មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជាផ្នែកអាកាសចរស៊ីវិល អះអាងថា អាកាសយានដ្ឋានអន្តរជាតិថ្មីលើទឹកដីខេត្តសៀមរាប ដែលត្រូវប្រគល់ឱ្យចិនគ្រប់គ្រងជាងកន្លះសតវត្ស នឹងដាក់ឱ្យដំណើរការនៅពាក់កណ្តាលខែតុលា ឆ្នាំ២០២៣ បន្ទាប់ពីសាងសង់អស់រយៈពេលជាង ៣ឆ្នាំក្នុងទំហំទឹកប្រាក់កម្ចីពីរដ្ឋាភិបាលចិនជាង ១ពាន់លានដុល្លារអាមេរិក។
អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល លោក ស៊ីន ចាន់សិរីវុត្ថា លើកឡើងក្នុងពេលដែលសមាគមទេសចរណ៍កម្ពុជាទៅចូលរួមទស្សនាអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចកម្ពុជារយៈពេលវែង ប្រកបដោយចីរភាព ជាពិសេសនឹងជួយបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងបរិការណ៍នៃសមាហរណកម្មសេដ្ឋកិច្ចតំបន់អាស៊ាន និងពិភពលោក។
លោក ស៊ីន ចាន់សិរីវុត្ថា លើកឡើងថា អាកាសយានដ្ឋានអន្តជាតិនេះនឹងជួយពង្រីកសេវាកម្មដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមផ្លូវអាកាសពីប្រទេសកម្ពុជាទៅកាន់តំបន់ឆ្ងាយៗ និងក្នុងតំបន់តាមរយៈការអនុញ្ញាតឱ្យអាកាសយានធុនមធ្យម និងធុនធំ ដូចជា Airbus 350, Airbus 330 ឬ Boing 787-900 ជាដើម។
មន្ត្រីអាកាសចរស៊ីវិលរូបនេះបញ្ជាក់ថា អាកាសយានដ្ឋានថ្មីនេះមានចំណតសម្រាប់ចតអាកាសយានចំនួន ៣៨ចំណត និងអាចទទួលអ្នកដំណើរតាមផ្លូវអាកាសបាន ៧លាននាក់ក្នុងមួយឆ្នាំសម្រាប់ឆ្នាំ២០២៣ និងឈានទៅទទួលអ្នកដំណើរបាន ១២លាននាក់ក្នុងមួយឆ្នាំចាប់ពីឆ្នាំ២០៤០។
របាយការណ៍អាកាសចរស៊ីវិល បង្ហាញថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) អាចផ្ទុកទំនិញតាមផ្លូវអាកាសចំនួន ១ម៉ឺនតោនក្នុងមួយឆ្នាំចាប់ពីឆ្នាំ២០២៣ និង ២ម៉ឺន ៦ពាន់តោនក្នុងមួយឆ្នាំចាប់ពីឆ្នាំ២០៤០ ព្រមទាំងអាចទទួលជើងហោះហើរបានពី ៦៥៨០០ជើងក្នុងមួយឆ្នាំចាប់ពីឆ្នាំ២០២៣ ទៅ ១១២៧០០ជើងក្នុងមួយឆ្នាំចាប់ពីឆ្នាំ២០៤០។
ទាក់ទិននឹងបញ្ហានេះ ក្នុងពិធីចុះត្រួតពិនិត្យសំណង់អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២ លោក ហ៊ុន សែន ធ្លាប់បានអះអាងថា ការវិនិយោគលើព្រលានយន្តហោះថ្មីនៅខេត្តសៀមរាប នេះ គឺជាការវិនិយោគទាំងស្រុងដោយក្រុមហ៊ុនចិន ដែលមានទុនជាង ១ពាន់លានដុល្លារអាមេរិក ប៉ុន្តែចិនត្រូវគ្រប់គ្រងរយៈពេល ៥៥ឆ្នាំ ទើបកម្ពុជាក្លាយជាម្ចាស់កម្មសិទ្ធិវិញម្តង។
លោក ហ៊ុន សែន ដែលពលរដ្ឋខ្មែរចាត់ទុកថាជាមេដឹកនាំចូលចិត្តខ្ចីលុយបរទេស បានអះអាងថា ការវិនិយោគជាមួយចិនក្នុងការសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីនេះ គឺប្រៀបដូចជាចិនមានម្សៅស្ទើរតែទាំងស្រុងសម្រាប់ធ្វើនំឲ្យខ្មែរហូប ខណៈកម្ពុជាមានត្រឹមតែដីសម្រាប់សាងសង់ព្រលានយន្តហោះនេះតែប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) លោក មឿន តុលា ធ្លាប់បានសំដែងការព្រួយបារម្ភថា ប្រសិនបើការសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីនេះជាប្រាក់កម្ចីរបស់ចិន ហើយផ្តល់សិទ្ធិឱ្យចិនកាន់កាប់ប្រមូលផលប្រយោជន៍តាមចិត្តនៅពេលដាក់ដំណើរការនោះ គឺមានន័យថា ចិនកំពុងធ្វើស្រែលើខ្នងខ្មែរយ៉ាងពិតប្រាកដ។
ក្រុមអ្នកសង្កេតការណ៍លើកឡើងថា ការដាក់វិនិយោគរបស់ចិន លើព្រលានយន្តហោះថ្មីនេះមិនបានផ្តល់ផលប្រយោជន៍សម្រាប់កម្ពុជា និងពលរដ្ឋខ្មែរនោះទេ ព្រោះថាបើគិតលើចំណូលរបស់ពលរដ្ឋខ្មែរដែលទទួលបានពីការធ្វើកម្មករ និងការលក់ដូរអីវ៉ាន់បន្តិចបន្តួចនៅក្នុងព្រលានយន្តហោះថ្មីនេះ គឺទទួលបានផលតិចតួចណាស់ បើធៀបទៅនឹងក្រុមហ៊ុនចិនដែលត្រូវប្រមូលលុយពីសេវាកម្មទេសចរណ៍ដែលចូលមកព្រលាននេះក្នុងរយៈពេល ៥៥ឆ្នាំនោះ ខណៈអ្នកប្រកបអាជីវកម្មធំៗ គឺសុទ្ធសឹងតែជាឈ្មួញរបស់ចិនទាំងអស់។
អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មី បានចាប់ផ្តើមសាងសង់កាលពីខែមីនា ឆ្នាំ២០២០ ដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co,Ltd (AIAI) លើផ្ទៃដីប្រមាណជា ៧០០ហិកតារ ស្ថិតនៅក្នុងភូមិក្រៀលពង ឃុំពពេល និងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលមានចម្ងាយប្រមាណ ៥០គីឡូម៉ែត្រពីទីប្រជុំជនក្រុងសៀមរាប និងមានចម្ងាយ ៤០គីឡូម៉ែត្រពីរមណីយដ្ឋានអង្គរ ហើយព្រលានយន្តហោះថ្មីនេះបានសាងសង់រួចរាល់បាន ៩៨% ហើយនៅពេលនេះ៕