ដោយ៖ ខៀវ សុភា
អ្នកឃ្លាំមើលការវិវឌ្ឍសង្គមកម្ពុជា និងអ្នកវិភាគនយោបាយ អះអាងថា ទណ្ឌកម្មរបស់ក្រសួងហិរញ្ញវត្ថុអាមេរិកលើឧកញ៉ា លី យ៉ុងផាត់ ដែលជាសមាជិកព្រឹទ្ធសភារបស់បក្សប្រជាជនកម្ពុជា នឹងបង្កផលវិបាកជាច្រើនដល់ការរកស៊ីរបស់លោកនៅបរទេស។
ពួកគេនិយាយថា ទណ្ឌកម្មរបស់អាមេរិកមកលើលោក លី យ៉ុងផាត់ ក៏នឹងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារត្រកូលហ៊ុនដែរ ហេតុដូច្នេះហើយបានជាស្ថាប័នរដ្ឋ និងឯកជនជាច្រើន ដូចជា ក្រសួងការបរទេស ព្រឹទ្ធសភា រដ្ឋសភា គណបក្សប្រជាជនកម្ពុជា សមាគមឧកញ៉ាកម្ពុជា ជាដើម ទទូចឱ្យអាមេរិកពិចារណាឡើងវិញ និងលុបចោលការដាក់ទណ្ឌកម្មនេះ។
ស្តេចកោះកុង (King of Koh Kong) ជាឧកញ៉ាម្នាក់ក្នុងចំណោមឧកញ៉ា ១០នាក់ដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅកម្ពុជា គឺឧកញ៉ាសញ្ជាតិខ្មែរ-ថៃ លី យ៉ុងផាត់ ឈ្មោះថៃ ផាត់ ស៊ុផាផា (Phat Suphapha) នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ត្រូវក្រសួងរតនាគារសហរដ្ឋអាមេរិកបានសម្រេចដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិរបស់លោក និងសម្ព័ន្ធអាជីវកម្មរបស់លោកចំនួន ៥ រួមមាន ក្រុមហ៊ុន L.Y.P Group រមណីយដ្ឋានអូរស្មាច់ (O-Smach Resort) សណ្ឋាគារ ហ្គាឌិន ស៊ីធី (Garden City Hotel) រមណីយដ្ឋានកោះកុង (Koh Kong Resort) និងសណ្ឋាគារភ្នំពេញ។
ការដាក់ទណ្ឌកម្មនេះ គឺដោយសារលោក លី យ៉ុងផាត់ និងសម្ព័ន្ធអាជីវកម្មរបស់លោក ពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស និងពលកម្មដោយបង្ខំក្នុងជំនួញឆបោកតាមអនឡាញ និងរូបិយប័ណ្ណគ្រីបតូ (Crypto Currency)។
លោក លី យ៉ុងផាត់ គឺជាមនុស្សស្និទ្ធនឹងលោក ហ៊ុន សែន ដែលជាអ្នកប្រមូល និងកាន់កាប់ហិបលុយឱ្យគណបក្សប្រជាជនកម្ពុជា និងជាសមាជិកព្រឹទ្ធសភារបស់គណបក្សកាន់អំណាច។ លោកទទួលបានគោរមងារខ្ពស់បំផុតជាលោកអ្នកឧកញ៉ា ហើយបច្ចុប្បន្នជាប្រធានសមាគមឧកញ៉ាកម្ពុជា និងមានឋានៈជាសមាជិកក្រុមអភិបាលកាកបាទក្រហមកម្ពុជា ក្រោមអធិបតីភរិយានាយករដ្ឋមន្ត្រី ប៊ុន រ៉ានី ហ៊ុន សែន និងជាទីប្រឹក្សារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ លោកក៏ជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាទីប្រឹក្សាជាន់ខ្ពស់នៃសមាគមចិនគ្រួសារត្រកូលលី។
ស្ដេចកោះកុង និងមានឈ្មោះដើម ផាត់ ស៊ុផាផា (Phat Suphapha) មានសញ្ជាតិខ្មែរ-ថៃ កើតនៅឆ្នាំ១៩៥៨ ក្នុងភូមិថ្មសរ ឃុំថ្មសរ ស្រុកគីរីសាគរ ខេត្តកោះកុង ហើយនៅឆ្នាំ១៩៩៥ លោកមានភរិយាឈ្មោះ លោកជំទាវអ្នកឧកញ៉ា គីម ហ៊ាង និងមានកូនប្រុសស្រីចំនួន ៥នាក់។ លោកបានធ្វើឲ្យដីស្រែ ចម្ការ និងដីភូមិឋានរបស់ពលរដ្ឋរាប់ពាន់គ្រួសារនៅក្នុងខេត្តកោះកុង កំពង់ស្ពឺ និងឧត្តរមានជ័យ បានរងការឈូសឆាយបំផ្លាញចោលរហូតមកដល់ពេលនេះ ក្រោមផ្លាកអភិវឌ្ឍន៍ដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាល។
ស្តេចកោះកុងបានកាន់កាប់ក្រុមហ៊ុនជាច្រើន ដូចជា៖
- រមណីយដ្ឋានកោះកុង ដែលជាសណ្ឋាគារផ្កាយ៥ និងកាស៊ីណូស្ថិតនៅលើបន្ទាត់ព្រំដែនខ្មែរ-ថៃ ក្បែរច្រកព្រំដែនអន្តរជាតិចាំយាម។
- សណ្ឋាគារភ្នំពេញ លំដាប់ផ្កាយ៤ ស្ថិតនៅកណ្ដាលរាជធានីភ្នំពេញ។
- សណ្ឋាគារ និងកាស៊ីណូអូរស្មាច់ ខេត្តឧត្ដរមានជ័យ ភាគពាយ័ព្យប្រទេសកម្ពុជា ជាប់នឹងព្រំដែនថៃ។
- សណ្ឋាគារ ហ្គាឌិន ស៊ីធី (Garden City Hotel) នៅភ្នំពេញ ចន្លោះផ្លូវជាតិលេខ៥ និងលេខ៦។
- ក្លឹបវាយកូនហ្គោល ហ្គាឌិន ស៊ីធី ដែលស្ថិតនៅក្បែរគ្នានឹងសណ្ឋាគារ ហ្គាឌិន ស៊ីធី។
- សួនសត្វ សាហ្វារី វើលដ៍ ភ្នំពេញ ដែលរើយកមកពីខេត្តកោះកុង។
លើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងសេវាទឹកភ្លើង ស្តេចកោះកុងមានក្រុមហ៊ុនជាច្រើន ដូចជា៖
- ក្រុមហ៊ុន Koh Kong Infrastructure & Utilities ដែលមានស្ពានកោះកុង និងសេវាផ្គត់ផ្គង់ទឹកភ្លើងនៅក្នុងទូទាំងខេត្តកោះកុង។
- ក្រុមហ៊ុន O’ Smach Electricity and Water Supply ដែលផ្គត់ផ្គង់ទឹកភ្លើងនៅខេត្តឧត្ដរមានជ័យ។
- តំបន់អូរស្មាច់ និងក្រុមហ៊ុន Cambodia Electricity Private (CEP) នៅរាជធានីភ្នំពេញ។
- តំបន់សេដ្ឋកិច្ចពិសេសកោះកុង នៅក្នុងខេត្តកោះកុង ជាប់ព្រំដែនកម្ពុជា-ថៃ។
ក្នុងវិស័យកសិឧស្សាហកម្មនេះដែរ លោកឧកញ៉ាក៏មានចម្ការកៅស៊ូជប់ នៅខេត្តត្បូងឃ្មុំ ផងដែរ។
លើវិស័យដោះដូរទំនិញ និងចែកចាយទំនិញ ក្រុមហ៊ុនរបស់ឧកញ៉ា លី យ៉ុងផាត់ ត្រូវបានគេដឹងថាជាអ្នកចែកចាយផ្ដាច់មុខនូវទំនិញសំខាន់ៗ ដូចជា បារីហេរ៉ូ (Hero) ភេសជ្ជៈគោជល់ រួមទាំងភេសជ្ជៈល្បីៗដទៃទៀត។ លើសពីនេះ ក្រុមហ៊ុន អិលវ៉ាយភី គ្រុប ក៏ជាអ្នកចែកចាយផ្ដាច់មុខរថយន្តម៉ាក Hyundai ផងដែរ។ ឧកញ៉ា លី យ៉ុងផាត់ បានចាប់ដៃគូរកស៊ីជាមួយមហាសេដ្ឋីលំដាប់កំពូលនៅប្រទេសថៃ វិនិយោគលើផ្សារលក់រាយ និងលក់ដុំទំនិញដ៏ធំបំផុតមួយឈ្មោះផ្សារ Makro នៅរាជធានីភ្នំពេញ។
ចំណែកឯវិស័យអចលនទ្រព្យ ឧកញ៉ា លី យ៉ុងផាត់ វិនិយោគលើទីក្រុងរណប ហ្គាឌិន ស៊ីធី ទីក្រុងរណបពោងពាយ ស៊ីធី តំបន់សេដ្ឋកិច្ចពិសេសកោះកុង តំបន់សេដ្ឋកិច្ចពិសេសគីរីសាគរ កោះកុង ជាដើម។
ចំណែកឯក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ លោកបានវិនិយោគប្រាក់រាប់សិបលានដុល្លារបង្កើតស្ថានីយទូរទស្សន៍ PNN ស្ថិតនៅក្នុងទឹកដីនៃទីក្រុងរណប ហ្គាឌិន ស៊ីធី ប្រមាណ ១០គីឡូម៉ែត្រពីកណ្ដាលរាជធានីភ្នំពេញ។
មន្ត្រីកម្មវិធីសម្រាប់តំបន់អាស៊ីរបស់អង្គការ Global Witness ប្រចាំក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ធ្លាប់មានប្រសាសន៍ប្រាប់សារព័ត៌មាន The Cambodia Daily កន្លងមកថា ក្រៅពីក្រុមហ៊ុនកសិឧស្សាហកម្មលើផ្ទៃដីរាប់សិបម៉ឺនហិកតានោះ លោក លី យ៉ុងផាត់ មានក្រុមហ៊ុនឯកជនជាច្រើនផ្សេងទៀត។
មន្ត្រីដដែលបញ្ជាក់ថា តាមការស៊ើបអង្កេតរបស់ Global Witness អំពីអំពើពុករលួយកម្រិតខ្ពស់នៅកម្ពុជា បានរកឃើញថា លោក លី យ៉ុងផាត់ គឺជាអ្នកដើរតួយ៉ាងសំខាន់ក្នុងជួររដ្ឋាភិបាលកម្ពុជា។ ក្រុមហ៊ុនរបស់លោក លី យ៉ុងផាត់ បានកាន់កាប់ផ្ដាច់មុខក្នុងការបូមខ្សាច់ក្នុងខេត្តកោះកុង ដែលអាចរកចំណូលបានយ៉ាងសម្បើមលក់ឲ្យប្រទេសវៀតណាម ម៉ាឡេស៊ី និងប្រទេសសិង្ហបុរី ជាដើម។
លោក អំ សំអាត នាយកទទួលបន្ទុកគ្រប់គ្រងកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ បានឲ្យដឹងថា បុគ្គលល្បីៗមួយចំនួននៅក្នុងពិភពលោកដែលត្រូវបានដាក់ទណ្ឌកម្មដោយច្បាប់ Global Magnitsky របស់អាមេរិក នឹងជួបផលវិបាកក្នុងការចាត់ចែងមុខជំនួញនៅខាងក្រៅប្រទេស ក៏ដូចជាបញ្ហានៃការបង្កកទ្រព្យសម្បត្តិដែលមាននៅខាងក្រៅប្រទេស។
លោកបន្ថែមថា កន្លងមក បុគ្គលមួយចំនួនដែលអាមេរិកដាក់ទណ្ឌកម្ម តែងតែលើកឡើងថា មិនមានអ្វីដែលប៉ះពាល់ទៅដល់មុខជំនួញសេដ្ឋកិច្ច ឬក៏ពាណិជ្ជកម្មអីនៅក្រៅប្រទេស និងក្នុងប្រទេសនោះទេ ប៉ុន្តែបើជាការកត់សម្គាល់នៅលើពិភពលោក កាលណាតែមានការដាក់ទណ្ឌកម្ម វាអាចនឹងប៉ះពាល់ជះឥទ្ធិពលជាមិនខាន។
មួយថ្ងៃក្រោយពីសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មលើលោក លី យ៉ុងផាត់ គណបក្សប្រជាជនកម្ពុជា ព្រឹទ្ធសភា ក្រសួងការបរទេសកម្ពុជា សមាគមឧកញ៉ាកម្ពុជា និងលោក ហ៊ុន ម៉ានី បានច្រានចោល និងសោកស្ដាយ ដោយចាត់ទុកថាជារឿងអយុត្តិធម៌ដែលក្រសួងរតនាគារសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មលើអ្នកជំនួញ និងជាសមាជិកព្រឹទ្ធសភា លោក លី យ៉ុងផាត់ ដែលធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះមន្ត្រីជាន់ខ្ពស់រូបនេះ និងប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។
លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានសរសេរនៅលើហ្វេសប៊ុកដោយបង្ហាញរូបថតអ្នកឧកញ៉ា លី យ៉ុងផាត់ និងព័ត៌មានទាក់ទងការដាក់ដាក់ទណ្ឌកម្មលើឧកញ៉ារូបនេះកាលពីថ្ងៃទី១៥ ខែកញ្ញា ថា ជាការ «ចាប់ដៃជាន់ជើង»។
លោកថា ការចាប់ដៃជាន់ជើងនេះ គឺជាឃ្លាដែលវប្បធម៌ខ្មែរ ឬសាសន៍ណាក៏ដោយពិបាកទទួលក្នុងនាមជារដ្ឋអធិបតេយ្យមួយ និងមានលក្ខណៈអវិជ្ជមានជាខ្លាំងសម្រាប់ជាមូលដ្ឋានពង្រឹងទំនាក់ទំនងដោយស្មោះត្រង់ ជឿទុកចិត្ត និងស្មើភាពគ្នា។
លោក ហ៊ុន ម៉ានី ថាឃ្លានេះមានន័យគ្រប់គ្រាន់បញ្ជាក់ពីចេតនា និងសកម្មភាពដែលស្តែងឡើងខុសពីអ្វីដែលអ្នកបាននិយាយ។
ស្ថាបនិកគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន ប្រាប់ក្រុមអ្នកសារព័ត៌មានថា ទណ្ឌកម្មរបស់អាមេរិកមកលើលោក លី យ៉ុងផាត់ នឹងធ្វើឱ្យប៉ះពាល់មុខមាត់របស់កម្ពុជា។ លោកថា លោកឧកញ៉ា លី យ៉ុងផាត់ ក៏នឹងជួបការលំបាកក្នុងការប្រាស្រ័យទាក់ទងជាមួយវិនិយោគិនឯទៀត ឬក៏ចល័តទីតាំងមុខជំនួញរបស់លោក ហើយលោកក៏មានបញ្ហាច្រើនក្នុងការធ្វើពាណិជ្ជកម្មជាមួយដៃគូនៅសហរដ្ឋអាមេរិក។
ចំណែកអ្នកឃ្លាំមើលសិទ្ធិមនុស្ស និងសង្គម លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា បើសិនរដ្ឋាភិបាលកម្ពុជានៅតែអនុញ្ញាតឱ្យមន្ត្រី ឬក្រុមឧកញ៉ាមួយចំនួនបន្តប្រព្រឹត្តអំពើបទល្មើសរំលោភសិទ្ធិមនុស្សទៀតនោះ សហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកសេរី នឹងដាក់ទណ្ឌកម្មលើបុគ្គលបន្ថែមទៀត។
លោកថា ទោះបីរដ្ឋាភិបាលខំការពារ ខំបកស្រាយយ៉ាងណាក៏ដោយ ក៏មិនអាចបិទបាំងបានដែរ ដោយសារការពិតបានមើលឃើញគ្រប់ៗគ្នាទៅហើយ។ លោកបន្តថា សំខាន់នោះ រដ្ឋាភិបាលត្រូវដោះស្រាយករណីជួញដូរគ្រឿងញៀន ជួញដូរមនុស្ស ល្បែងអនឡាញទាំងអស់ នោះស្ថានភាពអាចនឹងប្រសើរឡើងវិញ។
សារព័ត៌មាន The Cambodia Daily មិនអាចទាក់ទងលោក លី យ៉ុងផាត់ ដើម្បីធ្វើការអត្ថាធិប្បាយបានទេ ប៉ុន្តែលោកបានប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងស្រុកកាលពីពេលថ្មីៗនេះថា ក្រុមហ៊ុនខ្លះ លោកគ្រាន់ជាអ្នកឈរឈ្មោះឲ្យអ្នកវិនិយោគទុនបរទេសប៉ុណ្ណោះ ដូចជាក្រុមហ៊ុនវិនិយោគទុនរបស់ថៃ ក្នុងការដាំអំពៅនៅឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង និងក្រុមហ៊ុនដាំដើមអំពៅ ក្នុងខេត្តឧត្ដរមានជ័យ ជាដើម។
កាលពីខែវិច្ឆិកា ឆ្នាំ២០២១ មន្ត្រីយោធាជាន់ខ្ពស់ពីររូបរបស់កម្ពុជា គឺនាយឧត្ដមសេនីយ៍ ចៅ ភិរុណ អតីតអគ្គនាយកនៃអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស និងបច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងការពារជាតិ និងនាយឧត្ដមនាវី ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក ត្រូវបានក្រសួងហិរញ្ញវត្ថុអាមេរិកដាក់ឱ្យចូលក្នុងបញ្ជីខ្មៅ ពាក់ព័ន្ធនឹងអំពើពុករលួយ និងការរំលោភសិទ្ធិសេរីភាពរបស់ប្រជាជនកម្ពុជាដែរ។
បន្ថែមពីនោះ ឧកញ៉ា ទ្រី ភាព និងលោកនាយឧត្ដមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសដែលជាមនុស្សស្និទ្ធនឹងអតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ត្រូវបានដាក់ទណ្ឌកម្មដោយក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក ចំពោះការប្រើប្រាស់ឥទ្ធិពល និងបណ្ដាញរបស់ខ្លួនដើម្បីកេងប្រវ័ញ្ចពលរដ្ឋកម្ពុជា ហើយផ្តល់ផលប្រយោជន៍ដល់ក្រុមហ៊ុនចិន ដែលមករកស៊ីនៅកម្ពុជា។
ចំណែកលោក ហ៊ីង ប៊ុនហៀង ដែលជាមេបញ្ជាការនៃកងអង្គរក្សរបស់លោក ហ៊ុន សែន ក៏ត្រូវបានក្រសួងហិរញ្ញវត្ថុអាមេរិក កាលពីខែធ្នូ ឆ្នាំ២០១៨ ដាក់បញ្ចូលទៅក្នុងបញ្ជីខ្មៅនៃបុគ្គលដែលត្រូវរងទណ្ឌកម្មក្រោមច្បាប់ GLOBAL MAGNITSKY ដោយត្រូវបិទទិដ្ឋាការ និងបង្កកទ្រព្យសម្បត្តិ ករណីចូលដៃក្នុងការរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា។
សហរដ្ឋអាមេរិក រកឃើញថា មេអង្គរក្សរបស់លោក ហ៊ុន សែន រូបនេះ បានរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរអស់រយៈពេលជាច្រើនឆ្នាំមកហើយ រួមទាំងអំពើហិង្សានៅឆ្នាំ២០១៣ នៅក្បែរវត្តភ្នំ និងអំពើហិង្សាវាយដំតំណាងរាស្ត្របក្សប្រឆាំងពីររូបនៅខាងមុខរដ្ឋសភា ក្នុងឆ្នាំ២០១៥។ ជាងនេះទៅទៀត លោក ហ៊ីង ប៊ុនហៀង ក៏ជាប់ពាក់ព័ន្ធនឹងការបោកគ្រាប់បែកលើអ្នកតវ៉ាអហិង្សាកាលពីឆ្នាំ១៩៩៧ ដែលធ្វើឲ្យស្លាប់ និងរបួសមនុស្សជាច្រើននាក់ រួមទាំងរបួសជនជាតិអាមេរិកាំងមួយរូបផងដែរ៕