ភ្លាមៗ​ផង​ដែរ។

បន្ទាប់ពី​តុលាការ​សម្រេច​ឃុំ​ខ្លួន​ពី​បទ​ចោទ​ខាងលើ លោក ប៊ុន ខេត ដែល​ជា​ប្រធាន​ប្រតិបត្តិ​ស្តីទី​គណបក្ស​ភ្លើង​ទៀន បាន​ចេញ​វីដេអូ​សុំទោស​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ដោយ​អះអាង​ថា អ្វីៗ​ដែល​លោក​បាន​ធ្វើ គឺ​អនុវត្ត​តាម​តែ​បញ្ជា​របស់​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ដែល​បាន​នាំ​ឱ្យ​លោក​ផ្សព្វផ្សាយ​ទៅ​កាន់​ប្រជាពលរដ្ឋ​ឱ្យ​គូស​ខ្វែង​សន្លឹកឆ្នោត​នៅ​ថ្ងៃ​បោះឆ្នោត​តែប៉ុណ្ណោះ។

យ៉ាងណា​ក៏ដោយ បន្ទាប់ពី​លោក ប៊ុន ខេត ចេញ​វីដេអូ​សារភាព​កំហុស គណបក្ស​ភ្លើង​ទៀន​ក៏​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃទី​១៦ កក្កដា ផង​ដែរ ដោយ​បញ្ជាក់​ថា ការ​ចាប់​ខ្លួន​លោក លី រី ដែល​ជា​សមាជិក​គណៈកម្មាធិការ​នាយក និង​លោក ប៊ុន ខេត ជា​ប្រធាន​ស្ដីទី​ប្រតិបត្តិ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​១៤ ខែ​កក្កដា ឆ្នាំ​២០២៣ កន្លងទៅ គឺជា​រឿង​អយុត្តិធម៌​បំផុត។

លោក សម រង្ស៊ី អំពាវនាវ​ឱ្យ​ពលរដ្ឋ​គូស​ខ្វែង​សន្លឹកឆ្នោត​ចោល​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នៅ​ថ្ងៃទី​០៩ ខែ​កក្កដា ឆ្នាំ​២០២៣។ (Screenshot)

គណបក្ស​ភ្លើង​ទៀន​បញ្ជាក់​ថា ខ្លួន​តែង​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​អហិង្សា និង​សន្តិវិធី​ក្នុង​ការ​ធ្វើ​សកម្មភាព​នយោបាយ​ស្រប​តាម​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ជា​ធរមាន​នានា​ជានិច្ច ជាពិសេស​គឺ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ដូច្នេះ​អាជ្ញាធរ​មាន​សមត្ថកិច្ច​គួរតែ​ដោះលែង​សមាជិក​គណបក្ស​ភ្លើង​ទៀន​ទាំង​ពីរ​នាក់​នេះ​ឱ្យ​មាន​សេរីភាព​ឡើងវិញ​នៅ​ពេលនេះ។

ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ដែល​ទើប​នឹង​កែប្រែ​នៅ​មុន​ការ​បោះឆ្នោត​នេះ ត្រង់​មាត្រា​១៤២ ចែង​ថា ជន​ណា​ដែល​គូស​បំផ្លាញ​សន្លឹកឆ្នោត ដូចជា​គូស​ខ្វែង​សន្លឹកឆ្នោត ជាដើម ត្រូវ​ផាក​ពិន័យ​ពី ៥​លាន​រៀល​ទៅ ២០​លាន​រៀល​ដោយ​មិន​ទាន់​គិត​ពី​ទោស​ព្រហ្មទណ្ឌ​ផ្សេង​ទៀត​ឡើយ។

ដំណើរការ​នៃ​ការ​បោះឆ្នោត​ជាតិ​នា​ខែ​កក្កដា ឆ្នាំ​២០២៣ នេះ ត្រូវ​គេ​មើល​ឃើញ​ថា ប្រជាពលរដ្ឋ​ជាង ១​លាន ៦​សែន​នាក់​បាន​បាត់បង់​គណបក្ស​ដែល​ពួកគេ​ស្រឡាញ់​គាំទ្រ​ទាំងស្រុង នោះ​គឺ​គណបក្ស​ភ្លើង​ទៀន ដោយសារតែ​គណបក្ស​នេះ​ត្រូវ​បាន​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ប្រើ​ល្បិច​រាំង​ខ្ទប់​មិន​ឱ្យ​ចូលរួម​ឈរឈ្មោះ​ក្នុង​ដំណើរការ​នៃ​ការ​បោះឆ្នោត​នេះ ក្រោម​លេស​ថា គណបក្ស​នេះ​គ្មាន​លិខិត​បញ្ជាក់​កំណើត បើ​ទោះបីជា​ក្រសួង​មហាផ្ទៃ​បាន​ចេញ​លិខិត​បញ្ជក់​ថា គណបក្ស​នេះ​បាន​ចុះបញ្ជី​នៅ​ក្រសួង​មហាផ្ទៃ​ដោយ​ស្រប​ច្បាប់​ហើយ​ក៏ដោយ។

ចាប់តាំងពី​ដើម​ឆ្នាំ​២០២៣ មក ត្រូវ​គេ​មើល​ឃើញ​ថា មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន បាន​ប្រើ​ល្បិច​នយោបាយ​គាបសង្កត់​បក្ស​ក្រៅ​រដ្ឋាភិបាល​ជា​បន្តបន្ទាប់ ជាពិសេស​គឺ​គាបសង្កត់​ទៅ​លើ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើង​ទៀន​យ៉ាង​ខ្លាំង ក្នុង​នោះ​លោក ថាច់ សេដ្ឋា ត្រូវ​ចាប់​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ លោក សុន ឆ័យ ត្រូវ​រង​នូវ​បណ្តឹង និង​រង​នូវ​ការ​រឹបអូស​ទ្រព្យសម្បត្តិ​ថែម​ទៀត ដែល​ធ្វើ​ឱ្យ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ធ្លាក់​ចុះ​យ៉ាង​ធ្ងន់ធ្ងរ​នៅ​មុន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ នេះ។

ក្រៅពី​រារាំង​គណបក្ស​សង្គ្រោះ​ជាតិ មេដឹកនាំ​បក្ស​ប្រឆាំង​ទាំង​លោក កឹម សុខា និង​លោក សម រង្ស៊ី រួម​ទាំង​គណបក្ស​ភ្លើង​ទៀន​មិន​ឱ្យ​ចូលរួម​ការ​បោះឆ្នោត​ជាតិ​នា​ខែ​កក្កដា ខាងមុខ​នេះ មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន បាន​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​ដើម្បី​គាបសង្កត់​មន្ត្រី​បក្ស​ក្រៅ​រដ្ឋាភិបាល​ឱ្យ​ទៅ​បោះឆ្នោត​ផង​ដែរ ទាំង​ដែល​មេដឹកនាំ​បក្ស​កាន់​អំណាច​រូប​នេះ​បាន​រារាំង​មិន​ឱ្យ​គណបក្ស​របស់​ពួកគេ​ចូលរួម​ការ​បោះឆ្នោត​ផង​នោះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស