គណបក្សសង្គ្រោះជាតិនៅសហរដ្ឋអាមេរិក និងសមាគមសំឡេងខ្មែរដើម្បីប្រជាធិបតេយ្យ (KVD) អំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរដែលរស់នៅជុំវិញពិភពលោក ចូលរួមបាតុកម្មនៅថ្ងៃសុក្រ នេះ ដើម្បីប្រឆាំងនឹងការបោះឆ្នោតនៅកម្ពុជា និងដើម្បីចូលរួមចុះហត្ថលេខានៅលើច្បាប់ S-831 (Transnational Repression Policy Act) ជំរុញឲ្យសមាជិកសភា និងព្រឹទ្ធសភាសហរដ្ឋអាមេរិកចេញច្បាប់នេះឱ្យបានឆាប់ផងដែរ។
គណៈកម្មការរៀបចំបាតុកម្មប្រចាំទីក្រុងតាកូម៉ា (Tacoma) នៃរដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ចេញលិខិតមួយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ នេះ ដោយប្រកាសអញ្ជើញពលរដ្ឋខ្មែរអាមេរិកាំងដែលរស់នៅតាមបណ្តារដ្ឋនានាក្នុងទឹកដីសហរដ្ឋអាមេរិក ព្រមទាំងពលរដ្ឋដែលរស់នៅតាមបណ្តាប្រទេសប្រជាធិបតេយ្យជាច្រើនទៀត ឱ្យនាំគ្នាមកចូលរួមបាតុកម្មប្រឆាំងនឹងការបោះឆ្នោតនៅកម្ពុជានាចុងខែកក្កដា ឆ្នាំ២០២៣ នេះ ដែលពួកគេបានចាត់ទុកថាជាការបោះឆ្នោតមិនត្រឹមត្រូវនោះ។
គណៈកម្មការរៀបចំបាតុកម្មខាងលើបានកំណត់យកថ្ងៃសុក្រ ទី២១ ខែកក្កដា ឆ្នាំ២០២៣ ជាថ្ងៃធ្វើបាតុកម្មប្រឆាំងការបោះឆ្នោតនៅកម្ពុជា ដោយប្រកាសជួបជុំគ្នានៅវិមានអូរឡាំហ្យា ក្នុងរដ្ឋធានីវ៉ាស៊ីនតោន លើទឹកដីសហរដ្ឋអាមេរិក ខណៈយុទ្ធនាការនេះនឹងចាប់ផ្តើមពីម៉ោង ២រសៀលរហូតដល់ម៉ោង ៥ល្ងាច។
ការប្រកាសធ្វើបាតុកម្មនេះ ធ្វើឡើងដើម្បីប្រកាសជំហរបដិសេធនឹងលទ្ធផលនៃការបោះឆ្នោតនៅកម្ពុជាអាណត្តិទី៧ ឆ្នាំ២០២៣ នេះ ដែលនឹងចាប់ផ្តើមដំណើរការនៅចុងសប្តាហ៍នេះ។
ដំណើរការនៃការបោះឆ្នោតនៅកម្ពុជាសល់តែរយៈពេល ២ថ្ងៃទៀតប៉ុណ្ណោះនឹងចាប់ផ្តើមដំណើរការហើយ ខណៈមជ្ឈដ្ឋាននានាទាំងនៅក្នុងប្រទេសកម្ពុជា និងនៅបរទេស សុទ្ធតែប្រកាសបដិសេធមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនេះ ខណៈការធ្វើបាតុកម្មប្រឆាំងនឹងការបោះឆ្នោតនេះក៏បានចាប់ផ្តើមផ្ទុះឡើងនៅតាមប្រទេសនានាជាបន្តបន្ទាប់ផងដែរ។
ជាក់ស្តែង យុវជនគណបក្សសង្គ្រោះជាតិប្រចាំប្រទេសកូរ៉េខាងត្បូង ក៏បានប្រកាសធ្វើបាតុកម្មភ្លើងទៀននៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ នេះដែរ ដើម្បីប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នោតនេះ ខណៈពលរដ្ឋខ្មែរដែលរស់នៅប្រទេសអូស្ត្រាលី ក៏បានធ្វើបាតុកម្មប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នោតនេះរួចហើយកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ។
ក្រៅពីពលរដ្ឋខ្មែររស់នៅប្រទេសអូស្ត្រាលី ពលករខ្មែរនៅប្រទេសជប៉ុនរាប់រយនាក់ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ ក៏បានចេញធ្វើយុទ្ធនាការដង្ហែក្បួនតាមដងផ្លូវផងដែរ ដោយស្រែកជ័យឃោសដូចជាពាក្យថា ដោះលែងកម្ពុជា ឬ Free Cambodia! ដោះលែងប្រជាធិបតេយ្យ ឬ Free Democracy! និងការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ឬ Fair Election! ជាដើម ដើម្បីប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នោតនៅប្រទេសកម្ពុជានាខែកក្កដា ឆ្នាំ២០២៣ នេះ។
ទាក់ទិននឹងបញ្ហានេះ អ្នកវិភាគឯករាជ្យ និងជាប្រធានវេទិកាពលរដ្ឋលោក គឹម សុខ បានលើកឡើងកាលពីពេលថ្មីៗនេះថា ការបោះឆ្នោតដ៏អយុត្តិធម៌នាពេលខាងមុខនេះមិនមែនជាការបោះឆ្នោតដើម្បីធានានូវសិទ្ធិពលរដ្ឋ លើកស្ទួយលទ្ធិប្រជាធិបតេយ្យ ធានានូវយុត្តិធម៌សង្គមនោះទេ វាគ្រាន់តែជាការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រឯកបក្ស និងមេដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដែលចេះតែបំផ្លាញផលប្រយោជន៍ជាតិដើម្បីអំណាចខ្លួនឯងប៉ុណ្ណោះ។
ចំណែកអតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ អំពាវនាវឱ្យពលរដ្ឋខ្មែរអ្នកស្នេហាជាតិ និងអ្នកស្រឡាញ់យុត្តិធម៌គ្រប់និន្នាការនយោបាយទាំងអស់ រួបរួមគ្នាក្នុងឆន្ទៈតែមួយគូសខ្វែងសន្លឹកឆ្នោតចោលនៅថ្ងៃទី២៣ កក្កដា នេះ ដើម្បីជួយជាតិមាតុភូមិឲ្យរួចផុតពីក្រញាំនៃគ្រួសារបំផ្លាញជាតិរបស់មេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន៕